ខេត្តកណ្តាល ៖ ជនសង្ស័យ ១ក្រុម ជំនាញខាងធាក់ប្លន់ម៉ូតូតាមផ្លូវ និងធ្លាប់ធ្វើសកម្មភាពប្លន់បានសម្រេចច្រើនលើក ចុងក្រោយត្រូវអស់លក្ខណ៍ ដោយកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនបានចំនួន ៦នាក់ ខណៈបក្ខពួក ៣នាក់ទៀត កំពុងរត់គេចខ្លួន។

ករណីធាក់ប្លន់ម៉ូតូនេះ បានកើតឡើងចុងក្រោយ នៅវេលាម៉ោង ៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅតាម បណ្តោយផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានសហការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ បានចំនួន៦នាក់។

ជនសង្ស័យ ទាំង៦នាក់ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះទន ចាន់នី ហៅតុន ប៊ី ហៅខ្លា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិប៉ាហាល ឃុំចាន់តាសែន ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ (ជាមេខ្លោង)។ ទី២-ឈ្មោះខាត់ សានឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ទី៣-ឈ្មោះវី ធាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ទី៤-ឈ្មោះនឿន សំរិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ទី៥-ឈ្មោះកន រ៉ាយុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោចក្រ មានលំនៅ ភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល និងទី៦-ឈ្មោះចន្ធី បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

ចំពោះវត្ថុតាងដកហូត រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ អត់មានអាវ គ្មានផ្លាកលេខ (ជារបស់ជនសង្ស័យ)។ ២-ទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាក HONOR ពណ៌ខ្មៅ ១គ្រឿង និងម៉ាក MI ពណ៌ប្រផេះ ១គ្រឿង)។ ៣-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ជនរងគ្រោះ មុខរបរជាងសំណង់ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-1915 ដឹកគ្នាទៅធ្វើការសំណង់ នៅក្រុមហ៊ុន ម៉ីស្ទ័រ ម៉ិច ស្ថិតនៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ លុះពេលទៅដល់ត្រង់ចំណុចកើត ស្រាប់តែលេចមុខជនសង្ស័យ ចំនួន៦នាក់ ជិះម៉ូតូ ចំនួន៣គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន២គ្រឿង និងម៉ាកស៊ុយស៊ូគី និច ពណ៌ខៀវ ចំនួន១គ្រឿង) បាន ធ្វើសកម្មភាពដេញធាក់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួល ហើយស្រែកថា “កាប់ៗ” ទើបធ្វើឱ្យជនរងគ្រោះភិតភ័យ បានដកយកកូនសោម៉ូតូ ហើយរត់គេចខ្លួន។
ប្រភពដដែល បន្តថា បន្ទាប់មក ជនសង្ស័យ និងបក្ខពួក បានលើកម៉ូតូរបស់ជនរងគ្រោះ រួចនាំគ្នាធាក់រុញពីក្រោយ ទៅទិសខាងជើងបាត់។ ចំណែកជនរងគ្រោះ បានស្រែកឱ្យប្រជាពលរដ្ឋជួយ និងទូរស័ព្ទរាយការណ៍ទៅកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលរដ្ឋបាលម្កាក់ ឱ្យជួយអន្តរាគមន៍។
ក្រោយពីទទួលព័ត៌មានខាងលើ ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរង។ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានបើកការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ។

លុះ៤ថ្ងៃក្រោយមក គឺនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ រួមនិងវត្ថុតាងមួយចំនួនខាងលើ រួចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ទន ចាន់នី ហៅតុន ប៊ី ហៅខ្លា ដែលជាមេខ្លោង និងជាមុខសញ្ញាចាស់ រឹងរូសខ្លាំងណាស់ មិនព្រមសារភាពអ្វីទាំងអស់។ ប៉ុន្តែកូនចៅរបស់គេ មានដូចជា ឈ្មោះ កន រ៉ាយុទ្ធ បានសារភាពថា ឈ្មោះសាន ឧត្តម ធ្លាប់បានប្រាប់ខ្លួនថា ឈ្មោះខ្លា ហៅទន ចាន់នឿន ហៅទន ចាន់នី ហៅតុន ប៊ី និងឈ្មោះវី ធាន ធ្លាប់ធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ជាច្រើនលើកមកហើយ។
រីឯជនសង្ស័យឈ្មោះ វី ធាន បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ឈ្មោះសាន ឧត្តម និងឈ្មោះខ្លា ហៅទន ចាន់នឿន ហៅទន ចាននី ហៅតុន ប៊ី និងឈ្មោះខាត់ សានឿន ធ្លាប់ធ្វើសកម្មភាពធាក់ប្លន់ជាមួយគ្នា ចំនួន៣លើក។
ចំណែកជនសង្ស័យឈ្មោះខាត់ សានឿន បានឆ្លើយសារភាពថា ឈ្មោះ វី ធាន និងឈ្មោះសាន ឧត្តម ព្រមទាំងមេខ្លោង ឈ្មោះខ្លា ហៅទន ចាន់នឿន ហៅទន ចាន់នី ហៅតុន ប៊ី ធ្លាប់ធ្វើសកម្មភាព ចំនួន២លើក។

ក្រោយពេលសាកសួររួច សមត្ថកិច្ចជំនាញស្រុកអង្គស្នួល បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៦នាក់ ទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