ភ្នំពេញ ៖ ស្រីស្រស់ តន់ ច័ន្ទសីម៉ា បានចេញសារជាបន្ដបន្ទាប់ តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយថៅកែផលិតកម្ម Galaxy របស់នាង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក្ស័យធន ដោយប្រមូលទ្រព្យសម្បត្តិទាំងអស់ ប្រគល់ជូនរដ្ឋ ដើម្បីដោះស្រាយគម្រោងផ្ទះ ៦A សុំបញ្ចប់គោរមងារឧកញ៉ា និងទទួលទោសតាមច្បាប់។

ច័ន្ទសីម៉ា ចាត់ទុកថាសកម្មភាពរបស់ថៅកែនាង ជាឆន្ទៈ ស្មារតី និងគុណធម៌ ហើយនាងឆ្លើយតបចំពោះអ្នករិះគន់លើខ្លួន ដែលចាត់ទុករូបនាងជាតារាសកម្មការពារថៅកែ ជាងរាំច្រៀងនោះថា «អ្នកទាំងអស់គ្នា អាចមិនចូលចិត្តខ្ញុំ តែផឹកទឹក ឲ្យដឹងដល់ប្រភព ជ្រកម្លប់ ឲ្យដឹងអ្នកដាំ»។

សាររបស់ តន់ ច័ន្ទសីម៉ា បែបនេះ ធ្វើឲ្យមានអ្នករិះគន់លើសដើម ព្រោះអ្នកមិនពេញចិត្តនាង ចាត់ទុកថា ច័ន្ទសីម៉ា ដឹងខុសត្រូវទាំងអស់ តែដោយសារនាងល្បីឈ្មោះព្រោះថៅកែជួយ ហេតុនេះហើយ បានជានាងមិនខ្លាចប៉ះពាល់អាជីព គិតតែពីកាន់ជើងមេ។

តន់ ច័ន្ទសីម៉ា សរសេរបន្ថែមថា «កើតមក គ្មានយកអីមកតាមទេ យើងចែករំលែករស់ជាមួយគ្នា។ស្លាប់ក៏គ្មានយកអីទៅតាមដែរ»។

ក្រៅពី តន់ ច័ន្ទសីម៉ា តារា Galaxy ល្បីៗមួយចំនួនទៀត បានបញ្ចេញយោបល់ផ្សេងៗគ្នា ទាក់ទងថៅកែខ្លួន ក្ស័យធន គម្រោងបុរី ៦A ដូចជាលោក ខេមរៈ សិរីមន្ដ ថ្លែងសារនៅលើបណ្ដាញសង្គមថា នៅតែជឿជាក់លើថៅកែលោក ជាមនុស្សល្អ និងថា ធនធានមនុស្សដូចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កម្ររកបាន និងអង្វរឲ្យអតិថិជនរបស់ថៅកែ ទុកពេលឲ្យលោកដោះស្រាយ ព្រោះលោកយល់ថា បញ្ហាសេដ្ឋកិច្ចពិភពលោក សង្រ្គាមពិភពលោក សង្រ្គាមព្រំដែនខ្មែរ-ថៃ ហើយថៅកែលោក លក់ផ្ទះធូរថ្លៃ ចៀសមិនផុតពីបញ្ហាខាងលើនោះទេ ។ សម្រាប់លោក ខេម ថាទោះជាយ៉ាងណា លោកឡេង ណាវ៉ាត្រា នៅតែជាមេ និងបងប្អូនល្អរបស់លោក ពេញមួយជីវិត ។ រីឯលោក ខាន់ ជេមស៍ មិនបាននិយាយអ្វីទាំងអស់ ពីបញ្ហាមេរបស់លោក គ្រាន់តែ Share សំណេរថៅកែ ដោយប្រើស្ទីកកឺរសំពះ និងយំ។ ចំណែកលោកព្រាប សុវត្ថិ មិននិយាយអ្វីទាំងអស់ កាលពីថ្ងៃទី៩ ខែកញ្ញា ពាក់ព័ន្ធថៅកែលោក កំពុងតែជួបបញ្ហាធំ នាពេលនេះ។

