ខេត្តបាត់ដំបង ៖ យុវតី ចាង ច័ន្ទតារាវតី តារាចម្រៀងវ័យក្មេង ដែលមានទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត ស្រដៀងអ្នកចម្រៀងជំនាន់ដើមដ៏ល្បីល្បាញ រាជិនីសំឡេងមាស រស់ សេរីសុទ្ធា និងប៉ែន រ៉ន នោះ បានចូលរួមច្រៀងផ្ទាល់ក្នុងពិធីបើកស្បៃរូបសំណាកសិល្បការិនីជំនាន់ដើម ចំនួន ៣រូប រួមមាន រូបសំណាកលោកស្រី រស់ សេរីសុទ្ធា លោកស្រី ប៉ែន រ៉ន និងលោកស្រី ហួយ មាស នៅបរិវេណសួនសិល្បៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំ បង កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ។


សូមបញ្ជាក់ថា លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកស្បៃរូបសំណាកសិល្បការិនីជំនាន់ដើម ចំនួន ៣រូបបន្ថែមទៀត នៅបរិវេណសួនសិល្បៈ ក្រុងបាត់ដំបង ក្នុងនោះ មានរូបសំណាកលោកស្រី រស់ សេរីសុទ្ធា, លោកស្រី ប៉ែន រ៉ន និងលោកស្រី ហួយ មាស។ អ្នកដែលច្រៀងបើកស្បៃរូបសំណាកកំពូលតារាចម្រៀងជំនាន់ដើម ទាំង៣រូបនេះ គឺតារាចម្រៀងវ័យក្មេង ចាង ច័ន្ទតារាវតី ព្រមទាំងមានការការចូលរួមពីសិល្បករ សិល្បការិនីដទៃទៀត និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។

នៅក្នុងកម្មវិធីផ្លូវការនោះ យុវតី ចាង ច័ន្ទតារាវតី បានច្រៀងផ្ទាល់ នូវបទចម្រៀងមរតកដើម ល្បីៗ របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងរាជិនីសំឡេងមាស រស់ សេរីសុទ្ធា ដើម្បីជាការសម្តែងការគោរពនិងរំលឹកគុណូបការៈអ្នកចម្រៀងជំនាន់ដើម ក្នុងនោះរួមមានបទ «លាបាត់ដំបង» ជាបទមរតកដើមរបស់លោកស្រី រស់ សេរីសុទ្ធា និងបទ «ដងស្ទឹងសង្កែ» ជាមរតកដើមរបស់លោកស៊ីន ស៊ីសាមុត ។ បទចម្រៀងទាំងនេះ ត្រូវបានកញ្ញា ចាង ច័ន្ទតារាវតី លើកយកមកបកស្រាយឡើងវិញ យ៉ាងពីរោះរណ្តំ ស្របពេលដែលគណៈអធិបតីអញ្ជើញកាត់ខ្សែបូ បើកស្បៃគ្របលើរូបសំណាកសិល្បការិនី ទាំង៣រូប ។

ការដែលតម្រូវ ឬជ្រើសរើសយុវតី ចាង ច័ន្ទតារាវតី ឱ្យមកច្រៀងផ្ទាល់ ក្នុងពិធីបើកស្បៃរូបសំណាកសិល្បការិនីជំនាន់ដើម ទាំង៣រូប ខាងលើនេះ គឺដោយសារតែនាងជាតារាចម្រៀងវ័យក្មេង ដែលមានសមត្ថភាពខ្ពស់ អាចបកស្រាយបទចម្រៀងមរតកដើម បានយ៉ាងពីរោះរណ្តំ និងមានទឹកដមស្រដៀងទៅនឹងរាជិនីសំឡេងមាស ជំនាន់ដើម ដែលស័ក្តិសមបំផុតសម្រាប់ពិធីជាប្រវត្តិសាស្ត្របែបនេះ។

ចាង ច័ន្ទតារាវត្តី គឺជាសិល្បការិនីវ័យក្មេង និងជាតារាចម្រៀងជំនាន់ថ្មីមួយរូប ដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍និងការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនខ្មែរ ដោយសារតែនាងមានទឹកដមសំឡេងក្រអួនក្រអៅ ពីរោះរណ្តំ ស្រដៀងទៅនឹងរាជិនីសំឡេងមាស រស់ សេរីសុទ្ធា និងប៉ែន រ៉ន ។

