ភ្នំពេញ ៖ តារារ៉េប ម៉ាន់ វណ្ណដា និងកញ្ញា ឡូរីន (Lauryn) បានបង្ហាញសកម្មភាពនៅក្បែរគ្នាឡើងវិញ កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងការប្រគំតន្រ្ដី «ដំណើរអន្ដ»( The Infinite Journey Concert)» នៅសាលមហោស្រព កោះពេជ្រ ដែលពេល វណ្ណដា ច្រៀងរាំលើឆាក ឡូរីន រាំសប្បាយសើចក្អាកក្អាយនៅពីមុខឆាក នៅជិតគ្នា។ តាមរយៈរូបភាពថ្មីនេះ ជាសញ្ញាល្អមួយ ដែលវណ្ណដា គេសង្ស័យថា ប្រេះឆា Lauryn ជាង១ឆ្នាំ ឥឡូវពួកគេខិតមករកគ្នាបន្ដិចម្ដងៗវិញហើយ ខណៈដែល Fan ជំរុញឲ្យគូស្នេហ៍ ១គូនេះ ត្រូវគ្នាឡើងវិញ ព្រោះថា ពួកគេសមគ្នាខ្លាំង។ ប៉ុន្ដែនៅលើបណ្ដាញសង្គម ទាំងវណ្ណដា និងឡូរីន មិននិយាយអ្វីទាំងអស់ទាក់ទងរឿងពួកគេបង្ហាញសញ្ញាវិលមកផ្អែមល្ហែមគ្នាម្ដងទៀតនេះ។

វណ្ណដា អាយុ ៣០ឆ្នាំ ត្រូវបានគេសង្ស័យថា លោក និងឡូរីន ប្រេះឆាស្នេហ៍ តាំងពីថ្ងៃតារារ៉េប រូបនេះ ធ្វើខួបកំណើតគម្រប់២៩ឆ្នាំ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ព្រោះពេលនោះ គ្មានមុខឡូរីន នៅក្បែវណ្ណដា ឡើយ។ ជាមួយគ្នានេះដែរ កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ វណ្ណដា ក៏បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលផងដែរ ព្រោះតែលោកបណ្ដើរនារីម្នាក់ដែលគេស្គាល់ថា កញ្ញាស៊ឹមអី រ៉ាអ៊ីម ហៅ Lola អាយុ២១ឆ្នាំជាកូនអ្នកមានទ្រព្យស្ដុកនៅខេត្តក្រចេះ ដែលគេសង្ស័យថា នោះជាស្រីស្នេហ៍ថ្មីរបស់លោក។ ប៉ុន្តែក្រោយមក រឿងវណ្ណដា និងLola ស្ងប់ស្ងាត់ទៅវិញ ហើយជាង ១ឆ្នាំ មកនេះ ទាំងវណ្ណដា និងឡូរីន មិនដែលចេញមុខនិយាយហែកហួរគ្នាឡើយ បើទោះជាវណ្ណដា បានចេញចម្រៀង «Hero 2 Villain» និង«Blue Story» កាលពីថ្ងៃទី១០ ខែសីហា ដែលជាបទគេថាសំដៅដល់រឿងពួកគេចែកផ្លូវគ្នាក្ដី ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល នៅថ្ងៃទី១៥ ខែកញ្ញា ស្រាប់តែកញ្ញា Lola បានចេញសាររសើបមួយ ដែលត្រូវបានអ្នកលេងបណ្ដាញសង្គម សង្ស័យថា នាងនិយាយសំដៅដល់ វណ្ណដា ទុកនាងចោល ហើយវិលទៅរកអ្នកចាស់។
កញ្ញា ឡូឡា ថ្លែងថា «មកពីខ្ញុំក្មេង? ខ្ញុំគ្មាន Fan ? ទើបមកជិះជាន់ផ្លូវចិត្តខ្ញុំ? Do i deserve that ?(តើខ្ញុំសមនឹងទទួលបានរឿងនោះឬ?)»។
ទាក់ទងប្រតិកម្មរបស់កញ្ញា Lola Lita នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការចែករំលែក (Share) សារខម្មិនរបស់លោកម៉ាន់ វណ្ណដា ទៅកញ្ញា Lola Lita ជាមួយស្ទីកកឺរសើចថា «please tell people the full story (សូមប្រាប់មនុស្សគ្រប់គ្នាអំពីដំណើររឿងទាំងស្រុង) ដែលពេលនោះ Lola Lita ឆ្លើយទៅវណ្ណដា ថា «បានតើ!»។

