ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្ពុជាកម្លាំងជាតិ បាននាំអំណោយទៅជួយមណ្ឌលកុមារ មែកឈើ ហើយធ្វើឲ្យមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលពីមជ្ឈដ្ឋានតាមដាន ព្រោះជាការកត់សម្គាល់ ក្រោយសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយរបស់ខ្លួន ត្រូវបានដកហូត លោក រ៉ុង ឈុន បានងាកមកធ្វើការងារចាស់ គឺការងារសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ការងារសហភាពសហជីព និងការងារមនុស្សធម៌ម្ដង ។

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក រ៉ុង ឈុន បានយកអំណោយទៅជូនដល់កុមារកំព្រា នៃសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ ) ដែលមានលោក ផន ផល្លា ជាស្ថាបនិក រួមមាន អង្ករ ចំនួន២តោន ហើយអំណោយទាំងនេះ ត្រូវលោក រ៉ុង ឈុន អះអាងថា ជាការឧបត្ថម្ភដោយសមាគមសង្គ្រោះខ្មែរ ទីក្រុងទូលូស្ស៍ ប្រទេសបារាំង ។លោក រ៉ុង ឈុន បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ថា បើមានការជួយឧបត្ថម្ភពីសមាគមខ្មែរ ឬសប្បុរសជនខ្មែរ នៅអឺរ៉ុប និងសហរដ្ឋអា មេរិក បន្ថែមទៀត លោកនឹងនាំយកទៅជួយកុមារកំព្រា នៅមណ្ឌលមែកឈើ បន្តទៀត និងនៅកន្លែងផ្សេងៗទៀតផងដែរ ។ ក្នុងន័យនេះ លោក រ៉ុង ឈុន បានបញ្ជាក់ជំហរថា បើលោកមិនមានឱកាសបន្តនយោបាយ ទៅមុខទៀត ដោយសាររងសម្ពាធពីតុលាការ លោកនឹងវិលទៅដឹកនាំសមាគមគ្រូបង្រៀន សហជីព និងធ្វើការងារមនុស្សធម៌វិញ ព្រោះលោកមិនអាចនៅស្ងៀម មិនធ្វើអីសោះបានទេ គឺបើមិនអាចជួយសង្គម តាមរយៈនយោបាយ លោកត្រូវតែជួយសង្គមតាមរយៈអង្គការសង្គមស៊ីវិល សហជីព សមាគម និងកិច្ចការមនុស្សធម៌ ។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា “ពីម្សិលមិញ ខ្ញុំ និងក្រុមការងាររបស់ខ្ញុំ បានយកអង្ករ ចំនួន២តោន ទៅជួយដល់សមាគមជនគ្មានទីពឹង ឬហៅថា មណ្ឌលមែកឈើ ។ មិនមានអ្វីទេ មានតែអង្ករ មួយមុខហ្នឹង ដែលទទួលបានមកពីខាងបងប្អូនសប្បុរសជនខ្មែរ នៅឯប្រទេសបារាំង គាត់បានជួយឧបត្ថម្ភ តាមរយៈខ្ញុំហ្នឹង ខ្ញុំក៏បានយកជូនពួកគាត់ ហើយយើងឃើញមណ្ឌលកុមារ នៅមណ្ឌលមែកឈើ ហ្នឹង មានចំនួនដូចជា ២០៣នាក់ ជាកុមារដែលបាត់បង់ឪពុកម្ដាយ កំព្រា ហើយនិងខ្លះទៅ ក៏ត្រូវបានបំបរបង់ ពេលដែលប្រសូត ឆ្លងទន្លេមកហ្នឹង ក៏បំបរបង់ចោល យកទុកនៅទីកន្លែងមណ្ឌលហ្នឹងទៅ ហើយខ្លះទើបតែកើតបានប៉ុន្មានថ្ងៃ ក៏ត្រូវបានម្ដាយនោះបំបរបង់ចោល ។ អ៊ីចឹងយើងឃើញនិងស្ដាប់ទៅ សង្វេគយ៉ាងខ្លាំង ជុំវិញបញ្ហាអស់ហ្នឹង ហើយក៏មានការកោតសរសើរដល់លោក ផន ផល្លា ដែលបានរៀបចំបន្តពីបងស្រី… ។ និយាយទៅ យើងឃើញថា ជាបន្ទុកមួយ បើយើងគិតទៅ ក្នុង១ថ្ងៃ ត្រូវចំណាយអង្ករ ១ការ៉ុង ។ យើងដឹងហើយ ចំនួន២រយនាក់ជាង រួមទាំងម្ដាយ (អ្នកថែរក្សា) វា២៤នាក់ទៀត អ៊ីចឹងគាត់ត្រូវចំណាយខ្ពស់ បើយើងគិតទៅ មួយថ្ងៃៗ ត្រូវចំណាយច្រើន ខ្ញុំក៏មិនបានសួរបញ្ជាក់អំពីការចំណាយប្រចាំថ្ងៃដែរ ប៉ុន្តែគ្រាន់តែដឹងថា មួយថ្ងៃ ត្រូវចំណាយអង្ករ អស់១ការ៉ុង ៥០គីឡូហ្នឹង ហើយនៅថ្លៃម្ហូបអាហារ ។ នៅក្នុងមណ្ឌលហ្នឹង ក៏គាត់បានបង្កើត អនាគតទៅ នឹងមានការបង្រៀនជំនាញខ្លីៗ ដើម្បីឲ្យយុវជន កុមារ កុមារី កុមារតូច ដែលធំឡើងហ្នឹង គាត់នឹងទទួលបានជំនាញ ដូចជា ឆុងកាហ្វេ ការធ្វើនំ អីសព្វបែបយ៉ាងហ្នឹង គាត់នឹងពង្រីកនូវជំនាញខ្លីៗហ្នឹង ដើម្បីគាត់យកទៅបន្តជាសិទ្ធិរបស់គាត់ទៅអនាគត ហើយយើងឃើញថា គម្រោងកម្មវិធី ជាការល្អប្រសើរមែនទែន ដែលគាត់ចូលរួមចំណែកជួយដល់កុមារតូចកម្ពុជាយើងហ្នឹងច្រើន ហើយក៏មិនមែនត្រឹមតែជួយដល់កុមារតូចទេ គម្រោងរបស់គាត់ រហូតដល់កុមារតូចទាំងអស់ ដែលកំព្រីកំព្រាហ្នឹង រហូតដល់រៀនចប់នៅមហាវិទ្យាល័យ“ ។

លោក រ៉ុង ឈុន បានមានប្រសាសន៍បន្តថា “ការពិតទៅ បើសិនជាខ្ញុំកៀរគរមូលនិធិបានពីខាងក្រៅ ដូចជានៅអឺរ៉ុប នៅអាមេរិក អូស្រ្តាលី ញូវហ្សេឡែន ក្ដី ខ្ញុំនឹងជួយបន្តទៀត ជាពិសេស នៅមណ្ឌលមែកឈើ ហ្នឹង ព្រោះឃើញក្មេងតូចៗអ៊ីចឹង មានការចាប់អារម្មណ៍ បើយើងស្វះស្វែងរកចាស់ទុំនៅខាងក្រៅ សប្បុរសជនជួយ អាហ្នឹងយើងស្វះស្វែង ហើយជួយបន្តទៀត ។ ចំពោះការលើកឡើងថា ក្រោយរងសម្ពាធនយោបាយ សម្ពាធតុលាការ ខ្ញុំងាកទៅធ្វើការសមាគមគ្រូបង្រៀន ការងារសហជីព និងការ ងារមនុស្សធម៌វិញ ខ្ញុំសូមឆ្លើយបញ្ជាក់ថា ជាការពិត កាលពីថ្ងៃទី២៩ ខែសីហា ខ្ញុំបានចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំគណៈកម្មការកណ្ដាលសហភាពសហជីពកម្ពុជា ហើយនៅក្នុងកិច្ចប្រជុំហ្នឹង ក៏ខ្ញុំបានចូលរួមជាមតិច្រើន ដើម្បីធ្វើកំណែទម្រង់ ពង្រឹងនូវសហភាពសហជីពកម្ពុជា ក៏ដូចជាសមាជិក ដែលជាសហព័ន្ធសហជីព សមាគមគ្រូ ក្ដី យើងត្រូវពង្រឹងការងារឡើងវិញ ហើយតាមការពិតទៅ ខ្ញុំនៅជាទីប្រឹក្សាសមាគម រហូតទេ ទោះបីខ្ញុំទៅ គ.ជ.ប ក្ដី ក៏ខ្ញុំនៅតែទីប្រឹក្សា ខ្ញុំមកគណបក្ស ក៏ខ្ញុំនៅតែទីប្រឹក្សាសមាគម រហូត ។ ប៉ុន្តែនៅក្នុងអង្គប្រជុំហ្នឹង អង្គប្រជុំ បានស្នើឲ្យខ្ញុំទៅដឹកនាំសហភាពសហជីពកម្ពុជា វិញ ប៉ុន្តែគ្រាន់តែខ្ញុំបានឯកភាពត្រង់ដែលជួយចូលរួមធ្វើការងារសហភាព ដូចជាការពង្រឹងសមាគមគ្រូ និងសហព័ន្ធ ដែលជាសមាជិកសហភាព ហើយនៅក្នុងអង្គប្រជុំ ក៏បានសម្រេចថា នឹងធ្វើសមាជ នៅចុងឆ្នាំនេះ សហភាព ហើយនៅពេលសមាជហ្នឹង អង្គសមាជ អនុម័តឲ្យឡើងដឹកនាំសហភាពវិញ អាហ្នឹងខ្ញុំនឹងពិចារណឡើងវិញ ។ ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងចូលរួមជួយការងារសហភាពសហជីពកម្ពុជា ក៏ដូចជាសមាគមគ្រូ និងសហព័ន្ធសហជីព ដែលជាសមាជិកសហភាពសហជីពកម្ពុជា ហ្នឹង“ ។

