Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំនន់ទឹកភ្លៀង ស្រុកអណ្តូងមាស វិលរកសភាពធម្មតាវិញ

ជំនន់ទឹកភ្លៀង ស្រុកអណ្តូងមាស វិលរកសភាពធម្មតាវិញ

ខេត្តរតនគិរីៈ ស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំចំនួន៣ នៃស្រុកអណ្តូងមាស ខេត្តរតនគិរី បានធូរស្រាលជាបណ្តើរៗ និងត្រឡប់មកសភាពធម្មតាវិញហើយ គិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។

លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស បានបញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ថា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ កាលពីពេលកន្លងមក បានបណ្តាលឱ្យឃុំចំនួន៣ ក្នុងស្រុកអណ្តូងមាស រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែទឹកបានចាប់ផ្តើម ស្រកចុះវិញបណ្តើរៗ តាំងពីថ្ងៃទី៤ ខែកញ្ញា ហើយបច្ចុប្បន្ន បានវិលត្រឡប់មកសភាពដើមវិញ។

លោកបានគូសបញ្ជាក់ថា ករណីជំនន់ទឹកភ្លៀងនេះ មិនមានការខូចខាតធ្ងន់គួរឱ្យកត់សម្គាល់នោះទេ តែយ៉ាងណា បញ្ហានេះផ្តល់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ មួយចំនួន ក្នុងនោះ ផ្ទះប្រជាពលរដ្ឋ ចំនួន១៩ខ្នង ដែលធ្លាប់លិចលង់ជាបណ្តោះអាសន្ន ឥឡូវនេះទឹកបានស្រកផុត អស់ហើយ ហើយប្រជាពលរដ្ឋ ចំនួន២៤គ្រួសារ អាចចូលរស់នៅនិងប្រកបអាជីវកម្មប្រចាំថ្ងៃបានជាធម្មតាវិញ ដោយពុំមានផ្ទះណាមួយរងការខូចខាត ឬបាក់រលំធ្ងន់ធ្ងរឡើយ។ ចំណែកហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ទាំង១១កន្លែង និងខ្សែផ្លូវ ទាំង១០កន្លែង (ប្រវែង៣៥០ម៉ែត្រ) ដែលធ្លាប់ត្រូវទឹកជន់លិច ក៏បានស្រកផុតពីលិចក្បាលស្ពាន និងទ្រូងផ្លូវទាំងស្រុងអស់វិញដែរ។ ការធ្វើចរាចរណ៍និងការដឹក ជញ្ជូនរបស់ប្រជាពលរដ្ឋទូទៅ អាចប្រព្រឹត្តទៅបានជាធម្មតាឡើងវិញ។

លើសពីនេះ វិស័យកសិកម្ម រួមមានផ្ទៃដីដំណាំសរុបប្រមាណជាង ១០០ហិកតារ (ស្រូវ ៧៥ហិកតារ ដំឡូងមី ១១ហិកតារ កៅស៊ូនិងដំណាំចម្រុះ) គ្រាន់តែជួបប្រទះការលិចលង់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ដោយសារទឹកស្រកវិញលឿន ដំណាំទាំងនោះ មិនរលួយឬខូចខាតធ្ងន់ឡើយ ហើយអាចស្តារនិងប្រមូលផលបានជាធម្មតា។

ចំពោះសត្វចិញ្ចឹម ចំនួន៣០ក្បាល ក៏គ្រាន់តែប៉ះពាល់ និងជម្លៀសបណ្តោះអាសន្ន ដោយពុំមានការខាតបង់ ឬងាប់ក្នុងទំហំធំដុំនោះទេ។ កម្លាំងគណៈបញ្ជាការឯកភាពស្រុក និងមូលដ្ឋាន បានដាក់ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីគ្រប់គ្រងស្ថានការណ៍បាន ១០០ភាគរយ មិនបណ្តាលឱ្យប្រជាពលរដ្ឋជួបគ្រោះថ្នាក់ និងខូចខាតទ្រព្យ សម្បត្តិជាយថាហេតុនោះឡើយ៕

RELATED ARTICLES