ខេត្តសៀមរាប ៖ យុវជនម្នាក់ ទើបនឹងរៀនចប់ថ្នាក់មហាវិទ្យាល័យ កំពុងត្រៀមខ្លួនទទួលសញ្ញាបត្រ បែរជាជួបរឿងអកុសល កើតជំងឺគ្រុនឈាម បណ្តាលឱ្យបាត់បង់ជីវិតចោលក្រុមគ្រួសារ និងសង្សារជាទីស្រលាញ់ លុះដល់ថ្ងៃបុណ្យសព នារីជាសង្សារបានរៀបចំស្លៀកពាក់ឯកសណ្ឋាន ទទួលសញ្ញាបត្រ ជាមួយរូបម៉ាឡាកាំង (តំណាងសង្សារ) ថតរូបជុំគ្នា ជាលើកចុងក្រោយ ទាំងអាល័យអាឡោះ បេះដូងធ្លុះធ្លាយ ស្ទើរប្រេះឱរា។

យុវជនអភ័ព្វ មានឈ្មោះ ឡា កក្កដា អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន១ នៅខេត្តសៀមរាប មានលំនៅ ភូមិកប្តៀក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ យុវជនរូបនេះ ជានិស្សិតទើបនឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា នៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប ដែលពិធីទទួលសញ្ញាបត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ តែអកុសល មិនទាន់ដល់ថ្ងៃទទួលសញ្ញាបត្រផង ស្រាប់តែយុវជនខាងលើ ទទួល មរណភាពកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារជំងឺគ្រុនឈាម។

នារីជាសង្សាររបស់យុវជន ឡា កក្កដា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហោះរូបថតចំនួន៣សន្លឹក តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន បង្ហាញទិដ្ឋភាពឈរថតរូបក្បែររូបម៉ាឡាកាំង តំណាងគូសង្សារដែលបាត់បង់ជីវិត ក្នុងពិធីបុណ្យសព ដោយគ្រងឯកសណ្ឋានទទួលសញ្ញាបត្រ ទាំង២នាក់ ភ្ជាប់ជាមួយសំណេរថា “អូនមានអារម្មណ៍ថា ថតចឹងមិនសូវស្អាតសោះ”។
ចំណែកមិត្តភក្តិរបស់យុវជន ឡា កក្កដា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហោះឃ្លីបវីដេអូ បង្ហាញពីទិដ្ឋភាពថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ មកពីសាកលវិទ្យាល័យ បៀលប្រាយ (BBU) បានមកចូលរួមពិធីបុណ្យសពយុវជន ឡា កក្កដា ដោយបាននាំមកជាមួយនូវសញ្ញាបត្រ ឯកសណ្ឋានទទួលសញ្ញាបត្រ ប្រគល់ជូនម្តាយរបស់សព បញ្ជាក់ពីស្នាដៃនិងការខិតខំប្រឹងប្រែងរៀនសូត្ររបស់កូនប្រុស រយៈពេល៤ឆ្នាំ រហូតបញ្ចប់ការសិក្សា ដោយជោគជ័យ ដោយរង់ចាំតែថ្ងៃទទួលសញ្ញាបត្រ ដែលនឹងមកដល់នៅខែក្រោយនេះប៉ុណ្ណោះ តែអកុសល យុវជន ឡា កក្កដា គ្មានឱកាសបានទទួលសញ្ញាបត្រ ដែលជាសមិទ្ធផលកើតចេញពីសមត្ថភាព និងការប្រឹងប្រែងរបស់ខ្លួននោះឡើយ។

មិតភក្តិរបស់សពយុវជន ឡា កក្កដា បានរំលេចសារថា “សំឡេឈឺចាប់របស់អ្នកម្តាយ ចំពោះកូន កូនមិនមែនត្រូវមកយក (ទទួលសញ្ញាបត្រ) ក្នុងទិដ្ឋភាពបែបនេះនោះទេ ទោះអ្នកម្តាយត្រឹមជាកសិករ មិនមានជីវភាពធូរធារដូចគេ តែម្តាយ នៅតែឱ្យឱកាសកូនទៅរៀនថ្នាក់បរិញ្ញាបត្រ តស៊ូរហូតរៀនចប់ រង់ចាំតែថ្ងៃឡើងទទួលសញ្ញាបត្រផ្លូវការ ពាក់អាវ ពាក់មួកប្រកបដោយកិត្តិយស នៅថ្ងៃទី២៥ ខែក្រោយនេះ តែពេលនេះ ប្អូនឡា កក្កដា មិនអាចមានថ្ងៃនោះ បានត្រឹមឱ្យអ្នកម្តាយ ទួញសោកយំ ទទួលយកជំនួស។ បងសរសេរទាំងទឹកភ្នែកហូរ អាណិតអាសូរមនុស្សល្អដូចជាប្អូនណាស់…”។
តាមរយៈវីដេអូខាងលើ ស្ត្រីជាម្តាយរបស់យុវជន ឡា កក្កដា ក្រោយពីបានទទួលសញ្ញាបត្រកូនប្រុស ដល់ដៃហើយ បានរំជួលចិត្ត ស្រែកទ្រហោយំបោកខ្លួន រហូតដល់សន្លប់។ លុះក្រោយពីសម្រួលអារម្មណ៍បានខ្លះមកវិញ ស្ត្រីជាម្តាយ បានអុជធូប និយាយទៅកាន់ព្រលឹងកូនប្រុសថា “កូនអើយកូន! លោកគ្រូ យកសញ្ញាបត្រមកឱ្យកូនហើយ កូនមកទទួលយកសញ្ញាបត្រ ណាកូន…”។

