ភ្នំពេញ ៖ អ្នកជំនាញកម្ពុជា និងមជ្ឈដ្ឋានតាមដានព្រឹត្តិការណ៍នយោបាយក្នុងតំបន់និងពិភពលោក បានលើកឡើងផ្ញើសារប្រាប់ទៅកាន់ភាគីថៃ ថាកុំយកអនុសញ្ញា UNCLOS ទៅច្របូកច្របល់ជាមួយរឿងព្រំដែនគោក JBC ។ យន្តការទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នា ដោយឡែកពីគ្នា ពោលគឺ កម្ពុជា អាចស្នើកំណត់ចំណុចចាប់ផ្តើមបណ្តោះអាសន្ននៅព្រំដែនសមុទ្រ ក្រោមច្បាប់ UNCLOS ដោយមិនចាំបាច់រង់ចាំការព្រមព្រៀងដាច់ស្រឡះលើបង្គោលដីគោក លេខ៧៣ នោះឡើយ ដើម្បីកុំឱ្យថៃ មានឱកាសប្រើល្បិចពន្យារពេលតទៅទៀត ។


បន្ទាប់ពីភាគីកម្ពុជា-ថៃ បានចូលរួមកិច្ចប្រជុំបិទទ្វារ នៃគណៈកម្មការផ្សះផ្សា ក្រោមក្របខ័ណ្ឌ UNCLOS នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) គឺប្រើប្រាស់សម្រាប់តែការដោះស្រាយដែនសមុទ្រ និងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ប៉ុណ្ណោះ មិនមែនសម្រាប់ដោះស្រាយរឿងដីគោកឡើយ។ ចំពោះបញ្ហាព្រំដែនគោក ភាគីទាំងពីរ មានយន្តការ JBC (គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក) រួចជាស្រេចហើយ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០។ ដូច្នេះលោកថា ភាគីថៃ កុំបន្តយករឿងមិនទាន់ឯកភាពគ្នាលើទីតាំងបង្គោលព្រំដែនលេខ៧៣ នៅដីគោក ជាប់ខេត្តកោះកុង និងខេត្តត្រាត ដើម្បីធ្វើជាឧបសគ្គរាំងស្ទះដល់ការចរចាខណ្ឌចែកដែនសមុទ្រ គឺថៃ ត្រូវតែប្រញាប់បន្តដំណើរការវាស់វែង និងដោះស្រាយ តាមយន្តការ JBC នេះឱ្យបានឆាប់ ។

លោកបណ្ឌិត យង់ ពៅ បានសរសេរពន្យល់ពីករណីខាងលើនេះ នៅលើគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានខ្លឹមសារទាំងស្រុងថា ៖ “កុំយក UNCLOS ទៅច្របូកច្របល់រឿងព្រំដែនគោក, រឿងព្រំដែនគោក សូមភាគីថៃ ប្រញាប់បន្តយន្តការ JBC ឱ្យបានឆាប់បំផុត! (Do Not Conflate UNCLOS with the Land Border Issue. On the Land Border, Thailand Should Resume the JBC Mechanism Without Further Delay!)
