Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៃ បន្តពង្រីកការឈ្លានពានទឹកដីកម្ពុជា អ្នកឃ្លាំមើលបន្តរំលឹក ៤ចំណុច កម្ពុជា ត្រូវធ្វើ

ថៃ បន្តពង្រីកការឈ្លានពានទឹកដីកម្ពុជា អ្នកឃ្លាំមើលបន្តរំលឹក ៤ចំណុច កម្ពុជា ត្រូវធ្វើ

ភ្នំពេញ ៖ ខណៈដែលមានសេចក្ដីរាយការណ៍ថា ថៃ នៅតែបន្តពង្រីកការឈ្លានពានទឹកដីកម្ពុជា ដោយបានជីកប្រឡាយ រាយលួសបន្លា និងឈូសឆាយធ្វើផ្លូវ ក្នុងតំបន់ជាំស្រងាំ ខេត្តឧត្តរមានជ័យ នោះ អ្នកឃ្លាំមើល បានបន្តរំលឹកយុទ្ធសាស្ត្រ ៤ចំណុច ដែលកម្ពុជា ត្រូវធ្វើ ក្នុងនោះ  រួមមាន ប្រើសិទ្ធិការពារខ្លួន ស្របតាមច្បាប់អន្តរជាតិ  ត្រូវប្រញាប់ប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ (ICJ) លើសំណុំរឿងព្រំដែន និងសំណុំរឿងប្រាសាទបុរាណខ្មែរ ក្បែរព្រំដែន និងត្រូវប្តឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លើសំណុំរឿងបង្កឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធជនស៊ីវិលខ្មែរ ។

យោងតាមការវិភាគរបស់ក្រុមអ្នកតាមដាន និងអ្នកឃ្លាំមើលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ នេះ ស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរ នៅតែបន្តមានភាពតានតឹង ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីចុងឆ្នាំ២០២៥ ក៏ដោយ ដោយសារតែភាគីថៃ បានបន្តរំលោភលើកិច្ចព្រមព្រៀង បន្តឈ្លានពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់ ដោយការដាក់របាំងកុងតឺន័រ លួសបន្លា រំលោភចូលក្នុងទឹកដីកម្ពុជា និងរារាំងមិនឱ្យប្រជាពលរដ្ឋខ្មែរ ចូលទៅកាន់ផ្ទះសម្បែង ដីស្រែចម្ការរបស់ពួកគាត់។

 ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងពង្រីកការគ្រប់គ្រងទឹកដីរបស់ថៃ អ្នកឃ្លាំមើល  ក្រុមអ្នកវិភាគ និងអ្នកជំនាញកិច្ចការព្រំដែន បានគូសបញ្ជាក់នូវ ៤ចំណុចគន្លឹះ ដែលកម្ពុជា ត្រូវបន្តធ្វើជាដាច់ខាត ដែលក្នុងនោះ អ្វីដែលសំខាន់ កម្ពុជា ត្រូវចងក្រងឯកសារ និងកត់ត្រារាល់សកម្មភាពរំលោភបំពាន ឬការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ពីសំណាក់ភាគីថៃ ឱ្យបានលម្អិត និងមានប្រព័ន្ធច្បាស់លាស់ ដើម្បីទុកជាភ័ស្តុតាងរឹងមាំ សម្រាប់កិច្ចការច្បាប់។  ត្រូវបន្តប្រកាន់ខ្ជាប់នូវយន្តការច្បាប់អន្តរជាតិ ដូចជាអនុសញ្ញាឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ (ICJ) ដោយមិនត្រូវទទួលស្គាល់រាល់ការខំវាតទី ឬការកំណត់ខ្សែបន្ទាត់ព្រំដែន ដោយឯកតោភាគីពីសំណាក់ថៃ ឡើយ។ ត្រូវផ្តល់សុវត្ថិភាព ជម្រក និងការគាំទ្រផ្នែកមនុស្សធម៌ដល់ប្រជាពលរដ្ឋស៊ីវិល និងជនភៀសសឹក ដែលរងផលប៉ះពាល់ពីជម្លោះនៅតាមបណ្តោយព្រំដែន ព្រមទាំងធានាការពារសិទ្ធិរបស់ពួកគេ មិនឱ្យបាត់បង់ដីធ្លីបង្កបង្កើនផល និងត្រូវបន្តជំរុញការចរចា តាមរយៈគណៈកម្មការព្រំដែនរួម (JBC) និងការផ្សព្វផ្សាយទៅកាន់សហគមន៍អន្តរជាតិ ដូចជាការងាកទៅរកយន្តការអង្គការសហប្រជាជាតិ UN លើវិវាទដែនសមុទ្រ នាពេលថ្មីៗនេះ ដើម្បីបង្ហាញពីភាពត្រឹមត្រូវតាមច្បាប់ របស់កម្ពុជា និងបញ្ចៀសការដោះស្រាយដោយប្រើកម្លាំងបាយ។

លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ថា “ថៃ បន្តជីកប្រឡាយ រាយលួសបន្លា និងឈូសឆាយធ្វើផ្លូវ រំលោភយកដីខ្មែរ នៅថ្ងៃទី១៣ កញ្ញា ២០២៦ ក្នុងតំបន់ជាំស្រងាំ (ឬជាំសាងាំ) ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនជាមួយខេត្តសូរិន្ទ របស់ថៃ។ សកម្មភាពរបស់ភាគីថៃ នេះ គឺជាការពង្រីកការឈ្លានពានទឹកដីកម្ពុជា ដោយរលូន ខណៈរដ្ឋាភិបាលកម្ពុជា មិនព្រមប្រើ «សិទ្ធិការពារខ្លួន» ស្របតាមច្បាប់អន្តរជាតិ។

  យោបល់រំឭក ៖ រដ្ឋាភិបាលកម្ពុជា គប្បីត្រូវពង្រីងសមត្ថភាព និងយុទ្ធសាស្ត្ររឹងមាំ ហើយត្រូវដើរលើផ្លូវត្រូវ ៖

  – ទី១. ត្រូវប្រញាប់ប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ (ICJ) លើសំណុំរឿងព្រំដែន និងសំណុំរឿងប្រាសាទបុរាណខ្មែរ ក្បែរព្រំដែន និងត្រូវប្តឹងថៃ ទៅតុលាការ (ICC) លើសំណុំរឿងបង្កឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធជនស៊ីវិលខ្មែរ។

  – ទី២. ត្រូវដំឡើងកម្រិតការទូតខ្ពស់បំផុត ជាយន្តការអន្តរជាតិ ឲ្យមានប្រសិទ្ធភាព រូមទាំងអង្កការសហប្រជាជាតិ សហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស អាស៊ាន ជាដើម ។ល។ ដើម្បីទាមទារឲ្យថៃ ត្រូវតែដកកងទ័ពចេញពីទឹកដីកម្ពុជា។

   – ទី៣. ទប់ស្កាត់ភាពគឃ្លើនរបស់ភាគីថៃ ដោយប្រើសិទ្ធិការពារខ្លួន នៅលើទីតាំងជាក់ស្តែង និងស្ថានភាពជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ។

  – ទី៤. រដ្ឋាភិបាលកម្ពុជា ត្រូវកែទម្រង់ជាតិអាទិភាព ធ្វើទំនើបកម្មវិស័យយោធា ពង្រឹងវិស័យសេដ្ឋកិច្ច និងស្តារប្រជាធិបតេយ្យ រួមទាំងត្រូវមានឯកភាពជាតិពិតប្រាកដ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក ម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ថា ក្នុងបួនចំណុចខាងលើនេះ មានបីចំណុច ដែលកម្ពុជា មិនទាន់បានធ្វើ ដូចជាសិទ្ធិការពារខ្លួន ក៏មិនទាន់ប្រើ ការដែលថា ប្ដឹងថៃ ទៅតុលាការអន្តរជាតិ មកដល់ថ្ងៃនេះ ក៏មិនទាន់ឃើញមានបណ្ដឹងច្បាស់ លាស់ទៅតុលាការអន្តរជាតិ ទាំង ICJ ទាំង ICC ។ ចំណែកការពង្រឹងវិស័យយោធា ទំនើបកម្មយោធា ក៏អត់ទាន់មាន ពាក់ព័ន្ធការផ្សះផ្សាស្មារតីជាតិ ការស្ដារប្រជាធិប តេយ្យ ការកែទម្រង់ផ្ទៃក្នុងជាតិ អត់ក៏ទាន់ឃើញបានធ្វើនៅឡើយទេ ឃើញតែនិយាយជាទ្រឹស្ដី ប៉ុន្តែជាក់ស្តែង អត់ទាន់មាន ។

