Homeតារាខ្មែរទេព  បូព្រឹក្ស ខួបស្នេហ៍១០ឆ្នាំ ចង់បានកូនទី២

ទេព  បូព្រឹក្ស ខួបស្នេហ៍១០ឆ្នាំ ចង់បានកូនទី២

ភ្នំពេញ ៖ ទេព បូព្រឹក្ស និងប្ដី ងួន ចាន់ដេវីត បានប្រារព្ធខួបស្នេហ៍ ១០ឆ្នាំ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ផ្គួបនឹងការបើកសម្ពោធ Ditway Mart របស់ខ្លួន ដែលជាអាជីវកម្មថ្មី ក្រៅសិល្បៈ។ គេឃើញដេវីត បានយកផ្កា ១បាច់ ទៅជូនទេព បូព្រឹក្ស ហើយលោកថា ខួបស្នេហ៍ ឆ្នាំនេះ ជាការចាប់ផ្ដើមថ្មីនៃដំណើរមុខរបរតូចតាច ចិញ្ចឹមជីវិតនិងគ្រួសារ។ ចំណែកទេព បូព្រឹក្ស ប្រាប់ដេវីត ថា ខួបស្នេហា ១០ឆ្នាំ ល្មមមានប្អូនឲ្យកូនហើយ ។

សូមរំលឹកថា ទេព បូព្រឹក្ស មានឈ្មោះដើម ស៊ីម ទេពបូព្រឹក្ស ហៅស្រីនិច្ច បានភ្ជាប់ស្នេហាជាមួយតារារ៉េប លោកងួន ចាន់ដេវីត កាលពីឆ្នាំ២០១៦ អំឡុងពួកគេរួមទ្រនំ ជា មួយគ្នា ។ បូព្រឹក្ស-ដេវីត បានជ្រើសផ្លូវយកកូន មុនរៀបការ ដោយស្រីនិច្ច បានសម្រាលកូនប្រុសកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយដាក់ឈ្មោះថា ទេព បញ្ចវរាប ហៅ Albert ហើយពួកគេបានដឹកដៃគ្នារៀបការ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ។ នៅថ្ងៃប្រារព្ធខួបស្នេហា ១ទសវត្ស ស្រីនិច្ច បង្ហាញសញ្ញាចង់បានកូនទីពីរ ចំពេលកូនប្រុស មានអាយុជាង ៣ឆ្នាំ នេះបញ្ជាក់ថា គូស្នេហ៍តារា ១គូនេះ ចង់រឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត បន្ទាប់ពីពួកគេកាន់តែមានជីវភាពល្អប្រសើរ ព្រោះក្រៅពីបើកម៉ាត នៅឆ្នាំ២០២៦ ប្ដីប្រពន្ធតារា ១គូនេះ ក៏កំពុងតែសាងសង់ភូមិគ្រឹះទ្រនំស្នេហា ផងដែរ ដែលចំណាយលុយ សែនដុល្លារ ។

យ៉ាងណា គេនៅមិនទាន់ដឹងពីប្រភពនៃប្រាក់ចំណូលរបស់ក្នុងការចំណាយលើការសាងសង់ភូមិគ្រឹះ និងមុខរបរក្រៅពីសិល្បៈ ក្នុងពេលតែមួយព្រមគ្នា អំឡុងពេលដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ តារាមួយចំនួនកំពុងតែថ្ងូរដាច់បាយនោះ ថាពួកគេរកបានពីសិល្បៈទាំងស្រុង ឬយ៉ាងណាទេ ។

ទេព បូព្រឹក្ស បានក្លាយជាតារារ៉េប ក្រោមការហ្វឹកហាត់របស់ប្ដីនាង ដេវីត ផ្ទាល់ ហើយពេលនេះពួកគេបានក្លាយទៅជាដៃគូចម្រៀងទៀតផង ខណៈដែលស្រីនិច្ច មិនទាន់សាងស្នាដៃលេចធ្លោណាមួយក្នុងវិស័យរ៉េប នៅឡើយ ។ យ៉ាងណា មានប្ដីជាអ្នកធ្វើភ្លេង និងនិពន្ធទំនុកច្រៀងឲ្យ ស្រីនិច្ច អាចល្បីថែមទៀត ឬក្លាយទៅជាតារារ៉េបស្រី ឈានមុខគេ ឬយ៉ាងណានោះ នៅលើកណ្ដាប់ដៃរបស់ស្វាមីនាង ជាអ្នកកំណត់ ។