ការផ្សះផ្សាក្រោមយន្តការ UNCLOS គឺជាមធ្យោបាយដោះស្រាយជម្លោះដោយសន្តិវិធី ដែលអាចជួយធានាបាននូវអព្យាក្រឹតភាព សុក្រឹតភាព តម្លាភាព យុត្តិធម៌ និងសន្តិភាព ប្រសិនបើភាគីទាំងពីរមានការប្តេជ្ញាចិត្តពិតប្រាកដ សុច្ឆន្ទៈ និងភាពស្មោះត្រង់ ក្នុងការចូលរួមដំណើរការនេះ។ ការប្រើប្រាស់យន្តការអន្តរជាតិបែបនេះ ក៏អាចជួយឱ្យភាគីទាំងពីរ គេចផុតពីសម្ពាធនយោបាយផ្ទៃក្នុង និងបង្ហាញដល់សហគមន៍អន្តរជាតិថា ប្រទេសទាំងពីរ ជារដ្ឋដែលគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ភាគីថៃត្រូវបែងចែកឱ្យច្បាស់រវាងជម្លោះព្រំដែនសមុទ្រ និងជម្លោះព្រំដែនគោក។ យន្តការផ្សះផ្សាក្រោមក្របខ័ណ្ឌ UNCLOS ក្នុងករណីនេះ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រ និងការស្វែងរកដំណោះស្រាយចំពោះការកំណត់ព្រំដែនសមុទ្រ រវាងកម្ពុជា និងថៃ មិនមែនជាយន្តការសម្រាប់កំណត់ព្រំដែនគោក រវាងប្រទេសទាំងពីរឡើយ។ ដូច្នេះការណ៍ដែលភាគីថៃ ព្យាយាមយកបញ្ហាព្រំដែនគោក មកភ្ជាប់ជាមួយដំណើរការផ្សះផ្សាសមុទ្រ ឬប្រើវាជាឧបករណ៍នយោបាយដើម្បីដាក់សម្ពាធលើកម្ពុជា អាចធ្វើឱ្យបាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់បរិយាកាសចាំបាច់សម្រាប់ការផ្សះផ្សាប្រកបដោយសុច្ឆន្ទៈ។
ក្នុងន័យនេះ ការចោទប្រកាន់ ការទម្លាក់កំហុស ការលាបពណ៌ ការគំរាមកំហែងប្រើកម្លាំង ឬសកម្មភាពណាមួយរបស់ភាគីថៃ ដែលអាចបង្កើនភាពតានតឹងនៅតាមព្រំដែនគោក មិនបានរួមចំណែកដល់ការកសាងទំនុកចិត្តសម្រាប់ដំណើរការផ្សះផ្សានោះទេ ។ ប្រសិនបើសកម្មភាពបែបនេះ នៅតែបន្ត វាអាចបង្កឱ្យមានសំណួរអំពីសុច្ឆន្ទៈ និងភាពស្មោះត្រង់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ។
សង្គ្រាម ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង មិនអាចផ្តល់ដំណោះស្រាយប្រកបដោយចីរភាពចំពោះជម្លោះព្រំដែនបានឡើយ ផ្ទុយទៅវិញ វាអាចនាំមកនូវការបាត់បង់អាយុជីវិត ការខូចខាតទ្រព្យសម្បត្តិ ការផ្លាស់លំនៅរបស់ប្រជាពលរដ្ឋ និងបន្សល់ទុកនូវរបួសប្រវត្តិសាស្ត្រថ្មីៗសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
សំខាន់ជាងនេះទៅទៀត ព្រំដែនអន្តរជាតិ មិនអាចត្រូវបានកំណត់ឡើងវិញ តាមរយៈការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធា ហើយក៏មិនអាចត្រូវបានផ្លាស់ប្តូរតាមរយៈការបង្កើតអង្គហេតុថ្មីដោយឯកតោភាគី នៅលើដីជាក់ស្តែង (fait accompli) នោះដែរ។ បញ្ហាព្រំដែន ត្រូវដោះស្រាយដោយផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀង ផែនទី ឯកសារគតិយុត្តដែលពាក់ព័ន្ធ គោលការណ៍ច្បាប់អន្តរជាតិ និងយន្តការដោះស្រាយជម្លោះដែលភាគីទាំងពីរ ទទួលស្គាល់។
កម្ពុជា តែងប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងការទូតសន្តិភាព ដោយមិនធ្វើឱ្យការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ចុះខ្សោយឡើយ។ ការជ្រើសរើសច្បាប់អន្តរជាតិ ការចរចា និងយន្តការដោះស្រាយជម្លោះដោយសន្តិវិធី មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាការបង្ហាញពីទំនុកចិត្តលើភាពត្រឹមត្រូវនៃជំហររបស់ខ្លួន និងការទទួលខុសត្រូវរបស់រដ្ឋចំពោះសន្តិភាពក្នុងតំបន់។