 លោក ម៉ែន ណាត បានមានប្រសាសន៍ថា “ជុំវិញការដែលសៀម ពង្រីកការឈ្លានពានស្ទើររាល់ថ្ងៃ នៅលើទឹកដីកម្ពុជា ហ្នឹង ហើយក្រសួងការបរទេសកម្ពុជា ក៏ធ្វើសេចក្ដីតវ៉ាញឹកញាប់ដែរ តាមរយៈលិខិតកំណត់ទូតតវ៉ាទៅភាគីថៃ ហ្នឹង ប៉ុន្តែតាមដែលដឹងហ្នឹង អ្នកនាំពាក្យរដ្ឋាភិបាល ថាច្រើនជាង ៧០០ដងហើយ តវ៉ាទៅថៃ តាំងពីខែបួន ខែប្រាំ រហូតដល់ឥឡូវ វាចូលមួយពាន់ដងហើយ ក៏មិនដឹងដែរ ប៉ុន្តែថៃ មិនឈប់ទេ ថៃ ឃើញតែជីកលេណដ្ឋាន ធ្វើផ្លូវ អូសរបងលួស ដាក់តាមព្រំដែនហ្នឹង ហើយមួយរយៈ ប៉ុន្មានថ្ងៃនេះ ខាងការទូតកម្ពុជា ក៏តឹងតែង តវ៉ាឆ្លងឆ្លើយជាមួយថៃ ហ្នឹង ជុំវិញរឿងបញ្ហាការចរចាដែនសមុទ្រផង ជុំវិញបញ្ហាថៃគំរាមដែនគោកផង ថៃ ធ្វើសមយុទ្ធយោធាផងហ្នឹង ថាវាតឹងតែង ។ អ៊ីចឹងហើយ យើងនៅតែរំឭកនូវចំណុចទាំងបួន ដែលខ្ញុំធ្លាប់ផុសស្ទើររាល់ថ្ងៃហ្នឹង គឺក្នុងបួនចំណុចហ្នឹង ឃើញថា រដ្ឋាភិបាល ធ្វើបានតែមួយចំណុចទេ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាពនៅឡើយ គឺចំណុចដែលការពង្រឹងផ្នែកការទូត តវ៉ាតាមរយៈការទូត ។ តាមរយៈការទូតហ្នឹង រដ្ឋាភិបាលកម្ពុជា ធ្វើបានដែរ ប៉ុន្តែវាមិនទាន់ប្រាកដប្រជាក្នុងចិត្តទេ នៅស្ទាក់ស្ទើរនៅឡើយ ដូចជា ការបកអាក្រាតថៃ តាមវេទិកាអន្តរជាតិហ្នឹង អាទិត្យមុន កន្លងទៅហ្នឹង ជុំវិញកាសែតបារាំង ឌឺភីចារ៉ូ ចុះ ផ្សាយពីរឿងថា ថៃ មានបង្កឧក្រិដ្ឋកម្មសង្គ្រាមហ្នឹង គឺធ្វើឲ្យថៃ ខឹងសម្បាជាមួយនឹងរដ្ឋាភិបាលកម្ពុជា ហើយឃើញមានការឆ្លងឆ្លើយ ។ អាហ្នឹងវាកម្រិតការទូត ហើយអាចមាន ចំណុចគួរឲ្យទាក់ទាញដែរ វាពាក់ព័ន្ធចំណុចរសើប ដែលធ្វើគេមានប្រតិកម្ម“ ។