លោក រ៉ុង ឈុន បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំត្រូវប្រើពេលវេលាឲ្យអស់ ខ្ញុំមិនឲ្យទៅឈរឱបដៃមើលសង្គមយើងនេះទេ យើងត្រូវតែចូលរួមឲ្យអស់ពេលវេលា បើមិនអាចធ្វើនយោបាយបាន អាហ្នឹងយើងនឹងចូលរួមធ្វើការងារសង្គម ហើយជាពិសេស គឺចួលរួមជួយកម្មករ ជួយគ្រូបង្រៀន អាហ្នឹងជាអាជីពដែលខ្ញុំធ្លាប់ជួយប្រមាណជាជិត ៣០ឆ្នាំមកហើយ ។ ជារួម ជំហររបស់ខ្ញុំ មិនប្រែប្រែប្រួលអីទេ ជំហររបស់ខ្ញុំ គឺប្រកាន់ជំហរនៅតែជួយសង្គមជាតិខ្មែរបន្តទៀត ទោះបីមិនអាចជួយបានតាមរយៈនយោបាយ ខ្ញុំអាចជួយទៅតាមរយៈមនុស្សធម៌ ជួយទៅតាមសហជីព សមាគម ហើយបើក្នុងពេលវេលាខាងមុខដ៏ខ្លីនេះ ខ្ញុំត្រូវបានមានដំណោះស្រាយនយោបាយ ឬត្រូវបានផ្ដល់សិទ្ធិឲ្យខ្ញុំត្រលប់មកវិញ មានន័យថា សិទ្ធិធ្វើនយោបាយឡើងវិញ អាហ្នឹងខ្ញុំនឹងចូលប្រឡូកនយោបាយ ដើម្បីប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោត ២០២៧ ។ ការប្រឡូកនយោ បាយនេះ គឺប្រឡូមចូលរួមជាមួយកម្លាំងជាតិ ដដែលវិញ ខ្ញុំបញ្ជាក់ឲ្យច្បាស់ កុំឲ្យថា ចូលប្រឡូកនយោបាយ ទៅចូលជាមួយខាងណេះ ខាងណោះ គឺបើខ្ញុំមានសិទ្ធិត្រលប់មកវិញ អាហ្នឹងខ្ញុំនឹងចូលជួយគណបក្សកម្លាំងជាតិ បន្តទៀត អាហ្នឹងឲ្យច្បាស់អ៊ីចឹងតែម្ដង កុំឲ្យមានការភ័ន្តច្រឡំ អត់មានទៅភ្លើងទៀន ឆន្ទៈខ្មែរ ឬគណបក្សណាទេ អា ហ្នឹងដៅឲ្យច្បាស់អ៊ីចឹងតែម្ដង ឲ្យមានការភ័ន្តច្រឡំ គឺនៅពេលមានសិទ្ធិសេរីភាពត្រលប់មកវិញ គឺចូលជួយគណបក្សកម្លាំងជាតិ បន្តទៀត“ ។
គួររំលឹកថា លោក រ៉ុង ឈុន គឺជាសកម្មជនសិទ្ធិការងារនិងជាតួអង្គនយោបាយដ៏លេចធ្លោ មួយរូប នៅកម្ពុជា ដែលមកដល់ពេលនេះ មានមជ្ឈដ្ឋានជាច្រើន នៅតែចាប់ អារម្មណ៍តាមដានពីដំណើរជំវិតរបស់លោក ខណៈដែលគេនៅចងចាំច្បាស់ថា លោកធ្លាប់ជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា (CITA) ដោយសកម្មក្នុងការទាមទារនិងការពារសិទ្ធិ ក៏ដូចជាប្រាក់បៀវត្សរ៍ ជូនលោកគ្រូ អ្នកគ្រូ។ លើសពីនេះ ក្នុងនាមជាមេដឹកនាំសហជីពកម្មករ បានបន្តធ្វើជាប្រធានសហភាពសហព័ន្ធកម្មករនិយោជិតកម្ពុជា (CCU) និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដោយតែងតែចេញមុខឈឺឆ្អាលរឿងកម្មករ កិច្ចការព្រំដែន និងបញ្ហាបរិស្ថាន។

ទាក់ទងដល់ប្រវត្តិការងារនយោបាយ ក្នុងការចូលរួមឆាកនយោបាយ លោករ៉ុង ឈុន ធ្លាប់ជាអនុប្រធានគណបក្សភ្លើងទៀន និងចុងក្រោយបានបម្រើការជាទីប្រឹក្សាជាន់ខ្ពស់ឱ្យគណបក្សកម្លាំងជាតិ។ លោកធ្លាប់ត្រូវចាប់ខ្លួន និងកាត់ទោសដាក់ពន្ធនាគារ ជាច្រើនករណី ផងដែរ ៕ កុលបុត្រ