ភ្នំពេញ ៖ ឱក សុគន្ធកញ្ញា ប្រារព្ធខួបកំណើតគម្រប់ ៤០ឆ្នាំ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ នាងត្រូវបានតារារួមអាជីព សាច់ញាតិ ក្រុមគ្រួសារ និង Fan ផ្ញើសារជូនពរ ជាបន្ដបន្ទាប់។

សា្វមីឱក សុគន្ធកញ្ញា លោកអ៊ឹង សុខលី បានថ្លែងសារនៅថ្ងៃខួបកំណើតសុគន្ធកញ្ញា ថា «រីករាយថ្ងៃខួបកំណើតប្រពន្ធជាទីស្រលាញ់, happy birthday to my honey mommy,ជូនពរអូនមានសុខភាពល្អ សំឡេងរឹតតែពីរោះ និងកាន់តែធ្វើឲ្យបងប្អូនគោរពស្រលាញ់ ហើយកាន់តែពិសេសទៀតនោះ ជា mommy ដ៏ល្អរបស់ Charlie &Presley , I love you»។


ចំណែកប្អូនស្រីរបស់ឱក សុគន្ធកញ្ញា គឺកញ្ញាសុគន្ធ ថាណា ដែលកំពុងរស់នៅប្រទេសអូស្រា្ដលី បានចេញសារជូនពរកញ្ញា ថា «រីករាយថ្ងៃខួបកំណើត បងស្រីតែមួយគត់របស់ខ្ញុំ ។ សូមឲ្យបងកាន់តែល្បីល្បាញ និងរកលុយបានច្រើនៗណា! ហើយកុំភ្លេចធ្វើជាម៉ាស៊ីនដកលុយ (ATM) ផ្ទាល់ខ្លួនរបស់ខ្ញុំផង ព្រោះគ្មានអ្នកណាម្នាក់តាមចិត្តខ្ញុំបានល្អដូចបងឡើយ ស្រលាញ់បងជានិច្ចណា ឱក សុគន្ធកញ្ញា»។


រីឯកញ្ញា សុខ សីឡាលីន ជាតារារួមទ្រនំ ដែលតែងតែគោរពឱក សុគន្ធកញ្ញា ថ្លែងសារជូនពរកញ្ញា ថា «ជូនពរបងស្រី សម្រស់កាន់តែស្អាត កាន់តែមានប្រជាប្រិយភាព នៅតែល្បីល្បាញនិងមានសុភមង្គលក្នុងគ្រួសារ ពួកយើងស្រលាញ់បង»។


សូមបញ្ជាក់ថា ឱក សុគន្ធកញ្ញា ត្រូវបានគណៈកម្មការ ទាំង៣ដួង ពីកម្មវិធី X Factor Cambodia រដូវកាលទី២ គឺលោកណុប បាយ៉ារិទ្ធ, ឆន សុវណ្ណរាជ និងសុខ សីឡាលីន ក្រោយបំពេញតួនាទីចប់នៅវគ្គ Final នារាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នាំគ្នា Surprise តាមរយៈការលើកនំខេក ឲ្យនាង នៅលើឆាក នៅវេលារំលងអធ្រាត្រ ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ។ គេឃើញសុគន្ធកញ្ញា ថើបថ្ពាល់លោកណុប បាយ៉ារិទ្ធ និងសុខ សីឡាលីន ពេលទទួលនំខេក តែមិនថើបលោក ឆន សុវណ្ណរាជ ទេ ខណៈដែលស្វាមីនាង លោកអ៊ឹង សុខលី ក៏នៅក្នុងពិធីនោះដែរ នឹងមិនប្រកាន់ខឹង ពេលឃើញប្រពន្ធថើបតារាទាំងពីរ នៅចំពោះមុខឡើយ ។

គួរកត់សម្គាល់ដែរថា ឱក សុគន្ធកញ្ញា ថ្វីត្បិតតែមិនសូវមានបទល្បីៗដូចមុន តែហង្សមាស នៅតែលើកនាងជាតួឯក ដូចជាថ្មីៗនេះ ទើបចេញ Solo Album «ព្រហ្មលិខិត» ទទួលបានការគាំទ្រច្រើនគួរសម ។ ប្អូនថ្លៃថៅកែហង្សមាស រូបនេះ ត្រូវបានចាត់ទុកជាតារាមានឥទ្ធិពលបំផុត នៅហង្សមាស ក្រោយនាងក្លាយជាភរិយាលោកអ៊ឹង សុខលី អគ្គនាយកទូរទស្សន៍ហង្សមាស ជាង៧ឆ្នាំ ទទួលបានចំណងដៃ កូនប្រុស ពីរនាក់។ ចាប់ពីឆ្នាំ២០២៤ សុគន្ធកញ្ញា ច្រៀងនៅហង្សមាស ដោយគ្មានគូប្រជែង ព្រោះពេជ្រ សោភា, សុគន្ធ និសា, ពេជ្រ សូលីកា និងរ៉េត ស៊ូហ្សាណា ជាដើមបានដើរចេញពីផលិកម្មនេះអស់ ហើយពេលនេះ ទោះជានាងលែងសូវមានបទផ្ទុះដូចមុន ក៏នាងនៅតែក្ដាប់តំណែងធំៗនៅហង្សមាស ជាគណៈកម្មការ(Judge) និងគ្រូបង្វឹក (coach) គ្រប់កម្មវិធីប្រលងចម្រៀងធំៗទាំងអស់ របស់ហង្សមាស ដែលមានស្វាមីនាង ជាអ្នកគ្រប់ គ្រង ហេតុនេះសកម្មភាពសិល្បៈ នៅមានច្រើន ទោះជាមិនសូវចេញបទថ្មីៗ ក៏អាចរក្សាលំនឹងបានដែរ ។


Fan របស់ឱក សុគន្ធកញ្ញា ថាតារាកូន២ រូបនេះ ទោះជាមានវ័យជ្រេបន្ដិចក្ដី តែនាងនៅរក្សាសម្រស់ផូរផង់ ក្មេងជាងវ័យ ហើយតារារួមអាជីពនៅហង្សមាស ខ្លះបានហៅនាងថាជា «មេ» និងតារាមួយចំនួន នៅក្រៅផលិតកម្ម ហៅនាងថា «លោកជំទាវ» ជាដើម ។ ទោះជាយ៉ាងណា សុគន្ធកញ្ញា មិនដែលបញ្ចេញអំណាចជាប្អូនថ្លៃថៅកែ គាបសង្កត់លើតារាណាម្នាក់នៅហង្សមាស ឡើយ ។ ខួបកំណើត ឆ្នាំនេះ សុគន្ធកញ្ញា ក៏គ្មានដំណឹងត្រៀមយកកូនទី៣ ឆាប់ៗដែរ បើទោះជានាងនិងស្វាមី ចង់បានកូនស្រី ដូចគ្នាក្ដី ៕
