ភ្នំពេញ ៖ លោកបណ្ឌិត សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិកាសន្តិភាពកម្ពុជា ដែលធ្លាប់ស្នើក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រដៅអ្នកសិល្បៈ ដែលមិនធ្លាប់ចូលសាលាសិល្បៈ ឬអ្នកសម្តែងគ្មានវិជ្ជាជីវៈសិល្បៈ និងត្រូវគេយល់ថានិយាយ សំដៅលោក ចែម ចាន់រ៉ា ហៅនាយពាក់មី នោះ ពេលនេះលោកបានប្រតិកម្មជាថ្មីនឹងតារាកំប្លែងល្បីរូបនេះ ដែលបានយកត្រីស្ទក់ ជាប្រភេទត្រីស្ថិតក្រោមការការពារ គ្រប់គ្រងនិងអភិរក្ស ស្របតាមច្បាប់ស្តីពីជលផល មកធ្វើម្ហូប ហើយបង្ហោះអួតតាមបណ្តាញសង្គម ជាសារធាណៈថែមទៀត ដោយលោកបណ្ឌិត សួន សេរីរដ្ឋា បានហៅនាយពាក់មី ថា “អាតារាស៊ីបំផ្លាញ” ។

ដោយឡែក នាយពាក់មី បន្ទាប់ពីបានឃើញសំណេររបស់លោកបណ្ឌិត សួន សេរីរដ្ឋា ខាងលើនេះ នាយបានឆ្លើយតបថា រឿងត្រីដែលត្រូវហាមឃាត់នេះ ខ្លួនស្គាល់មិនអស់ទេ គ្រាន់តែរឿងត្រីគេនេសាទបាន លក់នៅផ្សារ ខ្លួនទិញយកមកហូបសោះ ធ្វើជោរដូចរឿងធំដុំណាស់អ៊ីចឹង ហើយតារាកំប្លែងរូបនេះ បានផ្តាំទៅលោកបណ្ឌិត សួន សេរីរដ្ឋា ថា «កុំតោងល្បី»។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត សួន សេរីរដ្ឋា បានបង្ហោះរូបភាពសកម្មភាពនាយពាក់មី កំពុងយកត្រីស្ទក់ ដែលជាប្រភេទត្រីស្ថិតក្រោមការការពារ គ្រប់គ្រងនិងអភិរក្ស ស្របតាមច្បាប់ស្តីពីជលផល មកធ្វើម្ហូប ដោយភ្ជាប់ជាមួយសំណេរថា “នេះគឺក្រុមអាតារាស៊ីបំផ្លាញ! ក្រសួងពាក់ព័ន្ធ គួរចេះពិនិត្យ ធ្វើការតាមមុខងារ តួនាទី កោះហៅពួកក្រុមអាស៊ីបំផ្លាញនេះ មកប្រដៅខ្លះហើយ..! ត្រីស្ទក់ គឺជាប្រភេទត្រី ស្ថិត ក្រោមការការពារ ការគ្រប់គ្រង និងអភិរក្ស ស្របតាមច្បាប់ស្តីពីជលផល… ត្រីស្ទក់ ស្ថិតនៅក្នុងលេខរៀងទី១៨ នៃក្រុមប្រភេទត្រី កំពុងរងគ្រោះនៃឧបសម្ព័ន្ធ នៃអនុក្រឹត្យលេខ ១២៣ អនក្របក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការកំណត់ប្រភេទផល ផលិតផលដែលកំពុងរងគ្រោះថ្នាក់…”។

ឆ្លើយតបចំពោះការលើកឡើងរបស់លោកបណ្ឌិត សួន សេរីរដ្ឋា ខាងលើនោះ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកចែម ចាន់រ៉ា ហៅនាយពាក់មី បានសរសេរក្នុងទំព័រហ្វេសប៊ុក របហស់លោកថា “(ក្រុមតារា ស៊ីបំផ្លាញ) ណែពូ! បើនិយាយពីរឿងជួយអភិរក្សត្រី ពូឯងធ្វើមិនបានមួយចំណិតខ្ញុំទេ ខ្ញុំជួយទាំងថវិកា ជួយទាំងការផ្សព្វផ្សាយ ហើយជួយចេញពីបេះដូង ចំណែករឿងត្រី ដែលត្រូវហាមឃាត់នេះ មុខពូឯងក៏ស្គាល់មិនអស់ដែរ គ្រាន់តែរឿងត្រី គេ នេសាទបាន គេលក់នៅផ្សារ ខ្ញុំទិញយកមកហូបសោះ ធ្វើជោរដូចរឿងធំដុំណាស់ចឹង រឿងដែលពូ គួរជួយផុស មានច្រើនណាស់!!! កុំតោងល្បី…”។
