ភ្នំពេញ ៖ អតីតតារាសម្ដែងជើងចាស់ រហស្សនាមកំពូលតួកាច ល្បីឈ្មោះ លោក ពៅ គីសាន់ ហៅនាយឆើត បានបាត់ឈ្មោះ អស់សំឡេងក្នុងវិស័យសិល្បៈ ហើយពេលនេះកំពុងរួមរឹតដោយជំងឺ រស់នៅក្នុងជីវភាពខ្វះខាត ប្រកបរបរលក់បាយម្ហូបជាមួយប្រពន្ធ ដោយលោកបានត្អូញត្អែរថា ហត់នឿយនឹងជីវិតខ្លាំងណាស់ អាយុកាន់តែច្រើន ខ្លួនកាន់តែចាស់ ក្រោយបាត់បង់ការងារសិល្បៈ លោកមិនមានមុខរបរអ្វីជាដុំកំភួនទេ ក្រៅពីជួយរត់តុ លាងចានឲ្យប្រពន្ធ រកស៊ិលក់បាយម្ហូប រកប្រាក់ដោះស្រាយជីវភាព និងផ្គត់ផ្គង់ការរៀនសូត្ររបស់កូន ។

យ៉ាងណា តារាសម្តែង វ័យ៦៤ឆ្នាំ រូបនេះ បញ្ជាក់ជំហរថា ទោះនឿយហត់ អត់ឃ្លាន ខ្វះខាតយ៉ាងណា លោកមិនអាចលើកដៃសំពះសុំជំនួយ ឬសុំលុយគេទេ តែបើគេមានទឹកចិត្ត នឹកឃើញអាណិតលោកជាសិល្បករជើងចាស់ កំពុងមានជំងឺប្រចាំកាយ ហើយប្រកាសជួយដោយសុទ្ធចិត្ត លោកនឹងទទួលយក ។ ជាពិសេស អ្វីដែលលើសពីនេះទៅទៀតនោះ បើមានគេហៅទៅសម្ដែងជាតួអង្គណាមួយ តម្រូវទៅតាមវ័យរបស់លោក លោកពិតជារីករាយ ព្រោះពេញមួយជីវិតនេះ លោកស្រលាញ់សិល្បៈ មិនអាចឃ្លាតឆ្ងាយពីសិល្បៈ បានទេ និងចង់ចែករំលែកបទពិសោធន៍ ផ្ទេរចំណេះដឹងផ្នែកសិល្បៈនេះ ទៅដល់មនុស្សជំនាន់ក្រោយ ។

លោកពៅ គីសាន់ ហៅនាយឆើត បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នាពីពេលថ្មីៗនេះថា “អាយុកាន់តែច្រើន ខ្លួនកាន់តែចាស់ ហើយក៏ហត់ណាស់ដែរ” ។

ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកពៅ គីសាន់ ហៅនាយឆើត បានបញ្ជាក់ថា តាមរយៈសំណេរខាងលើនេះ លោកចង់លាតត្រដាងពីជីវិតរស់នៅប្រចាំថៃ្ង របស់លោក ក្រោយបាត់មុខពីសិល្បៈ ។ លោកប្រាប់ថា លោកនិងប្រពន្ធកូន សព្វថ្ងៃ កំពុងរស់នៅជាយរាជធានីភ្នំពេញ ក្នុងសង្កាត់ឪឡោក ខណ្ឌកំ បូល ក្នុងស្ថានភាពជីវភាពមិនសូវធូរធារ តែមិនខ្វះខាតពេកដែរ គ្រាន់តែហត់បន្តិច ព្រោះដើម្បីរកប្រាក់ ចិញ្ចឹមគ្រួសារ ប្រពន្ធលោក បានប្រកបមុខរបរលក់បាយម្ហូប នៅមុខរង្វង់មូលក្រមង៉ុយ ដោយជួលកន្លែងគេ ក្នុង ១ខែ ៥០ដុល្លារ ហើយលោកតែងតែជួយប្រពន្ធ ជារៀងរាល់ថ្ងៃ មិនដែលខាន ជាអ្នករត់តុ និងលាងចាន ។ លោកបន្តថា ក្នុងមុខរបរតូចមួយនេះ ប្រពន្ធរបស់លោក គ្មានសមត្ថភាពជួលកម្មករ មករត់តុ លាងចានទេ តម្រូវឲ្យលោកជាប្ដី ទទួលរ៉ាប់ទាំងអស់ ហើយទោះបីមិនអាចរកប្រាក់ បានច្រើនក៏ដោយ ក៏វាជាប្រភពចំណូលសំខាន់ ដែលជួយឱ្យគ្រួសារលោក អាចមានអាហារហូប និងបន្តការរស់នៅប្រចាំថ្ងៃ ។ ជាពិសេស ប្រាក់ចំណូលពីការលក់បាយ មិនត្រឹមតែសម្រាប់ចំណាយក្នុងផ្ទះ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្គត់ផ្គង់ការសិក្សារបស់កូនស្រី តែម្នាក់ អាយុ១២ឆ្នាំ និងកំពុងរៀនថ្នាក់ទី៧ ។

នាយឆើត បាននិយាយថា “បាទ! ហត់តាមរយៈមុខរបរយើងហ្នឹង គឺប្រពន្ធរបស់ខ្ញុំ លក់បាយ នៅរង្វង់មូលក្រមង៉ុយ ហើយយើងអត់មានថវិកាជួលបុគ្គលិក មកជួយលាងចាន រត់តុអីទេ យើងមានតែពីរនាក់ប្ដីប្រពន្ធយើង ។ ដល់អ៊ីចឹង ការងារយើងមនុស្សចាស់ ហើយយើងធ្វើការងារអ៊ីចឹងៗ វាគឺជាបន្ទុកក្រុមគ្រួសារយើង គឺថាក្នុងលក្ខណៈយើងអត់មានមុខរបរអីដែលយើងត្រូវធ្វើ យើងមានតែពឹងលើគ្រួសារ ដែលគាត់រកស៊ីលក់បាយនេះហើយ ហើយយើងកាន់តែចាស់ កាន់តែជរាទៅ វាអត់មានមុខរបរអីឲ្យជាប់លាប់ ក្នុងនាមជាមេគ្រួសារ អត់មានការបណ្ដុះបណ្ដាលក្រុមគ្រួសារយើង ឲ្យរីកចម្រើនតទៅទៀត គឺមានតែពឹងផ្អែកទៅលើប្រពន្ធដែលលក់បាយទេ រាល់ថ្ងៃនេះ ហើ យមុខរបរនេះ មិនមែនជាការបើកហាងធំអីទេ លក់ឲ្យបុគ្គលិក កម្មករសំណង់អី ចេញពីធ្វើការមក គាត់រត់មកទិញបាយខ្ចប់ យកទៅហូប ឬក៏គាត់នាំគ្នាមកអង្គុយហូប កន្លែងយើងលក់ ។ ដល់អ៊ីចឹងទៅ ជីវភាពក្រុមគ្រួសារយើង វាមិនអន់ថយ ហើយក៏វាមិនឡើងដែរ គឺថាវាមធ្យម នៅក្នុងជីវភាពរបស់យើង គឺលក់បាយហ្នឹង យើងលក់ហ្នឹង ហូបហ្នឹង វាអត់សល់អីទេ គឺគ្រាន់តែបានមួយហូប បង់ថ្លៃទឹក ភ្លើង ថ្លៃជួលកន្លែង និងជួយបង់សាលាឲ្យកូនរៀន ។ ទោះជាហត់នឿយយ៉ាងណា យើងមិនអាចបោះបង់មុខរបរនេះចោលកើតទេ ព្រោះបើបោះបង់ចោល យើងអត់ហើយ ព្រោះអត់មានថវិកាដើមទុនបើកមុខរបរធំដុំទេ ។ ដូច្នេះប្រពន្ធខ្ញុំ តស៊ូនឹងការងារនេះ ដោយងើបធ្វើ ម៉ោង៣ ម៉ោង៤យប់ អ៊ីចឹងទៅ ហើយយើងចាស់ហើយ ពេលខ្លះ ជួយគាត់មិនបាន គាត់ក៏ធ្វើតែម្នាក់ឯងទៅ ព្រោះខ្ញុំវះចង្កេះ ពីរដង ដើរច្រើន អត់បាន លើករបស់ធ្ងន់ អត់កើត បានត្រឹមតែធ្វើការស្រាលៗទេ“ ។
