Homeសង្គម និងជីវិតជិតដល់ថ្ងៃរៀបការ បាត់កូនក្រមុំ ប្រាប់ម៉ែថា គេចាប់បង្ខាំងដាក់ថ្នាំសណ្តំ

ជិតដល់ថ្ងៃរៀបការ បាត់កូនក្រមុំ ប្រាប់ម៉ែថា គេចាប់បង្ខាំងដាក់ថ្នាំសណ្តំ

ភ្នំពេញ ៖ យុវតីម្នាក់ នៅសល់ជិត ២ខែទៀត ត្រូវចូលរោងការជាមួយគូដណ្ដឹង ខណៈដែលឪពុកម្ដាយបានកក់ចុងភៅ កក់សម្អាងការ ភ្លេង និងកក់អ្វីផ្សេងៗទៀតរួច ជាស្រេចទៅហើយស្រាប់តែបាត់ខ្លួនក្រមុំ ធ្វើឲ្យក្រុមគ្រួសារទាំងសងខាង ជាពិសេស ស្រ្តីជាម្ដាយខាងស្រី និងបុរសជាគូដណ្ដឹង កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍តាមស្វែងរក តែក្រោយមកកូនស្រីបានប្រាប់តាមទូរស័ព្ទថា មានគេចាប់បង្ខាំង ដាក់ថ្នាំសណ្តំតាមអាហារនិងទឹក ឲ្យមាន សភាពល្វើយ ងងុយដេកជាប្រចាំ។

 កូនក្រមុំដែលបាត់ខ្លួន មានឈ្មោះ សម្បត្តិ រចនា អាយុ២០ឆ្នាំ មានកម្ពស់ ១.៧០ម៉ែត្រ ជាកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិច្រកស្វាយ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ មុនបាត់ខ្លួន ស្នាក់នៅក្នុងបន្ទប់ជួលជាមួយឪពុកម្ដាយ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាប់មណ្ឌលសុខភាពដូនពេញ) ។ ជាកូនទី១ (កូនច្បង) ក្នុងចំណោមបងប្អូនស្រីពីរនាក់ នៃត្រកូលគ្រួសារក្រីក្រមួយ ដែលមានឪពុកឈ្មោះ លន សម្បត្តិ អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប និងម្ដាយឈ្មោះ ភ្លី ចាន់ណាក់ អាយុ៤៤ឆ្នាំ មុខរបរធ្វើការរោងចក្រ ។ ចំណែកបុរសជាគូដណ្ដឹង មានឈ្មោះ សីហា អាយុ២៣ឆ្នាំ ជាជាងជួសជុលរថយន្ត នៅម្ដុំវត្តទួល រាជធានីភ្នំពេញ និងមានស្រុកកំ ណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ជាមួយគ្នា ។ បានបាត់ខ្លួននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដែលគិតមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ មានរយៈពេល ៩ថ្ងៃ នៅមិនទាន់រកឃើញនៅឡើយ ។

  នៅក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ អ្នកស្រី ភី ចាន់ណាក់ ត្រូវជាម្ដាយរបស់កូនក្រមុំបាត់ខ្លួន បានរៀបរាប់ទាំងភ្នែក និងពោរពេញដោយអារម្មណ៍ឈឺចាប់ ព្រួយបារម្ភថា នៅសល់មិនដល់ ២ខែទៀតទេ កូនស្រីរបស់គាត់ នឹងត្រូវរៀបអាពាហ៍ពិពាហ៍ គឺត្រូវចូលរោងការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៦  ដែលពិធីរៀបការនឹងត្រូវធ្វើនៅគេហដ្ឋានរបស់អ្នកស្រី នៅឯស្រុកបាភ្នំ ខេត្តព្រៃវែង ដោយគ្រោងអញ្ជើញភ្ងៀវ ចូលរួមពិសាភោជនាហារ ចំនួន២០តុ (២០០នាក់) ទៅតាមកម្រិតជីវភាពដែលមិនសូវធូរធារ ។ ប៉ុន្តែពេលនេះ បាត់ខ្លួនកូនស្រីទៅហើយ គាត់មិនដឹងថា មង្គលការនេះ នឹងអាចប្រព្រឹត្តទៅបានឬយ៉ាងណាទេ ឬអាចរំសាយការកក់ចុងភៅ កក់ភ្លេងវិញ បើដល់ថ្ងៃការ នៅតែរកកូនក្រមុំមិនឃើញ ។ យ៉ាងណា អ្នកស្រីនឹកសរសើរដល់ទឹកចិត្តរបស់អនាគតកូនប្រសាដែរ ដែលនៅពេលដឹងថាបាត់កូនក្រមុំ ជាគូសណ្តឹងរបស់ខ្លួន គេក៏ខ្នះខ្នែងជួយតាមស្វែងរក។ ដូច្នេះគាត់សង្ឃឹមថា នឹងរកកូនស្រីឃើញ ហើយពួកគេនឹងបានរៀបការជាមួយគ្នាដូចបំណង និងទៅតាមពេលាដែលបានដេញរួចហើយ ។

 អ្នកស្រី ភ្លី ចាន់ណាក់ បាននិយាយថា “ចា! យើងខ្ញុំជាក្រុមគ្រួសារ ព្យាយាមទាក់ទងទៅកូនរហូត ហើយគូដណ្ដឹងរបស់នាងក៏ជួយតាមរកដែរ ព្រោះពួកគេត្រូវចូលរោងការ នៅថ្ងៃទី២២ ខែ១២ ឆ្នាំ២០២៦ ។ ខ្ញុំកំពុងតែស្វះស្វែង ព្រោះយើងបានកក់អីអស់ហើយ បើបើមិនបានការវិញនោះ ខ្ញុំគ្មានអីសងគេទេ ព្រោះខ្ញុំក្រណាស់ ខ្ញុំអត់មានអីទេរាល់ថ្ងៃទេ ។ ឥឡូវខ្ញុំទើបតែចូលធ្វើការវិញបាន ២ថ្ងៃ ខ្ញុំធ្វើការអត់ជាប់ទេ អារម្មណ៍ចេះតែនៅនឹងកូន ។ ខ្ញុំធ្វើការរោងចក្រ នៅឫស្សីកែវ ឯកូនប្រសាខ្ញុំ គេធ្វើការជាជាងឡាន នៅវត្តទួល គេជួយដើររករហូតហ្នឹង ។ ពួកគាត់ទើបតែបានរៀបចំភ្ជាប់ពាក្យ នៅក្នុងឆ្នាំហ្នឹងទេ ។ ក្រៅពីគូដណ្ដឹងនេះ កូនខ្ញុំអត់មានទាក់ទងប្រុសណាទេ អត់មានអីទេ ទៅណាមកណាជាមួយគូដណ្ដឹងនេះរហូតហ្នឹង ហើយនៅសល់តែជិតខែទៀត រៀបការហ្នឹង ខ្ញុំបានកក់រោង កក់ផ្នួង (សម្អាងការ) កក់អ័រកាដង់ កក់តុ និងដើរទាក់ទងទិញម្ហូបគេរួចអស់ហើយ នៅតែមិនទាន់បោះធៀបការ ប្រាប់ភ្ញៀវ គឺគិតថា ចាំកៀកបន្តិច នឹងប្រាប់ភ្ញៀវ តែឥឡូវបាត់កូន ទាំងខាងប្រុស ទាំងខាងស្រីហ្នឹង ចង់ចងកហើយ អាណិតកូន ។ មង្គលការនេះ ពួកយើងគ្រោងនៅស្រុកកំណើតខ្ញុំ ខាងបាភ្នំ ហើយតាមគម្រោង មុនដំបូង ខាងដន្លងខ្ញុំ (ឪពុកម្ដាយខាងប្រុស) ថាមានភ្ញៀវប្រហែលបួនទៅប្រាំរយនាក់ តែខ្ញុំថា អញ្ជើញភ្ញៀវហូបតែពីរបីរយនាក់ទេ ព្រោះខ្ញុំអត់អ៊ីចឹង ។ ប៉ុន្តែអ្វីដែលប្រឈមពេលនេះ មង្គលការនេះ អាចនឹងរំសាយសិន បើរកកូនមិនឃើញ ។ ប៉ុន្តែយ៉ាងណា សង្ឃឹមថា រកកូនឃើញចុះ! ថ្ងៃហ្នឹង (១៤រោច) ថ្ងៃសីល“ ។

