ភ្នំពេញ ៖ នារីម្នាក់ ជាបុគ្គលិកផ្នែករត់តុ នៅក្នុងហាង ១កន្លែង ត្រូវបានបុរសជាចុងភៅ ធ្វើការងារក្នុងហាងជាមួយគ្នា ល្បួងនាំទៅផឹកស៊ីរហូតស្រវឹង ក៏បបួលមកផឹកបន្តនៅបន្ទប់ជួលរបស់ជនសង្ស័យ និងបានបង្អកស្រានារីរងគ្រោះ រហូតដល់ស្រវឹង រួចចាប់រំលោភនារីរងគ្រោះរហូតបានសម្រេច។ ចំណែកនារីរងគ្រោះ មិនបានប្តឹងភ្លាមៗទេ ព្រោះខ្លាចខ្មាសគេ តែបែរជាជនសង្ស័យបានចិត្ត ថែមទាំងដើរអួតប្រាប់គេឯង ពីរឿងដេកជាមួយនារីរងគ្រោះទៀតផង ទើបធ្វើឱ្យនារីរងគ្រោះទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍។

ករណីបង្អកស្រាស្រីស្រវឹង ចាប់រំលោភនេះ បានកើតឡើងតាំងពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ១កន្លែង តាមផ្លូវឌឿងហែម ម្តុំស្តុបណូគា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រហូតមកដល់យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ទើបនារីរងគ្រោះ បានតាមទៅរកជនសង្ស័យ ដល់បន្ទប់ជួល តែជនសង្ស័យសម្ងំនៅក្នុងបន្ទប់ មិនព្រមចេញ ទើបនារីរងគ្រោះប្តឹងសមត្ថកិច្ចតែម្តង។

នារីរងគ្រោះ ដែលអះអាងថា ត្រូវបានអ្នករួមការងារ បង្អកស្រា ចាប់រំលោភនោះ មានអាយុប្រមាណ ២០ឆ្នាំ មុខរបរជាអ្នករត់តុ នៅក្នុងហាង ១កន្លែង។ ចំណែកជនសង្ស័យ ត្រូវបាននារីរងគ្រោះអះអាងថា មានឈ្មោះទុំ អាយុប្រមាណជាង ៣០ឆ្នាំប្លាយ មុខរបរមេចុងភៅ ធ្វើការ ក្នុងហាងជាមួយគ្នា និងស្នាក់នៅបន្ទប់ជួល ម្តុំស្តុបណូគា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងទើបនឹងស្គាល់គ្នាជាមួយជនសង្ស័យ ឈ្មោះទុំ បានប្រមាណ ៣-៤ខែប៉ុណ្ណោះ អំឡុងពេលដែលនាងចូលធ្វើការក្នុងហាងជាមួយគ្នា។ កន្លងមក នាងនិងជនសង្ស័យ រួមទាំងមិត្តភក្តិរួមការងារ ធ្លាប់បានហូបចុកជុំគ្នា ប៉ុន្មានដងដែរ តែមិនធ្លាប់មានរឿងអ្វីកើតឡើងនោះឡើយ ហើយក៏មិនធ្លាប់មកផឹកស៊ីនៅបន្ទប់ជួល របស់ជនសង្ស័យនោះទេ។