លោក ពៅ គីសាន់ ហៅនាយឆើតបានរំលឹកពីប្រវត្តិការងារសិល្បៈ របស់លោកថា លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ១៩៨២ ដោយផ្ដើមចេញពីអ្នកលេងល្ខោនបាសាក់ ជាមួយនាយកុយ និងនាយក្រឹម មុននឹងឈានទៅសម្តែងភាពយន្ត តាមរយៈការដើរតួកាច និងតួផ្សេងៗ ហើយជំនាន់នោះ ទទួលបានកម្រៃ បួនទៅប្រាំជី ក្នុងមួយរឿង ខណៈតួឯក ដូចជា ខៃ ប្រសិទ្ធិ ទេព រិនដារ៉ូ កេត សូបូរិទ្ធ ជាដើម ទទួលបានប្រហែល មួយតម្លឹង។ លោកបានចូលរួមថតសម្តែងក្នុងខ្សែភាពយន្ត និងស្នាដៃសិល្បៈ ជាច្រើន ក្នុងរយៈពេលជាច្រើនឆ្នាំ ឬបើគិតតាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ទសវត្សរ៍ឆ្នាំ១៩៩០ និងទសវត្សរ៍ឆ្នាំ២០០០ ។

ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន នាយឆើត មិនសូវមានឱកាសក្នុងវិស័យសិល្បៈ ដូចកាលពីមុនទៀតទេ ហើយក៏មិនសូវមានអ្នកហៅឱ្យចូលរួមថតដែរ។ កត្តានេះ នាយឆើត អះអាងថា មិនមែនមកពីលោកសម្ដែង មិនកើតទេ គឺលោកនៅតែមានសមត្ថភាពសម្តែង បានច្រើនទម្រង់ តែមកពីលោក ជាតួចាស់ (អាយុច្រើន) គេឈប់ហៅថត គឺគេហៅតែក្មេងៗ ។ ក្នុងន័យនេះ លោកបញ្ជាក់ថា ប្រសិនបើមានអ្នកហៅថត លោកនៅតែមានឆន្ទៈ និងរីករាយក្នុងការចូលរួមសម្តែង ជានិច្ច ហើយបើមិនអាចសម្ដែង ជាតួកាច វ៉ៃទាត់ធាក់ដូចមុន ក៏អាចដើរតួស្លូត ឬតួឪពុក បានដែរ ។
តាមរយៈបទពិសោធន៍របស់ខ្លួន នាយឆើត ក៏ចង់ឃើញការគាំទ្រនិងការលើកស្ទួយដល់សិល្បករចាស់ៗ ដែលបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការបម្រើវិស័យសិល្បៈខ្មែរ។ លោកថា សិល្បករជំនាន់មុន មួយចំនួន បានចូលនិវត្តន៍ ខ្លះបានបាត់បង់ជីវិត ហើយខ្លះទៀត មិនសូវមានឱកាសបង្ហាញសមត្ថភាពដូចមុន ។ ដូច្នេះការផ្តល់ឱកាសឱ្យពួកគាត់ បានបន្តថតសម្តែង គឺជាការលើកទឹកចិត្តដ៏មានតម្លៃ។ លោកបានលើកឡើងថា ការរីកចម្រើននៃសិល្បៈខ្មែរ ត្រូវការការចូលរួមពីអ្នកដឹកនាំរឿង ផលិតករ តារា សម្តែង និងអ្នកគាំទ្រទាំងអស់។ នៅពេលអ្នកដឹកនាំរឿង ផ្តល់តួនាទី និងណែនាំឱ្យសម្តែងយ៉ាងណា សិល្បករ ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការសម្តែង ឱ្យបានល្អ។ លោកមានបំណងចង់ឃើញសិល្បករខ្មែរ ទាំងចាស់ និងក្មេង ទទួលបានការគាំទ្រកាន់តែច្រើន។ លោកជឿថា ប្រសិនបើសិល្បករ មានឱកាស និងទទួលបាន ការគាំទ្រពីអ្នកដឹកនាំរឿង ផលិតករ និងទស្សនិកជន នោះពួកគេនឹងអាចបន្តបង្កើតស្នាដៃល្អៗ និងចូលរួមអភិវឌ្ឍវិស័យសិល្បៈខ្មែរ ឱ្យកាន់តែរីកចម្រើន។ ដូច្នេះលោកសង្ឃឹមថា សិល្បករជើងចាស់ នឹងទទួលបានការយកចិត្តទុកដាក់ និងឱកាសបន្តការងារសិល្បៈ នៅពេលអនាគត។
គួររំលឹកថា នាយឆើត មិនត្រឹមតែជាអ្នកសម្តែងប៉ុណ្ណោះទេ នៅឆ្នាំ២០១៤ លោកក៏ធ្លាប់បានជួលផ្ទះ មួយកន្លែង បង្កើតសាលាបង្រៀនសិល្បៈ ផងដែរ ហើយក្រោយមក មានកូនសិស្សរបស់លោក ជាច្រើន បានក្លាយជាអ្នកសិល្បៈល្បី មានកេរ្តិ៍ឈ្មោះ បោះឆ្នោត ទទួលបានការគាំទ្រពីទស្សនិកជន ។ តាមរយៈការងារនេះ លោកនៅតែមានបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញដែលលោកបានសិក្សា និងប្រមូលផ្តុំ អស់ជាច្រើនឆ្នាំ ទៅកាន់អ្នកជំនាន់ក្រោយ ដែលស្រឡាញ់វិស័យសិល្បៈ។ ប៉ុន្តែដោយសារបញ្ហាជីវភាព និងការខ្វះខាតថវិកា លោកមិនអាចបន្តជួលទីកន្លែងសម្រាប់បើកសាលាបង្រៀនបានទៀតទេ។ ដូច្នេះសកម្មភាពបង្រៀនសិល្បៈ របស់លោក ក៏ត្រូវបានផ្អាក ទោះបីលោកនៅតែមានបំណងចង់បន្តការងារនេះក៏ដោយ។
នាយឆើត មិនចង់បានត្រឹមតែជំនួយផ្នែកហិរញ្ញវត្ថុនោះទេ តែអ្វីដែលលោកចង់បាន គឺឱកាសការងារក្នុងវិស័យសិល្បៈ ដើម្បីឱ្យលោកអាចប្រើប្រាស់សមត្ថភាពនិងបទពិសោធន៍ដែលមាន បន្តទៀត។ យ៉ាងណា លោកមានអារម្មណ៍ថា ក្នុងនាមជាសិល្បករជើងចាស់ បើលោកលើកដៃសុំជំនួយពីសិល្បករ ឬស្ថាប័នណាមួយឡើយ លោកពិតជាមានការអៀនខ្មាសខ្លាំងណាស់ លោកមិនអាចធ្វើទៅរួចទេ ។ ប៉ុន្តែប្រសិនបើមានអ្នកផ្តល់ឱកាសការងារ ឬហៅលោកទៅសម្តែង លោកនឹងខិតខំបំពេញការងារឱ្យបានល្អ តាមការណែនាំរបស់អ្នកដឹកនាំរឿង ហើយលោកនៅតែសង្ឃឹមថា អ្នកសិល្បៈជំនាន់ថ្មី អ្នកដឹកនាំរឿង ផលិតករ និងសមាគមពាក់ព័ន្ធ នឹងជួយយកចិត្តទុកដាក់ដល់សិល្បករជើងចាស់ ដែលបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការបម្រើសិល្បៈខ្មែរ។
