ភ្នំពេញ ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាមហាសេដ្ឋីអចលនទ្រព្យវ័យក្មេងល្បីឈ្មោះ បានប្រឈមនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ រហូតឈានដល់ប្រកាសក្ស័យធន មិនអាចបញ្ចប់គម្រោងសាងសង់ផ្ទះ និងទូទាត់សងប្រាក់ឱ្យអតិថិជនវិញបានតាមកិច្ចសន្យា។

នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសប្រមូលទ្រព្យសម្បត្តិរបស់ខ្លួនរួមទាំងបងប្អូនបង្កើតទាំងអស់ រាប់ទាំងដីផ្នូរម្ដាយ ឬកង់ ម៉ូតូ ឡានប្រគល់ជូនក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ចាត់ចែងតាមច្បាប់ និងសុំព្រះមហាក្សត្រ បញ្ចប់គោរមងារឧកញ៉ា បងប្អូនមួយពូជ របស់លោក ហើយលោកក៏ព្រមទទួលទោសគ្រប់យ៉ាង មិនថាដល់ថ្នាក់ប្រហារជីត តែលោកសុំសន្ដោសពីរាជរដ្ឋាភិបាល លើកលែងដល់ប្រពន្ធ និងកូន របស់លោក ដែលពួកគេមិនជាប់ពាក់ព័ន្ធនឹងទោសកំហុសនោះទេ ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើល នៅលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រលប់ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមជម្រាបជូនពុកម៉ែ បងប្អូន ឲ្យបានជ្រាប។ ដោយសារគម្រោង 6A នៅមិនអាចបញ្ចប់បាន សំណូមពរទៅរាជរដ្ឋាភិបាល និងបងប្អូនជនរួមជាតិទាំងអស់ ដោយឈរលើភាពទទួលខុសត្រូវ និងស្មោះត្រង់ គោរពច្បាប់កម្ពុជា បងប្អូនមួយពូជ របស់ខ្ញុំ ទ្រព្យគ្រប់សព្វទាំងអស់ ដោយរាប់បញ្ចូល មិនថាដីផ្នូរម្ដាយ ឬកង់ ម៉ូតូ ឡាន ប្រគល់ជូនក្រសួងដែនដី ចាត់ចែង និងសូមទៅព្រះមហាក្សត្រ បញ្ចប់គោរមងារ។

បងប្អូនមួយពូជ របស់ខ្ញុំ មានឈ្មោះដូចខាងក្រោម :
-អ្នកឧកញ៉ា ឡេង ប្រុស
-អ្នកឧកញ៉ា ឡេង ណាវ៉ាតត្រា
-ឧកញ៉ា ឡេង និមល
-ឧកញ៉ា ឡេង បញ្ចពណ៌
-ឧកញ៉ា សុន តារ៉ាវុធ
ដែលមានក្នុងឈ្មោះក្រសួង។

បញ្ហាគម្រោង 6A នេះ ជាគម្រោងដែលផុងជ្រៅ ខ្ញុំបាទបានលក់ ចំណូលទឹកលុយសរុប (185លានដុល្លារ) តែខ្ញុំបាទបានចំណាយទៅលើគម្រោងនេះ សរុបទាំងអស់ មកដល់ពេលនេះ (221លានដុល្លារ) ដោយមិនរាប់បញ្ចូលក្រសួង ដោះស្រាយបន្តបច្ចុប្បន្ន។
បច្ចុប្បន្ន ទិន្នន័យនៅក្រសួង តែតាមបានដំណឹង ព្រោះមិនច្បាស់ 100% ប្រហែល (20 ទៅ 30លានដុល្លារ) ទៀត ទើបបានបញ្ចប់បាន។
ដល់ដំណាក់កាលនេះ ជាដំណាក់កាលត្រូវវះកាត់ ដើម្បីបង្ហាញការទទួលខុសត្រូវជាមួយជាតិកម្ពុជា ខ្ញុំបាទសូមទទួលទោស ទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
តែសុំសន្តោសប្រណីពីរាជរដ្ឋាភិបាលកម្ពុជា និងពុកម៉ែបងប្អូនទូទាំងប្រទេស កុំឱ្យប្រពន្ធមានទោស និងឱ្យកូន បានរៀនចប់ចុងចប់ដើម ទៅថ្ងៃក្រោយ គាត់រស់តាមសម្មាជីវោចុះ។
ហើយដើម្បីជាថ្នូរនឹងការស្នើសុំនេះ ពុកម៉ែ បងប្អូន ទូទាំងប្រទេស អាចបន្ថែមទោសខ្ញុំ ប្រហារជីវិតតែម្ដង ។
បើនិយាយអំពីកំហុស ខ្ញុំមានកំហុសពីរ ដើម្បីឲ្យកូនបានដឹង នៅពេលគាត់ធំដឹងក្ដី ៖

