Homeតារាខ្មែរនាយចឺម សប្បាយចិត្ត ណាន ណាន អត់លើកពាន

នាយចឺម សប្បាយចិត្ត ណាន ណាន អត់លើកពាន

ភ្នំពេញ ៖ លោក សុខ មេសា ហៅនាយចឺម ដែលជាបងជីដូនមួយរបស់ស្រីស្រស់ ង៉ា ស្រីណាន ហៅណាន ណាន ថ្លែងថា នាយសប្បាយចិត្តដែលឃើញប្អូនជីដូនមួយ ឈានដល់វគ្គផ្ដាច់ព្រ័ត្រ X Factor Cambodia រដូវកាលទី២ កាលពីរាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលនាយចាត់ទុកថា ទោះជាស្រីណាន មិនបានលើកពាន ប៉ុន្ដែសមត្ថភាពនិងប្រជាប្រិយភាពរបស់នាង ពេលនេះមានការកើនឡើង ហើយទស្សនិកជនក៏ស្គាល់នាងច្បាស់ជាងមុន។ នាយចឺម ថែមទាំងថា ណាន ណាន មិនលើកពាន លោកសប្បាយចិត្តជាងលើកពាន ។

 នាយចឺម ប្រាប់ «នគរធំ» តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ថា «និយាយឲ្យត្រង់ទៅ ខ្ញុំសឹងតែមិនជឿថា ប្អូនស្រីខ្ញុំអាចធ្វើបាន គាត់ឈានមកដល់ចំណុចនេះ គឺខ្លាំងហើយ។ ការច្រៀងប្រឡងកម្មវិធីធំៗបែបនេះ ពិបាកណាស់ ព្រោះជាបទប្រភេទខ្លាំងៗ ប្រើបច្ចេកទេសច្រៀងខ្ពស់ ហើយរឿងនេះ ខ្ញុំជាអ្នកចម្រៀង បានដឹងច្បាស់ពីថា ការប្រឡងចម្រៀង វាយ៉ាងម៉េច ពិសេស គឺការច្រៀងជាដៃគូ។ តាមពិត អារម្មណ៍ខ្ញុំផ្ទាល់វិញ ណាន ណាន មិនលើកពាន ខ្ញុំសប្បាយចិត្តជាងលើកពាន ព្រោះបើគាត់ឈ្នះពាន ខ្លាចតែមហាជនវាយតម្លៃពីសមត្ថភាពគាត់ មិនអាចទទួលយកបាន មហាជនរិះគន់អី អាហ្នឹងពិបាក។ ខ្ញុំសរសើរប្អូនខ្ញុំ ដែលគាត់អាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ គាត់ខ្លាំង គាត់ធ្វើបានល្អហើយ ទាល់តែអ្នកពូកែទើបអាចឈានមកដល់វគ្គនេះ»។

 ប្អូនស្រីជីដូនមួយរបស់នាយចឺម  ស្រីស្អាត ណាន ណាន ដែលជាដៃគូរបស់លោកញឹប កូវីត ជាកូនក្រុមរបស់ឱក សុគន្ធកញ្ញា កម្មវិធីព្រ័ត្រ X Factor Cambodia រដូវកាលទី២ តែអ្នកដែលលើកពាន ក៏ជាកូនក្រុមរបស់សុគន្ធកញ្ញា ដែរ នោះគឺកញ្ញា កែវ សុគន្ធា ដែលបានប្រាក់រង្វាន់ដល់ទៅ ១០០លានរៀល ស្មើនឹង ២៥០០០ដុល្លារ។ ប៉ុន្ដែតាមប្រភពថា បេក្ខភាពទាំង៦រូបផ្សេងទៀត ដែលឈានមកដល់វគ្គ Final សុទ្ធតែមានឱកាសក្លាយជាតារាចម្រៀងហង្សមាស ដូចគ្នា ដែលក្នុងនោះ ក៏មានណាន ណាន ម្នាក់ផងដែរ ។

 ឆ្លើយតបសំណួរថា តើនាយចឺម ចង់ឲ្យណាន ណាន ច្រៀងនៅហង្សមាស ឬចូលច្រៀងនៅសាន់ដេ តាមនាយដែរ? លោកមេសា ថារឿងនេះ លោកធ្វើតាមការសម្រេច ចិត្តរបស់ប្អូនជីដូនមួយ ប៉ុន្ដែលោកនៅតែឈរនៅពីក្រោយខ្នងប្អូនជានិច្ច ជំរុញនិងណែនាំប្អូនឲ្យដើរលើវិថីអាជីពចម្រៀងនេះ ទៅមុខទៀត។ លោកមេសា ថាពេលនេះ ណាន ណាន មាន Fan ច្រើនជាងមុនហើយ លោកប្រាប់នាងថា កុំធ្វើអ្វីដែលប្រឆាំងឬផ្ទុយពីមហាជន បើចង់ឈរនៅអាជីពមួយនេះ ឲ្យបានរលូន ព្រោះនាយបានដឹងច្បាស់ពីអាជីពសិល្បៈ ដោយសារតែបានដើរមួយជំហានមុននាងទៅហើយ។

គួរបញ្ជាក់ថា មុនពេលណាន ណាន ចូលប្រលងចម្រៀង X Factor Cambodia ទាំង២រដូវកាល នាយចឺម ក៏ជាគ្រូដែលបង្ហាត់នាងឲ្យចេះពីតិចកនិកច្រៀងដែរ ព្រោះនាងផ្ដើមចេញពីតារាកំប្លែង ហើយចង់វិវឌ្ឍខ្លួនទៅជាតារាចម្រៀងអាជីព ដូចនាយដែរ ។ ចំណែកណាន ណាន ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងចង់ក្លាយជាតារាចម្រៀ ងអាជីពម្នាក់ ហើយចង់ល្បីដូចអាបងចឺម។ រីឯអ្នកនាង សេង ចិន្ដា ហៅស្រីអ៊ីត ម្ដាយរបស់ណាន ណាន ថាកូនស្រី មានបំណងធំមួយក្នុងអាជីព នោះគឺក្លាយជាតារាចម្រៀង ហង្សមាស ដែលគេជឿថា ពេលនេះ សុបិនរបស់ស្រីក្មេងរូបនេះ បានក្លាយជាការពិតហើយ ។          

នាយចឺម ថាទោះជាណាន ណាន មិនលើកពាន ប៉ុន្ដែនាយ ក៏ដូចជាក្រុមគ្រួសារទាំងមូល ទើបបានធ្វើពិធីជប់លៀងឲ្យនាង ដើម្បីជាការលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តឲ្យនាង រួចហើយដែរ កាលពីថ្ងៃទី១៤ ខែកញ្ញា ។ នាយចឺម ក៍រំពឹងថា ណាន ណាន នឹងមានទីផ្សារសិល្បៈ កាន់តែទូលាយជាងមុន ចាប់ពីពេលនេះតទៅ  ខណៈសមត្ថភាពច្រៀងរបស់នាង ក៏កើនឡើងផងដែរ ៕

RELATED ARTICLES