Homeព័ត៌មានសិល្បៈលោកសក្តិ ស៊ីថន ចូលពេទ្យសង្គ្រោះបន្ទាន់

លោកសក្តិ ស៊ីថន ចូលពេទ្យសង្គ្រោះបន្ទាន់

ភ្នំពេញ ៖ លោកសក្តិ ស៊ីថន ផលិតករភាពយន្តដ៏ឈ្មោះមួយរូបក្នុងប្រទេសកម្ពុជា ត្រូវបានរាយការណ៍ថា បានធ្លាក់ខ្លួនឈឺធ្ងន់ (ឡើងឈាម វៀចមាត់)  ត្រុវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ខណៈដែលអ្នកសិល្បៈ និងក្រុមគ្រួសារ ប្រកាសរកជំនួយដើម្បីព្យាបាលជំងឺអ្នកដឹកនាំរឿងជើងចាស់រូបនេះ ដែលមានជីវភាពខ្វះខាត និងប្រឈមខ្វះថវិកាសម្រាប់ការព្យាបាល ។

  មហាជន អ្នកគាំទ្រវិស័យសិល្បៈ ជាពិសេសសិល្បករ-ការិនីភាគច្រើន សុទ្ធសឹងតែបានស្គាល់ពីលោក សក្តិ ស៊ីថន ដែលជាអ្នកដឹកនាំផលិតភាពយន្ត និងផលិតកម្មវិធីទូរទស្សន៍ជើងចាស់ដ៏ល្បីឈ្មោះមួយរូប ក្នុងវិស័យសិល្បៈកម្ពុជា បានសាងស្នាដៃជាច្រើនឆ្នាំមកហើយ។ ផលិតករជើងចាស់ ដ៏មានសមត្ថភាពរូបនេះ ត្រូវបានដឹងថា លោកមានស្នាដៃជាច្រើនក្នុងសិល្បៈកម្ពុជា ទាំងការផលិតដឹកនាំសម្ដែងភាពយន្ត និងវីដេអូបទចម្រៀង និពន្ធសាច់រឿង និពន្ធបទចម្រៀងឱ្យតារាចម្រៀងជើងចាស់ល្បីៗ ព្រមទាំងក៏ជាសិល្បករធ្លាប់សម្ដែងល្ខោននិយាយ ដ៏មានទេពកោសល្យមួយរូបដែរ។

 ចំពោះស្នាដៃដឹកនាំផលិតភាពយន្ត លោក សក្តិ ស៊ីថន ធ្លាប់បានផលិតនិងដឹកនាំរឿងបែបប្រវត្តិសាស្រ្ត ជាច្រើន ដូចជា រឿងតេជោដំឌិន, រឿងភូមិតិរច្ឆាន រឿងផ្កាស្រ ពោន ជាដើម តែប៉ុន្មានឆ្នាំក្រោយនេះ ខណៈចូលវ័យចំណាស់ លោក សក្តិ ស៊ីថន មិនសូវមានស្នាដៃថ្មីៗដូចពីមុនឡើយ ដោយសារតែលោកមានបញ្ហាសុខភាព ក្លាយជាមនុស្សពិការ ដើរមិនរួច ដោយសារលោកធ្លាក់ខ្លួនឈឺធ្ងន់ មានជំងឺ Stroke (បណ្ដាលឲ្យវៀចមាត់) ក្នុងវ័យ៧២ឆ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ ប៉ុន្តេក្រោយមកចំងឺលោកក៨បានធូរស្រាល និងបានចេញពីមន្ទីរពេទ្យ សម្រាកព្យាបាលនៅផ្ទះ ជាបណ្ដោះអាសន្ន ដោយត្រូវប្រើថ្នាំព្យាបាល ជាប្រចាំ តែលោកមានការខ្វះខាតថវិកាទើបប្រើថ្នាំមិនបានជាប់លាប់ ទើបចុងក្រោយនេះ ជំងឺរបស់លោក បានធ្វើទុក្ខខ្លាំង រហូតត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាថ្មី ។

