ភ្នំពេញ ៖ អតីតយុទ្ធជនពិការម្នាក់ ដែលត្រូវជាឪពុកបង្កើតរបស់យុវជនជើងខ្លាំង ជិះម៉ូតូដេញកាក់រថយន្ត ១គ្រឿង ចោទថាបើកបុកម៉ូតូមិត្តភក្តិរបស់ខ្លួនស្លាប់ រហូតផ្ទុះជាអំពើហិង្សាដោយការភ័ន្តច្រឡំ វាយម្ចាស់រថយន្ត ៣ដៃ បែកមាត់ រួចវាយក្បាល ១ស្បែកជើងទៀត ហើយត្រូវសមត្ថកិច្ចចាប់វាយខ្នោះ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនោះ បានលើកដៃសំពះ ស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដោះលែងកូនប្រុសរបស់គាត់ ព្រោះសព្វថ្ងៃរូបគាត់ជាជនពិការ រស់ពឹងតែលើកូនប្រុសម្នាក់នេះ រកស៊ីចិញ្ចឹម មើលថែ បើអត់ពីកូនប្រុសនេះទេ រូបគាត់ជាឪពុក ច្បាស់ជាដាច់ពោះស្លាប់មិនខាន។

លោក រឿន សម្បត្តិ ជាអតីតយុទ្ធជនពិការ ត្រូវជាឪពុកយុវជនជាប់ចោទឈ្មោះសម្បត្តិ កំសត់ នៅព្រលប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានបង្ហោះវីដេអូ តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន អំពាវនាវសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីដោះលែងកូនប្រុសរបស់គាត់ ដែលបានវាយគេច្រឡំ ភ្ជាប់ជាមួយសំណេរថា “សូមលើកដៃសំពះអង្វរសម្តេចពុក សម្តេចម៉ែ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ខ្ញុំបាទ ជាអតីតយុទ្ធជនពិការ ដែលមានជំងឺប្រចាំកាយ បានកូនប្រុសម្នាក់នេះគត់ រ៉ាប់រងចិញ្ចឹមមើលថែខ្ញុំ កូនប្រុសខ្ញុំ សម្បត្តិ កំសត់ ហៅក្រៅ រ៉ាវី ពិតជាមានកំហុសឆ្គងមែន ខ្ញុំគ្មានអ្វីក្រៅពីលើកម្រាមដៃដប់ សំពះអង្វរថ្នាក់ដឹកនាំ មេត្តាប្រោសប្រណីសម្រាលទោសដល់កូនប្រុសខ្ញុំផង 22/08/2026…”។

បុរសដដែល បានសរសេរបន្ថែមថា «ខ្ញុំបាទ ក្នុងនាមជាឪពុក ពិតជាសោកស្តាយនឹងទង្វើរបស់កូនខ្លាំងណាស់ ប៉ុន្តែដោយសារមោហ៍បាំង ធ្វើឲ្យយល់ច្រលំខុស បែរជាវាយនិងស្តីបន្ទោសតៃកុងឡាន និងបង្កជារបួសស្នាមទៅវិញ។ ខ្ញុំមានតែម្រាមដៃដប់ គោរពដល់សម្តេច ពុក សម្តេចម៉ែ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យដល់រូបកូនខ្ញុំផង»។