ដោយឡែក កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នារីជាសង្សាររបស់យុវជន ឡា កក្កដា បានបង្ហោះរូបថតនាង ជាមួយយុវជនដែលស្លាប់ខាងលើ ភ្ជាប់ជាមួយសំណេរថា “បងហា បងថាខែ១០ ទទួលសញ្ញាបត្រជាមួយគ្នារួច បងចូលសួរអូនហ៎ ម៉េចទៅចោលអូនចឹង? អូនរាប់ថ្ងៃរាប់ខែ រង់ចាំបង ទាំងក្តីរំភើប ម៉េចបងកុហកអូន? បងហា អូនមិនខឹងបងទេ តែអូនគ្រាន់តែទទួលយកមិនទាន់បាន ព្រោះលឿនខ្លាំងពេក បងទៅបានសុខណាបងណា! បងជាមនុស្សល្អ មានជាតិក្រោយ យើងជួបគ្នាទៀត ហើយក្លាយជាប្តីប្រពន្ធនឹងគ្នា មិនដូចជាតិនេះ ត្រឹមតែជាសង្សារ ស្គាល់បង ៣ឆ្នាំនេះ ជីវិតអូនមានន័យណាស់…”។
នារីជាសង្សា បានសរសេរបន្ថែមនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថា “បងថា បងនឹងផុសរូបយើង ក្នុងផេក នៅថ្ងៃយើងភ្ជាប់ពាក្យនុះបង នៅតែបន្តិចទៀតសោះ ម៉េចបងធ្វើមិនបាន? តស៊ូជាមួយគ្នា យូរណាស់ហើយ ក្តីស្រមៃចង់រៀបការជាមួយគ្នា តែពេលជិតបានសម្រេច បងបែរជាទៅចោលអូនបាត់។ ជាតិក្រោយ យើងជួបគ្នាទៀតណាបងណា! យើងសាងគ្រួសារជាមួយគ្នាណាបង! ពួកយើងស្រឡាញ់គ្នាខ្លាំងណាស់ តែទេវតា ចិត្តអាក្រក់ចំពោះពួកយើង។ បងហា៎ អូននៅតែមិនជឿថា ពួកយើងព្រាត់គ្នាបែបនេះ តើបានអ្នកណាជួយណែនាំអូន ជូនអូនដើរលេង ញ៉ាំអី? បានអ្នកណាថតរូបស្អាតៗឱ្យអូន ហា៎បង? ពេលនេះ អូនស្រាលខ្លួនខ្លាំងណាស់…”។

គួរបញ្ជាក់ថា យុវជន ឡា កក្កដា ជាកូនច្បង ក្នុងចំណោម បងប្អូន ៣នាក់ មានឪពុកឈ្មោះជ័យ ឡា ម្តាយឈ្មោះ ពាញ ជាន និងមានលំនៅ ភូមិកប្តៀក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្រៅពីជាបុគ្គលិកក្រុមហ៊ុនឯកជន មួយកន្លែង នៅក្នុងស្រុកពួក ខេត្តសៀម រាប យុវជន ឡា កក្កដា ជាមនុស្សម្នាក់ ដែលចូលថតរូប ថតវីដអូស្អាតៗ អំពីខេត្តសៀមរាប ក្នុងគោលបំណងជួយលើកស្ទួយវិស័យទេសចរណ៍ ខេត្តសៀមរាប។ ក្នុងនាមជានិស្សិត យុវជន ឡា កក្កដា ទើបបញ្ចប់ការសិក្សា ផ្នែកបរិញ្ញា បត្រ ក្នុងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា នៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប។ អកុសល នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦ យុវជនរូបនេះ បានទទួលមរណភាពដោយសារជំងឺគ្រុនឈាម ចាកចោលក្រុមគ្រួសារ និងសង្សារជាទីស្រលាញ់ គ្មានថ្ងៃត្រឡប់។

សាច់ញាតិជនរងគ្រោះ បានដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺគ្រុនឈាម ដើម្បីចៀសវាងគ្រោះថ្នាក់ដល់ជីវិត ដូចករណីយុវជនខាងលើនេះ ដែលកើជំងឺគ្រុនឈាម ដេកពេទ្យតែ៣ថ្ងៃប៉ុណ្ណោះ បានបាត់បង់ជីវិត យ៉ាងគួរឲ្យសោកស្តាយបំផុត៕ ដារិទ្ធ