ភ្នំពេញ ៖ តាំងពីចុងខែសីហា ដែលគេឃើញតារាសាច់សខ្ចី សេង សុខឃីម តែងតែបណ្ដើរប្រុសរូបសង្ហា ត្រេមុខដូចតារាកូរ៉េ ម្នាក់នោះ គឺលោក Raymond Chear ជាជ័យលាភី Mr World Cambodia 2025 និង Mister Glam International Humanity 2022 ដែលសកម្មភាពទាំងនោះ ប្រៀបដូចជាគូសង្សារ ព្រោះដឹកដៃគ្នា អង្គុយតុជាប់គ្នា និងជិះរថយន្ដតែពីរនាក់ ជាដើម ។

ស្រីស្រស់សុឃីម មិនបានលាក់បាំងពីទំនាក់ទំនងជាមួយលោក Raymond នោះទេ ដោយនាងបង្ហាញជាសាធារណៈ និងដាក់បញ្ចូលបទចម្រៀងអមរូបភាពក្នុងន័យធ្វើជាកូនក្រមុំ ឬចង់រៀបការទៀតផង ។ នេះជាសញ្ញាល្អមួយ សម្រាប់សុខឃីម ដែលពេលនេះ នាងលែងឯកោទៀតហើយ ក្រោយបេះដូងរងា ៤ឆ្នាំ បន្ទាប់ពីចែកផ្លូវជាមួយនាយចឺម ។

ថ្លែងប្រាប់ «នគរធំ» តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក Raymond Chear និយាយលាយសំណើចថា រឿងលោក ជាមួយសេង សុខឃីម លោកសុំមិនទាន់ប្រាប់បានទេថា ទំនាក់ទំនាក់ទំនងក្នុងពេលនេះ ស្ថិតក្នុងកម្រិតណា? តែលោក Raymond បង្ហើបថា លោកបានស្គាល់សុខឃីម យូរឆ្នាំហើយ និងមូលហេតុដែលអាចដើរចូលគ្នាបានព្រោះនាងជាមនុស្សល្អ។ បុរសសង្ហា ត្រេមុខស្រដៀងបុរសកូរ៉េ រូបនេះ បន្ថែមថា កន្លងមកលោកនិងសុខឃីម រួមដំណើរជាមួយគ្នា ភាគច្រើនជាកម្មវិធីសប្បុរសធម៌ ហើយនឹងមានការងារជាច្រើនទៀត ត្រូវធ្វើជាមួយគ្នា នាពេលខាងមុខ។

Fan សរសើរថា សេង សុខឃីម និងលោក Raymond Chear ពិតជាសមគ្នា ព្រោះស្រីស្រស់ ប៉ះប្រុសសង្ហា តែពេលនេះ លោក Raymond បែរជាមិនទាន់ហ៊ានសារភាពស្នេហ៍ស្រីស្អាត ដោយបើកចំហទៅវិញ។ យ៉ាងណា «ស្នេហ៍មិនឈ្នះស្និទ្ធ» ហេតុនេះ មិនយូទេ ឲ្យតែស្រីស្អាត សុខឃីម បើកភ្លើងខៀវ និងទុកចិត្តលើប្រុសសង្ហាបែបនេះតទៅទៀត មិនយូរឡើយ ពួកគេនឹងក្លាយទៅជាចិត្ត១ថ្លើម១ ជាមិនខាន ។


សេង សុខឃីម មេម៉ាយកូន១ ដ៏ស្រស់សោភា ដែលធ្វើឲ្យប្រុសៗមួយចំនួន ចាប់អារម្មណ៍នាង ជាងក្រមុំៗខ្លះទៅទៀត។ រយៈពេល ៤ឆ្នាំមកនេះ សុខឃីម មិនដែលកៀកកើយប្រុសណាចំហទេ ក្រោយពីបែកបាក់ស្នេហានាយចឺម ។ ប្រសិនបើសុខឃីម ចង់ជ្រើសស្នេហ៍ថ្មី ជាបុរសនៅក្នុងសិល្បៈម្ដងទៀត ព្រោះ «ជួញជិត ប្រសើរជាងជួញឆ្ងាយ» គឺមានតែប្រុសស្អាត Raymond Chear នេះហើយ ដែល Fan ថាសមនិងយល់ចិត្តគ្នាបានល្អ។

ប្រភពខ្លះថា សុខឃីម បង្ហាញសញ្ញាមានស្នេហ៍ថ្មី ជាតារាដូចគ្នាពេលនេះ ច្បាស់ណាស់ថា នាយចឺម នឹងស្ដាយក្រោយជាមិនខាន ប្រសិនបើសុខឃីម និង Raymond ពិតជាក្លាយជាគូសង្សារ នាពេលខាងមុខ ដូចការផ្គូផ្គងរបស់ Fan មែន ។

សូមបញ្ជាក់ថា អ្នកមេម៉ាយស្អាត សេង សុខឃីម នៅតែមានទីផ្សារសិល្បៈ នៅឆ្នាំ២០២៦ ដូចគ្នាទៅនឹងពេជ្រ សោភា, ពេជ្រ សូលីកា និងសុខ សោម៉ាវត្តី ជាដើម តាមរយៈការលេងខ្លួនកាន់តែឆើតឆាយ និងពេលខ្លះ ស្លៀកឈុតប៊ីគីនី នាំឲ្យប្រុសៗបះសក់ច្រូង។ ប៉ុន្តែទន្ទឹមនឹងបង្ហាញដំណឹងល្អ មានសញ្ញាស្នេហ៍ថ្មីនេះ សុខឃីម ក៏ខកចិត្តខ្លាំងដែរ ព្រោះកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ម្ដាយនាងបានខាតបង់ទ្រព្យច្រើន ដោយសារតែឧបទ្ទហេតុឆេះផ្សារនាគមាស បណ្តាលឲ្យតូបនិងសម្ភារៈមានតម្លៃមួយចំនួនរបស់គាត់ នៅផ្សារនោះ ត្រូវបានបផ្លាញសឹងតែទាំងស្រុង ៕
