Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងជល់មាន់អនឡាញ មនុស្សរត់អស់ ចាប់ម៉ូតូ

បង្ក្រាបល្បែងជល់មាន់អនឡាញ មនុស្សរត់អស់ ចាប់ម៉ូតូ

ខេត្តតាកែវៈ លោកសាយ វណ្ណៈ អភិបាលស្រុកបាទី ខេត្តតាកែវ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងជល់មាន់តាមអនឡាញ ខុសច្បាប់មួយកន្លែងស្ថិតក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។

ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីលោកអភិបាលស្រុក បានទទួលព័ត៌មានពីប្រជាពលរដ្ឋម្នាក់ ដែលបងប្អូនរបស់គាត់បានចាញ់ល្បែង អស់ជិត១ម៉ឺនដុល្លារ នៅទីតាំងខាងលើ។ ទោះបីជាមានការណែនាំឱ្យឈប់ក៏ដោយ ក៏អ្នកលេងល្បែងរូបនោះ នៅតែបន្តលេង ទើបឈានដល់ការរាយការណ៍ជូនអាជ្ញាធរ ដើម្បីចាត់វិធានការ។

ក្នុងប្រតិបត្តិការចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈកុំព្យូទ័រ មួយចំនួន និងម៉ូតូរបស់អ្នកលេងល្បែងផងដែរ។ ដោយឡែកប្រជាពលរដ្ឋដែលមកលេងល្បែង បានរត់គេចខ្លួនអស់។

លោកអភិបាលស្រុក បានបញ្ជាក់ថា អាជ្ញាធរនឹងកោះហៅពួកគាត់ ឱ្យមកយកម៉ូតូវិញ និងធ្វើការអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់លេងល្បែងស៊ីសងតទៅទៀត ដោយមានសាច់ញាតិ មកធ្វើជាសាក្សីដឹងឮ។

ចំពោះម្ចាស់ទីតាំង ក៏ត្រូវបានអប់រំណែនាំឱ្យបញ្ឈប់ការជួលទីតាំងឱ្យក្រុមហ៊ុនល្បែងផងដែរ ហើយប្រសិនបើបន្តជួលតទៅទៀត អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

លោកសាយ វណ្ណៈ បានសង្កត់ធ្ងន់ថា ក្នុងរាល់កិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក លោកតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យពិនិត្យនិងតាមដានកុំឱ្យកើតមានល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួន។ អាជ្ញាធរមូលដ្ឋាន ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” សំដៅធានានូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

RELATED ARTICLES