ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ភ្នំពេញ បានបន្តអនុវត្តវិធានការដោះស្រាយបញ្ហាជនអនាថា ចំនួន១០នាក់ ដែលស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌ ចំនួន៤ នៅរាជធានីភ្នំពេញ។

តាមប្រភពមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថា នៅល្ងាចថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោករឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានធ្វើការដឹកនាំនិងចាត់មន្ត្រីជំនាញ ចុះអនុវត្តកិច្ចសហការជាមួយកម្លាំងមន្ត្រីមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ អនុវត្តវិធានការដោះស្រាយបញ្ហាជនអនាថា ជនដែលប្រើប្រាស់គ្រឿងញៀន នៅតាមទីសាធារណៈ សង្គ្រោះបានចំនួន ១០នាក់ (ស្ត្រី ចំនួន ២នាក់) ដែលស្ថិតក្នុងភូមិសាស្ត្រ នៃរដ្ឋបាលខណ្ឌចំនួន៤ រួមមាន ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វា ខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ។

ជនអនាថាទាំង១០នាក់ខាងលើ ត្រូវបានមន្ទីរជំនាញធ្វើការអនុវត្តស្របតាមនីតិវិធី ដោយបន្តទុកដាក់ថែទាំ ការផ្តល់សេវាសង្គមចាំបាច់ ការពិគ្រោះយោបល់ ការគ្រប់គ្រងករណី និងការស្តារសម្បទាជាបណ្តោះអាសន្ន ស្របតាមកិច្ចគាំពារជនរងគ្រោះ៕