លោក ពៅ គីសាន់ បានបញ្ជាក់សង្កត់ធ្ងន់លើចំណុចនេះថា សូមឱ្យមានការគាំទ្រនិងលើកស្ទួយសិល្បករខ្មែរ ទាំងចាស់ និងក្មេង ទាំងអស់គ្នា ។ ក្នុងនោះ សម្រាប់សិល្បករជើងចាស់ ការគាំទ្រដ៏មានតម្លៃមួយ គឺការផ្តល់ឱកាសឱ្យពួកគាត់ធ្វើការងារ និងបង្ហាញសមត្ថភាព ជាជាងការអាណិតតែប៉ុណ្ណោះ។ លោកជឿថា ប្រសិនបើអ្នកដឹកនាំរឿង និងផលិតករ ផ្តល់តួនាទីសមស្របដល់សិល្បករជើងចាស់ ពួកគាត់អាចយកបទពិសោធន៍ជាច្រើនឆ្នាំ មកបង្កើតជាតម្លៃសម្រាប់ស្នាដៃសិល្បៈខ្មែរ។ ជាពិសេស សម្រាប់លោកផ្ទាល់ ទោះបីជាកំពុងប្រឈមនឹងការខ្វះខាតការងារ និងបញ្ហាជីវភាពក៏ដោយ ក៏នៅតែមានសេចក្តីស្រឡាញ់ចំពោះសិល្បៈ។ លោកមិនចង់បោះបង់អាជីពដែលលោកបានស្រឡាញ់ អស់រយៈពេលជាច្រើនទសវត្សរ៍នោះទេ ហើយនៅតែសង្ឃឹមថា នឹងមានឱកាសបានត្រឡប់មកធ្វើការសិល្បៈ និងបន្តចែករំលែកបទពិសោធន៍ដល់អ្នកជំនាន់ក្រោយ។ អ្វីដែលលោកត្រូវការ នាពេលនេះ គឺការយកចិត្តទុកដាក់ ការលើកទឹកចិត្ត និងឱកាសការងារ ដើម្បីឱ្យសមត្ថភាពរបស់លោក នៅតែមានប្រយោជន៍សម្រាប់វិស័យសិល្បៈខ្មែរ។

ជាសារចុងបញ្ចប់ នាយឆើត បានផ្តាំផ្ញើទៅកាន់បងប្អូនអ្នកសិល្បៈ និងអ្នកដែលស្រឡាញ់សិល្បៈទាំងអស់ ឱ្យចេះស្រឡាញ់ ថែរក្សា និងលើកស្ទួយសិល្បៈ វប្បធម៌ខ្មែរ។ ជាមួយនេះ លោកក៏អំពាវនាវឱ្យបងប្អូនទាំងអស់ ជួយគាំទ្រសិល្បករខ្មែរ គ្រប់រូប ដើម្បីឱ្យពួកគេមានការងារធ្វើ មានឱកាសបង្ហាញសមត្ថភាព និងអាចបន្តរស់នៅជា មួយអាជីពសិល្បៈរបស់ខ្លួនបាន។ ជាពិសេស កុំបំភ្លេចសិល្បករជើងចាស់ ព្រោះពួកគាត់បានចំណាយកម្លាំងកាយចិត្ត និងពេលវេលាជាច្រើនឆ្នាំ ដើម្បីបម្រើនិងរក្សាសិល្បៈខ្មែរ។ ដូច្នេះការផ្តល់ការគាំទ្រ ការគោរព និងឱកាសការងារដល់ពួកគាត់ គឺជារឿងដែលគួរឱ្យយកចិត្តទុកដាក់ ៕ កុលបុត្រ