ភ្នំពេញ ៖ នៅក្នុងពិភពសិល្បៈ តារាខ្លះមានប្ដីឬប្រពន្ធ និងកូនហើយ ធ្វើឲ្យអាជីពសិល្បៈរបស់គេ មានការប្រែប្រួលទីផ្សារ ពិសេស តារាស្រី។ ប៉ុន្ដែតារា ក៏ដូចមនុស្សធម្មតាដែរ ពោលគឺការយកកូន បន្ដពូជ គឺរឿងសំខាន់ជាងលុយ ខណៈដែលនៅចុងឆ្នាំ២០២៦ នេះ មានតារាប្រុស ៣ដួង ដែលប្រពន្ធកំពុងពោះធំ ព្រមគ្នា ។
១- ខេម ៖ លោក ប៉ុន សុណារិន ហៅខេម និងភរិយា អ្នកនាងស្រីកា បានកំណត់យកខួបឆ្នាំទី១០ នៃអាពាហ៍ពិពាហ៍របស់ពួកគេ យកកូនដំបូង នៅឆ្នាំ២០២៦ ហើយតាមរយៈលោកខេម ជូនប្រពន្ធទៅពិនិត្យផ្ទៃពោះ នៅមន្ទីរសម្ភពមួយ កាលពីខែកក្កដា លទ្ធផលគឺភរិយាលោក សុណារិន មានផ្ទៃពោះកូនស្រី។ លោកខេម ថាមិនថាកូនប្រុសឬស្រីទេ ឲ្យតែកូន លោកពេញចិត្តទាំងអស់ ហើយឥឡូវបានកូនស្រី លោកស្រលាញ់ ១០០% ។ ភរិយាលោក ខេម នឹងសម្រាលមកូនដំបូង នៅចុងឆ្នាំ២០២៦ ខាងមុខ ហើយដោយសារតែប្រពន្ធមានផ្ទៃពោះ លោកសុណារិន ត្រូវការនៅក្បែរកាយា និងថ្នាក់ថ្នមភរិយា ទើបលោកលុបចោលគម្រោងទៅដើរកម្សាន្ដនៅប៉ែកអឺរ៉ុប ដូចរាល់ឆ្នាំ ដែលតែងតែចេញដំណើរទៅ នៅរដូវធ្លាក់ភ្លៀង រយៈពេល ១ខែ ទើបវិលវិញ ។



២- ប៉ែន ចំរ៉ុង ៖ អតីតពិធីករ PNN វ័យ៤៤ឆ្នាំ រូបនេះបានធ្វើពិធីជប់លៀងទាយភេទកូន(Gender Reveal Party) កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ហើយជាលទ្ធផល ភរិយាលោក អ្នកនាង ហ៊ុន ម៉ាណេ ពពោះកូនប្រុស។ លោកចំរ៉ុង សប្បាយចិត្ត អរសឹងហោះ ព្រោះថាកូនលោក ទាំង៣នាក់មុន សុទ្ធតែស្រីទាំងអស់ ឥឡូវកូនទី៤ លោកបានកូនប្រុស តាមបំណងហើយ ។

សូមបញ្ជាក់ថា ប៉ែន ចំរ៉ុង មានកូន ៣នាក់ សុទ្ធតែជាកូនស្រី គឺកូនទី១ ជាមួយអ្នកនាងភិន សុដាលីស ឈ្មោះ Katerina អាយុ១០ឆ្នាំ, កូនទី២ ជាមួយអ្នកនាង ហ៊ុន ម៉ាណេ ឈ្មោះចំរ៉ុង បេឡាជុតិម៉ា អាយុជាង៥ឆ្នាំ និងកូនទី៣ ឈ្មោះចំរ៉ុង សោម៉ា ម៉ានីណា អាយុជាង១ឆ្នាំ។លោកចំរ៉ុង នឹងបានកូនទី៤ ជាកូនប្រុស ឬលោកហៅថា ជាកូនពូជ នៅចុងឆ្នាំ២០២៦ ខាងមុខ។

៣- នាយព្រែក ៖ លោក ខេង រតនៈ ហៅនាយព្រែក កូនអ្នកកំប្លែង ច្រៀងអាយ៉ៃ អ្នកស្រី នួន សារី ហៅយាយយ៉យ ថ្មីៗនេះ បានជូនប្រពន្ធ ឈិន មុនីនាថ ទៅពិនិត្យផ្ទៃពោះ ហើយគ្រូពេទ្យថា កូនលោកទើបមានអាយុជាង ៦សប្ដាហ៍។ នាយព្រែក កូនប្រសាអតីតតារាចម្រៀង លោកឈិន កុសល រូបនេះថា អាណិតប្រពន្ធខ្លាំងណាស់ ព្រោះពេលប្រពន្ធចាញ់កូនខ្លាំង នាងមានអាការពិបាកក្នុងខ្លួនខ្លាំង។ ទោះជាយ៉ាងណា អំឡុងប្រពន្ធនាយព្រែក ឈិន មុនីនាថ កំពុងតែពិបាកទ្រាំ ព្រោះមានអាការចង់តែក្អួតចង្អោរ និងដូចអ្នកពុលឡាននេះ លោកឈិន កុសល ញញឹមបិទមាត់មិនជិតឡើយ ព្រោះជិតបានចៅពហើយ ។ គេចាំបានថា នៅថ្ងៃដែលកូនស្រីលោក រៀបការជា មួយនាយព្រែក កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ លោកបានកាន់ក្បាលមីក្រូ ប្រកាសនៅចំពោះមុខភ្ញៀវ រាប់ពាន់នាក់ ក្នុងពិធីជប់លៀងសាលប្រជុំបន្ទាយសុវត្ថិភាព ទួលក្រ សាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល ថាលោកចង់បានចៅពឆាប់ៗ សង្ឃឹមថា កូនទាំងពីរ នឹងមិនធ្វើឲ្យលោកខកបំណងឡើយ។ ឥឡូវនាយព្រែក មិនអន់ទេ ព្រោះរៀបការបានជិត១០ខែ មុនីនាថ ប្រពន្ធលោក ចាប់ផ្ដើមចាញ់កូនហើយ៕

