Homeសង្គម និងជីវិតកើតកូនរួច ប្លុងចោល អធិការជួយសង្គ្រោះ

កើតកូនរួច ប្លុងចោល អធិការជួយសង្គ្រោះ

ភ្នំពេញ ៖ ទារិកាអភ័ព្វម្នាក់ ទើបនឹងកើត ត្រូវបានម្តាយចិត្តខ្មៅ បីយកមកប្លុងចោលនៅក្បែរចេតិយ ក្នុងបរិវេណវត្តកំបូល ក្រោមភ្លៀងរលឹមស្រិចៗ សំណាងល្អ ត្រូវបានបុរសជាអ្នកស្ទូចត្រី ដើរឆ្លងកាត់ ឮសំឡេងយំ ក៏ដើររកមើល ស្រាប់តែប្រទះឃើញ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ ដោយលោកអធិការនគរបាលខណ្ឌកំបូល បានចុះយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ករណីប្រទះឃើញទារិកាទើបនឹងកើត ត្រូវម្តាយប្លុងចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចចេតិយ មួយកន្លែង ក្នុងវត្តកំបូល ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមសម្តីបុរសជាអ្នកប្រទះឃើញទារិកាអភ័ព្វ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានដើរកាត់ទីតាំងខាងលើ បំណងទៅដាក់បង្កៃត្រី ស្រាប់តែបានឮសំឡេងកូនង៉ាយំ ធ្វើឱ្យគាត់នឹកភ័យ ខ្លាចមានខ្មោចលង តែក៏សង្ស័យអាចមានគេយកក្មេងមកប្លុងចោល ហើយភ្លាមនោះ គាត់ក៏បានដើររកមើលទៅដល់ចំណុចសួន មុខចេតិយកើតហេតុ ស្រាប់តែប្រទះឃើញ ទារិកាទើបនឹងកើតម្នាក់ កំពុងដេកយំខ្វៃៗ ដោយធាក់កន្សែងចេញពីខ្លួនអស់ នៅកណ្តាលវាល និងមានស្នាមមូសខាំផង។ ចំណែកដៃក្មេងតូចនោះ នៅមានម្ជុលសេរ៉ូម មិនទាន់ដកចេញនៅឡើយ ដែលមើលទៅគួរឱ្យសង្វេគបំផុត។ ភ្លាមនោះ គាត់ក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍តែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានដឹកនាំកម្លាំង ចុះមកពិនិត្យដល់ទីតាំងកើតហេតុ ដោយផ្ទាល់ ដោយលោកបានដោះអាវ (ឯកសណ្ឋាននគរបាល) មករុំទារិកាខាងលើ បន្ថែមពីលើកន្សែង ដែលរុំជាប់ខ្លួនទារិកាស្រាប់ ដើម្បីបំបាត់ភាពរងា។ បន្ទាប់មកក៏ប្រញាប់ដឹកបញ្ជូនទារិកាខាងលើ ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយលោកអធិការ ជាអ្នកបីទារិកាដោយផ្ទាល់ដៃ ទៅកាន់មន្ទីរពេទ្យកុមាជាតិ ។

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានបញ្ជាក់ប្រាប់ថា មុនកើតហេតុ លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានករណីប្រទះឃើញទារិកា ត្រូវបានប្លុងចោលនៅវត្តកំបូល ភ្លាមនោះ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការយកចិត្តទុកដាក់ពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាឱ្យរូបលោកផ្ទាល់ ចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានប្រទះឃើញទារិកាទើបនឹងកើតម្នាក់ ត្រូវបានជនមិនស្គាល់ មុខយកមកប្លុងចោលប្រាកដមែន ទើបលោកប្រញាប់បញ្ជូនទារិកា ទៅពិនិត្យសុខភាព នៅមន្ទីរទ្យេបង្អែកបែកចាន រួចបញ្ជូនបន្តទៅមន្ទីរពេទ្យកុមារជាតិ ដើម្បីសង្គ្រោះ ដោយសុវត្ថិភាព៕

RELATED ARTICLES