ខេត្តកំពត ៖ ជារឿងដ៏គួរឱ្យសោកសង្រេងបំផុតសម្រាប់ក្រុមគ្រួសារមួយនេះ ដែលជួបទុក្ខជាន់លើទុក្ខ ខណៈស្ត្រីចំណាស់ជាម្តាយ បានទទួលមរណភាពដោយសារជំងឺ ក្នុងវ័យ៧៨ឆ្នាំ ស្រាប់តែកូនប្រុស វ័យ៥៣ឆ្នាំ បានគាំងបេះដូងស្លាប់ថែមម្នាក់ទៀត ក្នុងពេលកំពុងធ្វើបុណ្យសពម្តាយ ធ្វើឱ្យពិធីបុណ្យសព ត្រូវរៀបចំឡើងទាំង២នាក់ម្តាយកូន និងបូជាព្រមគ្នាតែម្តង។

ស្ត្រីជាម្តាយដែលស្លាប់ដោយសារជំងឺ មានឈ្មោះ ឡុង មុំ អាយុ៧៨ឆ្នាំ។ ចំណែកកូនប្រុសដែលស្លាប់តាមម្តាយ ដោយគាំងបេះដូង មានឈ្មោះ រេន សារុំ អាយុ៥៣ឆ្នាំ។
តាមប្រភពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកកំពង់ត្រាច បានឱ្យដឹង កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ថា គ្រួសារដែលស្លាប់ទាំង ម្តាយនិងកូនប្រុស ក្នុងពេលជាមួយគ្នានេះ គឺខណៈលោកយាយ ឡុង មុំ បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៧៨ឆ្នាំ ហើយក្រុមគ្រួសារកំពុងរៀបចំពិធីបុណ្យសព តាមប្រពៃណី ស្រាប់តែលោក រេន សារុំ ជាកូនប្រុសបង្កើត អាយុ៥៣ឆ្នាំ បានគាំងបេះដូងស្លាប់តាមម្តាយ ធ្វើឱ្យក្រុមគ្រួសារជួបទុក្ខជាន់លើទុក្ខ សាច់ញាតិ ព្រមទាំងអ្នកភូមិផងរបងជាមួយ មានតក់ស្លុតរន្ធត់ចិត្តគ្រប់គ្នា។

ប្រភពដដែល បន្តថា ក្រោយទទួលបានព័ត៌មានខាងលើ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកកំពង់ត្រាច នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បាននាំយកបច្ច័យបុណ្យ ចំនួន៧៧ម៉ឺនរៀល ដែលបានមកពីការចូលរួមរបស់សមាជិក ស.ស.យ.ក ស្រុកកំពង់ត្រាច ទៅចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ជាមួយក្រុមគ្រួសារខាងលើ។
ក្នុងឱកាសនោះ ក្រុមការងារ ស.ស.យ.ក ស្រុកកំពង់ត្រាច បានសម្តែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសព បានប្រគល់បច្ច័យបុណ្យជូនដល់ក្រុមគ្រួសារ ដើម្បីចូលរួមសម្រាលបន្ទុកក្នុងការរៀបចំពិធីបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះ ក្រុមការងារ ស.ស.យ.ក ស្រុកកំពង់ត្រាច បានបួងសួងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធរបស់លោកយាយ ឡុង មុំ និងលោក រេន សារុំ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