ខេត្តព្រះវិហារ ៖ ស្ត្រីមានផ្ទៃពោះម្នាក់ បានឈឺពោះសម្រាល ត្រូវបានប្តីប្រញាប់ដឹកបញ្ជូនតាមម៉ូតូ សំដៅមកមណ្ឌលសុខភាព ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាល ស្រាប់តែមកដល់ពាក់កណ្តាលផ្លូវ ស្ត្រីជាប្រពន្ធ ឈឺពោះកាន់តែខ្លាំង ទើបបុរសជាប្តីទាក់ទងសុំអន្តរាគមន៍ពីក្រុមគ្រូពេទ្យ បញ្ជូនរថយន្តសង្គ្រោះ និងឆ្មប ចុះមកដល់ ស្ត្រីជាប្រពន្ធក៏បានសម្រាលលើរថយន្តសង្គ្រោះតែម្តង ក្រោមការការជួយសង្គ្រោះពីក្រុមគ្រូពេទ្យជំនាញ ធ្វើឱ្យម្តាយនិងទារក មានសុវត្ថិភាព។

ករណីស្ត្រីមានផ្ទៃពោះសម្រាលកូនលើរថយន្តសង្គ្រោះខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២ និ១៤នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវឆ្ពោះទៅមណ្ឌលសុខភាពរវៀង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមគ្រូពេទ្យ និងត្រូវបានមន្ត្រីសុខាភិបាល និងឆ្មបមណ្ឌលសុខភាពរវៀង នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅវេលាម៉ោង២ និង១៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានធ្វើការសង្គ្រោះបន្ទាន់ ដោយបើករថយន្តសង្គ្រោះទៅទទួលយកស្ត្រីមានផ្ទៃពោះម្នាក់ ដែលមានអាការឈឺពោះសម្រាលកូន ប៉ុន្តែក្នុងអំឡុងពេលធ្វើដំណើរតាមផ្លូវ ស្ត្រីរូបនោះ មានអាការឈឺពោះសម្រាលកូនកាន់តែខ្លាំង ក៏បានសម្រាលលើរថយន្តសង្រ្គោះតែម្តង ក្រោមការការជួយសង្គ្រោះពីក្រុមគ្រូពេទ្យជំនាញ ធ្វើឱ្យម្តាយនិងទារក មានសុវត្ថិភាព។

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ការទទួលខុសត្រូវ និងការបំពេញតួនាទីរបស់មន្ត្រីសុខាភិបាល និងឆ្មបនៅតាមមូលដ្ឋាន ជាពិសេសក្រុម ការងារមណ្ឌលសុខភាពរវៀង ដែលបានឆ្លើយតបយ៉ាងរហ័សចំពោះស្ថានភាពសម្រាលកូនបន្ទាន់ និងអាចជួយសង្គ្រោះមាតា និងទារក បានដោយសុវត្ថិភាព។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងលើកឡើងថា សកម្មភាពសង្គ្រោះបន្ទាន់នេះ បានបង្ហាញឱ្យឃើញពីការត្រៀមខ្លួន និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីសុខាភិបាលមូលដ្ឋាន ជាពិសេស ការឆ្លើយតបបានរហ័សនៅពេលប្រឈមនឹងស្ថានភាពសម្រាលកូនបន្ទាន់ ដែលអាចកើតឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោកថា ការងារសុខាភិបាលនៅមូលដ្ឋាន មិនត្រឹមតែជាការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបចំពោះគ្រប់ស្ថានភាពបន្ទាន់ ជា ពិសេសការសង្គ្រោះស្ត្រីមានផ្ទៃពោះ និងទារក ដែលទាមទារឱ្យ មន្ត្រីសុខាភិបាលមានជំនាញ ចំណេះដឹង បទពិសោធន៍ និងការឆ្លើយតបឱ្យបានរហ័ស។
លោកប្រធានមន្ទីរក៏បានថ្លែងណែនាំដល់មន្ត្រីសុខាភិបាល និងឆ្មបនៅតាមមណ្ឌលសុខភាពទាំងអស់ ឱ្យបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ត្រៀមលក្ខណៈជានិច្ចសម្រាប់សេវាសង្គ្រោះបន្ទាន់ និងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះស្ត្រីមានផ្ទៃពោះ ជាពិសេសស្ត្រីដែលមានផ្ទៃពោះជិតគ្រប់ខែ និងមានសញ្ញាឈឺពោះសម្រាល ដោយត្រូវផ្តល់ការណែនាំ និងជួយសម្របសម្រួលឱ្យពួកគេទទួលបានសេវាសម្រាលនៅមូលដ្ឋានសុខាភិបាលដែលមានបុគ្គលិកជំនាញ និងឧបករណ៍សមស្រប។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងអំពាវនាវដល់ស្ត្រីមានផ្ទៃពោះ និងក្រុមគ្រួសារ ឱ្យចូលរួមយកចិត្តទុកដាក់លើការថែទាំសុខភាពមាតានិងទារក ដោយត្រូវទៅពិនិត្យផ្ទៃពោះតាមកាលកំណត់ មិនត្រូវខកខានការណាត់ជួបជាមួយបុគ្គលិកសុខាភិបាល និងត្រូវរៀបចំផែនការ សម្រាលកូនជាមុន ជាពិសេសនៅពេលផ្ទៃពោះជិតគ្រប់ខែ។
លោកបានថ្លែងបញ្ជាក់ថា នៅពេលស្ត្រីមានផ្ទៃពោះចាប់ផ្តើមមានសញ្ញាឈឺពោះ ជាបន្តបន្ទាប់ ត្រូវប្រញាប់បញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត និងអាចទាក់ទងសេវារថយន្តសង្គ្រោះបន្ទាន់ ដើម្បីកុំឱ្យការពន្យារពេលបង្កហានិភ័យដល់អាយុជីវិត មាតា និងទារក។ លោកបានថ្លែងសង្កត់ធ្ងន់ថា ការសម្រាលកូនដោយសុវត្ថិភាព គឺត្រូវការការចូលរួមពីស្ត្រីមានផ្ទៃពោះក្រុមគ្រួសារ និងបុគ្គលិក សុខាភិបាល ដូច្នេះការរៀបចំទុកជាមុន និងការទៅទទួលសេវាសុខាភិបាលឱ្យបានទាន់ពេល គឺជាកត្តាសំខាន់ក្នុងការការពារជីវិតមាតា និងទារក។

លោកក៏បានកោតសរសើរចំពោះមន្ត្រីសុខាភិបាល និងឆ្មបគ្រប់រូបនៅតាមមូលដ្ឋាន ដែលបានខិតខំបំពេញភារកិច្ចដោយមិនគិតពីពេលវេលា ទាំងពេលថ្ងៃ និងពេលយប់ ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ លោកចាត់ទុកថា ការយកចិត្តទុកដាក់ និងការឆ្លើយតបរហ័ស របស់មន្ត្រីសុខាភិបាល នៅមូលដ្ឋាន គឺជាផ្នែកដ៏សំខាន់មួយក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល និងការកាត់បន្ថយហានិភ័យមរណភាពមាតានិងទារក នៅក្នុងសហគមន៍៕