លោក ម៉ែន ណាត បានមានប្រសាសន៍បន្តថា “អ៊ីចឹងដើម្បីឲ្យគេមានប្រតិកម្មកាន់តែខ្លាំង អាហ្នឹងវាទាល់តែខាងកម្ពុជា ហ្នឹងវ៉ៃៗដាក់ឲ្យចំគោលដៅ ហើយប្រើនយោបាយការទូតមួយទៀត គឺដាក់សម្ពាធថៃ តាមយន្តការអន្តរជាតិ ដែលយើងមានកិច្ចប្រជុំអន្តរជាតិ មានវេទិកាអន្តរជាតិ ឬក៏ពួកមន្ត្រីការទូតកម្ពុជា នៅតាមបណ្ដាប្រទេសហ្នឹង ត្រូវស្វែងរកស្វែងរកជួបនឹងមន្ត្រី អ្នកការទូតដូចគ្នាហ្នឹង ដើម្បីឲ្យគេយល់អំពីយើង ហើយគេអាចជួយនិយាយឲ្យយើងបាន ឬក៏ជួយដាក់សម្ពាធថៃ ។ អាហ្នឹងឃើញកម្ពុជា ធ្វើបានចំណុចហ្នឹង ប៉ុន្តែមិនទាន់បានពេញលេញទេ មិនទាន់អាចទាក់ទាញឲ្យថៃ ហ្នឹងជឿ ឲ្យថៃ ហ្នឹងមានប្រតិកម្មខ្លាំង ហើយឲ្យថៃ ហ្នឹងអាចដាក់សម្ពាធថៃ បាននៅឡើយទេ ។ ចំណុចបីទៀត ដូចជាករណីប្រើសិទ្ធិការពារខ្លួន ស្របច្បាប់អន្តរជាតិហ្នឹង ខាងកម្ពុជា ក៏មិនទាន់ហ៊ានប្រើប្រាស់ទេ ឃើញទាហានជួរមុខហ្នឹង ពេលដែលថៃ ពង្រីកការឈ្លានពាន ដាក់លួសបន្លា ឬជីកប្រឡាយ ឃើញទាហានខ្មែរ ទៅឃាត់អីអ៊ីចឹងដែរ ប៉ុន្តែឃាត់ក៏ឃាត់ គេស្ដាប់ក៏ស្ដាប់ ក៏មិនស្ដាប់ហីទៅ ហើយប៉ុន្មានថ្ងៃកន្លងទៅនេះ ឃើញមានខាងទាហានខ្មែរ នៅជួរមុខខ្លះហ្នឹង គាត់ប្រមូលលួសបន្លាដែលថៃ រាយថ្មីៗ ប្រមូលចេញអីអ៊ីចឹង ថៃដាក់ ទាហានខ្មែរប្រមូល ខ្ញុំឃើញដែរ ដូចជានៅខាងព្រះវិ ហារ មាននៅខាងឧត្ដរមានជ័យ អីហ្នឹង ប៉ុន្តែវាអត់ទាន់មានវិធានការប្រើសិទ្ធិការពារខ្លួន ដែលជាបទបញ្ជារបស់រដ្ឋាភិបាល ឬក្រសួងការពារជាតិ អាហ្នឹងវាអ៊ីចឹង បញ្ហានៅត្រង់ហ្នឹង ចំណុចហ្នឹង អត់ទាន់ឃើញទេ“ ។

លោក ម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “រឿងសិទ្ធិការពារខ្លួនហ្នឹង យើងអត់ទាន់ហ៊ានប្រើនៅឡើយ វាជាហានិភ័យធំណាស់ ដែលថៃ ចេះតែរុលចូលឈ្លាន ពានកាន់តែកៀកមែនទែន ហើយសប្ដាហ៍មុននេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសហ្នឹង ឃើញចេញលិខិតតវ៉ាថ្មី ហើយសរសេរថា ថៃ ចេះតែរុលចូលកាន់តែកៀកទៅៗ ជិតដល់តួប្រាសាទព្រះវិហារ មែនទែនហើយហើយ តំបន់ទ្វារដែក នៅខាងមុខ ក្បែរប្រាសាទព្រះវិហារហ្នឹង សៀម បានធ្វើផ្លូវមកដល់ហើយ ហើយនិងដាក់ពង្រាយកងកម្លាំងទៀត ។ អ៊ីចឹងអាតំបន់ដែលនៅក្នុងភូមិសាស្ត្រដែលតុលាការឡាអេ ហ្នឹងកាត់ក្ដីឲ្យកម្ពុជា ឈ្នះ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ហើយ ក៏ថៃ រុលចូលកាន់តែកៀក នៅសល់តែតួប្រាសាទទេ រាល់ថ្ងៃហ្នឹង អាហ្នឹងតាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស សប្ដាហ៍មកនេះ ហើយកន្លែងដទៃទៀត មិនដឹងថាយ៉ាងណាទេ ពីព្រោះកន្លែងហ្នឹង វាអត់មានពាក់ព័ន្ធនឹងសាលក្រមរបស់ឡាអេ ។ អ៊ីចឹងសៀម កាន់តែព្រហើនខ្លាំង ។ អ៊ីចឹងបានថា ក្នុងបួនហ្នឹង វាមានបី ដែលកម្ពុជា មិនទាន់បានធ្វើ ដូចជាសិទ្ធិការពារខ្លួន ក៏មិនទាន់ប្រើ ដែលថា ប្ដឹងថៃ ទៅតុលាការអន្តរជាតិ មកដល់ថ្ងៃនេះ ក៏មិនទាន់ឃើញមានបណ្ដឹងអីច្បាស់លាស់ទៅខាងទៅខាងតុលាការនៅឡើយទេ ទាំង ICJ ទាំង ICC ហ្នឹង គ្មានទេ ។ ចំណែកឯការពង្រឹងវិស័យយោធា ទំនើបកម្មយោធាអីហ្នឹង ក៏អត់ទាន់មានដែរ អាហ្នឹងវាពាក់ព័ន្ធការផ្សះផ្សាស្មារតីជាតិ ការស្ដារប្រជាធិបតេយ្យ ការកែទម្រង់ផ្ទៃក្នុងជាតិ មួយពីរបីហ្នឹង អត់ទាន់ឃើញបានធ្វើនៅឡើយទេ ឃើញតែនិយាយជាទ្រឹស្ដី ប៉ុន្តែជាក់ស្តែងហ្នឹង អត់ទាន់មានទេ“ ។

ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់អ្នកឃ្លាំមើល ខាងលើនេះ មកដល់បច្ចុប្បន្ន ជាការកត់សម្គាល់ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងអនុវត្តយុទ្ធសាស្ត្រចម្រុះ ដោយដៃម្ខាង ការពារអធិបតេយ្យ និងដៃម្ខាងទៀត បន្តស្វែងរកដំណោះស្រាយសន្តិភាព តាមផ្លូវច្បាប់ ទាំងលើដែនដីគោក និងការដោះស្រាយវិវាទដែនសមុទ្រ នៅតុលាការមជ្ឈត្តការអន្តរជាតិ ។ ជាក់ស្តែង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បាននិងកំពុងចូលរួមកិច្ចប្រជុំសម្រុះសម្រួលជាអន្តរជាតិលើកដំបូងបង្អស់ ក្រោមអនុសញ្ញា UNCLOS នៅប្រទេសសិង្ហបុរី ដើម្បីដោះស្រាយវិវាទដែនសមុទ្រជាន់គ្នា រវាងកម្ពុជា និងថៃ។

គួរបញ្ជាក់ដែរថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពិសេស នៅក្នុងតំបន់ច្រកជាំស្រងាំ ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្ត សុរិន្ទ និងខេត្តស្រះកែវ របស់ថៃ នៅតែបន្តជាចំណុចក្តៅ និងមានការតាមដានយ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីមានការចែកចាយឃ្លីបវីដេអូ នាថ្ងៃទី១៣ ខែកញ្ញា ជុំវិញសកម្មភាពឈូសឆាយដី និងរាយបន្លាលួស ពីយោធាថៃ ឈ្លានពានមកលើទឹកដីកម្ពុជា ។

ផ្អែកលើការបំភ្លឺជាផ្លូវការ និងការវិវត្តចុងក្រោយបង្អស់ ពីភាគីទាំងសងខាង មានការបកស្រាយពីរផ្សេងគ្នាជុំវិញព្រឹត្តិការណ៍នេះ ដោយខាងយោធភូមិភាគទី២ របស់ថៃ នៅថ្ងៃទី១៤ កញ្ញា ២០២៦ បានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់ អំពីការរំលោភយកដីធ្លី។ ភាគីថៃ បានពន្យល់ថា សកម្មភាពជីកប្រឡាយ និងដាក់របងលួសបន្លា នៅតំបន់ភ្នំ ៤៥០ (Hill 450) ក្បែរច្រកជាំស្រងាំ នោះ តាមពិតជាសកម្មភាពការពារខ្លួន និងពង្រឹងសន្តិសុខរបស់កងទ័ពកម្ពុជា នៅលើទឹកដីកម្ពុជា ទៅវិញទេ។ រីឯសកម្មភាពកែលម្អផ្លូវ និងឈូសឆាយក្នុងតំបន់នោះ ថៃ អះអាងថា ជាការជួសជុលផ្លូវចូលទៅកាន់មូលដ្ឋានទ័ពថៃ ដែលមានតាំងពីមុនកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកម៉្លេះ។ ថៃ បានអំពាវនាវឱ្យសាធារណជន មានការប្រុងប្រយ័ត្ន ចំពោះវីដេអូដែលចែកចាយលើបណ្តាញសង្គម។

ដោយឡែក ជំហរទូទៅរបស់កម្ពុជា ទោះបីជាមានការបកស្រាយពីភាគីថៃ លើករណីជាក់លាក់ ថ្ងៃទី១៣ ខែកញ្ញា នោះក៏ដោយ ក៏កន្លងមក រហូតដល់ខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាបន្តបន្ទាប់។ កម្ពុជា បានចោទប្រកាន់កងទ័ពថៃ ថាបានបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍ ដូចជាការជីកប្រឡាយ ធ្វើផ្លូវបេតុង និងរាយលួសបន្លានៅតំបន់ជម្លោះក្នុងខេត្តឧត្តរមានជ័យ រួមមានតំបន់ប្រាសាទតាក្របី ជប់អង្គញ់ និងដើមត្រាំង ដែលទង្វើទាំងនេះរំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា (MOU 2000) ៕ កុលបុត្រ

RELATED ARTICLES