នារីរងគ្រោះ បន្តថា លុះមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយចប់ម៉ោងការងារ ពួកនាងក្នុងនោះមានជនសង្ស័យម្នាក់ដែរ បាននាំគ្នាទៅហូបចុកជាមួយគ្នា នៅម្តុំមុខវាំង តែក្រោយមក មេឃបានធ្លាក់ភ្លៀង ទើបជនសង្ស័យ បានបបួលទៅផឹកស៊ីបន្ត នៅបន្ទប់ជួលរបស់គេវិញម្តង។ ចំណែកនាង ពេលនោះក៏បានទៅជាមួយគេដែរ ព្រោះសំអាងថា មានបងស្រីធម៌របស់នាង និងប្តីគាត់ ក៏បានទៅជាមួយដែរ។
នារីរងគ្រោះ បានឱ្យដឹងបន្តទៀតថា ពេលចូលទៅដល់បន្ទប់ ពួកនាងផឹកស៊ី មានគ្នាទាំងអស់៧ ទៅ៨នាក់ ក្នុងនោះមានស្រី ៤នាក់។ លុះមកដល់វេលាទៀបភ្លឺ ខណៈដែលនាងបានផឹកស្រាស្រវឹង ស្រាប់តែជនសង្ស័យ បានប្រើល្បិចដេញអ្នកផឹកស៊ីជាមួយគ្នានោះ ឱ្យទៅផ្ទះអស់ ហើយពេលនោះ នាងបានសុំទៅជាមួយបងស្រីធម៌និងប្តីគាត់ដែរ តែពួកគាត់ហាក់មានបំណងឱ្យនាងនៅបន្ទប់ជាមួយជនសង្ស័យ ទើបមិនខ្ចីរវល់ រួចនាំគ្នាឡើងជិះម៉ូតូ ចាកចេញទៅយ៉ាងឆាប់រហ័ស ដោយបន្សល់ទុកតែរូបនាងម្នាក់នៅ ក្នុងបន្ទប់ជាមួយជនសង្ស័យ។
នារីរងគ្រោះ បានបន្ថែមថា គ្រាន់តែអ្នកផ្សេងចេញទៅវិញអស់ ជនសង្ស័យបានបិទទ្វារ ដាក់គន្លឹះ រួចចាប់រំលោភនាងទាំងកំរោល ពេលនោះនាងបានព្យាយាមស្រែកហៅ គេឱ្យជួយដែរ តែជនសង្ស័យបានយកដៃខ្ទប់មាត់នាង បន្ទាប់មកនាងក៏ស្រវាយកទូរស័ព្ទ បំណងហៅមិត្តភក្តិឱ្យមកជួយ តែជនសង្ស័យបានទាញទូរស័ព្ទនាង គ្រវែងចេញ រួចចាប់រំលោភនាង រហូតបានសម្រេចតែម្តង។ ក្រោយកើតហេតុ ដោយសារនាងមានអារម្មណ៍ខ្លាច និងខ្មាសគេផង ទើបនាងព្យាយាមលាក់រឿងនេះ ដោយមិនបានធ្វើការប្តឹងផ្តល់ភ្លាមៗនោះទេ។
នារីរងគ្រោះ បានបញ្ជាក់ថា លុះពេលឃើញនាងមិនបានប្តឹងផ្តល់ ស្រាប់តែជនសង្ស័យ បានចិត្ត បែរជាតាមបៀតបៀននាង និងតែងនិយាយឌឺដង ចំអកឱ្យនាងមិនឈប់។ លុះនាងព្យាយាមគេចមុខ ពេលគេហៅនាងមិនឮ គេថែមទាំងបានជេរប្រមាថដោយសម្តីអសុរោះដាក់នាង ជាច្រើនទៀតផង ហើយអ្វីដែលធ្វើឱ្យនាងទ្រាំមិនបាននោះ គឺជនសង្ស័យ បានយករឿងដែលគេចាប់រំលោភនាងបានសម្រេច ទៅអួតប្រាប់គេឯងគ្រប់គ្នា ហាក់មានមោទនភាពខ្លាំងណាស់រឿងចាប់រំលោភនាងបានសម្រេច។
ដោយសារតែទ្រាំនឹងការប្រមាថរបស់ជនសង្ស័យ តទៅទៀតលែងបាន ទើបនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នារីរងគ្រោះ បានតាមមករកមុខជនសង្ស័យ ដល់បន្ទប់ជួល បំណងហៅជនសង្ស័យ មកជួបដោះស្រាយគ្នា ឱ្យបានច្បាស់លាស់ តែជនសង្ស័យ បានសម្ងំនៅក្នុងបន្ទប់ មិនព្រមចេញមកជួបនាង ទើបនាងសម្រេចចិត្តប្តឹងសមត្ថ កិច្ច ឱ្យជួយអន្តរាគមន៍ និងរកយុត្តិធម៌តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញប៉ុស្តិ៍រដ្ឋបាលទឹកល្អក់៣ និងខាងជំនាញខណ្ឌទួលគោក បានចុះមកដល់ទីតាំងកើតហេតុ រួចនាំនារីរងគ្រោះខាងលើ ទៅប៉ុស្តិ៍ ដើម្បីសាកសួរលម្អិតពីដំណើររឿង និងឱ្យនារីរងគ្រោះដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចចាត់ការតាមជំនាញ៕