ខេត្តកំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកបាធាយ បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ខូវ គួង អគ្គនាយករងទទួលបន្ទុករួម នៃអគ្គនាយកដ្ឋានជលផល និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយសមត្ថកិច្ចជំនាញបានដកហូតនិងឃាត់ទុកវត្ថុតាងពាក់ព័ន្ធនឹងបទល្មើស ជលផល រួមមាន ៖
ករណីទី១-នៅចំណុចស្ពានអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម សមត្ថកិច្ចបានដកហូតម៉ូតូរ៉ឺម៉ក ម៉ាកហុងដា វ៉េវ ពណ៌ទឹកប៊ិក ចំនួន១គ្រឿង និងកូនត្រីចម្រុះ ទម្ងន់ ២៤០គីឡូក្រាម។

ករណីទី២-នៅចំណុចទំនប់បឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម សមត្ថកិច្ចបានដកហូតម៉ូតូរ៉ឺម៉ក ម៉ាក Honda Future Neo ពណ៌ក្រហម ចំនួន១គ្រឿង និងកូនត្រីចម្រុះ ទម្ងន់ ១៧០គីឡូក្រាម។

សមត្ថកិច្ចជលផល កំពុងបន្តស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធក្នុងការលក់ ទិញនិងចែកចាយកូនត្រីខាងលើ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