ស្រ្តីជាម្ដាយ បញ្ជាក់ថា មុនពេលបាត់ខ្លួនកូនស្រី នាងតែងតែទៅធ្វើការជាកម្មការិនីរោងចក្រ ជាធម្មតា គឺធ្វើការនៅក្នុងរោងចក្រជាមួយគាត់ជាម្ដាយដែរ គ្រាន់តែធ្វើវេនខុសគ្នា គឺគាត់ធ្វើវេនថ្ងៃ ឯកូនស្រី ធ្វើវេនយប់ តែនៅពេលត្រលប់ពីធ្វើការវិញ នាងមកស្នាក់នៅក្នុងបន្ទប់ជួលជាមួយឪពុកម្ដាយ មិនដែលខាន ។ បន្ទប់ជួលដែលគាត់និងប្ដី ព្រមទាំងកូន ស្នាក់នៅ មានទំហំមិនធំប៉ុន្មានទេ និងជួលក្នុងតម្លៃ ៧០ដុល្លារ (គិតទាំងថ្លៃទឹកភ្លើង) តែពេលនេះ ក្រៅពីខ្វល់ខ្វាយនឹងរឿងកូនស្រី គ្រួសារគាត់ដាច់លុយ មិនទាន់បានបង់ថ្លៃផ្ទះ ឲ្យគេទេ ហើយថែមទាំងអស់អង្ករច្រកឆ្នាំងទៀត ខណៈដែលឪពុកម្ដាយ នៅឯស្រុក ក៏មានជំងឺ ត្រូវចូលមន្ទីរពេទ្យទៀត ពិតជាបន្ទុកលំបាកគ្រួសារគាត់ ។ ប៉ុន្តែរឿងជីវភាពនេះ គាត់គិតថា ទោះត្រដាបត្រដួសយ៉ាងណា ក៏នៅតែប្រឹងអាចដោះស្រាយបាន តែរឿងបាត់កូនស្រីនេះ ពិបាកធ្វើចិត្តខ្លាំងណាស់ ហើយក៏ហាក់ដូចជាបាត់ចន្ទល់គ្រួសារមួយ ព្រោះក្នុងការរស់នៅក្នុងផ្ទះជួលជាមួយឪពុកម្ដាយ ពេលបើកប្រាក់ខែ បានមក ក៏យកមកជួយសម្រាលបន្ទុកគ្រួសារខ្លះដែរ ។

 ទាក់ទងដល់មូលហេតុនៃការបាត់ខ្លួនកូនស្រី ស្រី្ដជាម្ដាយ បញ្ជាក់ថា មិនមែនដោយសារមានទំនាក់ទំនងជាបុរសណាផ្សេងក្រៅពីគូដណ្ដឹងរបស់នាងទៀតនោះទេ គឺនាងមានតែគូដណ្ដឹងរបស់នាងមួយ ដែលត្រៀមរាប់ការជាមួយគ្នានេះ តែអ្នកស្រីសង្ស័យថា មានមនុស្សពីរបីនាក់ ចាប់កូនស្រីអ្នកស្រី ទៅបង្ខាំង ដាក់ថ្នាំសណ្តំ ធ្វើបាប ព្រោះពេលអ្នកស្រីព្យាយាមទាក់ទងទៅលេខទូរស័ព្ទរបស់នាង ក៏ឮកូនស្រីឆ្លើយតបថា នាងកំពុងស្នាក់នៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ  7NG នៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយមិនអាចរកវិធីចេញមកបាន ព្រោះមានគេចាប់នាងទៅ ។ ស្រ្តីជាម្ដាយ បន្តថា តាមពិត កូនស្រីអ្នកស្រី ធ្លាប់គេយកធ្វើបាបម្ដងហើយ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៦ ដែលពេលនោះ ទម្រាំរកឃើញ បានត្រលប់មកផ្ទះវិញ កូនស្រីរបស់គាត់មានសភាពស្គមស្គាំង ស្លេកស្លាំងរាយកាយ មិនដឹងថា គេធ្វើបាបអ្វីខ្លះ ហើយការចាប់ទៅលើកនេះ ក៏អាចជាបក្ខពួកតែមួយ នៃមនុស្សស្រីដែលកូនស្រីគាត់ធ្លាប់ជួយសង្រ្គោះ តែមិននឹកស្មានថា ជួយគុណបានទោស ។

