Homeតារាខ្មែរដាញ់ ម៉ូនីកា ធ្វើខួបកំណើតកូនប្រុស

ដាញ់ ម៉ូនីកា ធ្វើខួបកំណើតកូនប្រុស

  ប្រទេសអូស្រា្ដលី ៖ អតីតតារាសម្ដែង ដាញ់ ម៉ូនីកា បានបង្ហាញភាពរីករាយ មានក្ដីសុខក្នុងគ្រួសារ ក្នុងពិធីជប់លៀងខួបកំណើតកូនប្រុសរបស់នាង Horrison  គម្រប់ ១១ឆ្នាំ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលសកម្មភាពរបស់នាង បញ្ជាក់ពីការរស់នៅយ៉ាងមានសុភមង្គលលើទឹកដីអូស្រា្ដលី។ ម៉ូនីកា បានហៅកូនប្រុសទី២ ថាជាកូនពៅ បញ្ជាក់ថា នាងគ្មានគម្រោងយកកូនទី៣ ឬកូនថែមឡើយ ។ អ្វីដែលគួរឲ្យកត់សម្គាល់ ម៉ូនីកា កាន់តែបង្ហាញភាពផ្អែមល្ហែមស្អិតល្មូតជាមួយស្វាមី លើសដើម ដែលនេះបញ្ជាក់ថា ចំណងស្នេហានាង ជាមួយបុរសអាណិកជនខ្មែរ-អូស្រា្ដលី គ្មានបញ្ហាដូចការសង្ស័យថា ពួកគេអាចរង្គោះរង្គើស្នេហ៍ ដូចកាលពីថ្ងៃទី១៤ សីហា ដែលតារាកូនពីររូបនេះ បង្ហាញសញ្ញាចង់វិលចូលសិល្បៈវិញ ដ៏គួរឲ្យភ្ញាក់ផ្អើលនោះ។

 មុនធ្វើខួបកំណើតឲ្យកូនប្រុស ដាញ់ ម៉ូនីកា និយាយរឿងពាក់ព័ន្ធនឹងការវិលត្រឡប់មករកអាជីពចាស់ថា រឿងវិលចូលសិល្បៈនោះ នៅមិនទាន់ប្រាកដទេ ព្រោះនាងគ្រាន់តែនិយាយលេង តែបើនាងចូលសម្ដែងវិញមែន គឺគ្រាន់តែថតសម្ដែង ទុកជាអនុស្សាវរីយ៍ សម្រាប់ពេលនាងមានវ័យចាស់ជាងនេះប៉ុណ្ណោះ។ នាងថា បើវិលមករកអាជីពចាស់វិញ ក៏អត់មានបញ្ហាអីសម្រាប់រូបនាងដែរ ដែលចំណុចនេះ ត្រូវបានសន្និដ្ឋានថា ម៉ូនីកា ចង់បញ្ជាក់ថានាងគ្មានបញ្ហាជាមួយប្ដី ដូចគេសង្ស័យនោះទេ ។

  ដាញ់ ម៉ូនីកា និយាយស់តឿនដល់អ្នកគាំទ្រនាង ដោយប្រយោលថា «បើយើងធ្វើស្លូត គេចង់ជាន់យើងហើយជាន់ទៀត» និងថានាងមិនមែនស្លូតទេ។ នាងថា មនុស្សដែលបង្ហាញនៅលើបណ្ដាញសង្គម ហ្វេសបុក គេឲ្យយើងឃើញតែ ២% ប៉ុណ្ណោះ  ហេតុនេះ កុំគិតថាជារឿងពិត លើហ្វេសបុក។ ម៉ូលីកា ថានាងមានបេះដូងនិងទឹកចិត្តល្អ មិនដែលប្រើពាក្យសម្តីទៅលើនណាម្នាក់ ធ្វើឲ្យគេបាក់ទឹកចិត្ត ឬខូចចិត្ត ដោយសាតែនាងទេ ។

 គួរបញ្ជាក់ថា ដាញ់ ម៉ូនីកា អាយុ៤០ឆ្នាំ បានផ្អាកពីអាជីពសិល្បៈ រយៈពេល ១៦ឆ្នាំមកហើយនិងបានចេញទៅរស់នៅប្រទេសអូស្រា្ដលី តាំងពីឆ្នាំ២០១០ ក្រោយនាងដឹកដៃលោកប៊ុន ថែល រៀបការកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១០។ សព្វថ្ងៃ ម៉ូនីកា កំពុងតែរស់នៅទីក្រុងមែលប៊ន (Melbourne) រដ្ឋវិចតូរៀ (Victoria) ប្រទេសអូស្រា្ដលី ហើយចំណងស្នេហា ១៦ឆ្នាំ ទទួលបានកូន ២នាក់ គឺកូនស្រី អាយុ១៦ឆ្នាំ និងកូនប្រុស អាយុ១១ឆ្នាំ។ កាលពីខែមករា ឆ្នាំ២០២៤ ម៉ូនីកា ចំណាយលុយសរុប អស់ជាង ៣០ម៉ឺនដល្លារ ទិញផ្ទះ បើកហាង ម៉ូនីកា អេច ខសមេធីក ឯ.ក នៅសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនេះ ម៉ូនីកា រស់នៅអូស្រា្ដលី និងចុះឡើងៗមកស្រុកខ្មែរ ដើម្បីមើលហាងរបស់ខ្លួន ខណៈរូបនាងក៏បានធានាម្ដាយទៅរស់នៅអូស្រា្ដលី ជាអចិន្ត្រៃយ៍ ច្រើនឆ្នាំមកហើយផងដែរ ។

 ក្រៅពីដាញ់ ម៉ូនីកា អតីតតារាចេញទៅតាមគូស្នេហ៍ រស់នៅប្រទេសអូស្រា្ដលី បោះបង់អាជីពសិល្បៈ មានដូចជា លោកខៃ ប្រសិទ្ធ, ស៊ុក សុភា, អេឡិច ច័ន្ទត្រា, អឿន ដាលីស និងសុខ ច័ន្ទណានូ ជាដើម ៕

RELATED ARTICLES