Homeតារាខ្មែរមាន សូនីតា ប្រឡងបវរកញ្ញាអន្ដរជាតិ

មាន សូនីតា ប្រឡងបវរកញ្ញាអន្ដរជាតិ

ភ្នំពេញ ៖ មាន សូនីតា បានឈាន ១ជំហានទៀត នោះគឺចូលប្រឡងបវរកញ្ញា​ ស្ដ្រីសកល (Universal Women) ដែលម្ចាស់កម្មវិធីប្រកាសបេក្ខភាពរូបនាងជាផ្លូវការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ នៅក្នុងសេចក្ដីប្រកាសរបស់​ Universal Women បានឲ្យដឹងថា ការបោះឆ្នោត (vote) ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា (បិទបញ្ចប់នៅម៉ោង៥ៈ០០ល្ងាច ម៉ោងនៅកម្ពុជា) ហើយមាន សូនីតា ជាតំណាងកម្ពុជា (Universal Women Cambodia) ហេតុនេះ ការ Vote គាំទ្រសូនីតា គឺដើម្បីឲ្យនាងមានឱកាសឈានចូលទៅក្នុងវគ្គ Top 15 ។

មាន សូនីតា នឹងប្រឈមប្រកួតប្រជែងជាមួយបេក្ខភាពបវរកញ្ញាតំណាងប្រទេសជាច្រើនទៀត ចូលរួមក្នុង Universal Women ដែលក្រុមហ៊ុនខាងលើ ប្រកាសនៅថ្ងៃតែមួយជាមួយនាង ដូចជា បវរកញ្ញាតំណាងមកពីប្រទេស Great Britain, Mexico, Canada , Dominican Republic, Kazakhstan, Brazil, South Africa, Portugal, Costa Rica, Kenya, Netherlands, Estonia, Malaysia, United States, Zambia, Czech Republic, Colombia, Rwanda, India, Denmark, Nigeria, Bolivia, Indonesia, Chile, Belgium, Cuba, Ecuador, Sierra Leone, Sri Lanka, Colombia,Venezuela,  Puerto Rico, Philippine, Italy …។

 នេះជាលើកទី២​សម្រាប់ស្រីស្រស់ មាន សូនីតា ដែលឈានជើងចូលប្រកួតក្នុងវិស័យសម្រស់ ព្រោះនាងក៏ជាអតីត Freshie 2009 ដែរ តែលើកនេះ ជាការប្រកួតលក្ខ ណៈអន្ដរជាតិ ហេតុនេះហើយ ទាមទារឲ្យនាងមានការប្រឹងប្រែងនិងត្រៀមខ្លូនឲ្យបានល្អបំផុត​ ទើបអាចទៅរួច ។ ចំណែកមហាជន ពិតជាមានការភ្ញាក់ផ្អើល ព្រោះគេឃើញតែសូនីតា ចេញទៅដើរលេងកម្សាន្ដនៅក្រៅស្រុក ជាបន្ដបន្ទាប់ ពោលគឺនៅក្រៅស្រុក ច្រើនជាងក្នុងស្រុក ស្រាប់តែឥឡូវ បែរជាមានពេលប្រឡងបវរកញ្ញាអន្ដរជាតិ ទៅវិញ។​ មានការចាប់អារម្មណ៍ផងដែរថា មួយរយៈចុងក្រោយនេះ សូនីតា ហាក់ប្រែងថែរាង សម្រកគីឡូ រហូតមានអ្នកខ្លះសង្ស័យនាងត្រៀមចូលរោងការទៀតផង ។ ប៉ុន្ដែតាមពិតនាងមិនទាន់ត្រៀមខ្លួនធ្វើជាកូនក្រមុំមែនទែនទេ តែជាការចេញមុខប្រកួតវេទិការអន្ដរជាតិដ៨ធំ ហើយប្រសិនបើនាងជាប់​ Top ខ្ពស់ណាមួយនោះ ប្រាកដជាធ្វើឲ្យនាងល្បីថែមទៀតជាមិនខាន ។

 គួរបញ្ជាក់ថា មុនពេលមាន សូនីតា ចូលប្រកួត Universal Women នាងធ្លាប់អង្គុយកៅអីជាគណៈកម្មការ​ (Judge) ក្នុងកម្មវិធី The Amazing Star របស់ហង្សមាស កាលពីចុងឆ្នាំ២០២៥ ឥឡូវរំលងបានជិត ១ឆ្នាំ នាងចូលប្រឡងខ្លួនឯងវិញម្ដង ។ ការចេញប្រកួតសម្រស់ របស់សូនីតា នាពេលនេះ បញ្ជាក់ថា អាយុមិនមែនជាបញ្ហាទេ ព្រោះឆ្នាំនេះ ស្រីស្អាតរូបនេះ វ័យ៣៦ឆ្នាំទៅហើយ តែនាងនៅតែអាចប្រកួតសម្រស់ ជាមួយបវរកញ្ញាអន្ដរជាតិបាន ។          

មាន សូនីតា ប្រឡូកសិល្បៈ រយៈពេល ១៧ឆ្នាំ មកហើយ និងទើបតែមានភាពក្លាហានបង្ហាញមុខគូស្នេហ៍ ជាសាធារណៈ កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ ដែលការលេង ១ក្បាច់ របស់នាងបែបនេះ នាំឲ្យស្រីស្រស់ អាចបន្សាបដំណឹងថា នាងពិបាកគេចអន្ទាក់ស្នេហ៍មន្រ្ដីគយ វ័យចំណាស់ម្នាក់ និងធ្វើឲ្យស្រីៗដែលតាមស្រលាញ់ ញ៉ែនាងខ្លះ ដកថយវិញ ។ ប៉ុន្ដែសូនីតា មិនទាន់កំណត់ថ្ងៃរៀបការជាមួយសង្សារឡើយ ៕

RELATED ARTICLES