1. គម្រោងយឺតយ៉ាវ
2. ជំពាក់បំណុល ។
ដើម្បីកុំអសោចដល់ជំនាន់កូន ប្រាប់កូនឲ្យបានដឹងច្បាស់ ពីកំហុសរបស់ឪពុក។
បើនិយាយពីសមធម៌ និងគុណធម៌ ខ្ញុំលក់ផ្ទះ មិនបានចំណេញ ថែមទាំងខាត ប្រៀបដូចជាអ្នកម៉ៅការ ខាតចុងខាតដើម (ឡុងចុង)។
សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា និងពុកម៉ែ បងប្អូនកម្ពុជា ជ្រាប នឹងបានស្ងប់ចិត្ត។
ចំពោះដីធ្លីនិងទ្រព្យសម្បត្តិ មានដីទាំងខេត្ត នៅក្នុងក្រុង ទាំងជំពាក់វាក់វិនច្រើនពាន់ហិកតារដែរ តែដីនិងគម្រោងទាំងនោះ បច្ចុប្បន្នវាមិនមានតម្លៃគ្រប់គ្រាន់ក្នុងការទូទាត់បំណុល និងបញ្ចប់គម្រោង។

ខ្ញុំបាទស្របតាមការសម្រេចចិត្តរបស់ក្រសួង ចាត់ចែងទាំងស្រុង មិនថាដីផ្នូរម្ដាយ ឬកង់ ម៉ូតូ ឡាន។
ដើម្បីបង្ហាញពីជំហរទទួលខុសត្រូវ ក្នុងនាមជនជាតិកម្ពុជា ម្នាក់ សូមក្រសួង ធ្វើការចាត់ចែងនិងវះកាត់ ដើម្បីបញ្ចប់តាមសុភវិនិច្ឆ័យរបស់ក្រសួងចុះ។
សូមគោរពអរគុណពុកម៉ែ បងប្អូនកម្ពុជា ទាំងអស់!
សរុបរួម ខ្ញុំបាទ សហការជាមួយក្រសួង 100% បង្កើតស៊ើបអង្កេត ដូចស្មោះត្រង់ ប្រគល់ជូនដោយស្មោះត្រង់“ ។

