ខេត្តព្រះសីហនុ ៖ លោកតាអាចារ្យ មួយរូប កំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវរថយន្តធុនធំសណ្តោងរ៉ឺម៉កដឹកទូកុងតឺន័រ ១គ្រឿង បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ជ្រុលមកបុកពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ បានចុះរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ១៤៨ ចន្លោះបង្គោលគីទ្បូម៉ែត្រលេខ (១៧-១៨) ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជនរងគ្រោះដែលត្រូវរថយន្តកុងតឺន័តបុកស្លាប់ មានឈ្មោះឈុន អឿន ភេទប្រុស អាយុ៧៩ឆ្នាំ ជាអាចារ្យវត្តពោធិ៍មានជ័យ ស្នាក់នៅភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ រត់គេចខ្លួនបាត់។
សមត្ថកិច្ចចរាចរណ៍ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3F-0529 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-7587 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរក្នុងទិសដៅស្ទឹងហាវ-ព្រះសីហនុ លុះមកដល់ចំណុចខាងលើ ជ្រុលទៅបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B-1059 បើកបរដោយលោកតាអាចារ្យឈ្មោះឈុន អឿន ដែលកំពុងធ្វើដំណើរក្នុងទីសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យលោកតាអាចារ្យ ជាអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងហេតុ។ ចំណែកអ្នកបើកបររថយន្តកុងតឺន័រ បានចុះរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ រង់ចាំដោះស្រាយតាមនីតិវិធី។
ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