ក្នុងស្មារតីនេះ កម្ពុជា បង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមយន្តការផ្សះផ្សាក្រោម UNCLOS ដោយសុច្ឆន្ទៈ ភាពស្មោះត្រង់ និងដោយគោលបំណងស្វែងរកដំណោះស្រាយដែលមានភាពច្បាស់លាស់ តម្លាភាព សុក្រឹតភាព និងយុត្តិធម៌។ គោលដៅមិនគួរជាការស្វែងរកអ្នកឈ្នះ និងអ្នកចាញ់នោះទេ ប៉ុន្តែជាការបង្កើតមូលដ្ឋានគតិយុត្តមួយ ដែលអាចធានាសន្តិភាព ស្ថិរភាព និងភាពអាចព្យាករបាន នៅតាមព្រំដែនសមុទ្រ រវាងប្រទេសទាំងពីរ ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការប្រើប្រាស់ធនធាននិងការអភិវឌ្ឍប្រកបដោយសន្តិភាព នាពេលអនាគត។
ជម្រើសរវាងសន្តិភាព និងសង្គ្រាម គួរតែច្បាស់លាស់។ សង្គ្រាម អាចបង្កើតអ្នកឈ្នះនៅលើសមរភូមិ មួយរយៈ ប៉ុន្តែមិនអាចបង្កើតព្រំដែនដែលមានភាពស្របច្បាប់ និងសន្តិភាពយូរអង្វែងបានទេ។ មានតែការទូត ការចរចា ច្បាប់អន្តរជាតិ និងសុច្ឆន្ទៈរបស់ភាគីទាំងពីរប៉ុណ្ណោះ ដែលអាចប្រែក្លាយព្រំដែនពីទីតាំងនៃការប្រឈមមុខ ទៅជាព្រំដែននៃសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមសម្រាប់ប្រជាជនកម្ពុជា និងថៃ“ ។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ការដែលភាគីថៃ តាមរយៈរដ្ឋមន្រ្តីការបរទេស សីហស័ក្តិ ភួងកេតកែវ បានលើកឡើងបញ្ហា ពាក់ព័ន្ធនឹងជម្លោះព្រំដែនគោក ព្រឹត្តិការណ៍យោធា និងបញ្ហានយោបាយផ្សេងៗ ដែលក្រៅប្រធានបទ នៅក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំផ្សះផ្សាដោយបង្ខំ គ្រាន់តែអាចទាក់ទាញចំណាប់អារម្មណ៍សាធារណជននិងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាស្នូលនៃបញ្ហាដែលគណៈកម្មការផ្សះផ្សា ត្រូវជួយភាគីទាំងពីរដោះស្រាយនោះទេ។ ដូច្នេះក្នុងដំណាក់កាលនេះ កម្ពុជា គួរបន្តរក្សាភាពស្ងប់ស្ងាត់ វិន័យក្នុងការទំនាក់ទំនង និងការផ្តោតលើសំណុំរឿង ដោយមិនចាំបាច់នាំការជជែកពិភាក្សាទៅកាន់សមរភូមិថ្មី ដោយគ្រាន់តែភាគីម្ខាង លើកការចោទប្រកាន់ថ្មីនោះទេ។ សហគមន៍អន្តរជាតិ មានលទ្ធភាពពិនិត្យមើលកំណត់ត្រា ភ័ស្តុតាង និងការវិវត្តនានាដោយខ្លួនឯង។ ភារកិច្ចរបស់កម្ពុជា គឺបង្ហាញអង្គហេតុ ឈរលើច្បាប់អន្តរជាតិ និងបន្តដាក់ដំណោះស្រាយដែលអាចអនុវត្តបាន ។

លោកបណ្ឌិត គិន ភា បានបញ្ជាក់តាមរយៈគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថា “កុំឱ្យការចោទប្រកាន់បង្វែរយើងចេញពីសំណួរស្នូល! ក្រោយស្តាប់សេចក្តីថ្លែងការណ៍បើករបស់ភាគីកម្ពុជា និងថៃ នៅចំពោះមុខគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ សាធារណជន គួរយល់ឱ្យច្បាស់ថា ការលើកឡើងការចោទប្រកាន់ច្រើន មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ ខ្លាំងជាងនោះទេ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ភាគីថៃ បានលើកឡើងនូវបញ្ហាជាច្រើន ដែលមួយចំនួនពាក់ព័ន្ធនឹងជម្លោះព្រំដែនគោក ព្រឹត្តិការណ៍យោធា និងបញ្ហានយោបាយផ្សេងៗ ដែលក្រៅប្រធានបទ។ ការលើកឡើងទាំងនេះ អាចទាក់ទាញចំណាប់អារម្មណ៍សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែវាមិនមែនជាស្នូលនៃបញ្ហាដែលគណៈកម្មការផ្សះផ្សា ត្រូវជួយភាគីទាំងពីរដោះស្រាយនោះទេ។ ដូច្នេះសាធារណជនកម្ពុជា មិនចាំបាច់ព្រួយបារម្ភ ឬគិតថា កម្ពុជា ត្រូវតែរត់តាមឆ្លើយតបរាល់ការចោទប្រកាន់ទាំងអស់នោះទេ។ បញ្ហាជាច្រើនត្រូវបានលើកឡើង និងឆ្លើយតបជាសាធារណៈរួចមកហើយ។ សហគមន៍អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងអ្នកសង្កេតការណ៍នានា