ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បដិសេធការចោទប្រកាន់ពីភាគីថៃ ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា។

សេចក្តីថ្លែងការណ៍ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពី «កម្ពុជា បដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា» មានខ្លឹមសារទាំងស្រុងថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បដិសេធចោលសាជាថ្មីនូវការចោទប្រកាន់ និងការអះអាងដោយគ្មានមូលដ្ឋាន ក្នុងពេលថ្មីៗ ពីសំណាក់មន្ត្រីអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ជាពិសេស ការលើកឡើងរបស់លោក Prapas Sonjaidee នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) និងលោក Phanombut Chantharachote អគ្គនាយក នៃនាយកដ្ឋានវិចិត្រសិល្បៈថៃ ដោយបានចោទប្រកាន់ថាកម្ពុជា បានប្រើប្រាស់ទីតាំងប្រាសាទបុរាណ ជាមូលដ្ឋានយោធា។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់ទុកថា ការលើកឡើងទាំងនេះ គឺជាចេតនាបំភ្លៃព័ត៌មាន គេចមិនទទួលខុសត្រូវពីការបំផ្លិចបំផ្លាញប្រាសាទ និងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបង្កការយល់ច្រឡំដល់សាធារណជនទូទៅ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មី ដូចខាងក្រោម ៖
១. ក្នុងនាមជាប្រទេសមួយ ដែលមានអរិយធម៌ វប្បធម៌ ប្រវត្តិសាស្ត្រសម្បូរបែប និងជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥៤ និងពិធីសារទាំងពីររបស់អនុសញ្ញានេះ ព្រមទាំងអនុសញ្ញាឆ្នាំ១៩៧២ របស់អង្គការយូណេស្កូ កម្ពុជា ប្រកាន់ជំហរដាច់ខាត ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការការពារថែរក្សាបេតិកភណ្ឌវប្បធម៌ ដោយគ្រប់ទីតាំងបេតិកភណ្ឌទាំងអស់ នៅទូទាំងប្រទេស ទទួលបានអាទិភាពខ្ពស់ក្នុងការអភិរក្ស លើកតម្លៃ ការស្រាវជ្រាវ អប់រំ សកម្មភាពសាសនា ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កម្ពុជា មិនមែនជារដ្ឋដែលធ្លាប់បំផ្លាញបេតិកភណ្ឌវប្បធម៌ឡើយ និងពុំមានទីតាំងបេតិកភណ្ឌវប្បធម៌ណាមួយ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធានោះទេ។
២. ផ្ទុយទៅវិញ សកម្មភាពឈ្លានពានរបស់ថៃ មកលើកម្ពុជា បានបង្កឱ្យមានការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌមួយចំនួន ដែលស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យរបស់កម្ពុជា ដោយរួមទាំងប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ស្ពានទ័ព (ស្ថិតនៅប្រហែល៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ) និងតំបន់បុរាណវិទ្យាមួយចំនួនផ្សេងទៀត។

មកទល់បច្ចុប្បន្ន ទីតាំងបេតិកភណ្ឌ មួយចំនួន ដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ត្រូវបានអាជ្ញាធរពាក់ព័ន្ធរបស់ថៃ កាន់កាប់ដោយខុសច្បាប់ និងកំពុងធ្វើឱ្យប្រែប្រួលស្ថានភាពជាក់ស្តែងលើដី (Fait accompli) និងការប៉ុនប៉ងបង្កើតក្របខ័ណ្ឌច្បាប់ក្លែងក្លាយ ក្នុងគោលបំណងយកទីតាំងទាំងនោះ ជាកម្មសិទ្ធិរបស់ខ្លួន។ លើសពីនេះ វត្ថុបុរាណមួយចំនួនត្រូវបានអាជ្ញាធរថៃ យកចេញដោយខុសច្បាប់ ពីប្រាសាទខ្នារ របស់កម្ពុជា។
ក្នុងន័យនេះ កម្ពុជា ប្រឆាំងដាច់ខាតចំពោះគ្រប់ប្រភេទសកម្មភាពឯកតោភាគីរបស់ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ដោយរួមទាំងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញអគ្គិសនី ព្រឹត្តិការណ៍នានា ទាំងទេសចរណ៍ និងសាសនា ក៏ដូចជាគម្រោងជួសជុលដោយគ្មានការអនុញ្ញាតពីកម្ពុជា។ សកម្មភាពទាំងនេះគឺជា ចេតនាពង្រឹងការកាន់កាប់ដែនដីដោយខុសច្បាប់ និងផ្ទុយទាំងស្រុងទៅនឹងច្បាប់អន្តរជាតិ។
៣. ប្រាសាទព្រះវិហារ ទទួលរងនូវសោកនាដកម្មធ្ងន់ធ្ងរ ពីការបាញ់បំផ្លាញរបស់យោធាថៃ ក្នុងអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ (ដូចមានរូបភាពវីដេអូបញ្ជាក់) ដែលក្នុងនោះ ៥៦២ទីតាំង ត្រូវបានបំផ្លាញដោយអាវុធធុនធ្ងន់ ដោយបានធ្វើឱ្យថ្មប្រាសាទ ខ្ទេចរូបរាង ជាង៧ម៉ឺនបំណែក។ ការវាយប្រហារដោយមិនរើសគោលដៅរបស់យោធាថៃ បានបំផ្លាញទាំងស្រុងនូវលទ្ធផលនៃការស្តារប្រាសាទព្រះវិហារ ឡើងវិញ របស់ស្ថាប័នជាតិនិងអន្តរជាតិ ជាង១០ឆ្នាំ កន្លងមកនេះ ដោយរួមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងបង្កការជម្លៀសប្រជាជន ជាង ១៦ ០០០នាក់ ពីតំបន់បេតិកភណ្ឌ ហើយប្រជាជនមួយចំនួន នៅមិនទាន់អាចត្រលប់ទៅកាន់លំនៅឋានវិញនៅឡើយ ដោយកត្តាសន្តិសុខ និងសុវត្ថិភាព។