គួរបញ្ជាក់ថា ការប្រកាសក្ស័យធន របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ខាងលើនេះ បានធ្វើឡើងក្រោយពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានធ្វើលិខិតជម្រាបមកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មនិងសំណង់ សំណើសុំបញ្ជីសម្រង់បញ្ជាក់អចលនវត្ថុទាំងឡាយ ដែលជាកម្មសិទ្ធិក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក, ឈ្មោះ ឡេង ភត្រា (ឡេង ណាវ៉ាត្រា) និងភាគីពាក់ព័ន្ធមួយចំនួនទៀត ។
លិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ចុះថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានជម្រាបជូនលោកប្រធានមន្ទីរ ថា ឈរលើស្មារតីបុរេសកម្ម និងជំហរនៃការដោះស្រាយជូនប្រជាពលរដ្ឋ នៅក្នុងស្ថានភាពនេះ ក្រសួង ដ.ន.ស. សម្រេចចូលខ្លួនជាអ្នកដឹកនាំលើការងារសាងសង់បញ្ចប់គម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A និងតម្រោងជ្រែ១០០ មានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង និងភូមិជ្រៃ១០០ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ទន្ទឹមនេះ ដើម្បីឱ្យក្រុមការងារក្រសួង ទទួលបាននូវមូលដ្ឋានទិន្នន័យនិងព័ត៌មានគ្រប់គ្រាន់ ក្នុងការពិនិត្យនិងដោះស្រាយបន្តពាក់ព័ន្ធករណីនេះ សូមលោកប្រធានមន្ទីរ ពិនិត្យ ស្រាវជ្រាវ និងបង្កករាល់អចលនទ្រព្យទាំងអស់ និងផ្តល់ព័ត៌មានអត្តសញ្ញាណ រៀបចំបញ្ជីសម្រង់បញ្ជាក់អចលនវត្ថុទាំងអស់ (រួមមាន ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ, វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ) ដែលជាកម្មសិទ្ធិក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក, ឈ្មោះ ឡេង ភត្រា និងភាគីពាក់ព័ន្ធមួយចំនួនទៀត ដែលមានអត្តសញ្ញាណដូចខាងក្រោម ៖

១. ក្រុមហ៊ុន ឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក (GALAXY NAVATRA GROUP CO., LTD)
២. លោក ឡេង ភត្រា ថ្ងៃខែឆ្នាំកំណើត ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៥ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ011156062 (01)
៣. លោកស្រី ឈីន ស្រីម៉ាច ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៩០ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ 011223593 (01)
៤. លោកស្រី ឡេង បញ្ចពណ៌ ថ្ងៃខែឆ្នាំកំណើត ៖ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៦ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ 050821206
៥. លោក ឡេង ប្រុស ថ្ងៃខែឆ្នាំកំណើត ៖ ថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៨៤ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ 011335440
៦. លោកស្រី វ៉ន សុមេត្តា ថ្ងៃខែឆ្នាំកំណើត ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៨៤ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ 021194056 (01)
៧. លោក ឡេង និមល ថ្ងៃខែឆ្នាំកំណើត ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៨៦ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ 031010349
៨. លោក សុន ដារ៉ាវុធ ថ្ងៃខែឆ្នាំកំណើត ៖ ថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៩៦ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ 090516370
៩. លោកស្រី ម៉េង ស៊ីដេន ថ្ងៃខែឆ្នាំកំណើត ៖ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៩៥ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ 050821207 (01)
និងធ្វើរបាយការណ៍ជូនក្រសួង ឱ្យបានមុនថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីក្រសួងមានមូលដ្ឋានក្នុងការអនុវត្តនីតិវិធីបន្តជាធរមាន»។

គួរកត់សម្គាល់ដែរថា ក្រោយពេលដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក្ស័យធន និងស្នើព្រះមហាក្សត្រ បញ្ចប់គោរមងារ “ឧកញ៉ា” មួយពូជ ដូចខាងលើនេះ បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើន ទាំងមជ្ឈដ្ឋាននយោបាយ អ្នកវិភាគ តាមដាន បណ្ឌិត បញ្ញវន្ត និងក្រុមប្រឆាំង នៅក្រៅប្រទេស បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង និងបានលើកឡើងនូវមតិយោបល់ផ្សេងៗគ្នា។ ប៉ុន្តែជាចំណុចរួម មជ្ឈដ្ឋានទាំងអស់ គាំទ្រឲ្យដោះស្រាយសំណងជូនពលរដ្ឋរងគ្រោះដោយសារទិញដីនិងផ្ទះខ្យល់ នៅគម្រោងផ្លូវជាតិលេខ ៦A និងគម្រោងផ្សេង ទៀត របស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលកំពុងបន្តតវ៉ាទាមទារយុត្តិធម៌ ៕