  អ្នកស្រី ភ្លី ចាន់ណាក់ បាននិយាយថា “ចា! កូនស្រីខ្ញុំបានបាត់នៅថ្ងៃទី២ ខែ០៩ ។ មកដល់ថ្ងៃទី៧ ខែ០៩ ពេលព្យាយាមទាក់ទៅ ក៏ឮកូន call មកប្រាប់ថា នៅកំពុងនៅ 7NG  ចូលទៅក្នុង មានផ្ទះជួល ។ ពេលនោះខ្ញុំបានសួរបញ្ជាក់កូនថា តើកូននៅដល់ណា? ទម្លាក់ location មក ម៉ែទៅរក ម៉ែឲ្យគេជួយរក តែកូនថា “ម៉ែអើយ! កូនមិនហ៊ានទម្លាក់ទេ ខ្លាចមានបញ្ហា កូនខ្លាចគេណាស់ម៉ែអើយ!“ ។ កូនថែមទាំងប្រាប់ខ្ញុំថា ម៉ែអើយ! កូនឃ្លានបាយណាស់ កូនមិនហ៊ានហូបបាយគេទេ ខ្លាចគេដាក់ថ្នាំ ។  និយាយបានតែពីរបីម៉ាត់ប៉ុណ្ណឹង ក៏ដាច់ទៅវិញ ពោលគឺបានឮសំឡេងកូន តែពីរថ្ងៃ (ថ្ងៃទី៦ និងទី៧) បន្ទាប់ពីនោះមក រយៈពេលបួនប្រាំថ្ងៃហើយ មិនទាន់បានឮសំឡេងកូនទៀតទេ ។ ប៉ុន្តែបើតាមខ្ញុំគិត ការបាត់ខ្លួនកូនស្រីខ្ញុំនេះ អាចជាប់ពាក់ព័ន្ធនឹងមនុស្សស្រីម្នាក់ ដែលនាងធ្លាប់ជួយ ។ ស្រីនោះជាអ្នកធ្លាប់ធ្វើការជាមួយកូនស្រីខ្ញុំ ពេលឆ្លងទន្លេ (សម្រាលកូនដោយវះកាត់) នៅមន្ទីរពេទ្យធំ (ពេទ្យទាហាន) គ្មានប្ដី គ្មានម៉ែ មកមើលថែ ព្រោះម៉ែ មានប្ដីថ្មីទៀត កូនស្រីខ្ញុំ ក៏មកជួយមើលថែ ព្រោះទាល់តែមានមនុស្សមើលថែ ទើបខាងមន្ទីរពេទ្យហ៊ានវះកាត់ ហើយគេហ្នឹងមក បានយកទូរស័ព្ទកូនខ្ញុំ ហើយកូនខ្ញុំទៅតាមទៅ ធ្វើបាបកូនខ្ញុំ ឡើងជាង១០ថ្ងៃ កាលហ្នឹង មកវិញឡើង ស្គម ឡើងស្លេក គឺកាលណោះ បាត់ថ្ងៃទី១៣ ឃើញវិញថ្ងៃទី២៣ ខែ០៦ ឆ្នាំ២០២៦ គឺទើបតែបាន៣ខែជាង បើគិតដល់ការបាត់លើកទី១ នោះ ។ កាលបាត់លើកទី១ នោះដែរ ខ្ញុំក៏បានប្រកាសរក ហើយក្រោយការប្រកាសតាមសារព័ត៌មាន បាន១យប់ គេយកកូនខ្ញុំមកប្លុងចោលនៅហ្គារ៉ាស់សាំង កោះពេជ្រ ។ និយាយទៅ អ្នកធ្វើបាបលើកទី១ នោះ ជាមនុស្សស្រី ឯលើកនេះ ក៏មនុស្សស្រីដែរ ប្រហែលជាគ្នាវាហ្នឹង ។ ចំពោះគេធ្វើបាបនោះ មិនដឹងគេចង់បានអីទេ ព្រោះកូនខ្ញុំ អត់មានអីទេ មានតែទូរស័ព្ទ មួយគ្រឿង តម្លៃប្រហែល ពីរបីរយដុល្លារហ្នឹង ។ មើលទៅ វាទំនាក់ទំនងកូនខ្ញុំ ប្រហែលជាចង់ធ្វើអីកូនខ្ញុំ វាអត់សម្លាប់ ឬក៏អីទេ តែវាឲ្យបាយហូបទៅ គិតតែពីដេក ទើបគិតខ្ញុំថា គេដាក់ថ្នាំនាងហើយ ហើយស្រីពីរនាក់ហ្នឹង ម្នាក់មួយអាយុសាមជាង ម្នាក់មួយម្ភៃជាង តែគេបិទម៉ាស់ខ្មៅរហូត អត់ឲ្យយើងស្គាល់មុខទេ គឺស្គាល់តែកូនខ្ញុំហ្នឹង ហើយម្នាក់យកកូនខ្ញុំទៅក្រោយហ្នឹង ប្រហែលគ្នាវា ប៉ុន្តែវាដូរបច្ចេកទេស ។ តាមការឲ្យដំណឹងពីកូនខ្ញុំមក នាងថា គេចាក់សោពីក្រៅ កូនខ្ញុំនៅក្នុងបន្ទប់ គឺអ្នកដែលធ្វើបាបកូនខ្ញុំ គឺនៅជាន់ក្រោម កូនខ្ញុំនៅជាន់លើ តែឯងទេ តែគេអត់វ៉ៃដំច្រំធាក់អីទេ គេឲ្យយើងហូបបាយ ហូបទឹក តែហូបហើយ ងងុយតែដេក“ ។

