Homeសង្គម និងជីវិតទារក៣ខែ ស្លាប់ក្នុងទារកដ្ឋាន ដោយសារជំងឺរលាកសួត

ទារក៣ខែ ស្លាប់ក្នុងទារកដ្ឋាន ដោយសារជំងឺរលាកសួត

ភ្នំពេញ ៖ ទារកអាយុជាង៣ខែ ដែលត្រូវឪពុកម្តាយយកទៅផ្ញើនៅទារកដ្ឋាន មួយកន្លែង ទើបតែបានរយៈពេល ៥ថ្ងៃ ស្រាប់តែកើតមានអាការក្តៅខ្លួន ប្រកាច់ស្លាប់នោះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យឃើញថា ទារកបានស្លាប់ដោយសារជំងឺរលាកសួត និងផ្លូវដង្ហើមធ្ងន់ធ្ងរ មិនមានពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ ។

ទារកដែលបាត់បង់ជីវិត មានឈ្មោះអាត ហុងវៃ អាយុ៣ខែកន្លះ មានម្តាយឈ្មោះ ម៉ី ណារីន អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ឪពុកឈ្មោះហូ ហុងលី អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ករណីអ្នកថែទាំនៅ “ទារកដ្ឋាន និងមត្តេយ្យសិក្សា ខេមឃីដ” បញ្ច្រកថ្នាំទារក អាយុជាង៣ខែ រួចហូរឈាមតាមច្រមុះ ប្រកាច់ស្លាប់នោះ គឺទារកខាងលើ ស្លាប់ដោយជំងឺរលាកសួត និងផ្លូវដង្ហើមធ្ងន់ធ្ងរ មិនមានពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ។

សមត្ថកិច្ច បានបន្តថា ក្រោយពេលកើតហេតុ ខាងឪពុកម្តាយនិងក្រុមគ្រួសារទារកនោះ មិនបានប្តឹងផ្តល់លើម្ចាស់ទារកដ្ឋាននិងមត្តេយ្យសិក្សា ខេមឃីដ នោះទេ ដោយពួកគាត់អះអាងថា កូនចៅរបស់ពួកគាត់ មានជំងឺតាំងពីនៅផ្ទះម៉្លេះ។ ដោយឡែក ខាងម្ចាស់ទារកដ្ឋាន និងមត្តេយ្យសិក្សា ខេមឃីដ ក៏បានឧបត្ថម្ភប្រាក់ ចំនួន១ពាន់ដុល្លារ សម្រាប់ឱ្យក្រុមគ្រួសារសពទារកខាងលើ ដើម្បីចាត់ចែងធ្វើបុណ្យសពកូនផងដែរ ហើយភាគីទាំង២ ក៏បានបញ្ចប់រឿងនេះរួចរាល់ហើយ។

សមត្ថកិច្ច បានបញ្ជាក់ថា យោងតាមការពិនិត្យកោសល្យវិច័យ ដោយនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកឃើញថា ទារកនោះបានស្លាប់ដោយសារតែជំងឺរលាកសួត និងផ្លូវដង្ហើមធ្ងន់ធ្ងរ មិនពាក់ព័ន្ធទៅនឹងករណីផ្សេងពីនេះឡើយ។

គួររំលឹកថា កាលពីវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងទារកដ្ឋាននិងមត្តេយ្យសិក្សា ខេមឃីដ មានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយទារកអាយុជាង ៣ខែម្នាក់ ត្រូវបានឪពុកម្តាយ យកទៅផ្ញើនៅទារក ដ្ឋានខាងលើ ទើបតែបានរយៈពេល ៥ថ្ងៃ ស្រាប់តែកើតមានអាការក្តៅខ្លួន លុះអ្នកថែទាំ បានច្រកថ្នាំផ្តាសាយ ក្តៅខ្លួនរួច ស្រាប់តែទារកស្រែកយំ រហូតហូរឈាមតាមច្រមុះ រួចប្រកាច់។ បន្ទាប់មក អ្នកថែទាំបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ប៉ុន្តែគ្រូពេទ្យពិនិត្យរួច ប្រាប់ថា ទារកបានស្លាប់ហើយ។

