ខេត្តបាត់ដំបង ៖ ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ បានវិលត្រឡប់ចូលប្រទេសកំណើតវិញ ស្ទើររាល់ថ្ងៃ តាមច្រករបៀងនានា ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង។

លោក សុខ ដែន អភិបាលស្រុកកំរៀង បានបញ្ជាក់នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ថា លំហូរពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ បានវិលចូលប្រទេសកំណើតខ្លួនវិញ ស្ទើររាល់ថ្ងៃ តាមច្រករបៀងនានា ក្នុងភូមិសាស្ត្រស្រុកកំរៀង។ លោកថា ពលករទាំងនោះ ភាគច្រើនពុំមានលិខិតឆ្លងដែន ហើយពួកគាត់បានវិលត្រឡប់ចូលស្រុកវិញ ដោយខ្លួនឯង មិនមែនអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញទេ ហើយពួកទាហានថៃ ដែលឈរជើងតាមបន្ទាត់ព្រំដែន ក៏មិនរារាំងដែរ តែពួកគេបើកឱ្យឆ្លងដែន តាមច្រករបៀង មិនមែនបើកឱ្យឆ្លងតាមច្រកទ្វារអន្តរជាតិ ជាផ្លូវការទេ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ពលរដ្ឋខ្មែរ ប្រុស-ស្រី រួមទាំងកុមារតូចៗផងប្រមាណ ៦០នាក់ បានវិលត្រឡប់ពីប្រទេសថៃ ចូលប្រទេសកំណើតវិញ តាមច្រករបៀងនានា នៅក្នុងទឹកដីស្រុកកំរៀង ក្នុងនោះ មានស្រី ចំនួន៣២នាក់ និងមានកុមារ ចំនួន១០នាក់។

ក្រុមពលរដ្ឋទាំងនេះ ឆ្លងចូលតាមច្រករបៀង ចំនួន២កន្លែង គឺច្រករបៀង “ដើមពុទ្រា” ស្ថិតនៅភូមិកណ្តាល ឃុំត្រាង និងច្រករបៀង “កំពង់តាម៉ន” ស្ថិតនៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង។ ពួកគេត្រូវបានអាជ្ញាធរស្រុកកំរៀង រៀបចំបញ្ជូនទៅកាន់ស្រុកកំណើតរៀងៗខ្លួន បន្ទាប់ពី បញ្ជូនចូលដល់មណ្ឌលទទូលពលករក្នុងស្រុកនេះ ដើម្បីអប់រំណែនាំ។

លោកអភិបាលស្រុកកំរៀង បានបញ្ជាក់ថា ពលរដ្ឋខ្មែរ ទាំងអស់ ពុំមានឯកសារឆ្លងដែនជាក់លាក់ទេ ពួកគេបានស្ម័គ្រចិត្តវិលត្រឡប់ចូលប្រទេសកំណើតវិញ។ ពេលជិះរថយន្នឈ្នូល មកដល់ព្រំដែន ពួកទាហានថៃ បានបើកផ្លូវឱ្យឆ្លងដែនតាមច្រករបៀង មិនមែនបើកផ្លូវឱ្យឆ្លង ដែនតាមច្រកទ្វារអន្តរជាតិទេ។ លោកបញ្ជាក់ថា សកម្មភាពវិលត្រឡប់ចូលប្រទេសកំណើតវិញរបស់ពលរដ្ឋខ្មែរ ដែលធ្វើការងារនៅប្រទេសថៃ បែបនេះតិចឬច្រើន គឺកើតមានឡើងស្ទើររាល់ថ្ងៃ តែឆ្លងតាមច្រករបៀង៕