ប្រទេសបារាំង ៖ តារាចម្រៀង លោករិន សាវ៉េត ហៅសែន កំសត់ បានដឹកដៃកូនប្រុសហោះទៅប្រទេសបារាំង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីរស់នៅជាមួយភរិយាលោក អ្នកស្រី លីម គីមហ្គេច ដែលជាអាណិកជនខ្មែរ នៅបារាំង។ តារារួមអាជីពជាច្រើន បានសាទរដែលលោក សាវ៉េត បានសម្រេចបំណងធំ ទៅរស់នៅបារាំង ក្រោយរង់ចាំឱកាសនេះ អស់រយៈពេលជិត ៧ឆ្នាំមកហើយ ។ ចាប់ពីពេលនេះតទៅ លោកសាវ៉េត រស់នៅជុំភរិយានិងកូនប្រុសពីរ យ៉ាងមានសុភមង្គល តែឃ្លាតពីដៃគូលេងអុកយល់ចិត្តជាច្រើនឆ្នាំ នោះគឺមិត្តសម្លាញ់លោក សាពួន មីដាដា ។

គួររំលឹកថា អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោក រិន សាវ៉េត បានរៀបការតាមប្រពៃណីនៅខ្មែរ ជាមួយអ្នកនាង លីម គីមហ្គេច កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយនៅខែតុលា ឆ្នាំ២០២០ ភរិយាលោក សម្រាលបានកូនប្រុស១។ ក្រោយរៀបការរួច យូរៗម្ដងទើបអ្នកនាងគីមហ្គេច មកលេងប្ដី នៅស្រុកខ្មែរ ព្រោះនៅបារាំង នាងមានមុខរបរជាអ្នកលក់ទឹកអប់ ម៉ាកល្បីៗ។ មុនទៅចេញទៅរស់នៅប្រទេសបារាំង លោកសាវ៉េត នៅតែបន្ដអាជីពចម្រៀង ចេញច្រៀងតាមកម្មវិធីមង្គលការ ជាបន្ដ បន្ទាប់ តែឥឡូវ លោកអាចនឹងចេញច្រៀងសម្ដែងតាមកម្មវិធីខ្មែរមួយចំនួន នៅបារាំង វិញម្ដង។

រិន សាវ៉េត ច្រៀងនៅហង្សមាស ជាង១០ឆ្នាំ និងដើរចេញពីផលិតកម្មនេះ នៅឆ្នាំ២០២០ ។ មុនចាប់ដៃជាមួយភរិយាទីពីរ លោករិន សាវ៉េត បានរស់នៅជាមួយភរិយាទី១ អ្នកស្រី គង់ សាវី ជាច្រើនឆ្នាំ ដោយទទួលបានចំណងដៃកូនប្រុសម្នាក់ តែជាអកុសល អ្នកស្រីសាវី បានទទួលមរណៈភាព ក្នុងអាយុ៣៦ឆ្នាំ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៧ ដោយជំងឺមហារីកសុដន់។ លោកសាវ៉េត បានប្រើជីវិតជាពោះម៉ាយ ជិត២ឆ្នាំ ទើបរៀបការភរិយាថ្មីហើយពេលនេះ លោកចេញទៅរស់នៅប្រទេសបារាំង តាមភរិយា ដែលនោះជាការត្រួសត្រាយឲ្យកូនច្បងរបស់លោក ដើម្បីបានរៀននៅសាលាល្អ នៅប្រទេសបារាំង ផងដែរ ព្រោះលោកធ្លាប់ប្រាប់ថា នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យកូនលោកមានអនាគតល្អ និងអ្វីដែលអតីតភរិយា ចង់ឃើញ។

ក្រៅពី រិន សាវ៉េត អតីតតារាដែលកំពុងរស់នៅតាមគូស្នេហ៍ នៅប្រទេសបារាំង មានដូចជា អ្នកនាង ជិន សេរីយ៉ា និងឈាន នីហ្សា ជាដើម ។ ប្រភពថា ទោះជាលោកសាវ៉េត បានទិដ្ឋាការ (Visa) ចេញទៅរស់នៅប្រទេសបារាំង ប៉ុន្ដែលោកនៅតែចុះឡើងមកស្រុកខ្មែរ ព្រោះលោកក៏មានផ្ទះផ្ទាល់ខ្លួន១ នៅសង្កាត់ព្រែកលៀ ប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលជាអំណោយសម្ដេច ហ៊ុន សែន ហេតុនេះលោកសាវ៉េត មិនមែនបញ្ចប់អាជីពចម្រៀង ទាំងស្រុងនៅក្នុងស្រុកឡើយ ពោលគឺនៅពេលលោកមកចុះមកស្រុក នៅតែអាចចេញមុខច្រៀងតាមបណ្ដាកម្មវិធីនានាដូចមុន៕