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកសាវិន ហ្វីលីព តារាសម្តែងល្បីមួយរូប បានជូនដំណឹង តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ថា “តោះបងប្អូន ជួយគាត់ម្នាក់ត្រឹម $1 …គាត់ឈ្មោះ សក្តិ ស៊ីថន ជាអ្នកដឹកនាំរឿងជើងចាស់ វ័យជរាម្នាក់ អាយុ៧២ឆ្នាំ ពេលនេះកំពុងសង្រ្គោះបន្ទាន់ នៅពេទ្យលោកសង្ឃ តាំងពីម្សិលមិញពេលថ្ងៃ។ គាត់ធ្លាប់បានកសាងស្នាដៃរឿងប្រវត្តិសាស្ត្រ ជាច្រើន ដូចជារឿង តេជោដំឌិន ភូមិតិរិច្ឆាន ផ្កាស្រពោន ជ្រោះស្នេហ៍ពេជ្រនិល ។ល។ គាត់មានជីវភាពខ្សត់ខ្សោយណាស់។ មិនមានលុយទិញថ្នាំលេបជាប្រចាំ និងគ្មានលុយបង់ថ្លៃកាត ដើម្បីបានចូលជាសមាជិករបស់សមាគមសិល្បករខ្មែរ ទៀតផង ។ នេះបើតាមការលើកទ្បើងឲ្យដឹងពីអ្នកស្រី សក្តិ សក្ការៈបុប្ផា អតីតតារាសម្ដែងម្នាក់ មកខ្ញុំផ្ទាល់ មុននេះ ហើយគាត់ត្រូវជាកូនស្រីបង្កើតរបស់លោក សក្តិ ស៊ីថន ។ នេះជាការផុសលើកទីពីរ របស់ខ្ញុំ ក្នុងនាមជាសិល្បករភាពយន្តឯករាជ្យម្នាក់ ខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀត ដល់បងប្អូនដែលជាអ្នកសិល្បៈ ដូចគ្នាទាំងអស់ និងសប្បុរសជននានា សូមមេត្តាបញ្ឈប់នូវការរើសអើងដល់រូបគាត់ និងអាណិតមេត្តាជួយទៅសួរសុខទុក្ខគាត់ផង យ៉ាងហោចណាស់គាត់ក៏ធ្លាប់ជាអតីតអ្នកដឹកនាំរឿងល្បីឈ្មោះម្នាក់ដែរ ក្នុងសង្គមសិល្បៈរបស់យើង…” ។

  ក្រោយការប្រកាសអំពាវនាវរបស់លោក សាវិន ហ្វីលីព ដូចខាងលើនេះ បើការបញ្ជាក់ពីអ្នកស្រី សក្ការៈបុប្ផា កូនស្រីបង្កើតរបស់លោកសក្តិ ស៊ីថន បានឲ្យដឹងថា មានសប្បុរជនបានដឹងនិងចាប់ផ្ដើមជួយបរិច្ចាគថវិកា (បាញ់តាម Qr Code) ជាបន្តបន្តហូរហែមកដែរ ។ ដូច្នេះអ្នកស្រី បានយកបណ្ដាញសង្គម ថ្លែងអំណរគុណដល់បងប្អូនដែលតែងតែយកចិត្តទុកដាក់មកលើសុខភាពឪពុករបស់អ្នកស្រី និងបានផ្តល់ជាថវិកា ដើម្បីឲ្យគាត់បានទិញថ្នាំព្យាបាលជំងឺ។

  បន្ថែមលើការថ្លែងអំណរគុណតាមបណ្ដាញសង្គម អ្នកស្រី សក្តិ សក្ការៈបុប្ផា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ថា បើគិតពីចំនួនថវិការបស់សប្បុរសជន ដែលជួយឧបត្ថម្ភ បានប្រហែល ៧០០ដុល្លារ ដែលថវិកានេះ អាចជួយដោះស្រាយក្នុងចំណាយលើការទិញថ្នាំ សម្រាប់លេបជាប្រចាំ អស់មួយជីវិត ក្រោយចេញពីមន្ទីរពេទ្យ ហើយមករស់នៅជាមួយអ្នកស្រី ជាកូន នៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មិនតែប៉ុណ្ណោះ អ្នកស្រីថា ជាដំណឹងរីករាយ និងបញ្ជាក់ពីការយកចិត្តទុកដល់ឪពុករបស់អ្នកស្រីដែរ ដែលខាងសមាគមសិល្បករខ្មែរ បានចេញកាតឲ្យគាត់ ដើម្បីបញ្ជាក់ថា ជាសមាជិករបស់សមាគមសិល្បករខ្មែរ ។

អ្នកស្រីសក្តិ សក្ការៈបុប្ផា បានឲ្យដឹងអំពីស្ថានភាពជំងឺរបស់ឪពុកអ្នកស្រីថា “ចា! ឥឡូវនេះ គាត់នៅសម្រាកនៅមន្ទីរពេទ្យលោកសង្ឃ ហើយគាត់មានជំងឺលើសឈាម ដែលប្រឈមនឹងស្រ្តូក ដាច់សរសៃខួរក្បាល ។ គាត់ចូលពេទ្យ បីដង ទាំងលើកហ្នឹងហើយ ព្រោះអីជំងឺគាត់ធ្ងន់ធ្ងរដែរ ប៉ុន្តែគាត់នៅអាចនិយាយបាន ហើយឥឡូវដឹងខ្លួនហើយ រាងធូរបន្តិចហើយ ហើយប្រហែលជាស្អែក (១៥ សីហា) គេឲ្យចេញពីមន្ទីរពេទ្យហើយ ព្រោះមកគេង តាំងពីម្សិលមិញ (១៣ សីហា) ។ ខាងគ្រូពេទ្យ ប្រាប់ថា ជំងឺគាត់នេះ អត់អាចប្រហែសបានទេ ត្រូវឲ្យគេងគ្រប់គ្រាន់ កាលណាគាត់គិតច្រើន ឬក៏មានបញ្ហាអ្វីម្ដងទៀត អាចប្រឈមនឹងការដាច់សរសៃខួរក្បាល ។ ដូច្នេះពេលនេះ គាត់អាចកម្រើកធ្វើចលនាបាន គ្រាន់តែគាត់ដើរអី មិនមាំទាំទេ គឺទាល់តែគ្រាគាត់ ហើយអ្នកមើលថែ មានម៉ាក់ខ្ញុំ និងប្អូនៗ ផ្លាស់ប្ដូរវេនគ្នា“ ។

