Homeនយោបាយកិច្ចប្រជុំបិទទ្វារ គណៈកម្មការផ្សះផ្សា UNCLOS ជាមួយកម្ពុជា និងថៃ

កិច្ចប្រជុំបិទទ្វារ គណៈកម្មការផ្សះផ្សា UNCLOS ជាមួយកម្ពុជា និងថៃ

ភ្នំពេញ ៖ កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី ខាទ្រីណា ឃូភើរ (Katrina Cooper) ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។

 លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ អញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សីហស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow)  រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ។

 ទោះយ៉ាងណា កិច្ចប្រជុំបិទទ្វារ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអន្តរជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដូចខាងលើនេះ គឺគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចប្រជុំបឋម និងដំណើរការពិភាក្សាថ្ងៃដំបូងប៉ុណ្ណោះ ដោយកិច្ចប្រជុំនេះ គ្រោងបន្តរហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

រហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីប្រកាសលទ្ធផលផ្លូវការណាមួយពីសំណាក់រាជរដ្ឋាភិបាល ឬគណៈកម្មការផ្សះផ្សា ដែលបង្ហាញពីការសម្រេចបាននូវដំណោះ ស្រាយស្រេចបាច់ណាមួយនៅឡើយទេ។ ប៉ុន្តែសាធារណជន អាចរង់ចាំការផ្សាយព័ត៌មាន ឬសេចក្តីប្រកាសផ្លូវការ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងទូរទស្សន៍ជាតិកម្ពុជា (ទទក) ដែលនឹងបន្តផ្សាយ និងធ្វើបច្ចុប្បន្នភាព ពីរដូវកាលកិច្ចប្រជុំនេះ រហូតដល់បញ្ចប់។

 សូមជម្រាបថា គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ត្រូវបើកប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅលើទឹកដីសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ។ 

សុន្ទរកថាបើកកិច្ចប្រជុំនេះ នឹងធ្វើនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨ព្រឹក ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង ៩ព្រឹក ម៉ោងនៅសិង្ហបុរី។ កិច្ចប្រជុំនេះ នឹងបើកជាសាធារណៈ និងផ្សាយបន្តផ្ទាល់ តាមប្រព័ន្ធអ៊ីនធឺរណិត (webcast) ជាភាសាខ្មែរ អង់គ្លេស និងថៃ។ សុន្ទរកថាបើករបស់កម្ពុជា ថ្លែងដោយលោក ប្រាក់ សុខុន ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។

 គណៈកម្មការផ្សះផ្សា លើកនេះ មានសមាជិក ៥រូប ដឹកនាំដោយលោកស្រី Katrina Cooper អ្នកជំនាញអូស្ត្រាលី ជាប្រធាន រួមជាមួយសមាជិកជ្រើសរើសដោយកម្ពុជា មាន លោកភីធើរ តាកសូ ជែនសិន (Peter Taksoe-Jensen) នៃដាណឺម៉ាក និងលោក ហ្សង់ ម៉ាក ធូវេនីន (Jean-Marc Thouvenin) របស់បារាំង ។ ចំណែកសមាជិក ជ្រើសរើសដោយថៃ មានលោកអាល់បឺត ហូហ្វមែនន៍ (Albert Hoffmann) មកពីអាហ្វ្រិកខាងត្បូង និងលោក រូឌីហ្គើរ វ៉ូលហ្រ្វុម (Rudiger Wolfrum) នៃអាល្លឺម៉ង់ ។ ដោយមានការយល់ព្រម ពីភាគីទាំងពីរ PCA ដើរតួនាទីជាអ្នកគាំទ្រផ្នែករដ្ឋបាល និងច្បាប់ សម្រាប់នីតិវិធីនេះ ៕ កុលបុត្រ

RELATED ARTICLES