ប្រទេសសិង្ហបុរី ៖ កម្ពុជា បានបង្ហាញជំនឿទុកចិត្តយ៉ាងមុតមាំ លើគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជា និងថៃ។ ក្តីសង្ឃឹមនេះ ត្រូវបានលើកឡើងដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាភ្នាក់ងារតំណាងកម្ពុជា នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សា នៅប្រទេសសិង្ហបុរី ដោយផ្អែកលើគំរូជោគជ័យជាប្រវត្តិសាស្ត្ររវាងទីម័រខាងកើត (Timor-Leste) និងអូស្ត្រាលី កាលពីឆ្នាំ២០១៨ គឺជាករណីដំបូងបង្អស់ ដែលបានប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមច្បាប់ UNCLOS ហើយបានឈានទៅដល់ការចុះសន្ធិសញ្ញាព្រំដែនសមុទ្រ ជាស្ថាពរ។ កម្ពុជា ជឿជាក់ថា យន្តការអព្យាក្រឹតនេះ នឹងអាចជួយបំបែកភាពទាល់ច្រក ជាង ២៥ឆ្នាំ ជាមួយភាគីថៃ បានដូចគ្នា បន្ទាប់ពីភាគីថៃ បានប្រកាសលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ដែលជាយន្តការចរចាទ្វេភាគី លើតំបន់ទាមទារត្រួតគ្នា (OCA)។ កម្ពុជា ចាត់ទុកយន្តការអន្តរជាតិនេះ ជាឱកាសមាស ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងតម្លាភាព ។

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាតំណាងរង (Deputy Agent) គណៈប្រតិភូ និងក្រុមប្រឹក្សាអ្នកច្បាប់របស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។
កម្ពុជា សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ សមាជិកនៃគណៈកម្មការផ្សះផ្សា និងភាគីទាំងអស់ ចំពោះវត្តមានក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ នាថ្ងៃនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម ចំពោះការអនុវត្តច្បាប់ និងការដោះស្រាយជម្លោះ ដោយសន្តិវិធី។ ដោយធ្លាប់ឆ្លងកាត់និងយល់យ៉ាងស៊ីជម្រៅអំពីការខាតបង់ដ៏ធំធេង ដែលបណ្តាលមកពីជម្លោះ កម្ពុជា បានជ្រើសរើសផ្លូវការទូតនេះ ដែលស្ថិតក្រោមច្បាប់អន្តរជាតិ មិនមែនក្នុងន័យបង្កើនភាពតានតឹងនោះទេ ប៉ុន្តែដើម្បីកសាងទំនុកចិត្តឡើងវិញ និងដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ។
ចំពោះមុខគណៈកម្មការ និងគណៈប្រតិភូ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះដំណើរការនេះ ដោយផ្អែកលើសុច្ឆន្ទៈ ទំនុកចិត្ត និងការប្តេជ្ញាចិត្ត កម្ពុជា ស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិ ដែលជាដំណោះស្រាយធានានូវសន្តិភាពយូរអង្វែង ស្ថិរភាព និងភាពសុខដុមរមនាជាមួយគ្នា សម្រាប់ប្រជាជាតិទាំងពីរ។
សេចក្តីថ្លែងការណ៍បើក របស់ភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សា កិច្ចប្រជុំរួមបើកចំហ (ផ្សាយផ្ទាល់តាមអ៊ីនធឺរណិត) នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ដែលមានចំនួន ៤ទំព័រ ថ្លែងដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រ តិបត្តិការអន្តរជាតិ ក្នុងនាមភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

