ខេត្តកណ្តាល ៖ សាកសពក្មេងប្រុសម្នាក់ ដែលបាត់ខ្លួនក្នុងហេតុការណ៍លិចទូកងខ្នាតអន្តរជាតិ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនោះ ត្រូវបានប្រទះឃើញអណ្តែត កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្តោយទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកល្វាឯម ខេត្តកណ្តាល និងត្រូវបានសមត្ថកិច្ចស្រង់ដឹកទៅប្រគល់ជូនក្រុមគ្រួសារ ដែលបានសង់រោងបុណ្យ ត្រៀមមឈូស និងមេន រង់ចាំអស់រយៈពេល ១០ថ្ងៃគត់ ទើបសាកសពបានមកដល់។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានប្រទះឃើញផុសអណ្តែតឡើង កាលពីវេលាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្តោយទន្លេមេគង្គ ស្ថិតក្នុងភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

សាកសពក្មេងប្រុសរងគ្រោះ មានឈ្មោះ សួ ដូណា អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពក្រុមគ្រួសារក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះសួ ដូណា បានបាត់ខ្លួននៅក្នុងហេតុការណ៍លិចទូកងខ្នាតអន្តរជាតិ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ជាមួយក្មេងប្រុស ២នាក់ទៀត (ឈ្មោះហួន ភិនុត និងឈ្មោះឡុង សត្យា) ប៉ុន្តែសាកសពក្មេងប្រុស ទាំង២នាក់នោះ ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសល់តែសាកសពក្មេងប្រុសរងគ្រោះ ឈ្មោះសួ ដូណា ដែលលិចបាត់សូន្យឈឹង ក្នុងផ្ទៃទន្លេ ទោះជាក្រុមគ្រួសារ និងអាជ្ញាធរ ជួយអន្តរាគមន៍រាវរកយ៉ាងណា ក៏មិនឃើញសោះ ខណៈក្រុមគ្រួសារ បានត្រៀមរៀបចំរួចជាស្រេចទៅហើយ នូវរោងបុណ្យ មឈូស និងមេន រង់ចាំឱ្យតែរកសាកសពឃើញ នឹងរៀបចំធ្វើបុណ្យ តាមប្រពៃណី។

ប្រភពដដែល បន្តថា ចាប់តាំងពីក្មេងប្រុសរងគ្រោះ បាត់ខ្លួនមក ក្រុមគ្រួសារ រួមនិងអាជ្ញាធរ បានព្យាយាមស្វែងរក តាមគ្រប់លទ្ធភាព ដោយក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល និងកម្លាំងអន្តរាគមន៍ ៩១១ បានប្រើប្រាស់កម្លាំងនិងមធ្យោបាយ ស្វែងរកយ៉ាងសស្រាក់សស្រាំ។ ចំណែកក្រុមគ្រួសារ បានព្យាយាមជួលទូកអ្នកនេសាទ ចេញតាមរកផង និងបន់ស្រន់តាមជំនឿផង នៅតែមិនមានលទ្ធផលអ្វីសោះ។ រហូតដល់ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ពោលគឺរយៈពេល ១០ថ្ងៃក្រោយមក ទើបក្រុមគ្រួសារបានទទួលព័ត៌មានពីសមត្ថកិច្ចថា ប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះ ឈ្មោះសួ ដូណា អណ្តែតលើផ្ទៃទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល ទើបក្រុមគ្រួសារ បានចេញទៅទទួលយកសាកសព ដើម្បីយកមករៀបចំធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ មានហេតុការណ៍លិចទូក កើតឡើងនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយជនរងគ្រោះ ចំនួន១០នាក់ បាននាំគ្នាលើកទូក-ងខ្នាតអន្តជាតិ ដែលទើបនឹងធ្វើរួច (មិនទាន់មានឈ្មោះ) យកមកដាក់ចុះនៅក្នុងទន្លេមេគង្គ ដើម្បីអុំសាកល្បងលេងកម្សាន្ត តែអកុសល ទឹកហូរកួចខ្លាំង បានបណ្តាលឱ្យលិចទូក ស្លាប់ក្មេងប្រុស ៣នាក់ រីឯ ៧នាក់ទៀត ចេះហែលទឹក ឡើងតោងសាឡង់បូមខ្សាច់ បានរួចពីសេចក្តីស្លាប់។

ក្មេងប្រុសរងគ្រោះដែលបាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូក ខាងលើ រួមមាន ទី១-ឈ្មោះហួន ភីនុត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (រកឃើញនៅវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ចម្ងាយពីកន្លែងកើតហេតុ ១គីឡូម៉ែត្រ)។ ទី២-ឈ្មោះឡុង សត្យា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (រកឃើញនៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិបន្លិច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ចម្ងាយពីកន្លែងកើតហេតុ ៣៦គីឡូម៉ែត្រ) និងទី៣-ឈ្មោះសួ ដូណា ភេទប្រុស អាយុ១៤ឆ្នាំ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (រកឃើញនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល)។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ចំនួន១០នាក់ បាននាំគ្នាលើកទូកងខ្នាតអន្តជាតិ ដែលទើបនឹងធ្វើរួច (មិនទាន់មានឈ្មោះ) យកមកដាក់នៅក្នុងទន្លេមេគង្គ ដើម្បីធ្វើការអុំសម លុះដល់ពេលអុំបានចម្ងាយពីច្រាំងទន្លេ ប្រហែល៣០ម៉ែត្រ ហួសកំពង់ដកោះប្រាក់ ចម្ងាយ ៣០០ម៉ែត្រ ស្រាប់តែមានទឹកផុលឡើងធំៗ ធ្វើឱ្យអ្នកអុំទូក មានអារម្មណ៍ភ័យ ក៏នាំគ្នាឆ្លេឆ្លានៅលើទូក។ ភ្លាមនោះទូកបានលិច អ្នកអុំទូក ចំនួន៨នាក់ បានលោតចេញពីទូក នៅសល់អ្នកអុំទូក ២នាក់នៅលើទូក ក្រោយមកទូកលិចទៅ ទើបអ្នកអុំទូក ២នាក់ លោតតាមក្រោយដែរ ធ្វើឱ្យទូកលិច ទៅកាត់ទទឹងនឹងសាឡង់ដឹកខ្សាច់ ដែលចតនៅក្បែរច្រាំង។

លោកអធិការ បន្តថា ភ្លាមៗនោះ អ្នកអុំទូក ចំនួន៧នាក់ បានហែលរួច ឡើងគោក ចំណែក ៣នាក់ទៀត បានបាត់ខ្លួន រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ទើបរាវរកឃើញសាកសព ២នាក់ ជាបន្តបន្ទាប់ នៅសល់សពម្នាក់ទៀត ឈ្មោះសួន ដូណា រកមិនឃើញ ខណៈក្រុម គ្រួសារបានសាងសង់រោងបុណ្យ ត្រៀមមឈូស និងមេន រង់ចាំមើលផ្លូវ អស់រយៈពេល១០ថ្ងៃ ទើបរកឃើញសាកសពក្មេងប្រុសរងគ្រោះទី៣ អណ្តែតទឹក កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ៕