  អ្នកស្រី សក្តិ សក្ការៈបុប្ផា បានបន្តថា “ចំពោះអ្នកសិល្បៈ បានជួយច្រើន តែខ្ញុំអត់បង្ហោះថា ខាងណាជួយប៉ុន្មានៗទេ ដោយសារខ្ញុំនៅទទួលនៅឡើយ ប៉ុន្តែបើតាមគិតត្រួសៗ ចូលមកបានប្រហែល ៧រយដុល្លារជាងហើយ ។ ប្រាក់នេះ អាចយកទៅចំណាយលើថ្លៃថ្នាំ ។ ចំពោះចំណាយថ្លៃព្យាបាលនៅមន្ទីរពេទ្យ ក្នុងនាមជាមន្រ្តីរាជការចូលនិវត្តន៍ ក្រៅពីមានប្រាក់រ៉ឺត្រែតខ្លះ គាត់មានប៍ណ្ណបេឡាសន្តិសុខសង្គម (បសស) ។ ដូច្នេះត្រូវតែចំណាយទៅលើថ្នាំគាត់ ដែលគាត់ត្រូវហូបប្រចាំសប្ដាហ៍ ក្នុង១អាទិត្យ ចំណាយ ៥៦ដុល្លារ ជាមួយនឹងទឹកដោះគោ របស់គាត់ផង ក្នុង ១កំប៉ុង ២ដុល្លារ ដែលត្រូវហូបប្រចាំថ្ងៃ ក្នុង១ថ្ងៃ ២កំប៉ុង ។ ដូច្នេះលុយហ្នឹង បានមក ខ្ញុំត្រូវយកទៅទិញថ្នាំ ឲ្យគាត់ ព្រោះត្រូវលេប អស់មួយជីវិត ។ បើនិយាយពីជីវភាព គឺខ្វះខាតដែរ សម្រាប់ខ្លួនគាត់ បើខ្ញុំជាកូន ជួយបានតាមលទ្ធភាព ព្រោះខ្ញុំក៏មានភារកិច្ចក្នុងការចិញ្ចឹមកូន និងគ្រួសារដែរ អ៊ីចឹងមិនជូនគាត់បានពេញលេញទេ ។ យ៉ាងណា ខ្ញុំសូមអរគុណបងហ្វីលីព ដែលតាំងពីដំបូង គាត់បានព្យាយាមស្វែងរកជំនួយ ប្រកាសឲ្យដឹងឮគ្រប់គ្នា ហើយក៏ថ្លែងអំណរគុណដល់បង ចន ច័ន្ទលក្ខិណា ព្រមទាំងសិល្បករយើងផ្សេងៗទៀត ហើយនិងលោកសុវណ្ណ មករា ដែលបានធ្វើកាតសមាគម ឲ្យគាត់ហើយ ។ អ៊ីចឹងខ្ញុំក៏ថ្លែងអំណរគុណដល់ក្រុមសិល្បៈទាំងអស់ ដែលតែងតែយកចិត្តទុកដាក់គាត់ ហើយនិងបងប្អូនទាំងអស់ ដែលជាម្ចាស់ជំនួយ បានជួយគាត់ច្រើន មិនថាតិចក្ដី ច្រើនក្ដី ប៉ុន្តែបានព្យាយាមជួយមក ។ អ៊ីចឹងប្រាក់នេះ ខ្ញុំអាចទិញថ្នាំឲ្យគាត់លេប បានច្រើនខែដែរ ។ ដូច្នេះក្រៅពីអរគុណ ខ្ញុំសូមបញ្ជាក់ថា សិល្បករគ្រប់គ្នា មិនបានបោះបង់ចោលគាត់ទេ គ្រាន់តែប្រកាសលើកមុន ប្រហែលជាអត់បានទទួលដំណឹង ប៉ុន្តែលើកនេះ ពួកគាត់បានទទួលដឹងច្រើន“ ៕ កុលបុត្រ

RELATED ARTICLES