ឡូឡា លីតា បានបញ្ចេញសារវែងអន្លាយ ជាភាសារអង់គ្លេស ឆ្លើយតបសំណូមពរវណ្ណដា ដែលមានន័យប្រែមកជាភាសារខ្មែរថា «បន្ទាប់ពីទុកខ្ញុំឲ្យងងឹតឈឹង មិនដឹងរឿងអ្វី ហើយឲ្យខ្ញុំដឹងរឿងរ៉ាវទាំងអស់ តាមរយៈបណ្ដាញសង្គម អ្នកគ្មានសិទ្ធិមកវាយប្រហារខ្ញុំ ជាសាធារណៈ រួចរំពឹងថា ខ្ញុំនៅស្ងៀមនោះទេ។ អ្នកជាអ្នកសម្រេចចិត្តនាំរឿងនេះ មកបង្ហាញជាសាធារណៈ ដូច្នេះហើយ ទើបវាទៅជាបែបនេះ។ ហាក់ដូចជាមិនអាចទទួលយកបានសោះ ដែលនារីម្នាក់ ហ៊ាននិយាយគំនិតផ្ទាល់ខ្លួន។ អ្នកមិនអាចរង់ចាំសូម្បីតែមួយម៉ោង ដើម្បីស្ដាប់ការឆ្លើយតបរបស់ខ្ញុំ បន្ទាប់ពីទុកឲ្យខ្ញុំរង់ចាំ អស់ពេលមួយខែ មកហើយ។ ប្រាប់ខ្ញុំ មកមើល តើអ្នកធ្លាប់ប្រាប់ខ្ញុំ ឲ្យច្បាស់លាស់ម្ដងណាដែរថា ទំនាក់ទំនងរបស់យើង បានបញ្ចប់ហើយនោះ? សូមរៀបចំលំដាប់លំដោយនៃហេតុការណ៍ ឲ្យបានត្រឹមត្រូវសិន មុននឹងវាយប្រហារនារីម្នាក់នេះ ជាសាធារណៈ និងកែសម្រួលរឿងរ៉ាវ ដើម្បីលើកតម្កើងខ្លួនឯង។ ខ្ញុំមិនខ្លាចក្នុងការបញ្ចេញរឿងរ៉ាវអ្វីទាំងអស់ ជាសាធារណៈនោះទេ។ ខ្ញុំបានជ្រើសរើសដោះស្រាយរឿងនេះ ដោយភាពថ្លៃថ្នូរ ព្រោះនោះជាចរិតលក្ខណៈរបស់ខ្ញុំ។ ប៉ុន្ដែដោយសារអ្នកជ្រើសរើសមករករឿងខ្ញុំមុន ខ្ញុំក៏គ្រាន់តែឆ្លើយតបទៅវិញ តាមនោះដែរ។ ខ្ញុំដឹងច្បាស់ពីទង្វើរបស់ខ្លួនឯង ហើយអ្នកក៏គួរតែត្រៀមខ្លួនទទួលខុសត្រូវចំពោះទង្វើរបស់អ្នកដែរ»។

ក្រោយឃើញស្រីស្អាត វាចាបែបនេះ លោកវណ្ណដា បញ្ចេញសារ ពន្យល់ពីពាក្យថា «ស្នេហា» និងថា «ខ្ញុំហត់នឿយខ្លាំងណាស់នឹងរឿងស្នេហាឆ្កួតៗរបស់ខ្ញុំ (I’m fking tired of my bullshit love), យូរៗទៅលែងមានសិទ្ធិសម្រេចចិត្តខ្លួនឯងអស់ហើយ។ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ (i’m just a human) រឿងខ្លះ ទាល់តែនិយាយហើយ បានដេកលក់ អ្នកដឹងទេ?»។
សូមរំលឹកថា តារាចម្រៀងរ៉េប ផលិតកម្មបារមី វណ្ណដា បានភ្ជាប់ស្នេហាជាមួយនាងឡូរីន (Lauryn) កាលពីពាក់កណ្ដាលឆ្នាំ២០២៣ ក្រោយលោកចែកផ្លូវសង្សារចាស់ នាង Nam។