បុរសជាឪពុក បាននិយាយរៀបរាប់ក្នុងវីដេអូនោះថា “ខ្ញុំសូមលើកដៃម្រាមដប់ ដល់មហាជន និងតៃកុងឡាន ខ្ញុំសូមអភ័យទោស ខ្ញុំជាឪពុករបស់សម្បត្តិ កំសត់ ហៅរ៉ាវី ហ្នឹង វាមិនមែនក្មេងទំនើង ជក់ថ្នាំទេ ដោយសារមិត្តភក្តិវា គ្រោះថ្នាក់ចរាចរណ៍ស្លាប់ វាមោហ៍បាំងមួយភ្លែត ធ្វើទៅខុស រហូតដល់ដំណាក់កាលហ្នឹង ឡើងក្តីក្តាំ ដូច្នេះខ្ញុំសូមលើកដៃម្រាមដប់ ដល់មហាជនទាំងអស់ រួមទាំងតៃកុងឡានហ្នឹង ហើយឯកឧត្តម ជួន ណារិន្ទ មេត្តាជួយខ្ញុំផង ខ្ញុំជាឪពុក ជនពិការ រស់ដោយសារតែ សម្បត្តិ រ៉ាវី ទេ រាល់ថ្ងៃ រកស៊ីចិញ្ចឹម តាំងពីខ្ញុំខូចជើងហ្នឹងមក កន្លះឆ្នាំជាងហើយ បើអត់ពីកូនហ្នឹងទៅ ខ្ញុំចប់ ដឹងតែស្លាប់ហើយ។ ហើយសំខាន់ គោរពលើកទី២ ដល់សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី សូមជួយ ជួយខ្ញុំបាទផង ឈ្មោះរឿន សម្បត្តិ នេះ ខ្ញុំលំបាកវេទនាណាស់ ដែលសម្តេច ចែកផ្ទះឱ្យ នៅឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ សូមសម្តេច មេត្តាខ្ញុំជាអតីតកូនចៅរបស់សម្តេច ហើយទី៣ សូមលើកម្រាមដៃ ដប់ ដល់លោកជំទាវ ហ៊ុន ស៊ីណាត អាណិតខ្ញុំផង មេត្តាខ្ញុំផង ខ្ញុំជាឪពុក ខ្ញុំអត់ដឹងអីទេ ខ្ញុំទៅអត់រួច ជិះឡាន អត់កើត ខ្ញុំខូចជើងអ៊ីចេះ សូមលោកជំទាវ ហ៊ុន ស៊ីណាត និងសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី រួមនិងឯកឧត្តម ជួន ណារិន្ទ មហាជនទាំងអស់ ជួយ អាណិតខ្ញុំផង ខ្ញុំជនពិការ លើកលែង សម្រួលឱ្យកូនខ្ញុំផង មានតែកូនខ្ញុំហ្នឹងទេ ឈ្មោះសម្បត្តិ កំសត់ ហ្នឹង…”។

គួរបញ្ជាក់ថា យុវជនឈ្មោះសម្បត្តិ កំសត់ ដែលវាយអ្នកបើកបររថយន្ត ដោយសារច្រឡំថា បុកម៉ូតូមិត្តភក្តិខ្លួន បណ្តាលឱ្យស្លាប់នោះ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំ ខ្លួនដាក់ពន្ធនាគារព្រៃស ម១ (មណ្ឌលអប់រំកែប្រែទី១) ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយជាប់ចោទចំនួន ៤បទល្មើស។
លោកឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តំណាងអយ្យការ បានបើកការស៊ើបសួរ និងសម្រេចធ្វើការចោទប្រកាន់បុរសដែលវាយអ្នកបើករថយន្ត ដោយសារច្រឡំថាបុកម៉ូតូមិត្តភក្តិ បណ្តាលឱ្យស្លាប់ ជាប់ចោទចំនួន ៤បទល្មើស រួមមាន ៖ បទហិង្សាដោយចេតនា បទគំរាមកំហែង បទជេរប្រមាថជាសាធារណៈ និងបទធ្វើឱ្យខូចខាតដោយចេតនា តាមមាត្រា ២១៧ មាត្រា២៣១ មាត្រា ៣០៧ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឱ្យមានការយល់ច្រឡំ និងឈានដល់ការផ្ទុះហិង្សា បានកើតមានការភ្ញាក់ផ្អើលឡើង ស្ថិតនៅលើផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងរាំង ខណ្ឌដូននពេញ រាជធានីភ្នំពេញ ដោយបុរសម្នាក់ ឃើញមិត្តភក្តិរបស់ខ្លួន ជិះម៉ូតូបត់ឆ្លងកាត់ពីមុខរថយន្ត ១គ្រឿង និងត្រូវយុវជន ៣នាក់ ជិះម៉ូតូដឹកគ្នាក្នុងល្បឿនលឿន (ស្របទិសជាមួយរថយន្ត) ជ្រុលទៅបុកម៉ូតូមិត្តភក្តិខ្លួន បណ្តាលឱ្យស្លាប់ ស្រាប់តែនឹកស្មានថារថយន្តបុកម៉ូតូ ទាំង ២គ្រឿង ហើយមិនព្រមឈប់ ក៏ដេញតាមកាក់ឃាត់រថយន្ត រួចស្ទុះទៅទាត់ធាក់រថយន្ត ធ្វើឱ្យបុរសជាម្ចាស់រថយន្ត ឆ្ងល់ក៏ចុះទៅសួរនាំរកហេតុផល បែរជាបុរសរូបនោះ វាយម្ចាស់រថយន្ត៣ដៃ បែកមាត់ រួចវាយក្បាល ១ស្បែកជើងទៀត ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ ឆែកមើលកាមេរ៉ាសុវត្ថិភាពក្នុងរថយន្ត ទើបដឹងថា ជាការយល់ច្រឡំ ដោយសារគ្រោះថ្នាក់នេះ កើតឡើងរវាងម៉ូតូនិងម៉ូតូ ចំណែករថយន្ត មិនបានបុកប៉ះអ្វីឡើយ។ ទីបំផុតជនបង្កហិង្សា វាយម្ចាស់រថយន្តបែកមាត់ និងវ៉ៃក្បាល ១ស្បែកជើងនោះ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើត គេឃើញម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LV-4000 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូង ទៅជើង លុះពេលមកដល់ត្រង់ចំណុចស្តុបចតុមុខ បានបត់ឆ្វេង ឆ្ពោះទៅផ្លូវ២១៤ ខណៈនោះមានម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពាក់ស្លាកលេខ ភ្នំពេញ 1MF-0121 ជិះដោយយុវជន ៣នាក់ ធ្វើដំណើរតាមផ្លូវព្រះនរោត្តម ទិសដៅពីជើង ទៅត្បូង ស្របគ្នាជាមួយរថយន្ត ១គ្រឿង ម៉ាក AION ពណ៌ស ហើយភ្លាមនោះ ម៉ូតូហុងដា ប៊ីត ជ្រុលទៅបុកចំពីមុខម៉ូតូហុងដា ឌ្រីម យ៉ាងពេញទំហឹង បណ្តាលឱ្យភាគីម្ចាស់ម៉ូតូហុងដា ឌ្រីម ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកភាគីម៉ូតូហុងដា ប៊ីត រងរបួសធ្ងន់ម្នាក់ និងរបួសមធ្យម ២នាក់។

