ភ្នំពេញ ៖ ក្រោយកើតមានករណីឪពុកម្តាយ បោះបង់ទារក ឬកុមារ នៅតាមមន្ទីរពេទ្យ ឬទីសាធារណៈ បានកើតមានឡើងជាបន្តបន្ទាប់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានចាត់ទុកអំពើនេះ ជាអំពើអមនុស្សធម៌ ឃោរឃៅនិងព្រៃផ្សៃ ដែលផ្ទុយនឹងច្បាប់ សេចក្តីថ្លៃថ្នូរ វប្បធម៌ ក្រមសីលធម៌ គោលនយោបាយ កិច្ចការពារកុមារ អនុសញ្ញា ស្តីពីសិទ្ធិកុមារ និងលិខិតូបករណ៍អន្តរជាតិដទៃទៀត។

យោងតាមសេចក្តីណែនាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីកិច្ចការពារនិងអន្តរាគមន៍ចំពោះទារក និងកុមារដែលត្រូវបានបោះបង់ចោល បានបញ្ជាក់ថា ថ្មីៗនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកត់សម្គាល់ឃើញថា មានឪពុក ម្តាយ ឬអ្នកអាណាព្យាបាលមួយចំនួនតូច បានបោះបង់ទារកឬកុមារ នៅតាមមន្ទីរពេទ្យ ឬទីសាធារណៈ ហើយមានការចែកផ្សាយជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម។ ក្រសួង សូមចាត់ទុកអំពើនេះ ជាអំពើអមនុស្សធម៌ ឃោរឃៅនិងព្រៃផ្សៃ ដែលផ្ទុយនឹងច្បាប់ សេចក្តីថ្លៃថ្នូរ វប្បធម៌ ក្រមសីលធម៌ គោលនយោបាយកិច្ចការពារកុមារ អនុសញ្ញា ស្តីពីសិទ្ធិកុមារ និងលិខិតូបករណ៍អន្តរជាតិដទៃទៀត។ទន្ទឹមគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ពិនិត្យឃើញថា អំពើល្មើសខាងលើនេះ គឺមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ដែលឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដូចមានខាងក្រោម ៖
– មាត្រា៣២១ ៖ បទបោះបង់អនីតិជន “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជន អាយុតិចជាង១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល ប្រសិនបើអំពើបោះបង់នោះ បណ្តាលឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ”។
– មាត្រា៣៣០ ៖ បទញុះញង់ឱ្យបោះបង់ទារក “អំពើនៅក្នុងគោលដៅចង់បានកម្រៃ ញុះញង់ដោយផ្ទាល់ ដល់ឪពុកម្តាយ ឬដល់ឪពុកឬម្តាយ ឱ្យបោះបង់ចោលទារកដែលកើតមកហើយ ឬដែលនឹងកើត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ ពី១ម៉ឺន រៀល ទៅ១លានរៀល”។
ពាក់ព័ន្ធករណីខាងលើនេះ កន្លងទៅក្រសួង ធ្លាប់បានធ្វើការណែនាំជាច្រើនដងរួចមកហើយ ប៉ុន្តែដើម្បីជាការក្រើនរំលឹកក្នុងការអនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្រសួង សូមធ្វើការណែនាំដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានី-ខេត្ត ត្រូវបន្តពង្រឹងកិច្ចសហការនិងជំរុញការអនុវត្តតួនាទី ភារកិច្ចរបស់អង្គភាព រួមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ លើការអនុវត្តនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងកិច្ចការពារទារកឬកុមារ ពីការបោះបង់ចោល ជា ពិសេស ប្រកាសលេខ ២២៨០ ស.អ.យ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ ស្តីពីនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ និងប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លេខ០៧៤ ប្រក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
ក្រសួង សូមសំណូមពរដល់ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងច្បាប់ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីរួមគ្នាការពារកុមារ និងផ្តល់សេវាសមស្របជូនពួកគេ។

ក្រសួង សូមធ្វើការអំពាវនាវដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ សូមចូលរួមចិញ្ចឹមបីបាច់និងថែរក្សាការពារទារកឬកុមារ ជាកូនៗរបស់ខ្លួន ដើម្បីឱ្យពួកគេធំលូតលាស់ និងអភិវឌ្ឍន៍ក្នុងបរិយាកាសគ្រួសារប្រកបដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ ព្រមទាំងទទួលបានឧត្តមប្រយោជន៍ពេញលេញ។ ក្នុងករណីមាន ការលំបាក ឬមានបញ្ហាណាមួយ ក្នុងការចញ្ចឹមបីបាច់ថែទាំទារកឬកុមារ ក្រសួងសូមលើកទឹកចិត្តដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវទំនាក់ទំនងជាមួយអាជ្ញា ធរមានសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បី ទទួលបានការគាំទ្រសេវាសង្គមសមស្រប ដែលផ្តល់ដោយក្រសួង ស្ថាប័ន និងអង្គភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល ជាដៃគូ ចៀសវាងការមិនអើពើ ឬការបោះបង់ពួកគេ៕