វណ្ណដា និងសង្សារទី២ ស្អិតល្មូតគ្នាខ្លាំង និងមានក្រុមគ្រួសារទាំងសងខាងបានដឹងឮទៀតផង។ ប៉ុន្ដែនៅក្នុងពិភពសិល្បៈ រឿងស្នេហា អាចប្រែប្រួលនិងក្រឡាប់ចាក់បានគ្រប់ពេល ផ្អែមល្ហែមសុខៗ វណ្ណដា ក៏លែងដើរចូលឡូរីន ជិត២ឆ្នាំ ស្រាប់តែឥឡូវ ពួកគេខិតមករកក្បែរគ្នាវិញ ក្រោមការសាទរពី Fan ទាំងសងខាង។ អ្វីដែលគួរឲ្យកត់ សម្គាល់ ទោះជាឡូរីន មិនមែនជាតារា ប៉ុន្ដែក្រោយភ្ជាប់ស្នេហាជាមួយវណ្ណដា នាងមានទីផ្សារធ្វើ BA និងថតឲ្យផលិតផលផ្សេងៗ មិនចាញ់តារាឡើយ ។ ប៉ុន្តែដរាបណា វណ្ណដា និងឡូរីន មិនទាន់បណ្ដើរគ្នាជាចំហដូចមុន ហើយនៅតែជ្រើសផ្លូវរក្សាភាពស្ងៀមស្ងាត់ទាំងសងខាង នោះដំណឹងថា ពួកគេផ្សះផ្សាស្នេហាវិញ មិនទាន់ជាផ្លូវការនៅឡើយ។

វណ្ណដា បានចាប់ដៃជាមួយស្រីស្អាត រ៉េត ស៊ូហ្សាណា ជាលើកដំបូង នៅខែកញ្ញា តាមរយៈបទ «TIKI TIKI» ដែលធ្វើឲ្យស៊ូហ្សាណា មានសកម្មភាពសិល្បៈច្រើនឡើងវិញ ខណៈវណ្ណដា នៅតែជាតារារ៉េប មានឥទ្ធិពលម្នាក់ របស់បារមី ។ ប្រភពថា វណ្ណដា មានស្រីៗមួយចំនួនភាគច្រើនជាអ្នកលេងខ្លួន ចង់ចូលខ្លួនមកជំនួសឡូរីន អំឡុងប្រេះឆាស្នេហ៍ តែទាក់ទងបញ្ហាបេះដូងនេះ តារារ៉េប ធ្លាប់និយាយថា លោកមិនមែនចង់បានសង្សារ សំដៅតែលើថា នារីនោះជាស្រីស្អាតទេ តែជាអ្នកយល់ចិត្ត។ ចំណែកឡូរីន ដែលធ្លាប់ទៅជួបឪពុកម្ដាយវណ្ណដា នៅក្រុងព្រះសីហុន កន្លងមក ក្រុមគ្រួសារវណ្ណដា ក៏ពេញចិត្តនាងខ្លាំងដែរ បើទោះជាគ្មានសញ្ញាពួកគេរៀបការក្ដី ។ វណ្ណដា នៅតែជាតារារ៉េប លំដាប់ជូរមុខម្នាក់ នៅឆ្នាំ២០២៦ ពេលខ្លះស្វិតស្វាញខ្លាំងជាមួយងួន ចាន់ដេវីត និងធ្លាប់ច្រៀង diss track គ្នា នាំឲ្យ Fan ទាំងសងខាង ពាក់មុខយក្សដាក់គ្នាទៀតផង។ ប៉ុន្ដែជាង ២ឆ្នាំចុងក្រោយ នេះវណ្ណដា និងដេវីត ផ្អាកច្រៀង diss track គ្នាដូចមុន ក្រោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានព្រមានដល់សិល្ប ករទាំងឡាយ និងអ្នកធ្វើការក្នុងវិស័យសិល្បៈ ឲ្យបញ្ឈប់នូវការតែងនិពន្ធ ច្រៀង និងស្នាដៃសិល្បៈដែលមានខ្លឹមសារគ្រោតគ្រាត អសុររោះ ប្រាសចាកពីក្រមសីលធ័ម នៅលើបណ្ដាញសង្គម កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ៕