បន្ទាប់ពីបានឃើញសំណេរនាយពាក់មី ដែលឆ្លើយតប ដោយប្រើពាក្យថា “កុំតោងល្បី” ដុចាខាងលើនេះ លោកបណ្ឌិត សួន សេរីរដ្ឋា បានសរសេរឆ្លើយតបថា “តោងល្បី (?) តើខ្ញុំអាចទៅតោងល្បីមនុស្សដែលល្បីហើយ អំនួតអួតរឿងជួយនិងអាងរឿងជួយបានច្រើន តែគ្មានគុណតម្លៃសម្រាប់ការអប់រំនោះដែរទេ? ជាការពិត គឺខ្ញុំមិនបានជួយនរណា ឬបរិច្ចាគជួយអភិរក្សការពារអ្វីទេ… ពីព្រោះខ្ញុំគ្មានលុយ.. ខ្ញុំធ្វើការ ស៊ីតែប្រាក់ខែ និងធ្វើស្រែចម្ការ ចិញ្ចឹមសត្វបន្ថែមទុកគ្រាន់តែហូបចុកក្នុងគ្រួសារប៉ុណ្ណោះ….”។
លោកបណ្ឌិត សួន សេរីរដ្ឋា បន្តថា “តែខ្ញុំប្រកាន់គោលការណ៍ ៖
ទី១ ៖ មិនថតបង្ហោះរូបភាពជក់បារី ផឹកស្រា សេពគ្រឿងស្រវឹង គ្រឿងញៀន ដាច់ខាត.. ទោះខ្ញុំមិនមែនជាអ្នកផលិតបារី ផលិតស្រា ហើយខ្ញុំខ្លួនឯង ផឹកស្រាតិចតួចក៏ដោយ។
ទី២ ៖ ខ្ញុំមិនហូបសត្វព្រៃ សត្វនិងមច្ឆាកម្រណាដែលមានក្នុងបញ្ជីហាមឃាត់ដាច់ខាត បើទោះបីជាគេអ្នកបាញ់ គេអ្នកនេសាទ យកមកលក់ ដែលខ្ញុំមិនមែនជាអ្នកបាញ់សម្លាប់ មិនមែនជាអ្នកនេសាទ ឬអ្នកចាប់ក៏ដោយ…។
ទី៣ ៖ បើពើបប្រទះសត្វព្រៃ គេលក់ទាំងរស់ មច្ឆា ត្រីកម្រដែលគេលក់ទាំងរស់ ខ្ញុំនឹងប្រើថវិកាដ៏តិចតួចរបស់ខ្ញុំ សុំទិញពីគេ យកមកលែងបែបធម្មជាតិ…។
ទី៤ ៖ ខ្ញុំនិងភរិយា ចូលចិត្តវិនិយោគលើការអប់រំ ទាំងផ្ទាល់ ដោយផ្តល់អាហារូបករណ៍ និងទាំងមិនផ្ទាល់ ដោយផលិតមាតិកាអប់រំឱ្យពលរដ្ឋភ្ញាក់រលឹកចលនាដាំដុះ និងចិញ្ចឹមសត្វ ដើម្បីលក់ឱ្យខ្លួនឯងហូប..។

និងទី៥ ៖ ខ្ញុំមិនដែលផលិតមាតិកា ឬសរសេរអ្វីមួយ ដើម្បីគោលបំណងចង់ស្វែងរកភាពល្បី ចង់ឱ្យផ្ទុះការគាំទ្រ និងចង់បានតែលុយ ដែលបណ្តាញសង្គម ឱ្យលុយនោះទេ។ ទោះបី Page & Account Facebook របស់ខ្ញុំ Facebook បើកអនុញ្ញាតឱ្យរកលុយបាន តាំងពីជាង ៧ឆ្នាំហើយក៏ដោយ។ តែរាល់ការដែលខ្ញុំសរសេរ និងផលិតមាតិកា គឺក្នុងបំណងតែមួយគត់ គឺចេះភ្ញាក់រលឹកនិងពិចារណាដោយខ្លួនឯង…។ ដូច្នោះ ខ្ញុំគ្មានមូលហេតុអ្វីទៅឆ្លើយតបអួតអាងរឿងរកជំនួយបានច្រើនជាង ជួយបានច្រើនជាង បរិច្ចាគលុយបានច្រើនជាងនរណាម្នាក់ ក្នុងកិច្ចការរបស់ខ្ញុំនោះទេ…”។
លោកបណ្ឌិត សួន សេរីរដ្ឋា បានបង្ហោះរូបភាពប្រភេទត្រី ស្ថិតក្រោមការការពារ គ្រប់គ្រងនិងអភិរក្ស ស្របតាមច្បាប់ស្តីពីជលផល ជាមួយសំណេរបន្ថែមថា “បើមិនចេះអានអក្សរទេ សូមមើលរូប! ទាំងនេះជាប្រភេទមច្ឆា (ត្រី) ដែលហាមឃាត់ការចាប់ នេសាទ និងត្រូវបានដាក់ក្នុងបញ្ជីការពារនិងអភិរក្សរបស់ អគ្គនាយកដ្ឋានជលផល… កុំអាងត្រឹមពាក្យថា “ស្គាល់មិនអស់” ហើយដើររកទិញស៊ីបំផ្លាញ! មិនថា សត្វព្រៃនិងមច្ឆាដែលហាមឃាត់ទេ។ បើអ្នកស៊ី ឈប់ទិញស៊ី និងមិនឃ្លានស៊ី ក៏អ្នកដាក់អន្ទាក់ អ្នកបាញ់សម្លាប់ អ្នកចាប់ និងអ្នកនេសាទ គ្មានទីផ្សារលក់ដូរ និងមិនរកមកលក់ដែរ…”។