1. សេចក្តីផ្តើម និងការថ្លែងអំណរគុណ
លោកស្រីប្រធាន សមាជិកគណៈកម្មការផ្សះផ្សា ឯកឧត្តម លោកជំទាវ លោក និងលោកស្រី
ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានថ្លែងទៅកាន់លោកស្រីប្រធាន និងសមាជិកគណៈកម្មការ ផ្សះផ្សា ព្រមទាំងឯកឧត្តម លោកជំទាវ លោកនិងលោកស្រី ក្នុងឋានៈជាភ្នាក់ងារតំណាងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី១ រវាងភាគីទាំងពីរ និងគណៈកម្មការ។
កម្ពុជា សូមថ្លែងអំណរគុណចំពោះលោកស្រីប្រធាន និងសមាជិកគណៈកម្មការទាំងអស់ ដែលបានយល់ព្រមបំពេញតួនាទីនៅក្នុងគណៈកម្មការនេះ ដោយនាំមកនូវបទពិសោធន៍ដ៏ទូលំទូលាយ សម្រាប់ដំណើរការផ្សះផ្សានេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ជាពិសេស លោកបណ្ឌិត Di Giacomo Toledo អ្នកស្រី Seok និងសហការី ដែលបានបំពេញភារកិច្ចជាលេខាធិការដ្ឋាន (Registry) ប្រកបដោយប្រសិទ្ធភាព។
ខ្ញុំសូមថ្លែងអំណរគុណចំពោះតំណាងនៃព្រះរាជាណាចក្រថៃ ព្រមទាំងឯកឧត្តម លោក ជំទាវ លោកនិងលោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃនេះ។
2. អំពីកម្ពុជា និងសេចក្តីសម្រេចចិត្តផ្តួចផ្តើមការផ្សះផ្សា
មុននឹងឈានចូលដល់ខ្លឹមសារនៃការធ្វើបទបង្ហាញរបស់កម្ពុជា ខ្ញុំសូមជម្រាបជូនបន្តិចអំពីប្រទេសកម្ពុជា ដែលខ្ញុំមានបុព្វសិទ្ធធ្វើជាភ្នាក់ងារតំណាង និងពន្យល់ពីមូលហេតុដែលនាំឱ្យកម្ពុជា ផ្តួចផ្តើមដំណើរការផ្សះផ្សានេះ។
អង្គគណៈកម្មការជាទីគោរព! កម្ពុជា មានប្រវត្តិសាស្ត្រគួរជាទីមោទនៈ ប៉ុន្តែប្រទេសមួយនេះ ក៏បានឆ្លងកាត់ដំណាក់កាលទុក្ខវេទនានិងការឈឺចាប់យ៉ាងធំធេងជាច្រើនផងដែរ។

អាណាចក្រខ្មែរ ដែលមានប្រវត្តិយូរលង់ តាំងពីសតវត្សរ៍ទី៩ គឺជាអារ្យធម៌ដ៏អស្ចារ្យមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កេរដំណែលដ៏យូរអង្វែងរបស់អាណាចក្រនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រាង្គប្រាសាទទាំងឡាយ ដូចជា ប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ ដែលសុទ្ធតែត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ព្រមទាំងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជា រួមមានដូចជា របាំ ល្ខោន តន្ត្រី និងក្បាច់គុន ដែលមួយចំនួនធំនៃប្រពៃណីទាំងនោះ ត្រូវបានទទួលស្គាល់ថាជា បេតិកភណ្ឌវប្បធម៌អរូបី របស់ពិភពលោក។
កម្ពុជា បានក្លាយជាប្រទេសស្ថិតក្រោមអាណាព្យាបាលបារាំង នៅក្នុងឆ្នាំ១៨៦៣។ ព្រំដែនទឹកដីសម័យទំនើបរបស់កម្ពុជា ត្រូវបានកំណត់ឡើងតាមរយៈសន្ធិសញ្ញា និងផែនទី ដែលបានរៀបចំឡើងជាបន្តបន្ទាប់ ក្នុងនោះ រួមមានអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ព្រមទាំងផែនទីផលិតដោយអនុលោមតាមឯកសារទាំងនេះ ដែលកំណត់ព្រំដែនគោករបស់កម្ពុជា ជាមួយប្រទេសថៃ។
ក្រោយទទួលបានឯករាជ្យពីប្រទេសបារាំង ក្នុងឆ្នាំ១៩៥៣ កម្ពុជា ដំបូងឡើយ រស់នៅដោយរីករាយក្នុងសន្តិភាព និងភាពសម្បូរសប្បាយរុងរឿង។ ប៉ុន្តែស្ថានភាពនេះ ត្រូវបានបំផ្លាញដោយការរីករាលដាលនៃជម្លោះក្នុងតំបន់ នៅទសវត្សរ៍១៩៦០ និង១៩៧០ ដែលក្នុងថេរវេលានេះ កម្ពុជា បានរងការទម្លាក់គ្រាប់បែក យ៉ាងធ្ងន់ធ្ងរពីលើអាកាស។ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ របបខ្មែរក្រហម បានបង្កសោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងសតវត្សរ៍ទី២០ ដោយបានឆក់យកជីវិតប្រជាជន ប្រហែលមួយភាគបួន នៃចំនួនប្រជាជនសរុប និងបានបំផ្លិចបំផ្លាញខ្ទេចខ្ទីនូវស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជារចនាសម្ព័ន្ធសង្គមរបស់ប្រទេសជាតិ។

កម្ពុជា បានចាប់ផ្តើមកសាងប្រទេសឡើងវិញ យ៉ាងសកម្ម បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងដំណើរការស្វែងរកសន្តិភាព ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតមួយលើលោក កម្ពុជា ដែលទើបតែងើបចេញពីជម្លោះ និងភាពឯកោ អស់ពេលជាច្រើនទសវត្សរ៍ ត្រូវប្រឈមមុខនឹងភារកិច្ចដ៏ធំធេងក្នុងការកសាងឡើងវិញនូវសេដ្ឋកិច្ច ស្ថាប័ន និងសង្គមជាតិ។
ក្នុងន័យនេះ ពុំមានប្រទេសច្រើន អាចយល់ស៊ីជម្រៅជាងកម្ពុជា អំពីតម្លៃនៃសន្តិភាព និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទាំងផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ច ដែលបណ្តាលមកពីជម្លោះ។ គឺស្ថិតក្នុងបរិបទប្រវត្តិសាស្ត្រនេះហើយ កម្ពុជា បានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍១៩៩០ កម្ពុជា បានព្យាយាមដោះស្រាយបញ្ហាព្រំដែនសមុទ្រ ជាមួយថៃ ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ធនធានចាំបាច់ សម្រាប់ជំរុញកំណើនឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ដូចប្រទេសជិតខាងកម្ពុជា ដែលបានទទួលផលប្រយោជន៍នេះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ កម្ពុជា និងថៃ បានចាប់ផ្តើមការពិភាក្សាគ្នាអំពីព្រំដែនសមុទ្រ នៃប្រទេសទាំងពីរ ក្នុងខែមេសា ឆ្នាំ១៩៩៥។
មកដល់ឆ្នាំ២០០១ រដ្ឋទាំងពីរ បានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នា នៃខ្ពង់រាបបាតសមុទ្រ។ អនុស្សរណៈនេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនសមុទ្រ និងការអភិវឌ្ឍធនធាន ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ទោះបីជាមានការខិតខំចរចា រកដំណោះស្រាយក៏ដោយ ក៏ភាគីទាំងពីរ នៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយ លើបញ្ហាព្រំដែនសមុទ្រ ឬសន្ធិសញ្ញាអភិវឌ្ឍន៍រួម ហើយធនធានក្រោមសមុទ្រ ក្នុងតំបន់ដែលមិនទាន់កំណត់ព្រំដែន ក៏នៅតែមិនទាន់ត្រូវបានរុករក។ ខណៈដែលពិភពលោកកំពុងតែប្រឈមនឹងបញ្ហារាំងស្ទះក្នុងការផ្គត់ផ្គង់ថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ តំបន់យើងនឹងទទួលបានផលប្រយោជន៍ច្រើនជាងពេលណាៗទាំងអស់ ពីការអភិវឌ្ឍធនធានក្រោមសមុទ្រនេះ។