តាមប្រភពថា ទេព  បូព្រឹក្ស និងស្វាមី ចង់បានកូនទីពីរ ជាកូនស្រី ហើយការបង្ហើបសញ្ញាចង់បានកូនថែម របស់ស្រីនិច្ច នៅឆ្នាំនេះ បញ្ជាក់ថា នាងមិនមែនផ្ដោតតែលើការប្រជែងទីផ្សារសិល្បៈ ភ្លេចគិតពីសុភមង្គលក្នុងគ្រួសារឡើយ ។ បូព្រឹក្ស អាចនឹងត្រូវបានស្វាមីនាងថ្នាក់ថ្នមកាន់តែខ្លាំងថែមទៀត ជាមិនខាន នៅពេលពពោះកូនទីពីរ ខាងមុខ ព្រោះមុនសម្រាលកូនទី១ នាងធ្លាប់ប្រាប់ថា អ្វីដែលនាងភ្ញាក់ផ្អើល គឺប្ដីស្រលាញ់និងយកចិត្តនាងខ្លាំងលើសផ្ដើមស្នេហ៍គ្រាដំបូង ។

 ប្រភពថា ក្រៅពីស៊ីម ទេពបូព្រឹក្ស តារាដែលចង់បានកូន នៅឆ្នាំ២០២៦ មានដូចជា គង់ សុជាតិ, លី ម៉ារីណា និងនៅ សុនិតា ជាដើម តែតារារៀមច្បងទាំងនេះ ខុសពីស្រីនិច្ច  ព្រោះពួកគេចង់បានកូនភ្លោះ ដោយសាតែមិនចង់បង្កើតកូនច្រើនដង ខាតពេលវេលាលេងសិល្បៈ។ប៉ុន្ដែសម្រាប់ស្រីនិច្ច ពេលនេះនៅមិនទាន់ដឹងច្បាស់ថា នាងមានកូន១ ឬ២នោះទេ ព្រោះមិនដែលចេញមុខបកស្រាយ ដោយសារតែកន្លងមក ធ្លាប់ត្រូវបានគេសង្ស័យថា ក្មេងប្រុសម្នាក់ដែលមានត្រេមុខស្រដៀង ក៏ជាកូននាងដែរ ហើយដេវីត ស្រលាញ់ក្មេងនោះ ដូចកូនលោកបង្កើត ។          

ក្រៅពីទេព បូព្រឹក្ស តារាដែលលេងសិល្បៈ មានជំនួយនិងគាំទ្រពីស្វាមី មានដូចជា អ្នកនាង ឱក សុគន្ធកញ្ញា, យក់ ថិតរដ្ឋា  និងគង់ ច័ន្ទស្រីមុំ ជាដើម ។ ប៉ុន្ដែសម្រាប់ស្រីនិច្ច នាងល្បីឈ្មោះតាំងពីមុនមានប្ដីធ្វើភ្លេង និងសរសេរបទចម្រៀងឲ្យច្រៀង ហើយក្នុងវ័យ ៣៣ឆ្នាំ បូព្រឹក្ស នៅតែអាចល្បីបានច្រើនឆ្នាំទៀត ប្រសិនបើនាងនៅរក្សារបានរូបរាងមិនឡើងទម្ងន់ និងតែងខ្លួនប្លែកៗដូចពេលនេះ ព្រោះស្រីនិច្ច ល្បីល្បាញកន្លងមក មិនមែនលើសំឡេងទេ តែគេចាប់អារម្មណ៍នាង លើក្បាច់រាំ និងការលេងខ្លួនច្រើនជាង ៕

RELATED ARTICLES