ប្រភពដដែល បន្តថា ចំណែករថយន្ត AION ពណ៌ស ដែលបើកបរស្របទិសជាមួយម៉ូតូហុងដា ប៊ីត និងត្រូវបានម៉ូតូ ទាំង២គ្រឿង បុកគ្នា ខ្ទាតមកប៊ិះត្រូវរថយន្ត តែអ្នកបើកបររថយន្តព្យាយាមគេចចង្កូតចេញ និងមិនបានបុកប៉ះអ្វីនោះឡើយ រួចក៏បន្តដំណើរទៅមុខទៀត។
ស្របពេលនោះ ជនបង្កហេតុដែលជាមិត្តភក្តិរបស់ភាគីម៉ូតូហុងដា ឌ្រីម (មិត្តភក្តិសព) ឃើញមិត្តភក្តិរបស់ខ្លួនស្លាប់ គិតថារថយន្ត AION ពណ៌ស ជាអ្នកបង្កគ្រោះថ្នាក់ បើកបុកម៉ូតូ ទាំង២គ្រឿង បណ្តាលឱ្យមិត្តភក្តិរបស់ខ្លួនស្លាប់ ទើបប្រញាប់ទាញម៉ូតូជិះដេញតាមរថយន្ត AION ពណ៌សនោះ រហូតដល់ត្រង់ចំណុចស្តុបបូកគោ ទើបតាមទាន់ រួចជិះម៉ូតូទៅកាក់ពីមុខរថយន្តជាប់ បន្ទាប់មកក៏ស្ទុះចុះទៅវាយទាត់ធាក់រថយន្ត ព្រមទាំងជេរប្រមាថទៅលើម្ចាស់រថយន្តយ៉ាងខ្លាំង។ ចំណែកបុរសជាម្ចាស់រថយន្ត ឃើញបែបនេះ នឹកឆ្ងល់ ក៏ចុះមកសួរនាំរកហេតុផល ស្រាប់តែជនបង្កចោទថាម្ចាស់រថយន្ត បើកបុកមិត្តភក្តិរបស់គេស្លាប់ រួចស្ទុះមកដាល់ម្ចាស់រថយន្ត ចំនួន ៣ដៃ បណ្តាលឱ្យបែកមាត់ រួចជេរប្រមាថដោយពាក្យអសុរោះយ៉ាងច្រើន ទោះជាភាគីអ្នកបើកបររថយន្តព្យាយាមពន្យល់ហេតុផលយ៉ាងណា ក៏មិនព្រមស្តាប់ រហូតថែមទាំងទាញស្បែកជើង វាយក្បាលម្ចាស់រថយន្ត ថែមទៀតផង និងផ្អើលដល់អ្នកដំណើរ ព្រមទាំងអ្នកសារព័ត៌មាន ជួយឃាត់ តែជនបង្កហេតុ ហាក់ដូចកំរោលចូល មិនព្រមស្តាប់អ្វីទាំងអស់។

ក្រោយកើតហតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ជួយអន្តរាគមន៍ និងត្រូវបានភាគីម្ចាស់រថយន្ត ពន្យល់ហេតុផល ទើបសមត្ថកិច្ច បានសុំធ្វើការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពដែលបំពាក់ជាប់រថយន្ត។ លុះក្រោយពេលពិនិត្យរួច ទើបដឹងថាករណីនេះ គឺជាការភាន់ច្រឡំ ពោលគឺភាគីរថយន្ត មិនមានអ្វីពាក់ព័ន្ធបន្តិចសោះ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងរវាងម៉ូតូនិងម៉ូតូ បុកគ្នា ហើយបានខ្ទាតមករកប៉ះរថយន្ត តែរថយន្តបានគេចចង្កូតចេញទាន់ រួចបន្តដំណើរទៅមុខធម្មតា បែរជាត្រូវជនបង្កហេតុ យលច្រឡំ ខឹងសម្បា ជះកំហឹងដាក់ម្ចាស់រថយន្ត ទាំងទទឹងទិសបែបនេះទៅវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបង្កហេតុ នាំយកទៅសាកសួរ។ ចំណែក ម៉ូតូ ទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង រួចអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី។

ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។
រហូតមកដល់រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ជនបង្កហេតុ ឈ្មោះសម្បត្តិ កំសត់ ដែលបង្កហិង្សា វាយអ្នកបើកបររថយន្ត ដោយសារច្រឡំថាបុកម៉ូតូមិត្តភក្តិ បណ្តាលឱ្យស្លាប់នោះ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ព្រៃស ជាបណ្តោះអាសន្ន ដោយជាប់ចោទចំនួន ៤បទល្មើស រួមមាន បទហិង្សាដោយចេតនា បទគំរាមកំហែង បទជេរប្រមាថជាសាធារណៈ និងបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស៕