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៦ ប្រទេសថៃ បានប្រកាសជាសាធារណៈ អំពីការលុបចោលដោយឯកតោភាគី នូវអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ បើទោះបីជាមានការអំពាវនាវជាបន្តបន្ទាប់ ពីសំណាក់ប្រទេសកម្ពុជា សុំឱ្យថៃ គោរពអនុស្សរណៈនេះក៏ដោយ។

ស្ថិតនៅក្នុងស្ថានការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា បានពិចារណាដោយហ្មត់ចត់លើគ្រប់ជម្រើសនៃដំណោះស្រាយដោយសន្តិវិធី ដែលខ្លួនមាន ស្របតាមច្បាប់អន្តរជាតិ ។ ឈរលើមូលដ្ឋាននៃការប្តេជ្ញាចិត្តគោរពគោលការណ៍នីតិរដ្ឋ និងការដោះស្រាយវិវាទ ដោយសន្តិវិធី កម្ពុជា បានសម្រេចយកជម្រើសផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ។
នៅពេលកម្ពុជា ចាប់ផ្តើមដំណើរការនីតិវិធីនេះ នាយករដ្ឋមន្ត្រីរបស់ខ្ញុំ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាពិសេសមួយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានប្រសាសន៍ថា ៖
«កម្ពុជា ក៏ដូចជាថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយប្រកបដោយយុត្តិធម៌ និង ចីរភាព ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ដោយស្របតាមច្បាប់អន្តរជាតិ។ ដំណោះស្រាយដោយសន្តិវិធី នឹងផ្តល់ផលប្រយោជន៍រួម ដល់ប្រទេសទាំងពីរ ហើយនឹងរួមចំណែកផងដែរដល់ការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ដំណោះស្រាយនេះ នឹងការពារអធិបតេយ្យ ពង្រឹងទំនុកចិត្ត ទាញយកផលប្រយោជន៍ពីធនធានថាមពល គាំទ្រដល់ការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មីៗ មិនមែនសម្រាប់តែពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់កូនចៅជំនាន់ក្រោយ នៃប្រទេសកម្ពុជា និងថៃ ទៀតផង់»។
កម្ពុជា បានជ្រើសរើសយកជម្រើសនេះ ដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខ ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជា មើលឃើញដំណើរការផ្សះផ្សានេះ ថាជាមធ្យោបាយមួយ សម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ។
កម្ពុជា សង្ឃឹមដោយស្មោះថា ប្រទេសថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរ នឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី តាមរយៈការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាព នូវរាល់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទាំងអស់ ជាពិសេស សេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពបែបនេះ នឹងសម្រួលឱ្យប្រជាជនភៀសសឹក ជាង២ម៉ឺននាក់ អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ការអភិរក្សទីតាំងវប្បធម៌សំខាន់ៗដែលបានរងការខូចខាតក្នុងការប្រយុទ្ធគ្នា ហើយនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកប្រក្រតីនៃភាពទំនាក់ទំនងទ្វេភាគី។ កិច្ចប្រឹងប្រែងបែបនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពតានតឹង និងការកសាងជំនឿទុកចិត្តឡើងវិញ។

ការស្តារសន្តិភាព និងស្ថិរភាព រវាងកម្ពុជា និងថៃ មិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សហគមន៍អាស៊ាន ទាំងមូលទៀតផង។
3. គោលបំណងរបស់កម្ពុជា
ខណៈនេះ ខ្ញុំសូមលើកឡើងអំពីគោលបំណងរបស់កម្ពុជា ក្នុងដំណើរការផ្សះផ្សា។
គោលបំណងចម្បងបំផុតរបស់យើង គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម នៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជា មានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ តែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។
ជាជម្រើសផ្សេងទៀត កម្ពុជា ត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌ រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរ ស្តីពីព្រំដែនសមុទ្រ។
ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើ ការអភិវឌ្ឍរួមគ្នា កម្ពុជា សូមស្នើឱ្យគណៈកម្មការ រៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ភាគីទាំងពីរ ក្នុងការចរចា ដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះ នៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្រោមអនុសញ្ញា UNCLOS។
4. ការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ
ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងស្ថាប័ននានាដែលលើកកម្ពស់គោលការណ៍ទាំងនេះ បានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជា។ ការដែលយើងស្វែងរកដំណោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើង លើស្ថាប័នអន្តរជាតិ ក្នុងនាមជាយន្តការដោះស្រាយវិវាទដ៏ស្មុគស្មាញ រវាងរដ្ឋនានា ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
បទពិសោធន៍នេះ បានបង្ហាញថា បញ្ហាសំខាន់បំផុតសម្រាប់ជាតិ អាចដោះស្រាយបានតាមសន្តិវិធី និងតាមយន្តការពហុភាគី ជាជាងតាមការប្រើប្រាស់កម្លាំង ហើយក្របខ័ណ្ឌអន្តរជាតិ អាចផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំនិងចីរកាល សម្រាប់ឱ្យរដ្ឋជិតខាងគ្នា ដោះស្រាយទំនាស់របស់ខ្លួន។
ការប្តេជ្ញាចិត្តដូចបានលើកឡើងខាងដើម គឺជាកត្តាកំណត់អភិក្រមរបស់កម្ពុជា ក្នុងការរក្សាទំនាក់ទំនងជាមួយព្រះរាជាណាចក្រថៃ។ ទំនាក់ទំនងរវាងកម្ពុជា-ថៃ បាននិងកំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក។ កម្ពុជា សង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរក្នុងការបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក របស់ភាគីទាំងពីរ។
