Homeសង្គម និងជីវិតភិក្ខុឡុង ចន្ថា ៖ កុំតូចចិត្តអីណា អាត្មាបួសសឹកៗ ជាកម្មលិខិត

ភិក្ខុឡុង ចន្ថា ៖ កុំតូចចិត្តអីណា អាត្មាបួសសឹកៗ ជាកម្មលិខិត

ខេត្តតាកែវ ៖ បន្ទាប់ពីមានមជ្ឈដ្ឋានមួយចំនួន បានរិះគន់ជុំវិញរឿងការបួសហើយសឹក សឹកហើយបួស ជាច្រើនលើកនោះ ភិក្ខុ ឡុង ចន្ថា អតីតព្រះធម្មកថិកល្បី ដែលធ្លាប់ត្រូវបានខាងគណៈមហានិកាយ បង្ខំផ្សឹក មិនឲ្យបួសវិញ ក្រោយមានរឿងអាស្រូវ ត្រុវគេចោទលួចឆាតទាក់ទងស្រីម្នាក់ ដែលជាសង្សារគេនោះ ស្រាប់តែចុងក្រោយនេះ បានលេចព្រះភក្រ្តគ្រងស្បង់ចីវរក្នុងភេទជាព្រះសង្ឃវិញ តែខាងគណៈធម្មយុត្តិកនិកាយ និងកំពុងគង់នៅវត្តមួយ ក្នុងខេត្តតាកែវ ដោយភិក្ខុ ឡុង ចន្ថា បញ្ជាក់ថា ព្រះអង្គមិនខ្វល់នឹងការរិះគន់វាយប្រហាររំខាននេះទេ អ្វីដែលសំខាន់ ការបួសសឹកៗនេះ ព្រោះតែជាកម្មលិខិត ឬនៅជាប់និស្ស័យនឹងព្រះពុទ្ធសាសនា ។ ដូច្នេះព្រះអង្គគិតថា មួយជីវិតនេះ ប្រហែលជាមិននៅជាឃរាវាស ឬសឹក រៀបការប្រពន្ធ ដូចគេទេ គឺបើគ្មានរឿងអ្វីកើតឡើង នឹងបួសរហូត ហើយព្រះអង្គ នឹងធ្វើពិធីបុណ្យបួសមួយជីវិត ក្នុងពេលឆាប់ៗនេះ ។

ភិក្ខុ ចន្ទបញ្ញាធម្មោ ឡុង ចន្ថា  សរសេរនៅលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ថា “សូមសុខស្ងប់កើតមានដល់មនុស្សទាំង ឡាយដែលកំពុងកើតទុក្ខមិនសុខចិត្ត រឿងឡុង ចន្ថា បានបួសវិញនេះ ជាកម្មលិខិតទេ កុំតូចចិត្តតូចថ្លើមអីណា ទម្លាប់អាត្មា តែនិយាយហើយ ត្រូវធ្វើឲ្យបាន ទោះឆ្លងកាត់ព្យុះ រន្ទះបាញ់ យ៉ាងណាក៏ដោយ ដើរចូលជានិច្ច (នមោ ពុទ្ធស្ស)“ ។

ភិក្ខុ ចន្ទបញ្ញាធម្មោ ឡុង ចន្ថា បានសរសេរបន្ថែម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ថា  “ពិធីបុណ្យបួសមួយជីវិត នឹងធ្វើឆាប់ៗនេះ ព្រោះមិនដែលបានធ្វើបុណ្យម្តងសោះ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ ភិក្ខុ ឡុង ចន្ថា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ថាថា “អារឿងគេបង្ហោះរំខានអី គេបង្ហោះអីបង្ហោះទៅ រឿងរបស់គេ ពីព្រោះអី ធម្មតាអាត្មាចូលបួសហ្នឹង គឺអត់មានអ្នកណាបង្ខិតបង្ខំអាត្មាទេ ដោយសារតែនិស្ស័យរបស់អាត្មា ស្រលាញ់ព្រះពុទ្ធសាសនា ហើយមួយទៀត ដូចជាខេត្តតាកែវ គឺជាខេត្តកំណើតរបស់អាត្មា ។ អ៊ីចឹងអាត្មា ត្រូវមកបួសខេត្តតាកែវ ហើយអត់មានអីត្រូវបកស្រាយអីច្រើនទេ អត់មានផង! ហើយអារឿងថា អាត្មា ធ្វើបុណ្យបួសមួយជីវិតហ្នឹង អាត្មានឹងធ្វើ នៅពេលណាមួយ មានឱកាស មានពេលវេលាល្អ អាត្មានឹងធ្វើតែម្ដង។ ប៉ុន្តែមិនធ្វើជាធំអីទេ គ្រាន់តែថា ចំពោះញាតិញោមណាដែលស្រលាញ់ចូលចិត្តអាត្មា គាត់អញ្ជើញមក ។ បើញាតិញោមណាមិនស្រលាញ់ចូលចិត្តទេ មិនអីទេ គ្រាន់តែថា មិនទាន់កំណត់ជាក់លាក់ពេលវេលា ។ ចំពោះពាក្យថា កម្មលិខិត ។ កម្ម ៖ ប្រែថា អំពើ ការធ្វើ ការសន្សំ ។ យើងចូលមកបួសនេះ ដោយសារតែយើងមាននិស្ស័យ ការតភ្ជាប់ក្នុងព្រះពុទ្ធសាសនា ។ ពាក្យថា កម្ម ក្នុងទីនេះ មិនសំដៅដល់អំពើល្អ ឬអាក្រក់ ឯណា ព្រោះកម្ម បែ្រថា អំពើ ការធ្វើតើ! ហើយបើយើងភ្ជាប់និស្ស័យនឹងព្រះពុទ្ធសាសនា និស្ស័យយើងមិនអស់ វាធ្វើឲ្យចិត្តរបស់អាត្មាហ្នឹងឯង ស្រលាញ់តែភេទជាអ្នកបួសហ្នឹងឯង ដែលយើងមិនអាចទៅជាឃរាវាសបាន“ ។