ជាសកម្មភាពសិល្បៈលេចធ្លោ និងការសហការជាមួយសិល្បកររៀមច្បង ចាង ច័ន្ទតារាវត្តី តែងតែចាប់ដៃគូច្រៀងបទចម្រៀងឡើងវិញ (Cover) យ៉ាងសកម្ម ជាមួយលោក យឹង យន (Yorn Young) ដែលជាសិល្បករ និងជាអ្នកអភិរក្សតន្ត្រីបុរាណ-សម័យដ៏ល្បីមួយរូប។ នាងបានបកស្រាយបទចម្រៀងមរតកដើម និងបទចម្រៀងបែបអភិរក្ស ជាច្រើន ដូចជា បទ «ផ្កាក្រវាន់» បទ «រលកដួងចិត្ត» បទ «ចម្រៀងអវសាន» បទ «ស្នេហ៍បងកងទ័ព» (បទចម្រៀងឧទ្ទិសជូនវីរកងទ័ព) និងបានច្រៀងបទ និពន្ធថ្មី មួយចំនួនផងដែរ ។

ដោយសារសមត្ថភាពពិសេសនេះ នាងត្រូវបានអញ្ជើញឱ្យចូលរួមច្រៀងផ្ទាល់ក្នុងកម្មវិធីផ្លូវការធំៗជាច្រើន ក្នុងខេត្តបាត់ដំបង រួមទាំងកម្មវិធីច្រៀងបើកស្បៃរូបសំណាកសិល្បការិនីជំនាន់ដើម ទាំង ៣រូប ខាងលើនេះផង ដោយទទួលបានគាំទ្រនិងការវាយតម្លៃខ្ពស់ពីមហាជន អ្នកស្នេហាវិស័យសិល្បៈតន្ត្រីខ្មែរ ចាត់ទុកនាងជាគ្រាប់ពូជសិល្បៈ ដ៏កម្រ និងមានតម្លៃ ក្នុងការជួយថែរក្សា លើកស្ទួយនិងពង្រឹងមរតកតន្ត្រីសម័យដើម (សម័យសង្គមរាស្ត្រនិយម) មិនឱ្យបាត់បង់ និងធ្វើឱ្យអ្នកស្តាប់ មានអារម្មណ៍នឹកស្រណោះដល់អតីតកាល ជាពិសេសនឹកដល់អ្នកចម្រៀងជំនាន់ដើម។

គួរបញ្ជាក់បន្ថែមថា មកដល់ពេលនេះ បរិវេណសួនសិល្បៈ ក្រុងបាត់ដំបង មានរូបសំណាកអតីតសិល្បករ សិល្បការិនី និងកវីនិពន្ធជំនាន់ដើមល្បីៗ សរុបចំនួន ៥រូប ហើយ ដែលត្រូវបានដាក់តាំងបង្ហាញជាផ្លូវការ ដើម្បីរំលឹកគុណូបការៈ និងទាក់ទាញភ្ញៀវទេសចរ។ ការដាក់តាំងរូបសំណាកទាំងនេះ ត្រូវបានធ្វើឡើងជាពីរដំណាក់កាលធំៗ ដូចខាងក្រោម ៖
ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបាត់ដំបង បានបើកសម្ពោធសួនសិល្បៈ ជាផ្លូវការ ដោយដាក់តាំងរូបសំណាកវីរសិល្បករ ចំនួន ២រូប ដំបូងគេ គឺលោកតា ស៊ិន ស៊ីសាមុត អធិរាជសំឡេងមាស ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រតន្ត្រីខ្មែរ និងលោកតា គង្គ ប៊ុនឈឿន ម្ចាស់កល្យាណមិត្ត ឬកវីម្ចាស់ស្ទឹងសង្កែ ដែលជាអ្នកនិពន្ធទំនុកច្រៀង និងបទចម្រៀងដ៏ឆ្នើម ដែលមានដើមកំណើតនៅលើទឹកដីខេត្តបាត់ដំបង។

ដំណាក់កាលទី២ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សុខ លូ បានរៀបចំពិធីបើកស្បៃ សម្ពោធរូបសំណាកសិល្បការិនីរៀមច្បងជំនាន់ដើម ចំនួន ៣រូប បន្ថែមទៀត គឺលោកស្រី រស់ សេរីសុទ្ធា រាជិនីសំឡេងមាស ដ៏ល្បីល្បាញ និងជាកូនបង្កើតនៃទឹកដីខេត្តបាត់ដំបង ។ លោកស្រី ប៉ែន រ៉ន តារាចម្រៀងសំឡេងស្រទន់ ក្រមិចក្រមើម និងមានស្ទីលប្លែក និងពេញនិយមខ្លាំង កាលពីសម័យដើម និងលោកស្រី ហួយ មាស តារាចម្រៀង និងជាអ្នកអត្ថាធិប្បាយវិទ្យុ ដ៏មានវោហារសព្ទនិងទឹកដមសំឡេងពីរោះរណ្តំចិត្ត ដែលក្នុងកម្មវិធីនេះ មានយុវតី ចាង ច័ន្ទតារាវតី តារាចម្រៀងលេចធ្លោជំនាន់ថ្មី ចូលរួមច្រៀងផ្ទាល់នូវបទចម្រៀងមរតកដើម របស់តារាចម្រៀងជំនាន់ដើមទាំង៣រូបខាងលើ។
ការរៀបចំរូបសំណាកទាំង ៥រូបនេះ ធ្វើឡើងនៅតាមបណ្តោយដងស្ទឹងសង្កែ ដើម្បីលើកស្ទួយអត្តសញ្ញាណខេត្តបាត់ដំបង ដែលជា «ដែនដីអក្សរសិល្ប៍ និងសិល្បៈវប្បធម៌» និងសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងចងចាំជានិរន្តរ៍។
អ្នកដែលផ្តួចផ្តើមគំនិតសាងសង់និងរៀបចំសួនសិល្បៈក្រុងបាត់ដំបង រួមទាំងការដាក់តាំងរូបសំណាកវីរសិល្បករ និងសិល្បការិនីជំនាន់ដើម ទាំង ៥រូបនេះ គឺរដ្ឋបាលខេត្តបាត់ដំបង ក្រោមការដឹកនាំផ្ទាល់របស់លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សហការជាមួយមន្ទីរជំនាញ និងវិស័យឯកជននានា ក្នុងគោល បំណងសំខាន់ៗចំនួន ៤ ដូចខាងក្រោម ៖