ស្រ្តីជាម្ដាយ បានបញ្ជាក់បន្ថែមចុងក្រោយថា មកដល់ពេលនេះ ក្នុងការតាមស្វែងរកកូនស្រី ក្រៅពីពឹងអ្នកសារព័ត៌មាន ឲ្យជួយផ្សព្វផ្សាយ គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីឲ្យជួយអន្តរាគមន៍ និងជ្រាបជាដំណឹងពីការបាត់ខ្លួនកូនស្រីរបស់គាត់ដែលស្នាក់នៅក្នុងសង្កាត់ស្រះច្រក ។ មិនតែប៉ុណ្ណោះ ដោយយោងលើសម្ដីកូនស្រីប្រាប់តាមទូរស័ព្ទថា នាងត្រូវគេចាក់សោឃុំក្នុងបន្ទប់ នៅក្នុងផ្ទះស្ងាត់មួយ នៃ Seven NG គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ ដែលនៅជិតនោះ ។ ប៉ុន្តែមិនទាន់មានការផ្ដល់ដំណឹងពីខាងសមត្ថកិច្ច ថាបានរកឃើញនៅឡើយទេ ។ ដូច្នេះគាត់នៅតែអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ និងសមត្ថកិច្ច មេត្តាជួយស៊ើបសង្កេត និងចែករំលែកព័ត៌មាននេះ ដើម្បីជួយស្វែងរកកូនស្រី ឱ្យបានឃើញឆាប់រហ័ស និងបានជួបជុំគ្រួសារវិញ ក៏ដុចជាបានរៀបការតាមគម្រោង៕ កុលបុត្រ

RELATED ARTICLES