តន់ ច័ន្ទសីម៉ា ធ្លាប់ជាមុខសញ្ញានៃការិះគន់របស់អ្នកលេងបណ្ដាញសង្គម តាំងពីឆ្នាំ២០២២ ដែលនាងតែងតែចេញការពារថៅកែ ជាបន្ដបន្ទាប់ រហូតមានអ្នកខ្លះ ព្រមានធ្វើពហិការបទចម្រៀងនាងទៀតផង ។ ប៉ុន្ដែរយៈពេលចុងក្រោយនេះ នាងមិនសូវរវល់ការការចេញសារការពារថៅកែទៀតទេ ដោយមមាញឹកលក់ផលិតផល Online ទើបធ្វើឲ្យអ្នកមិនចូលចិត្តនាង បានរំសាយចិត្តវិញខ្លះ។ ប៉ុន្តែនៅពេលថៅកែ ប្រកាសគាំងគម្រោង ៦A ទើបច័ន្ទសីម៉ា មិនអាចឈរនៅស្ងៀមទៀតបានទេ គឺត្រូវឈរជាមួយថៅកែ ព្រោះជាង៧ឆ្នាំ ដែលនាងជ្រកនៅ Galaxy នាងផ្លាស់ប្ដូរជីវភាពសឹងតែទាំងស្រុង ។ ច័ន្ទសីម៉ា ដែលមុនចូល Galaxy នាងច្រៀងនៅហាងវីហ្រ្វេន ១ខែ បានត្រឹមតែ ៤៥០ដុល្លារ តែពេលឡើងកូដនៅ Galaxy នាងច្រៀង១កម្មវិធី ស៊ីថ្លៃ ៥០០០ដុល្លារ ។ ច័ន្ទសីម៉ា ដែលធ្លាប់រស់នៅបន្ទប់ជួល ក្បែរស្ដុប DN តម្លៃ៦០ដុល្លារ ក្នុង១ខែ និងជិះម៉ូតូ ទៅច្រៀង ឥឡូវនាងមានផ្ទះប្រណិត និងជិះរថយន្ដថ្លៃៗ ជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលក្នុងវ័យ២៨ឆ្នាំ នាងឈរក្នុងលំដាប់តារាស្រីវ័យក្មេងជូរមុខគេ នាពេលបច្ចុប្បន្ន។ អ្វីដែលសឹងតែមិនគួរឲ្យជឿ លោកឡេង ណាវ៉ាត្រា ទិញតារាប្រុសល្បីៗ លំដាប់ជូរមុខដូចជា ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងខេម ជាដើម ឲ្យមកផ្ដុំគ្នាជ្រកនៅ Galaxy តែលោកបែរជាមិនទិញតារាស្រីជើងខ្លាំងរូបណា មកប្រជែងច័ន្ទសីម៉ា ទើបធ្វើឲ្យតារាប្រុសជូរមុខ ទាំងអស់របស់ផលិតកម្មមួយនេះ គ្មានជម្រើសអ្វីក្រៅពីបន្ដចាប់ដៃជាមួយច័ន្ទសីម៉ា ឡើយ ។

តារាជើងចាស់ម្នាក់ (សុំមិនបញ្ចេញឈ្មោះ) ប្រាប់ «នគរធំ» ថា តន់ ច័ន្ទសីម៉ា ល្បីឈ្មោះនៅ Galaxy នាងបានប្រយោជន៍ដោយសារថៅកែផលិតកម្មដែរ អ៊ីចឹងបើមិនឲ្យនាងកាន់ជើង ការពារថៅកែ តើឲ្យទៅការពារអ្នកណាទៅ ?

មហាជនរង់ចាំមើលថា តន់ ច័ន្ទសីម៉ា អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ និងជាអតីតគ្រូបង្វឹក (Coach) Cambo Rapper រដូវកាលទី១ នៅតែមានបទចម្រៀងល្បីៗចេញដិតដល់លើទីផ្សារទៀត ឬយ៉ាងណា បន្ទាប់ពីថៅកែក្រុមហ៊ុននាង ជួបបញ្ហាធំបែបនេះ ? …៕