គួររំលឹកថា កាលពីអំឡុងចុងខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ លោកបណ្ឌិត សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិកាសន្តិភាពកម្ពុជា ធ្លាប់បានស្នើក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រដៅអ្នកសិល្បៈដែលមិនធ្លាប់ចូលសាលាសិល្បៈ ឬអ្នកសម្តែងគ្មានវិជ្ជាជីវៈសិល្បៈ ដែលធ្វើឱ្យមានការប៉ះពាល់យ៉ាងដល់តម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សិល្បករ សិល្បការិនី ដែលបានរៀនសូត្រចេញពីសាលាវិចិត្រសិល្បៈ ។
ការស្នើឡើងរបស់លោកបណ្ឌិត សួន សេរីរដ្ឋា ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីមានអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការរិះគន់ចំពោះការសម្តែងរបស់តារាកំប្លែង លោកចែម ចាន់រ៉ា ហៅនាយពាក់មី រហូតនាយពាក់មី បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងនារីម្នាក់ ពីបទជេរប្រមាថ តែក្រោយមក នារីរូបនោះ បានចេញមុខសុំទោស ហើយក៏ទទួលបានការលើកលែងពីនាយពាក់មី សន្យាដកពាក្យបណ្តឹងវិញ ដោយតម្រូវឱ្យនារីម្នាក់នោះ បាញ់លុយ ១០០០ដុល្លារ ចូលទៅមន្ទីរពេទ្យកុមារអង្គរ។
លោកបណ្ឌិត សួន សេរីរដ្ឋា បានសរសេរនៅក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ថា “ក្រសួងវប្បធម៌ គួរតែបញ្ចេញធ្មុង ប្រដៅអ្នកសម្តែង អ្នកសិល្បៈខ្លះ ដែលចូលសិល្បៈ តែមិនបានឆ្លងកាត់ការរៀនសូត្រពីសាលាវិចិត្រសិល្បៈ! ហើយដែលបច្ចុប្បន្ន ពួកគេកំពុងអំនួត ដោយសម្តែងលើសពីអ្វីដែលហៅថា “វិជ្ជាជីវៈសិល្បៈ” និងបានកំពុងនាំឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់តម្លៃ កិត្តិយស និងភាពថ្លៃថ្នូររបស់សិល្បករ សិល្បការិនី ដែលមានអាជីព រៀនសូត្រចេញពីសាលាវិចិត្រសិល្បៈ ច្បាស់លាស់…”។

ក្នុងខ្លឹមសារខាងលើនេះ លោកបណ្ឌិត សួន សេរីរដ្ឋា មិនបានរិះគន់ចំឈ្មោះអ្នកសិល្បៈ ណាមួយទេ ប៉ុន្តែមជ្ឈដ្ឋានតាមដាន បានចាប់អារម្មណ៍និងធ្វើការកត់សម្គាល់ថា ការលើកឡើងរបស់លោកបណ្ឌិត សួន សេរីរដ្ឋា បានធ្វើឡើងបន្ទាប់ពីមានការសម្តែងរបស់នាយពាក់មី ចាប់ដៃ តារាស្រី លក្ខិណា ឱ្យប្រពន្ធប្រចណ្ឌ ឈានដល់ប្រើហិង្សា ដែលនាំឱ្យមហាជនរិះគន់ ជេរប្រមាថធ្ងន់ៗ រហូតនាយពាក់មី សម្រេចដាក់ពាក្យបណ្តឹង ទៅតុលាការ ប្តឹងអ្នកជេរប្រមាថខ្លួនទៀតផង តែក្រោយមក បានសម្រេចដកពាក្យបណ្តឹងវិញ ក្រោយពីនារីចុងចោទនោះ បានចេញមុខសុំទោស និងយល់ព្រមតាមលក្ខខណ្ឌរបស់នាយពាក់មី ដោយបង់ប្រាក់ ១០០០ដុល្លារ ចូលទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងបានចេញវីដេអូសុំទោសជាសាធារណៈ៕ ដារិទ្ធ