Homeសង្គម និងជីវិតលោកច័ន្ទ សារុន ទទួលមរណភាព

លោកច័ន្ទ សារុន ទទួលមរណភាព

ភ្នំពេញ ៖ លោក ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាតំណាងរាស្ត្រប្រចាំមណ្ឌល ខេត្តតាកែវ បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងវ័យ ៨១ឆ្នាំ ដោយជរាពាធ។ សពលោក ច័ន្ទ សារុន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជ ធានីភ្នំពេញ។

អគ្គលេខាធិការដ្ឋានរដ្ឋសភា  បានចេញសេចក្តីជូនដំណឹង ស្តីពីមរណភាពរបស់លោក ច័ន្ទ សារុន និងកម្មវិធីបុណ្យសព រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៧ៈ០០នាទីព្រឹក ដង្ហែសពទៅបញ្ចុះនៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ មានខ្លឹសារថា «រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីក្រៀមក្រំ សូមទូលថ្វាយនិងជម្រាបជូនដំណឹងដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងសាធារណជនមេត្តាជ្រាបថា ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានទទួល មរណភាព នៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព។ស។២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១២និង២៩នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។

១-សពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីជាតិ នៅគេហដ្ឋាន ផ្ទះលេខ៦០ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

២-កម្មវិធីគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន នឹងប្រព្រឹត្តទៅដូចខាង ក្រោម ៖

– ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៦ៈ៤៥នាទីរសៀល។

– ថ្ងៃទី១ និងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង ៨ៈ០០-១១ៈ០០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង១៤ៈ០០- ១៦ៈ០០នាទីរសៀល។

៣-ពិធីដង្ហែនិងបញ្ចុះសព នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៧ៈ០០នាទីព្រឹក នៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

សេចក្តីដូចបានទូលថ្វាយ និងជម្រាបជូនខាងលើនេះ ចាត់ទុកជាការយាងនិងអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព ព្រមទាំងក្រសួង ស្ថាប័នរដ្ឋនានា ព្រះមេត្តាជ្រាប និងមេត្តាជ្រាប និងសូមមេត្តាយាង និងអញ្ជើញចូលរួមពិធីបុណ្យ សពតាមការគួរ»។

គួររំលឹកថា លោកច័ន្ទ សារុន គឺជាអ្នកនយោបាយ និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ជាច្រើនទសវត្សរ៍ ក្នុងវិស័យសាធារណៈ។ លោកត្រូវបានស្គាល់យ៉ាងច្បាស់ តាមរយៈការកាន់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រហូតដល់ឆ្នាំ២០១៣។ ក្រោយមក ត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងជាតំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ។

សារព័ត៌មាន “នគរធំ” សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយលោកស្រី សុខ កែវ ច័ន្ទ សារុន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោក ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាតំណាងរាស្ត្រខេត្តតាកែវ។ សូមបួងសួងដល់ដួងវិញ្ញាណលោក ច័ន្ទ សារុន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ដារិទ្ធ

RELATED ARTICLES