ខេត្តមណ្ឌលគិរី ៖ កងកម្លាំងមន្ត្រីជំនាញនៃដែនជម្រកសត្វព្រៃ ភ្នំព្រេច-លំផាត់ ដឹកនាំដោយលោក រី ថៃសាន អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ ភ្នំព្រេច-លំផាត់ បានចុះប្រតិបត្តិការល្បាតការពារព្រៃឈើនិងសត្វព្រៃ រហូតឈានដល់ការបង្ក្រាបករណីដឹកជញ្ជូនសាច់សត្វព្រៃ (ជ្រូកព្រៃ) ខុសច្បាប់ មួយករណី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចទួលអូរព្រះ ស្ថិតក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី។

នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានប្រទះឃើញជនសង្ស័យ ចំនួន១នាក់ កំពុងឈប់ម៉ូតូនៅកណ្តាលផ្លូវ ដោយមានការសង្ស័យ ក្រុមការងារបានចូលទៅសាកសួរ និងពិនិត្យមើលជុំវិញទីតាំងកើតហេតុ ក៏បានរកឃើញបាវពណ៌ស ប្រឡាក់ឈាម មួយ ដែលមានផ្ទុកសាច់ជ្រូក ព្រៃ (ងាប់) ចំនួន១ក្បាល ទម្ងន់៣២គីឡូក្រាម។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះសេង ប៉េង អាយុ៣៧ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មានលំនៅ ភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។ ចំពោះវត្ថុតាងដកហូត រួមមាន ១-ម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1G-2414។ ២-សាច់សត្វព្រៃ (សាច់ជ្រូកព្រៃ ទម្ងន់ ៣២គីឡូក្រាម)។

ជនសង្ស័យ និងវត្ថុតាងម៉ូតូ ត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលរយ៉លើ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

ដោយឡែកសាច់សត្វព្រៃ (សាច់ជ្រូកព្រៃ ទម្ងន់ ៣២គីឡូក្រាម) ត្រូវបានក្រុមការងារជំនាញធ្វើការដុតកម្ទេចចោលភ្លាមៗ ទៅតាមបច្ចេកទេស និងបទដ្ឋានច្បាប់៕
