ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០២៦ ក្រោមការចោទប្រកាន់លួចគងវត្ត ប៉ុន្តែក្រោយការស្រាវជ្រាវ បានបង្ហាញថា អ្នកដែលលួចគងវត្ត ជាអ្នកផ្សេងដែល មានកម្ពស់ខ្ពស់ជាងគាត់ រួចហើយក៏ត្រូវបានតុលាការចេញដីកាដោះលែងវិញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

ក្រោយចាកចេញពីពន្ធនាគារ នៅវេលាម៉ោង ៦និង២៨នាទីព្រលប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក កង រតនា ដែលមិនមានមុខរបរច្បាស់លាស់ ត្រូវបានក្រុមការងារគណបក្ស ជួយបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺបូសអន្ទង់។

គួរបញ្ជាក់ថា លោក កង រតនា ហៅផល អាយុ៦៥ឆ្នាំ ត្រូវបានគេចោទថា លួចគងនៅវត្តស្វាយមាស ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយយោងតាមបណ្តឹងជនរងគ្រោះ ដែលត្រូវជាលោកតាអាចារ្យវត្តស្វាយមាស និងសាក្សីបំភ្លឺពីព្រះសង្ឃ ស្ថិតក្នុងវត្តស្វាយមាស។ បន្ទាប់ពីទទួលពាក្យបណ្តឹង និងស្តាប់ការបំភ្លឺរួច សមត្ថកិច្ចជំនាញ បានវិភាគតាមរយៈកាមេរ៉ាសុវត្ថិភាព និងមានការសម្របសម្រួលពីលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ និងព្រះរាជអាជ្ញារង បានវិនិច្ឆ័យនិងកំណត់មុខសញ្ញា រហូតឈានទៅដល់ការ ឃាត់ខ្លួនបណ្តោះអាសន្ន លើបុរសម្នាក់ ឈ្មោះ កង រតនា ហៅផល ភេទប្រុស អាយុ៦៥ឆ្នាំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ អនុវត្តនីតិវិធីបន្ត។

លុះក្រោយការស្រាវជ្រាវបានបង្ហាញថា អ្នកដែលលួចគងវត្ត ជាអ្នកផ្សេង ដែលមានកម្ពស់ខ្ពស់ជាងលោក កង រតនា ហេតុនេះ ទើបនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ តុលាការបានសម្រេចចេញដីកាដោះលែងលោក កង រតនា វិញ៕

