Homeសង្គម និងជីវិតកាប់ដើមត្នោត១៧០ អ្នកតាកាច់

កាប់ដើមត្នោត១៧០ អ្នកតាកាច់

ខេត្តកំពត ៖ បុរសម្នាក់ ក្នុងចំណោម ៨នាក់ ជាបុគ្គលិកក្រុមហ៊ុនអគ្គិសនីទូកមាស ដែលបានកាប់ដើមត្នោត ចាស់ៗ (អាយុ ១៧០ឆ្នាំ) ដាំអមសងខាងផ្លូវ ចូលវត្តអង្គជុំព្រៃទប់ កាលពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនោះ ស្រាប់បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយមិនដឹងមូលហេតុ លុះក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ស្រាប់តែអ្នកជំងឺ កើតមានអាការប្លែកៗ លុះរកគ្រូហោទស្សន៍ទាយ គ្រូទាយថា “អ្នកតាកាច់” ទើបសាច់ញាតិអ្នកជំងឺ ប្រញាប់រៀបតង្វាយសែនព្រេន អង្វរអ្នកតា កុំប្រកាន់ខឹង និងសុំឱ្យឆាប់បានសះស្បើយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្រោយបុគ្គលិកក្រុមហ៊ុនអគ្គិសនីទូកមាស ទាំង៨នាក់ ពាក់ព័ន្ធករណីកាប់ដើមត្នោត អាយុ១៧០ឆ្នាំនោះ ត្រូវបានដោះលែងនៅក្រៅឃុំ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្អើលនោះ គឺឈ្មោះខៀវ សុណា អាយុ៤៦ឆ្នាំ ជាបុគ្គលិកអគ្គិសនីទូកមាស មានស្រុកកំ ណើតនៅភូមិសំព័រ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់ ដោយមិនដឹងមូលហេតុ ហើយត្រូវបានសាច់ញាតិ បញ្ជូនទៅកាន់មន្ទីរពេទ្យមួយ នៅប្រទេសវៀតណាម។

ប្រភពដដែល បន្តថា ដោយអ្នកជំងឺមានអាការប្លែកៗ ទើបសាច់ញាតិ ក្រុមគ្រួសារ បានរកគ្រូហោទស្សន៍ទាយមើល ជាលទ្ធផល គ្រូទាយថា អ្នកឈឺនោះ ព្រោះតែត្រូវអ្នកតាក្រហមក ធ្វើឱ្យឈឺ ដោយខ្ញាល់រឿងកាប់ដើមត្នោតវត្តអង្គជុំព្រៃទប់ ទើបនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ សាច់ញាតិអ្នកឈឺឈ្មោះខៀវ សុណា បានរៀបចំតង្វាយ មានទាំងបាយ នំចំណី មកសែនថ្វាយ បន់ស្រន់អង្វរអ្នកតា កុំធ្វើឱ្យប្រកាន់ខឹង និងសុំឱ្យឈ្មោះខៀវ សុណា ឆាប់បានជាសះស្បើយ។

តាមសម្តីស្ត្រីជាម្តាយមីងអ្នកជំងឺ បានឱ្យដឹងថា ក្មួយរបស់គាត់ ឈ្មោះខៀវ សុណា ធ្វើការខាងអគ្គិសនីទូកមាស តែគ្មានម្តាយឪពុកទេ ហើយរឿងកាប់ដើមត្នោតនោះ គាត់ធ្វើតាមគេបញ្ជាដែរទេ តែអ្វីដែលយកនំចំណីមកសែនថ្ងៃនេះ គឺអ្នកឈឺ ត្រូវបានបែរបន់បានធូរស្រាលបន្តិចហើយ ក៏នាំគ្នាជឿ ហើយទើបនាំគ្នាមកសែន និងអង្វរអ្នកតា ទុក ជីវិតឱ្យក្មួយប្រុស ម្តងទៅ ព្រោះគ្នាគ្មានម្តាយឪពុកទេ ហើយធ្វើតាមគេបញ្ជាទេ។

គួររំលឹកថា កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ខេត្តកំពត បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជន ទូកមាស ចំនួន៨នាក់ ពាក់ព័ន្ធករណីកាប់ដើមត្នោតចំនួន ៧ដើម ដែលមានអាយុ ១៧០ឆ្នាំ ដាំអមសងខាងផ្លូវចូលវត្តអង្គជុំព្រៃទប់ ក្នុងឃុំបឹង សាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ។

ការឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធកាប់ដើមត្នោត ៧ដើមនេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខណៈក្រុមបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជន ទូកមាស បានចូលមកដោះស្រាយជាមួយគណៈកម្មការ អាចារ្យវត្ត និងព្រះចៅអធិការវត្តអង្គជុំព្រៃទប់។

យោងតាមប្រភពព័ត៌មានក្នុងមូលដ្ឋាន ករណីនេះ ត្រូវបានអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជំរុញឱ្យមានការដោះស្រាយជាក់ស្តែង។ ជាមួយគ្នានេះ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានចូលរួមដោះស្រាយដោយផ្ទាល់ និងបានចាត់ចែងក្រុមការងារ ឱ្យតាមដានករណីនេះផងដែរ។

ក្រោយមានវិធានការពីសំណាក់អាជ្ញាធរ ប្រជាពលរដ្ឋជាច្រើន បានសម្តែងការសាទរ ដោយចាត់ទុកថា ជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះទ្រព្យសម្បត្តិសាធារណៈ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសារដើមត្នោត ទាំង៧ដើម ដែលត្រូវបានកាប់បំផ្លាញនោះ ជាសម្បត្តិសាធារណៈ ដែលមានអាយុកាលដល់ទៅ ១៧០ឆ្នាំ៕

RELATED ARTICLES