Homeតារាខ្មែរណាន ណាន ចង់ជ្រកនៅហង្សមាស

ណាន ណាន ចង់ជ្រកនៅហង្សមាស

ភ្នំពេញ ៖ នៅទីបំផុត ស្រីស្រស់ ង៉ា ស្រីណាន ហៅណាន ណាន  ជាមួយដៃគូ លោកញឹប កូវីត ដែលជាកូនក្រុមរបស់ឱក សុគន្ធកញ្ញា ច្រៀងបទ «សង្សារចាស់បង Call មកអូន» និងបទ «Mr. What You Mean?» បានឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-Final) កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នឹងដឹកដៃគ្នាឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Final) នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ក្នុងកម្មវិធីប្រឡងចម្រៀង X Factor Cambodia រដូវកាលទី២ ។

តើណាន ណាន អាចលើកពាន X Factor Cambodia រដូវកាលទី២ បានដែរឬអត់ ?

អ្នកនាង សេង ចិន្ដា ហៅស្រីអ៊ីត ម្ដាយរបស់ណាន ណាន បាននិយាយជំនួសកូនស្រីកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ប្រាប់ «នគរធំ» ថា រឿងលើកពាន អ្នកនាងមិនទាន់អាចនិយាយដល់ចំណុចនេះទេ ព្រោះបេក្ខភាពផ្សេងៗទៀត ក៏សុទ្ធតែមានសមត្ថភាពខ្លាំងៗដែរ តែអ្នកស្រី បានឃើញកូនមានការតាំងចិត្តខ្ពស់ ក្នុងការប្រឡងចម្រៀងមួយនេះ ហើយតែងតែធ្វើបានល្អ ពី១វគ្គ ទៅមួយវគ្គ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ។

អ្នកនាងអ៊ីត បន្ថែមថា កាលណាន ណាន ប្រលង X Factor Cambodia រដូវកាលទី១ មិនបានចូលដល់វគ្គជ្រៅបែបនេះទេ ព្រោះកាលនោះ នាងនៅក្មេងពេក អាយុទើប ១៥ឆ្នាំ ហើយនាងប្រាប់គាត់ថា នឹងប្រឡងម្ដងទៀត ពេលគេប្រកួត X Factor Cambodia រដូវកាលទី២ ឥឡូវកូនធ្វើបានមែន ។ អ្នកនាងចិន្ដា អះអាងថា កូនស្រី ធ្លាប់ប្រាប់ថា ចង់ធ្វើជាតារាចម្រៀងម្នាក់ជ្រកក្រោមដំបូលហង្សមាស ពេលនេះ កូនបានមកដល់វគ្គចុងក្រោយហើយ អ្នកស្រី មានតែលើកទឹកចិត្តកូន ឲ្យធ្វើបានជោគជ័យតាមបំណង។

 ណាន ណាន ត្រូវជាប្អូនជីដូនមួយលោកសុខ មេសា ហៅនាយចឺម ហើយពេលនាងចូលប្រលង X Factor Cambodia រដូវកាលទី២ ដំបូងៗ លោកមេសា ធ្លាប់ប្រាប់ថា សង្ឃឹមតិចដែលប្អូនជីដូនមួយ អាចលើកពាន ប៉ុន្ដែឥឡូវ ណាន ណាន អាចឆ្លងវគ្គជម្រុះ ជាច្រើនវគ្គ រហូតឈានមកដល់វគ្គផ្តាច់ព្រ័ត្រ (Final) ។

