ខេត្តកំពង់ចាម ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងកម្រមាន សម្រាប់ម្នាក់ បានចិញ្ចឹមសត្វគោ ១ក្បាល លុះសត្វគោសំណព្វចិត្តរបស់ខ្លួន បានឈឺងាប់ បុរសជាម្ចាស់គោ មិនបានយកទៅកាប់សាច់ ឬលក់នោះទេ បែរជារៀបចំតែងសពគោ យ៉ាងស្អាត រួចយកទៅបញ្ចុះ ដោយរៀបចំម៉ុង (ផ្នូរ) ត្រឹមត្រូវ ដូចសមាជិកគ្រួសាររបស់ខ្លួនដែរ។បុរសជាម្ចាស់គោ ដែលរៀបចំម៉ុងផ្នូរបញ្ចុះសពសត្វគោសំណព្វចិត្តរបស់ខ្លួននោះ មានឈ្មោះងឹម សុខហ៊ាន់ មានលំនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកសត្វគោ ដែលឈឺងាប់ និងត្រូវបានម្ចាស់យកសពទៅបញ្ចុះ និងធ្វើម៉ុងដូចសពមនុស្សនោះ ត្រូវបានម្ចាស់ដាក់ឈ្មោះឱ្យថា “អាព្រួញ” ។

តាមការអះអាងរបស់បុរសជាម្ចាស់គោ បានឱ្យដឹងថា “អាព្រួញ» ជាគោលឿន ធ្លាប់ចូលរួមប្រកួតរទេះគោលឿន ច្រើនលើកមកហើយ និងធ្លាប់ទទួលបានពានជ័យលាភីផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បុរសជាម្ចាស់គោ ឈ្មោះងឹម សុខហ៊ាន់ បានបង្ហោះរូបថត ចំនួន២សន្លឹក បង្ហាញពីសពគោរបស់ខ្លួន ដែលឈឺងាប់ និងការរៀបចំម៉ុងផ្នូរបញ្ចុះសព នៅខាងមុខផ្ទះរបស់ខ្លួន ភ្ជាប់ជាមួយសំណេរថា “Rip អាព្រួញ លាហើយ លាពីសង្វៀនហើយ សុំឱ្យឯងទៅបានសុខ ជាតិក្រោយ កុំឱ្យអាយុខ្លីចឹងទៀត ជាតិក្រោយ កុំឱ្យឯងកើតជាសត្វទៀត…”។

បន្ទាប់មក បុរសជាម្ចាស់គោ បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពរៀបចំបញ្ចុះសពគោ «អាព្រួញ» របស់ខ្លួន ភ្ជាប់ជាមួយសំណេរថា “ឯងទៅអស់កម្មហើយ សុំកុំឯងមានជាប់កម្មពៀរមួយយើងអី សុំឱ្យចាប់ជាតិថ្មី កើតជាមនុស្ស ឯងនៅយើងសុំឱ្យសុខយើងផង…”។
យោងតាមវីដេអូខាងលើ ឃើញសពគោ (អាព្រួញ) ត្រូវបានបុរសជាម្ចាស់ រៀបចំតែងខ្លួន រុំស្នែង ពណ៌ក្រហម និងគ្របក្រណាត់ពណ៌ស បញ្ចុះនិងរៀបចំផ្នូរ (ម៉ុង) យ៉ាងសមរម្យ នៅខាងមុខផ្ទះរបស់ខ្លួនតែម្តង។

បុរសជាម្ចាស់គោ បានបញ្ជាក់ប្រាប់ថា គោរបស់ខ្លួន ឈ្មោះ អាព្រួញ មិនត្រឹមតែជាសត្វចិញ្ចឹម ឬជាទ្រព្យសម្បត្តិមួយប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាសមាជិកគ្រួសារ ឬអាចថា ជាចំណែកមួយក្នុងជីវិតរបស់លោកទៅហើយ ដោយសារតែធ្លាប់រស់នៅ និងមានអនុស្សាវរីយ៍ជាមួយគ្នាជាច្រើន រាប់មិនអស់។

សកម្មភាពខាងលើនេះ បានធ្វើឱ្យមហាជន អ្នកប្រើប្រាស់បណ្តាញសង្គម បង្ហាញនូវការភ្ញាក់ផ្អើលនិងស្ងើចសរសើរចំពោះទឹកចិត្តបុរសជាម្ចាស់គោ យ៉ាងខ្លាំង ព្រោះដោយសារកន្លងមក នៅពេលដែលមានសត្វគោងាប់ ម្ចាស់ តែងយកទៅលក់ឱ្យឈ្មួញ ឬកាប់សាច់ មកធ្វើម្ហូប ប៉ុន្តែសម្រាប់បុរសខាងលើនេះ បែរជាចាត់ទុកសត្វគោ ជាសមាជិកគ្រួសាររបស់ខ្លួន បានរៀបចំបញ្ចុះ និងធ្វើផ្នូរនិងម៉ុង យ៉ាងសមរម្យ ទោះបីមិនបានរៀបចំពិធីបុណ្យសព ដូចមនុស្សក៏ដោយ៕