Homeសង្គម និងជីវិត ប៉ូលិសល្អ ជួយបើកផ្លូវទៅសម្រាលកូន

 ប៉ូលិសល្អ ជួយបើកផ្លូវទៅសម្រាលកូន

ភ្នំពេញ ៖ មន្ត្រីនគរបាលចរាចរណ៍មួយរូប កំពុងទទួលបានការគោរពនិងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេស ក្រុមគ្រួសារស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ដែលឈឺពោះសម្រាលកូន ត្រូវបានមន្ត្រីនគរបាលរូបនេះ បើកម៉ូតូស៊ីរ៉ែន ជួយបើកផ្លូវ សម្រួលចរាចរណ៍ដល់រថយន្ត ១គ្រឿង ដែលកំពុងដឹកស្ត្រីឈឺពោះសម្រាលកូន ចាប់តាំងពីមុខព្រលានយន្តហោះចាស់ រហូតទៅដល់មន្ទីរពេទ្យកាល់ម៉ែត បានទាន់ពេលវេលា និងទទួលបានការសម្រាលកូនប្រកបដោយសុវត្ថិភាពទាំងម្តាយនិងកូន។

តាមប្រភពគណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ Jx Tsuki ដែលត្រូវជាប្តីរបស់ស្ត្រីឈឺពោះសម្រាលកូន បានបង្ហោះសំណេរថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ទឹកចិត្តមន្ត្រីនគរបាលចរាចរណ៍ រូបនោះ និងចងចាំនូវវីរភាពរបស់នគរបាលដ៏មានសន្តានចិត្តល្អរូបនេះ ដែលបានសម្រួលចរាចរណ៍ ឲ្យលោកបានជូនប្រពន្ធរបស់ខ្លួនដែលឈឺពោះសម្រាលកូន បានទៅដល់មន្ទីរពេទ្យ និងបានសម្រាល កូនដោយជោគជ័យ។

ម្ចាស់គណនីបណ្តាញសង្គម ហ្វេប៊ុក ខាងលើ បានបង្ហោះវីដេអូ និងសំណេរ កាលពីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ជាមួយសំណេរថា “ស្រលាញ់ គោរព នគរបាលល្អបែបនេះណាស់! ព្រឹកមិញនេះ ប្រពន្ធខ្ញុំ ឈឺពោះសម្រាលកូន ត្រូវធ្វើដំណើរពីចោមចៅ ទៅកាន់មន្ទីរពេទ្យកាល់ ម៉ែត។ ដូចដឹងចឹង ផ្លូវសហព័ន្ធរុស្ស៊ី នៅពេលព្រឹក គឺស្ទះខ្លាំងណាស់ លុះមកដល់មុខព្រលានយន្តហោះចាស់ បានឃើញបងនគរបាលដែលកំពុងធ្វើដំណើរតាមផ្លូវផងនោះ ក៏ខ្ញុំដាច់ចិត្តសុំជំនួយពីគាត់ ឱ្យជួយសម្រួលចរាចរណ៍ ព្រោះស្ថានភាពប្រពន្ធ គាត់ឈឺខ្លាំង។ បងនគរបាលគាត់ពិតជាមានស្មារតីខ្ពស់ក្នុងការជួយដោះស្រាយណាស់ គួរឱ្យគោរពខ្លាំងណាស់ និងមានភាពកក់ក្តៅ រំភើប ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ គ្រួសាររបស់ខ្ញុំ បានសម្រាលកូន ជោគជ័យ និងមានសុខភាពល្អ ទាំងម្តាយ និងកូន…”។

បុរសខាងលើ បន្តថា “តាងនាមតំណាងគ្រួសារ ខ្ញុំសូមលើកដៃគោរពដល់ការលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា របស់បងនគរបាល 1A-1514។ ទោះមិនបានស្គាល់ឈ្មោះបង តែខ្ញុំនឹងចងចាំនូវគំរូវីរភាពរបស់បង និងសូមជូនពរបងឱ្យ បានជោគជ័យលើការងារ ឡើងបុណ្យស័ក្តិ សុខភាពល្អ សំណាងល្អ…”។

បន្ទាប់មក នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បុរសខាងលើ បានបង្ហោះរូបភាពប្រពន្ធ និងកូនប្រុសរបស់ខ្លួន ដែលទើបនឹងសម្រាល ភ្ជាប់ជាមួយសំណេរថា “អូនៗ ជេដេន (Jaden) សូមអរគុណដល់លោកប៉ា អ្នកម៉ាក់ អ៊ំៗ ពូមីង បងប្អូនទាំងអស់គ្នា ដែលបានជូនពរ ផ្តាំសួរសុខទុក្ខ ជាពិសេស អរគុណពូប៉ូលិស ដែលបានជួយអូន ឱ្យបានសុវត្ថិភាព អ្នកគ្រូពេទ្យប្រាប់ថា អូនសុខភាពល្អណាស់ ហើយបានជួបមនុស្សល្អទៀត A Hero who was appeared in my born day…”៕

RELATED ARTICLES