អ្នកនាង ស្រីអ៊ីត ថានៅថ្ងៃណាន ណាន ប្រកួតថ្ងៃផ្ដាច់ព្រ័ត្រ នោះ នាយចឺម នឹងទៅលើកទឹកចិត្តដោយផ្ទាល់ ប្រសិនបើរូបគេមិនជាប់ច្រៀងតាមកម្មវិធីណាដែលគេកក់រួចហើយ ។ ប៉ុន្ដែសម្រាប់អ្នកស្រី ត្រូវតែជូនកូនទៅគ្រប់វគ្គតែម្ដង គឺតាំងពីចាប់ផ្ដើមវគ្គដំបូង ហេតុនេះនៅវគ្គសំខាន់ចុងក្រោយ គឺដាច់ខាតត្រូវតែជូនកូនទៅហើយ។ម្ដាយណាន ណាន អ្នកនាង អ៊ីត ថាឆ្លងកាត់វគ្គជម្រុះ ជាច្រើន រហូតដល់វគ្គចុងក្រោយអ្នកនាងមើលឃើញពីសមត្ថភាពកូនស្រី មានការវិវឌ្ឍយ៉ាងល្អជាលំដាប់ ហើយកូន មកដល់ចំណុចនេះ អ្នកស្រីក៏អរគុណដល់ Fan គាំទ្រកូន ទាំងក្នុងនិងក្រៅស្រុក ផ្ដល់កម្លាំងចិត្តឲ្យកូនស្រី។ យ៉ាងណា អ្នកនាង ចិន្ដា ថាអំឡុងពេលដែលកូនស្រីត្រៀមខ្លួនប្រកួតដណ្ដើមពាន X Factor Cambodia រដូវកាលទី២ នេះ ណាន ណាន នៅតែបន្ដធ្វើការងារសិល្បៈ ថតរឿងខ្លីៗ ជាធម្មតា។

 គួរកត់សម្គាល់ថា អំឡុងពេលដែលណាន ណាន ចាប់ដៃគូជាមួយលោកញឹប កូវីត នេះ ក៏មានដំណឹងថា ពួកគេទាំងពីរ ក៏ស្និទ្ធស្នាលគ្នាលើសពីដៃគូធម្មតាដែរ ដូចជា ការដើរផ្សារ និងទៅបន់ស្រន់វត្ថុស័ក្ដិសិទ្ធិ តែពីរនាក់ជាដើម រហូតមានការផ្គួផ្គងពី Fan ថាចង់ឃើញពួកគេក្លាយជាគូស្នេហាមែនទែនទៀតផង។

អ្នកនាង អ៊ីត ថាបញ្ហានេះ អ្នកនាងក៏បានដឹងដែរ តែថា ដោយសារតែពួកគេជាដៃគូចម្រៀង ពេលប្រឡង ទើបស្និទ្ធគ្នាបែបនេះ ហើយការទៅបន់ស្រន់នោះ គឺពាក់ព័ន្ធការបួងសួងឲ្យប្រឡងចម្រៀងជាប់ គ្មានរឿងអីផ្សេងទេ ។

ណាន ណាន ជាកញ្ញាឯកលំដាប់រងទី៣ Miss Teen Cambodia រដូវកាលទី១ ធ្លាប់ប្រាប់ថា នាងចង់ក្លាយជាតារាចម្រៀងអាជីពម្នាក់ ល្បីឈ្មោះដូចនាយចឺម ដែរ តែនាងគ្មានបំណងប្រកួតបវកញ្ញា ជាលើកទី២ ឡើយ ។ គេជឿថា បំណងប្រាថ្នារបស់ណាន ណាន ដែលចង់ក្លាយទៅជាតារាហង្សមាស អាចនឹងបានសម្រេច ព្រោះបេក្ខភាពទាំងអស់ នៅវគ្គផ្ដាច់ព្រ័ត្រ ទោះជាមិនឈ្នះពាន ក៏ថៅកែ ជ្រើសយកអ្នកមានសមត្ថភាពខ្លាំង មានការគាំទ្រច្រើន ច្រៀងនៅហង្សមាស ដែរ ខណៈអ្នកខ្លះរិះគន់ថា តារាឈ្នះពាន ដូចជា ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia រដូវកាល១ បញ្ចេញសមត្ថភាពមិនទាន់អស់ ព្រោះការចេញបទចម្រៀង មិនដិតដល់លើទីផ្សារ៕

RELATED ARTICLES