Homeសង្គម និងជីវិត កូនភ្លោះ ចុះលេងទឹក លង់ស្លាប់២នាក់

 កូនភ្លោះ ចុះលេងទឹក លង់ស្លាប់២នាក់

ខេត្តកណ្តាល ៖ ក្មេងប្រុសវ័យជំទង់ ២នាក់ បងប្អូនភ្លោះ ត្រូវបានម្តាយនាំទៅលេងទឹក នៅដីចម្ការ ដែលមានជម្រៅទឹកត្រឹមចង្កេះប៉ុណ្ណោះ លុះក្រោយមក ខណៈស្ត្រីជាម្តាយ រវល់តែមើលកូនម្នាក់ផ្សេងទៀត ស្រាប់តែភ្លេចខ្លួនមួយភ្លែត បាត់កូនភ្លោះ ខំស្រែកហៅក៏មិនឮឆ្លើយ លុះម្តាយទៅរាវរកត្រង់កន្លែងដែលកូនលេងទឹក ស្រាប់តែប្រទះឃើញកូនភ្លោះ ទាំង២នាក់ បានលង់ទឹកស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបឹងព្រែកចិន ស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ក្មេងប្រុសរងគ្រោះ ជាបងប្អូនភ្លោះ ទាំង២នាក់ ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះលាង សុខគឿន អាយុ១៣ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះលាង សុខគន អាយុ១៣ឆ្នាំ មុខរបរសិស្ស។ បងប្អូនភ្លោះ ទាំង២នាក់ មានលំនៅ ក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

តាមការបំភ្លឺពីស្ត្រីឈ្មោះហឿង សុខខៃ អាយុ៤០ឆ្នាំ ត្រូវជាម្តាយកូនភ្លោះរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បាននាំកូនប្រុស ៣នាក់ ក្នុងនោះ មាន២នាក់ ជាកូនភ្លោះ ទៅលេងទឹកនៅដីចម្ការ ព្រែកចិន ដែលទីនោះមានទឹកជម្រៅត្រឹមចង្កេះ។ លុះទៅដល់ កូនៗគាត់ទាំង៣នាក់ បានចុះលេងទឹក និងប្រឡែងគ្នាលេង ធម្មតា លុះនៅវេលាកើតហេតុ ដោយសារតែរូបគាត់រវល់មើលកូនប្រុសម្នាក់ទៀត ស្រាប់តែភ្លេចខ្លួន មួយភ្លែត ងាកទៅរកកូនប្រុសភ្លោះ ទាំង២ បាត់ខ្លួន ទោះខំស្រែកហៅក៏មិនឮឆ្លើយតប ទើបគាត់ប្រញាប់ចុះទៅរាវរកត្រង់កន្លែងដែលកូនលេងទឹកនោះ ក៏បានប៉ះកូនប្រុសម្នាក់ ឈ្មោះលាង សុខគង ហើយគាត់បានស្រង់កូនឡើងលើគោក និងរត់ទៅហៅប្តី នៅឯភូមិ និងអ្នកជិតខាង មកជួយរាវរកកូនប្រុសម្នាក់ទៀត ឈ្មោះលាង សុខគឿន ពេលរាវរកឃើញហើយ ក៏លើកកូនទាំង២ ដាក់លើម៉ូតូកង់បី ដឹកបញ្ជូនទៅមណ្ឌលសុខភាពភ្លាមៗ ហើយក្រុមគ្រូពេទ្យ បានជួយបញ្ជូនទៅមន្ទីរពេទ្យស្រុកកោះធំ តែពេលទៅដល់ ក្រុមគ្រូពេទ្យពិនិត្យរួច បានប្រាប់ថា កូនភ្លោះ ទាំង២នាក់របស់គាត់ បានស្លាប់បាត់ទៅហើយ ទើបរូបគាត់ជាម្តាយ សុំឱ្យរថយន្តសង្គ្រោះ ដឹកសពកូនភ្លោះ ទាំង២នាក់ ត្រឡប់មកផ្ទះវិញ និងបានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យ។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាម លោកបានបញ្ជាទៅលោកអធិការរង ផែនការងារយុត្តិធម៌ ដឹកនាំកម្លាំងជំនាញ ចុះដល់លំនៅឋានរបស់ជនរងគ្រោះ ដើម្បីពិនិត្យស្រាវជ្រាវ។

លោកអធិការ បន្តថា ដោយឪពុកម្តាយរបស់កុមាររងគ្រោះ បានទទួលស្គាល់នៅចំពោះមុខសមត្ថកិច្ចថា កូនប្រុសភ្លោះ ទាំង២នាក់ របស់គាត់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានស្នើសុំយកសពកូន ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្ទាប់ពីបានទទួលដំណឹងខាង លើនេះ លោកបានចាត់លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្អាង ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកុមារ លាង សុខគង និងកុមារ លាង សុខគឿន ដែលត្រូវជាកូនភ្លោះ បានទទួលមរណភាពភាពដោយសារឧបទ្ទវហេតុលង់ទឹកស្លាប់ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសាររងគ្រោះ ស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោក ហាក់ សុខមករា ក្នុងនាមលោក គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព។

លោកបានបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកឧបត្ថម្ភជូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណព្រះរតនត្រៃទាំងបី ជួយឱ្យដួងវិញ្ញាណក្ខន្ធនៃជនរងគ្រោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ដើម្បីជួយសម្រាលទុក្ខលំបាកចំពោះមុខ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះ រួមមាន ៖ អង្ករ ៥០គីឡូក្រាម មី២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ទឹកសុទ្ធ ៥កេស ត្រីខ ២យួរ និងថវិកា ចំនួន ៥០ម៉ឺនរៀល។ ថ្វីត្បិតតែអំណោយ និងថវិកាទាំងនេះ មិនអាចប៉ះប៉ូវនូវការបាត់បង់ជីវិតមនុស្សបាន ប៉ុន្តែវាជាទឹកចិត្តនិងជាស្មារតីចែករំលែក ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ រងគ្រោះដោយឯកោឡើយ។

ទន្ទឹមនឹងនេះ ស្ថិតក្នុងបរិបទដែលជារដូវវស្សា និងជារដូវទឹកទន្លេ កំពុងហក់ឡើងខ្លាំង ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានអំពាវនាវនិងក្រើនរំលឹកយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ឪពុកម្តាយ និងអាណាព្យាបាល ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ សូមកុំបណ្តោយឲ្យកុមារតូចៗ លេងទឹក ឬដើរជិតមាត់ទឹកដោយគ្មានការតាមដានពីមនុស្សធំឡើយ ដើម្បីចៀសវាងគ្រោះថ្នាក់លង់ទឹក ជាយថាហេតុ។ក្នុងនោះអ្នកធ្វើដំណើរ ឬនេសាទតាមទូក កាណូត ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសមធ្យោបាយធ្វើដំណើរ មិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសទម្ងន់ និងត្រូវពាក់អាវពោងសុវត្ថិភាពជានិច្ច៕

RELATED ARTICLES