ខេត្តកោះកុង ៖ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចជំនាញស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឃាត់ខ្លួនមនុស្ស ២នាក់ ត្រង់ចំណុចគល់ស្ពានកោះកុង ផ្លូវជាតិលេខ៤៨ ភូមិនាងកុក ឃុំប៉ាកខ្លង ក្រោយរកឃើញលួចលាក់ដឹកទំនិញនាំចូលពីប្រទេសថៃ។

លោកវរសេនីយ៍ទោ ស៊្រីន សុខលីន អធិការនគរបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រតិបត្តិការបង្ក្រាបសកម្មភាពលួចលាក់នាំចូលទំនិញខុសច្បាប់ ពីប្រទេសថៃ នេះ ធ្វើឡើងនៅម៉ោងប្រមាណ ១១យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ សមត្ថកិច្ចរកឃើញមានទំនិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ប្រេងឆា ប្រេងខ្យង មីម៉ាម៉ា និងថ្នាំពណ៌លាប ជាច្រើនកេស។

លោកអធិការនគរបាលស្រុកមណ្ឌលសីមា បានឃាត់ខ្លូនជនសង្ស័យ ចំនួន២នាក់ ដោយមានអ្នកបើកបរម្នាក់ និងម្នាក់ទៀត រួមដំណើរ អមទំនិញដែលបម្រុងដឹកជញ្ចូនទៅខេត្តព្រះសីហនុ តាមរយៈរថយន្តម៉ាក Lexus។ ប៉ុន្តែទោះយ៉ាងណា លោកមិនបានបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យ ទាំង២នាក់នោះទេ ដោយគ្រាន់តែលើកឡើងថា អាជ្ញាធរសមត្ថកិច្ចជំនាញ បានបញ្ចូនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។ បច្ចុប្បន្នកំពុងស៊ើបអង្កេតបន្ត តាមនីតិវិធី ស្វែងរកមេខ្លោង និងទីតាំងនាំចូលទំនិញ។

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុង បង្ហាញការមិនសប្បាយចំពោះសកម្មភាពជនឆ្លៀតឱកាស ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនលួច លាក់នាំចូលទំនិញថៃ មកកាន់ទឹកដីកម្ពុជា ក្នុងពេលដែលពលរដ្ឋខ្មែរ កំពុងបន្តធ្វើពហិកាទំនិញចោរឈ្លានពាន។ ទន្ទឹមនោះពួកគាត់បានដាក់សំណួរថា ហេតុអីឃាត់ខ្លួនមនុស្ស មិនអាចរកមេខ្លោង ឬទីតាំងលើកដាក់ទំនិញទាំងនោះមិនឃើញ? ដែលនេះជាភាពមិនប្រក្រតី។

ពលរដ្ឋក៏ទទូចដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តា តាមដានបង្ក្រាបជនដែលតែងតែលួចលាក់នាំទំនិញមកពីប្រទេសថៃ ហើយដាក់ទោសទណ្ឌឱ្យធ្ងន់ តាមច្បាប់ ចៀសវាងធ្វើគំរូអាក្រក់ដល់ពលរដ្ឋដទៃទៀត ខណៈប្រជាពលរដ្ឋកម្ពុជា បង្ហាញការឈឺចាប់ និងពហិការ មិនប្រើប្រាស់ជាដាច់ខាត៕