ខេត្តសៀមរាប ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចនាំគ្នាជិះយកទៅកន្លែងស្ងាត់ ដោះដូរស្លាកលេខចេញ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច តែត្រូវសមត្ថកិច្ចតាមទាន់ ចាប់ក្របួចជាប់ភ្លាមៗ ដកហូតបានម៉ូតូ ចំនួន២គ្រឿង របស់ជនរងគ្រោះមកវិញ។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យ ទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះហាន ភា ហៅម៉ៅ ភេទប្រុស អាយុ៤២ឆ្នាំ ជាជនដៃដល់ (ធ្លាប់ជាប់ពន្ធនាគារ ១លើក រយៈពេល ៨ខែ ករណីលួចម៉ូតូ) និងទី២-ឈ្មោះស៊ា សារ័ត្ន ហៅហាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជាបក្ខពួក (ធ្លាប់ជាប់មណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ២លើក)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះ ក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មាន ករណីលួចម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1JC-1170 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះ ឈ្មោះកែ សុខហេង អាយុ២០ឆ្នាំ។
ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានករណីខាងលើ និងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេ នីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពីលោកសៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយមានការចូលរួមពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញអន្តរាគមន៍បើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតស្វែងរកឃើញ និងឈានទៅឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ភ្លាមៗ នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពដោះដូរផ្លាកលេខម៉ូតូ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះហាន ភា បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ ចំនួន២លើក ប្រាកដមែន ដោយលើកទី១ នៅក្នុងខែសីហា ឆ្នាំ២០២៦ យកបានម៉ូតូ ម៉ាកហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ព្រះវិហារ 1E-2840 នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ឱ្យឈ្មោះស៊ា សារ័ត្ន ជិះយកទៅ និងលើកទី២ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ យកបានលួចម៉ូតូ ហុងដា ស្កុបពី ហើយយកមកប្តូរស្លាកលេខ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ជាមួយគ្នានេះ កម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល ជនសង្ស័យឈ្មោះស៊ា សារ័ត្ន មានសារធាតុញៀន (វិជ្ជមាន) នៅក្នុងទឹកនោម។

ចំពោះវត្ថុតាងដកហូតបាន រួមមាន ១-ម៉ូតូ Scoopy i ចំនួន១គ្រឿង ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1JC-1170 (ត្រូវបានសុំគោលការណ៍ប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញ)។ ២-ម៉ូតូហុងដា ឃ្លីក ចំនួន១គ្រឿង ពាក់ស្លាកលេខ ព្រះវិហារ 1E-2840។ ៣- ទួរណឺវីស ចំនួន១ដើម។
ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