ក៏មានលទ្ធភាពពិនិត្យមើលកំណត់ត្រា អង្គហេតុ ភ័ស្តុតាង និងការវិវត្តជាក់ស្តែងនៅលើដីដោយខ្លួនឯង។ កម្ពុជា មិនចាំបាច់ប្រកួតប្រជែងលើការចោទប្រកាន់ទេ។ កម្ពុជា ត្រូវប្រកួតប្រជែងលើទឡ្ហីករណ៍ ច្បាប់ អង្គហេតុ និងដំណោះស្រាយ។ គណៈកម្មការផ្សះផ្សា មិនត្រូវបានបង្កើតឡើងដើម្បីសម្រេចថា ភាគីណាអាចធ្វើការចោទប្រកាន់ខ្លាំងជាង ឬច្រើនជាងភាគីណានោះទេ។ គោលបំណងនៃយន្តការនេះ គឺជួយភាគីទាំងពីរស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី និងអាចអនុវត្តបានចំពោះភាពជាប់គាំងនៃបញ្ហាព្រំដែនសមុទ្រ…“ ។
គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍បើក នៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា (Conciliation Commission) កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅប្រទេសសិង្ហបុរី លោកសីហស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ បានលើកឡើងថា ប្រទេសថៃ បានជឿជាក់ជាបន្តបន្ទាប់ថា ភាពខុសគ្នារវាងប្រទេសជិតខាង គួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា ស្ដារទំនុកចិត្តឡើងវិញ និងស្វែងរកដំណោះស្រាយប្រកបដោយចីរភាពតាមរយៈការចរចាទ្វេភាគី។ ប៉ុន្តែលោកថា កម្ពុជា បានប្រកាន់យកវិធីសាស្ត្រចំពោះបញ្ហាទាំងនេះខុសពីថៃ។ កម្ពុជា តែងតែអះអាងថាខ្លួនគោរពច្បាប់អន្តរជាតិ ហើយបង្ហាញរូបភាពថៃ ថាជាអ្នកបំពានច្បាប់។ ប៉ុន្តែការអះអាងរបស់កម្ពុជា គឺជាការបម្រើប្រយោជន៍ផ្ទាល់ខ្លួន និងមានធាតុផ្សំនៃភាពពុតត្បុត។ លោកបានអះអាងថា ការប្តេជ្ញាចិត្តរបស់ថៃ ចំពោះច្បាប់អន្តរជាតិ គឺមិនមានការងាករេឡើយ គឺកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើវិធានច្បាប់ ហើយនិងការពារសិទ្ធិរបស់នៅក្នុងក្របខ័ណ្ឌនេះ។
ភ្ជាប់ជាមួយចំណុចខាងលើនេះ រដ្ឋមន្រ្តីការបរទេសថៃ បានលើកឡើងដោយសង្ខេបអំពីការបកស្រាយរបស់កម្ពុជា ចំពោះការសម្រេចចិត្តរបស់ថៃ ក្នុងការបញ្ចប់ MOU ឆ្នាំ ២០០១ថា កម្ពុជាបានបកស្រាយថា ការសម្រេចចិត្តរបស់ថៃក្នុងការបញ្ចប់ MOU នេះ បានធ្វើឱ្យកម្ពុជាគ្មានជម្រើសអ្វីផ្សេងក្រៅពីការចាប់ផ្តើមដំណើរការផ្លូវច្បាប់នេះ ដែលនេះគឺមិនពិតទាល់តែសោះ។ ការពិត នោះគឺថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ យើងបានរៀបចំការចរចាផ្លូវការបានត្រឹមតែ ២ដងប៉ុណ្ណោះ។ វាច្បាស់ណាស់ថា MOU នេះ មិនបានបង្កើតឱ្យមានជោគជ័យ ឬវឌ្ឍនភាពជាក់ស្តែងណាមួយឡើយ។ ដូច្នេះ ប្រទេសថៃ បានជ្រើសរើសផ្តល់នូវការចាប់ផ្តើមជាថ្មីសម្រាប់ការចរចា។ ការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) របស់កម្ពុជា នាពេលថ្មីៗនេះ គួរតែជាឱកាសដ៏ល្អមួយក្នុងការបន្តការចរចាឡើងវិញនៅលើមូលដ្ឋានផ្លូវច្បាប់រួមមួយ ដែលរឹងមាំជាងមុន។
ក្រៅពីលើកឡើងក្នុងចេតនាវាយប្រហារកម្ពុជា ដូចខាងលើនេះ លោកសីហស័ក្តិ ភួងកេតកែវ ក៏បានលើកឡើងពីវិសាលភាពនៃជម្លោះ (Scope of the Dispute) ដោយបញ្ជាក់ថា វិសាលភាពនៃដំណើរការផ្លូវច្បាប់ទាំងនេះ ពាក់ព័ន្ធតែទៅលើការខណ្ឌសីមាព្រំដែនសមុទ្ររវាងថៃ និងកម្ពុជា នៅក្នុងឈូងសមុទ្រថៃ ប៉ុណ្ណោះ ហើយប្រទេសថៃ សូមអះអាងជាថ្មីនូវជំហរព្រំដែនសមុទ្ររបស់ខ្លួន ដូចមានចែងនៅក្នុងព្រះរាជប្រកាសថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៣ ដោយមិនស្វែងរកអ្វីលើសពីការការពារអធិបតេយ្យ សិទ្ធិអធិបតេយ្យ និងសិទ្ធិស្របច្បាប់របស់ខ្លួននៅក្រោមច្បាប់អន្តរជាតិនោះទេ។ ពោលគឺលោកថា ការសម្រុះសម្រួលនេះ មិនពាក់ព័ន្ធនឹងព្រំដែនដីគោក និងអធិបតេយ្យលើកោះគុត (Ko Kut) នោះទេ ហើយថា ប្រទេសថៃ ប្រកាសបដិសេធខ្សែបន្ទាត់ព្រំដែនបាតសមុទ្រ (continental shelf claim line) ឆ្នាំ១៩៧២ របស់កម្ពុជា ដែលគ្មានមូលដ្ឋានផ្លូវច្បាប់។
ទោះយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍បើក ក្នុងនាមភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មិនបានលើកឡើងពីបញ្ហាព្រំដែនគោក ជាមួយប្រទេសថៃ នៅក្នុងប្រធានបទនេះទេ គឺលោកបានលើកឡើងពីគោលបំណងនិងការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ ជុំវិញសេចក្ដីសម្រេចចិត្តផ្ដួចផ្ដើមការផ្សះផ្សានេះ ដោយបានបញ្ជាក់ថា ឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្តគោរពគោលការណ៍នីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី កម្ពុជា បានសម្រេចយកជម្រើសផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខ ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាមើលឃើញដំណើរការផ្សះផ្សានេះថា ជាមធ្យោបាយមួយសម្រាប់ស្ដារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ។ កម្ពុជា សង្ឃឹមដោយស្មោះថា ប្រទេសថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរ នឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី តាមរយៈការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្ដីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពបែបនេះ នឹងសម្រួលឱ្យប្រជាជនភៀសសឹក ជាង២ម៉ឺននាក់ អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ការអភិរក្សទីតាំងវប្បធម៌សំខាន់ៗដែលបានរងការខូចខាតក្នុងការប្រយុទ្ធគ្នា ហើយនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកប្រក្រតីនៃភាពទំនាក់ទំនងទ្វេភាគី។ កិច្ចប្រឹងប្រែងបែបនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពតានតឹង និងការកសាងជំនឿទុកចិត្តឡើងវិញ។ ការស្ដារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ មិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សហគមន៍អាស៊ានទាំងមូល ទៀតផង …។
ដោយឡែក ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គ្មានវិនាទីណាដែលរាជរដ្ឋាភិបាល ភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ ព្រោះកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀង ដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម ។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានរម្លឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ប្រជាជន និងប្រទេសកម្ពុជា គឺការតតាំងផ្លូវច្បាប់ ជាមួយប្រទេសថៃ ដោយប្រើច្បាប់អន្តរជាតិ និងដោយប្រើយន្តការអន្តរជាតិ ពោលគឺ UNCLOS ដែលជាអភិក្រម ដែលរដ្ឋាភិបាល បានដាក់ និងជាអ្វីដែលបានធ្វើ។ ដូច្នេះក្នុងឱកាសនោះ សម្តេច បានអំពាវនាវសុំប្រជាពលរដ្ឋ បន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដី ដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ ៕ កុលបុត្រ