ការខូចខាតប្រាសាទព្រះវិហារ ត្រូវបានពិនិត្យវាយតម្លៃចងក្រងជាឯកសារ ហើយក៏ត្រូវបានផ្ទៀងផ្ទាត់ដោយរបាយការណ៍របស់អ្នកជំនាញការជាតិនិងអន្តរជាតិផងដែរ។
៤. ប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក ជាទីសក្ការៈរបស់ប្រជាជនខ្មែរ ជាទីតាំងដែលអាជ្ញាធរជាតិកម្ពុជា និងដៃគូអន្តរជាតិពង្រឹងកិច្ចសហការអភិរក្ស ជាទីតាំងសិក្សាស្រាវជ្រាវបុរាណវិទ្យា ជាទីកន្លែងសម្រាប់អប់រំ ជាទីតាំងគោរពបូជាតាមប្រពៃណីសាសនាខ្មែរ និងជាទីតាំងទទួលស្វាគមន៍ទេសចរណ៍ជាតិ-អន្តរជាតិ ជារៀងរាល់ថ្ងៃ រួមទាំងទេសចរ ជាប្រជាជនថៃ ក៏ធ្លាប់ឡើងទស្សនា ហើយក៏បានដឹងច្បាស់ថា ប្រាសាទព្រះវិហារ មិនមែនជាទីតាំងយោធានោះដែរ។

ដូចនេះ ៖
ទី១. កម្ពុជា បន្តថ្កោលទោសចំពោះការគ្រប់គ្រងនិងចាត់ចែងទីតាំងបេតិកភណ្ឌរបស់កម្ពុជាដោយខុសច្បាប់ តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងទាមទារឱ្យភាគីថៃ ដកទ័ពចេញពីតំបន់បេតិកភណ្ឌ ជាពិសេស កម្លាំងយោធាដែលកំពុងដាក់មូលដ្ឋាននៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ។
ទី២. កម្ពុជា ទាមទារឱ្យភាគីថៃ ប្រគល់មកកម្ពុជា វិញ នូវវត្ថុបុរាណដែលបានយកចេញពីប្រាសាទខ្នារ ទៅកាន់ប្រទេសថៃ កន្លងមកនេះ។

ទី៣. កម្ពុជា ទាមទារឱ្យភាគីថៃ គោរពច្បាប់អន្តរជាតិ គោរពសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ និងបញ្ឈប់ការប្រើប្រាស់កម្លាំង បញ្ឈប់សកម្មភាព Fait accompli ដើម្បីកាន់កាប់ដែនដីកម្ពុជា ជាអចិន្ត្រៃយ៍។ កម្ពុជា ស្នើភាគីថៃ ងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេស យន្តការរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC) ។

ជាចុងក្រោយ កម្ពុជា សូមបញ្ជាក់ច្បាស់ជាថ្មីថា គ្រប់ទីតាំងបេតិកភណ្ឌ មិនមែនជាមូលដ្ឋានយោធា និងមិនប្រើប្រាស់ជាទីតាំងយោធាដាច់ខាត។ កម្ពុជា បន្តផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្សថែរក្សាបេតិកភណ្ឌ សម្រាប់បន្តកេរដំណែលដល់ជនជំនាន់ក្រោយ និងរបស់មនុស្សជាតិ។

ជាមួយគ្នានេះ កម្ពុជា ថ្កោលទោសដាច់ខាតចំពោះការបាញ់បំផ្លាញ ព្រមទាំងសកម្មភាពនានាដែលនាំឱ្យខូចខាតប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌវប្បធម៌ផ្សេងទៀត ដែលសុទ្ធតែជាសកម្មភាពបំពានច្បាប់អន្តរជាតិ និងប៉ះពាល់ដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌»៕ ខៀវទុំ