Homeសង្គម និងជីវិតស្ត្រីឈឺពោះ ទៅពេទ្យមិនទាន់ កើតកូនតាមផ្លូវ

ស្ត្រីឈឺពោះ ទៅពេទ្យមិនទាន់ កើតកូនតាមផ្លូវ

ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ មានផ្ទៃពោះគ្រប់ខែ បានឈឺពោះ ត្រូវបានប្តីដឹកតាមម៉ូតូឆ្លងដ បំណងទៅមណ្ឌលសុខភាព ឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាលកូន ស្រាប់តែពេលឡើងដល់មាត់ច្រាំង ឈឺពោះខ្លាំងបេក ក៏សម្រាលកូនតែម្តង ទើបបុរសជាប្តី ប្រញាប់ទាក់ទងសុំអន្តរាគមន៍ពីប្រធានមណ្ឌលសុខភាព ចាត់ឱ្យក្រុមការងារឆ្មប ចុះជួយសម្រាលបានដោយសុវត្ថិភាព ទាំងម្តាយនិងកូន។

ករណីស្ត្រីសម្រាលកូនតាមផ្លូវនេះ បានកើតឡើង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅត្រង់ចំណុចកំពង់ដ ភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។

ស្ត្រីដែលសម្រាលកូនតាមផ្លូវ មានឈ្មោះ មើយ កញ្ញា អាយុ២៤ឆ្នាំ មានលំនៅ ភូមិត្រាក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ចំណែកកូនដែលទើបសម្រាលនោះ គឺជាកូនទី២ ក្នុងគ្រួសារ (ជាកូនស្រី)។

តាមប្រភពមណ្ឌលសុខភាពវើនសៃ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ថា នៅថ្ងៃទី១៨ សីហា ឆ្នាំ២០២៦ ក្រុមឆ្មប នៅមណ្ឌលសុខភាពវើនសៃ បានចុះជួយស្ត្រីសម្រាលកូននៅកំពុងដ ភូមិប៉ុង។ ស្ត្រីជាម្តាយ ឈឺពោះ ហើយក៏ជិះទូកមកសម្រាលនៅមណ្ឌលសុខភាព តែមកមិនទាន់ ក៏សម្រាលកូននៅច្រាំងទន្លេតែម្តង។ ភ្លាមៗប្តីរបស់គាត់ បានទាក់ទងមក ប្រធានមណ្ឌលសុខភាព ហើយប្រធានមណ្ឌល បានចាត់ឱ្យក្រុមការងារឆ្មប ចុះជួយសង្គ្រោះគាត់បានភ្លាមៗ ដោយសុវត្ថិភាពទាំងម្តាយទាំង កូន។

ក្រោយកើតហេតុ ក្រុមគ្រូពេទ្យ បានដឹកបញ្ជូនស្ត្រីជាម្តាយ និងកូនទើបសម្រាលខាងលើ ទៅកាន់មណ្ឌលសុខភាព ដើម្បីពិនិត្យព្យាបាលនិងមើលថែបន្ត៕

RELATED ARTICLES