យើងបានទទួលការលើកទឹកចិត្តពីលទ្ធផលនៃការផ្សះផ្សាលើបញ្ហាដែនសមុទ្រទីម័រ រវាងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងប្រទេសអូស្ត្រាលី។ ដំណើរការផ្សះផ្សានោះបានបង្ហាញថា ការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ អាចដោះស្រាយភាពជាប់គាំងដ៏យូរអង្វែង រវាងប្រទេសជិតខាង និងនាំទៅរកដំណោះស្រាយជាស្ថាពរ តាមរយៈសន្ធិសញ្ញា។
កម្ពុជា មានទំនុកចិត្តថា គណៈកម្មការផ្សះផ្សា ជាមួយនឹងសមាសភាពដ៏ឧត្តុង្គឧត្តម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជា និងថៃ ឱ្យសម្រេចបាននូវលទ្ធផលស្រដៀងគ្នានេះដែរ ពោលគឺលទ្ធផលដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួម សម្រាប់តំបន់យើង។
5. សេចក្តីបញ្ចប់
លោកស្រីប្រធាន និងសមាជិកគណៈកម្មការដ៏ឧត្តុង្គឧត្តម! ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ក៏ដូចជាការខិតខំប្រឹងប្រែង និងភាពម៉ត់ចត់ខ្ពស់របស់លោកអ្នក ក្នុងការបំពេញភារកិច្ចនេះ។ យើងខ្ញុំត្រៀមខ្លួនធ្វើការជាមួយលោកអ្នក និងជាមួយព្រះរាជាណាចក្រថៃ ដោយឈរលើស្មារតីសុច្ឆន្ទៈ និងការគោរពគ្នាទៅវិញទៅមក។
សូមអរគុណ ចំពោះការយកចិត្តទុកដាក់ស្តាប់»។
ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍បើករបស់ភ្នាក់ងារតំណាងព្រះរាជាណាចក្រថៃ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) បានប្រកាសថា ថៃ មកចូលរួម មានគោលបំណងច្បាស់លាស់ គឺស្វែងរកដំណោះស្រាយលើការខណ្ឌសីមាព្រំដែនសមុទ្រ ដែលការពារសិទ្ធិរបស់ថៃ និងអនុញ្ញាតឱ្យថៃ និងកម្ពុជា អាចដើរទៅមុខជាមួយគ្នា ក្នុងនាមជាប្រទេសជិតខាង។ ក្នុងនាមភាគីថៃ លោកបានបញ្ជាក់ថា ខ្លួនចូលរួមក្នុងដំណើរការផ្សះផ្សានេះ ដោយចិត្តស្មោះត្រង់ (Good Faith) និងយល់ដឹងច្បាស់ពីបទប្បញ្ញត្តិនៃច្បាប់ UNCLOS។ លោកបានសង្កត់ធ្ងន់ថា ថៃ គោរពច្បាប់អន្តរជាតិ ដោយមិនងាករេ និងមានជំនឿចិត្តលើសមត្ថភាពរបស់ខ្លួន ក្នុងការការពារផលប្រយោជន៍ជាតិ។
ទោះយ៉ាងណា លោក សីហស័ក្តិ បានបង្ហាញការសោកស្តាយលើការរំលងការចរចាទ្វេភាគី ដោយបានលើកឡើងថា ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការរុញបញ្ហានេះទៅកាន់យន្តការផ្សះផ្សាដោយបង្ខំ ហាក់ដូចជាផ្ទុយនឹងការអំពាវនាវដទៃទៀត ក្នុងការស្តារទំនាក់ទំនងទ្វេភាគី។ លោកបានបញ្ជាក់ថា ថៃ ធ្លាប់បានផ្តល់ឱកាសឱ្យមានការចរចាផ្ទាល់ជាមុនសិន ប៉ុន្តែកម្ពុជា បានរំលង ហើយងាកមកប្រើប្រាស់ប្រព័ន្ធ UNCLOS នេះតែម្តង។ លោកបានព្រមានថា ទង្វើនេះ អាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។