តាមសម្តីបុរសជាជីតាទារករងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីគាត់ និងកូនប្រសា បានយកកូនតូច ទៅផ្ញើទារកដ្ឋាននិងមត្តេយ្យសិក្សា ខមឃីដ នេះទើបតែបានរយៈ ពេល ៥ថ្ងៃប៉ុណ្ណោះ ដោយផ្ញើចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងចាប់ពីវេលាម៉ោង ៦ព្រឹក ដល់វេលាម៉ោង៦ និង៣០នាទីព្រលប់ ក្នុងតម្លៃ១ខែ ៥០ដុល្លារ ហើយក្រោយពេលចេញ ពីធ្វើការ ឪពុកម្តាយបានទៅយកត្រឡប់ទៅផ្ទះវិញ។

បុរសជាជីតា បានអះអាងថា ក្នុងរយៈពេល ៣ខែ ដែលនៅជាមួយឪពុកម្តាយ ចៅប្រុសគាត់មានសុខភាពល្អជាធម្មតាទេ មិនមានជំងឺអ្វីធំដុំឡើយ ហើយប្រសិនបើចៅគាត់ឈឺធ្ងន់ ក៏ខាងទារកដ្ឋាននោះ មិនទទួលមើលថែដែរ លុះឥឡូវពុំដឹងថាយ៉ាងម៉េចទេ ទើបអ្នកថែទាំ ច្រកថ្នាំ រួច បែរជាស្លាប់តែម្តង។

ចំណែកស្ត្រីជាជីដូនទារករងគ្រោះ បានឱ្យដឹងដែរថា នៅវេលាព្រឹកថ្ងៃកើតហេតុ ខណៈពេលនាំកូនទៅដល់ទារកដ្ឋានខាងលើ ដោយឃើញកូនរបស់ខ្លួន ហាក់ចង់មានជំងឺផ្តាសាយ ឪពុកម្តាយទារក ក៏បានប្រគល់ថ្នាំផ្តាសាយ ក្តៅខ្លួន ដែលបានបើកពីមន្ទីរពេទ្យកុមារជាតិ កាលពីជាង ១ខែមុន ឱ្យទៅខាងអ្នកថែទាំ ដើម្បីទុកច្រក នៅពេលកូនផ្តាសាយ ក្តៅខ្លួន។ ពេលនោះ ក៏បានប្រាប់ទៅអ្នកមើលថែថា បើច្រកថ្នាំ សូមកុំច្រកផ្ទាល់ គឺលាយនៅក្នុងទឹកដោះគោ ឱ្យបៅទៅ។ បន្ទាប់មកឪពុកម្តាយ បានចេញទៅធ្វើការបាត់ទៅ រហូតដល់វេលាម៉ោងជាង ៨ព្រឹក ស្រាប់តែខាងបុគ្គលិកទារកដ្ឋានខាងលើ បានទូរស័ព្ទប្រាប់ថា ចៅប្រុសគាត់ស្លាប់បាត់ទៅហើយ។

ស្ត្រីជាជីដូន បន្តថា ពេលសួរនាំពីមូលហេតុដែលបណ្តាលឱ្យស្លាប់នោះ ត្រូវបានខាងទារកដ្ឋានខាងលើ ប្រាប់ថា ពេលឃើញចៅប្រុសគាត់ មានជំងឺ អ្នកថែទាំបានយកថ្នាំនោះ ច្រកដោយផ្ទាល់ មិនបានលាយក្នុងទឹកដោះគោ ឱ្យបៅនោះទេ។ លុះក្រោយពេលច្រករួច ចៅប្រុសគាត់បានយំយ៉ាងខ្លាំង ហើយក្រោយមកស្រាប់តែហូរឈាមតាមច្រមុះ រួចក៏ប្រកាច់។  បន្ទាប់មក ខាងទាកដ្ឋាន បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ប៉ុន្តែពេលទៅដល់ គ្រូពេទ្យបានប្រាប់ថា ចៅប្រុសគាត់ស្លាប់ហើយ សង្ស័យបណ្តាលមកពីជំងឺគ្រុនឈាម ទើបនាំយកសពត្រឡប់ ចូលទារកដ្ឋានវិញ ជូនដំណឹងទៅឪពុកម្តាយ និងក្រុមគ្រួសារ។

ក្រោយពេលកើតហេត កុម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានរាយការណ៍ជូនកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ទារកខាងលើ បានស្លាប់ដោយសារជំងឺរលាកសួត និងផ្លូវដង្ហើម ធ្ងន់ធ្ងរ មិនមានពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ៕

RELATED ARTICLES