១. ដើម្បីបណ្តុះអង្គចងចាំ និងរំលឹកគុណូបការៈ (Memory & Gratitude) ដើម្បីជាការសម្តែងនូវសេចក្តីដឹងគុណ គោរពវិញ្ញាណក្ខន្ធ និងវាយតម្លៃខ្ពស់ចំពោះគុណូបការៈដ៏ធំធេងរបស់អតីតវីរសិល្បករ កវីនិពន្ធ និងអ្នកចម្រៀងរៀមច្បងជំនាន់ដើម ដែលពួកគាត់បានលះបង់សាច់ស្រស់ឈាមស្រស់ និងបន្សល់ទុកនូវមរតកសិល្បៈតន្ត្រី ដ៏ទន់ ភ្លន់ ពីរោះរណ្តំ និងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ជាតិខ្មែរ ទាំងមូល ។
២. សម្រាប់ការអប់រំ និងការបន្តវេនដល់កូនចៅជំនាន់ក្រោយ (Education) ដើម្បីទុកជាទុនសម្រាប់ឱ្យយុវជន សិស្ស និស្សិត និងកូនចៅខ្មែរ ជំនាន់ក្រោយ បានស្គាល់ បានដឹង និងបានសិក្សារៀនសូត្រពីជីវប្រវត្តិនិងស្នាដៃពិតប្រាកដរបស់បុគ្គលល្បីៗ កាលពីសម័យដើម។ មានន័យថា ការតាំងរូបសំណាកនេះ ជួយដាស់តឿនស្មារតីកូនខ្មែរ ឱ្យចូលរួមថែរក្សា ការពារ និងលើកស្ទួយតម្លៃសិល្បៈវប្បធម៌ជាតិ មិនឱ្យរលាយបាត់បង់ទៅតាមពេលវេលា។
៣. លើកកម្ពស់អត្តសញ្ញាណខេត្តបាត់ដំបង (Cultural Identity) ដើម្បីពង្រឹង និងបង្ហាញទៅកាន់ពិភពលោក នូវអត្តសញ្ញាណដ៏រឹងមាំរបស់ខេត្តបាត់ដំបង ដែលត្រូវបានគេប្រសិទ្ធនាមថាជា «ដែនដីអក្សរសិល្ប៍ និងសិល្បៈវប្បធម៌» ព្រោះសិល្បករល្បីៗភាគច្រើន ដូចជា លោកគង្គ ប៊ុនឈឿន, លោកស្រី រស់ សេរីសុទ្ធា, លោកស្រី ប៉ែន រ៉ន និងលោកស្រី ហួយ មាស សុទ្ធតែជាកូនបង្កើត ឬមានចំណងនិស្ស័យយ៉ាងជ្រាលជ្រៅជាមួយទឹកដីដងស្ទឹងសង្កែ នៃខេត្តបាត់ដំបង។

៤. ការទាក់ទាញភ្ញៀវទេសចរ និងកែលម្អសោភណភាពក្រុង (Tourism & Urban Aesthetics) ដើម្បីបង្កើតផលិតផលទេសចរណ៍វប្បធម៌ថ្មីមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកកម្សាន្តនៅខេត្តបាត់ដំបង កាន់តែច្រើនឡើង ខណៈដែលសួនសិល្បៈនេះ មិនត្រឹមតែជាកន្លែងទេសចរណ៍ និងថតរូបកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកែលម្អសោភណភាពលំហសាធារណៈ តាមបណ្តោយដងស្ទឹងសង្កែ ឱ្យក្លាយជាកន្លែងលម្ហែកាយប្រកបដោយផាសុកភាព និងស្នាមញញឹម សម្រាប់ប្រជា ពលរដ្ឋទូទៅផងដែរ ៕ កុលបុត្រ