ប្រមុខការទូតថៃ បានសង្កត់ធ្ងន់ថា វិសាលភាពនៃយន្តការផ្សះផ្សានេះ គួរតែត្រូវកម្រិតត្រឹមតែការខណ្ឌសីមាព្រំដែនសមុទ្រ និងតំបន់ខ្ពង់រាបបាតសមុទ្រប៉ុណ្ណោះ។ ថៃ ចង់ឱ្យដោះស្រាយបញ្ហាព្រំដែនទឹក ឱ្យដាច់ស្រឡះជាមុនសិន ទើបជជែកគ្នាអំពីការអភិវឌ្ឍធនធានរួម (ប្រេងនិងហ្គាស់) តាមក្រោយ។ លោកបានរំលឹកថា យន្តការផ្សះផ្សាក្រោម UNCLOS នេះ មិនមែនជាការកាត់សេចក្តីដែលមានលក្ខណៈបង្ខំតាមច្បាប់នោះទេ។ លទ្ធផលដែលចេញមក គឺគ្រាន់តែជា «អនុសាសន៍» សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះក្នុងការចរចាបន្ត ដែលមានន័យថា ប្រទេសទាំងពីរ ក៏នៅតែត្រូវត្រឡប់មកចរចាផ្ទាល់ (Bilateral Talks) ដដែល ដើម្បីសម្រេចកិច្ចព្រមព្រៀងចុងក្រោយ។
នៅក្នុងសេចក្តីថ្លែងការណ៍បើកនោះដែរ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ បានលើកឡើងនូវចំណុចបន្ថែមស្វិតស្វាញនិងសំខាន់ៗមួយចំនួនទៀត ដូចជាបានចោទប្រកាន់លើកម្ពុជា ថាបានព្យាយាមបំភ័ន្តការពិត និងធ្វើខ្លួនដូចជា «ជនរងគ្រោះ» (Victim) នៅក្នុងជម្លោះនេះ។ លោកបន្ថែមថា កម្ពុជា ខ្វះភាពស្មោះត្រង់ក្នុងការចូលរួមការទូតទ្វេភាគី ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។ លោកបានប្រកាសជាផ្លូវការថា ប្រទេសថៃ បដិសេធទាំងស្រុងនូវការទាមទារខ្សែកោងខ្ពង់រាបបាតសមុទ្រ (Continental Shelf Claim) របស់កម្ពុជា ដែលបានធ្វើឡើងកាលពីឆ្នាំ១៩៧២។ លោកបានសង្កត់ធ្ងន់ថា ការទាមទាររបស់ភាគីកម្ពុជា នោះគឺ «គ្មានមូលដ្ឋានច្បាប់ ទាល់តែសោះ»។
ភាគីថៃ តាមរយៈប្រមុខការទូត ក៏បានបញ្ជាក់ពីអធិបតេយ្យលើកោះគុត ផងដែរ ដោយបានសង្កត់ធ្ងន់យ៉ាងដាច់អហង្ការថា យន្តការផ្សះផ្សានេះ គឺកម្រិតត្រឹមតែការខណ្ឌសីមាដែនសមុទ្រក្នុងឈូងសមុទ្រថៃ ប៉ុណ្ណោះ វាមិនមានពាក់ព័ន្ធទាល់តែសោះទៅនឹងអធិបតេយ្យភាពលើដែនដីគោក រាប់ទាំងកោះគុត (Koh Kood) ដែលថៃ អះអាងថាជាទឹកដីរបស់ខ្លួន។ លោកបានព្រមានភាគីកម្ពុជា ថា ការសម្រេចចិត្តជ្រើសរើសយកការរុញបញ្ហាចូលទៅក្នុងយន្តការផ្សះផ្សាដោយបង្ខំរបស់ UNCLOS នេះ អាចនឹងនាំមកនូវ «ផលវិបាក» មួយចំនួន ដល់កិច្ចខិតខំប្រឹងប្រែងកសាងទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរ ។
លោកសីហស័ក្តិ ភួងកេតកែវ បានមានប្រសាសន៍ថា “លោកស្រីប្រធាន! សមាជិកគណៈកម្មការ តំណាងខាងប្រតិភូកម្ពុជា! យើងត្រូវចងចាំថា ដំណើរការថ្ងៃនេះ គឺអាចនឹងមានផលប៉ះពាល់រវាងទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជា ផងដែរ ។ ដំណើរការផ្សះផ្សានេះ មិនមែនជាដំណើរការតាមផ្លូវទូត ប៉ុន្តែយ៉ាងណាក៏ដោយ ថៃ គោរពលើច្បាប់អន្តរជាតិ ហើយថៃ សូមការពារនូវសិទ្ធិអធិបតេយ្យ និងសិទ្ធិលើព្រំដែនសមុទ្ររបស់ខ្លួន ដោយក្នុងនោះ យើងក៏គិតអំពីវិបុលភាព សន្តិភាព ផងដែរ ដែលត្រូវមានការចូលរួមពីប្រទេសជិតខាង ។ យើងឃើញថា យើងត្រូវការជាច្រើនឆ្នាំ ដើម្បីនាំមកនូវសន្តិភាព ហើយនិងការកសាងប្រទេស សម្រាប់ប្រជាពលរដ្ឋ ។ ថៃ ត្រៀមលើដំណើរផ្លូវស្វែងរកសន្តិភាព តែត្រូវការនូវឆន្ទៈនយោបាយរវាងភាគីទាំងសងខាង ។ យើងបានគូសបញ្ជាក់ជាច្រើនលើកច្រើនសាហើយ ជម្រើសនោះ គឺកម្ពុជា ជាអ្នកជ្រើសរើសខ្លួនឯង ហើយកម្ពុជា អាចថាធ្វើយ៉ាងណារក្សាបាននូវឆន្ទៈនយោបាយ រួបរួមជាមួយនឹងប្រទេសថៃ ។ មុនពេលដែលគណៈកម្មការផ្សះផ្សានេះ នៅឈានទៅដល់ទីបញ្ចប់នោះ គឺប្រទេសថៃ និងកម្ពុជា នៅតែជាប្រទេសជិតខាង ។ កេរដំណែលនឹងបន្សល់ទុក យើងចង់ឲ្យកូនចៅជំនាន់ក្រោយ ទទួលបាននូវផលលាភនៃសន្តិភាព និងផលប្រយោជន៍ ។ ប្រទេសថៃ នឹងគោរពហើយនិងធ្វើឲ្យបាន សង្ឃឹមថា កម្ពុជា ក៏ត្រូវអាចនឹងធ្វើបានដូចគ្នា“ ។
ទោះបីជាមានជំហរតឹងតែង ថៃ នៅតែបង្ហាញទំនុកចិត្តលើភាពអព្យាក្រឹត និងជំនាញរបស់គណៈកម្មការផ្សះផ្សា។ លោកសីហស័ក្តិ សង្ឃឹមថា ការណែនាំរបស់គណៈកម្មការ នឹងជួយឱ្យប្រទេសទាំងពីរ អាចបង្រួញការខ្វែងគំនិតគ្នាលើជំហរច្បាប់ ដើម្បីឈានទៅរកលទ្ធផលជាក់ស្តែង និងប្រកបដោយចីរភាព ។

គួរកត់សម្គាល់ថា សេចក្តីថ្លែងការណ៍បើក របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ដែលផ្សាយបន្តផ្ទាល់ជាភាសាខ្មែរ តាមរយៈទូរទស្សន៍ជាតិ (TVK) និងបណ្តាញសង្គម នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នោះ ទទួលបានការគាំទ្រនិងពេញចិត្តយ៉ាងខ្លាំងពីសំណាក់មន្រ្តី និងប្រជាពលរដ្ឋកម្ពុជា ត្រង់ខ្លឹមសារថា «កម្ពុជា មិនចង់បានអ្វីដែលមិនមែនជារបស់ខ្លួននោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ កម្ពុជា នឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជារបស់ខ្លួនស្របច្បាប់ឡើយ» ដែលឃ្លានេះ បង្ហាញពីការស្រឡាញ់ និងចង់ការពារបូរណភាពទឹកដី ។ ជាមួយគ្នានេះ សេចក្ដីថ្លែងការណ៍នេះ បង្ហាញភាពចាស់ទុំខាងការទូត ព្រោះបើទោះបីជាភាគីថៃ បានប្រើសម្តីវាយប្រហារធ្ងន់ៗ ចោទកម្ពុជា ថាបំភ័ន្តការពិត ឬធ្វើជាជនរងគ្រោះក៏ដោយ ក៏ប្រមុខការទូតកម្ពុជា មិនបានតបតដោយកំហឹងឡើយ។ ផ្ទុយទៅវិញ លោកបានសង្កត់ធ្ងន់ថា កម្ពុជា ចាត់ទុកយន្តការផ្សះផ្សានេះថាជា «ឱកាសដើម្បីកសាងទំនុកចិត្តឡើងវិញ មិនមែនជាការបង្កើនភាពតានតឹងនោះទេ»។ លើសពីនេះ ពលរដ្ឋ មានក្តីសង្ឃឹមខ្ពស់ នៅពេលប្រមុខការទូត បង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវ «សន្ធិសញ្ញាខណ្ឌសីមាព្រំដែនសមុទ្ររួម» ឬជាជម្រើសម្យ៉ាងទៀត គឺ «កិច្ចព្រមព្រៀងអភិវឌ្ឍន៍រួម និងការបែងចែកធនធាន (ប្រេង និងហ្គាស់) ដោយស្មើភាព» ដើម្បីយកមកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជារួម សេចក្តីថ្លែងការណ៍បើក របស់ប្រមុខការទូតកម្ពុជា ត្រូវបានពលរដ្ឋវាយតម្លៃថា មានតុល្យភាពល្អឥតខ្ចោះ ទន់ភ្លន់ខាងការទូត តែរឹងមាំខាងផ្លូវច្បាប់ និងអធិបតេយ្យជាតិ ៕ កុលបុត្រ