ភិក្ខុ ឡុង ចន្ថា បានមានថេរដីកាបន្តថា “និយាយទៅ ការដែលអាត្មា មិនអាចនៅជាឃរាវាសបាន ដោយសារនិស្ស័យរបស់អាត្មា មិនទាន់អស់ ដោយសារកាលពីមុន អាត្មាសឹក ក៏មិនមែនចិត្តអាត្មាចង់ ដោយសារតែយើងមានកម្មពៀរវេរាជាមួយបុគ្គលណាមិនដឹង ដែលជំរុញ ច្រានឲ្យអាត្មាហ្នឹង ត្រូវសឹកអីអ៊ីចឹងទៅ ប៉ុន្តែក្នុងចិត្តគិតថា បើសឹកហើយ ក៏មិនអាចយកប្រពន្ធបានដែរ ពីព្រោះអីយើងមាននិស្ស័យ ត្រូវតែបួសវិញជាដាច់ខាត ។ មួយជីវិតនេះ ប្រហែលជាអាចឆាចោលហើយញោម មើលទៅ មិនអាច (សឹកទៅរៀបការប្រពន្ធ) ទេ មើលទៅ ព្រោះអីបើនិស្ស័យយើងស្រលាញ់តែស្បង់ចីពរ ស្រលាញ់តែវត្តអារាមអ៊ីចឹង មិនដឹងធ្វើម៉េច? ចំពោះញោមអាត្មា (ឪពុកម្ដាយ) គាត់ពេញចិត្ត គាត់ស្របតាមអាត្មា ព្រោះអីកាលដែលអាត្មាមានបញ្ហា សឹក គាត់ថា យ៉ាងម៉េចយ៉ាងម៉ាអី រកគ្រួសារ ផ្ដើមគ្រួសារអី មានប្រពន្ធ មានកូននឹងគេទៅ! អាត្មាថា អត់ទេ! និស្ស័យមិនទាន់អស់ទេ អ៊ីចឹងមិនអាចយកបានទេ ត្រូវតែបួសវិញដាច់ខាត ហើយគាត់ក៏ថា បើអ៊ីចឹង តាមចិត្តកូនចុះ!“ ។

 សូមបញ្ជាក់ថា ការបញ្ជាក់ពីជំហរសឹកហើយបួសវិញ ព្រោះមិនអស់និស្ស័យនឹងព្រះពុទ្ធសាសនា របស់ភិក្ខុ ឡុង ចន្ថា ដូចខាងលើនេះ បានធ្វើឡើង ក្រោយពីមានការចាប់អារម្មណ៍និងជជែកវែកញែកច្រើន នៅលើបណ្តាញសង្គម ជុំវិញការបួសជាថ្មី របស់ព្រះអង្គ  កាលខែមិថុនា ឆ្នាំ២០២៦ ក្នុងគណៈធម្មយុត្តិកនិកាយ បន្ទាប់ពីធ្លាប់មានរឿងរ៉ាវនិងលាចាកសិក្ខាបទ (សឹក) កន្លងមក។

 មហាជន មានមតិយោបល់ខុសៗគ្នា ដោយអ្នកខ្លះ រិះគន់អំពីហេតុផលនៃការបួស និងអ្នកខ្លះទៀត លើកឡើងពីសិទ្ធិបុគ្គល ក្នុងការប្រតិបត្តិធម៌។ ក្នុងនោះទំព័រហ្វេសប៊ុក មួយ ឈ្មោះ “ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយអាស៊ាន យូម៉ា” បានលើកឡើងថា ឮតែនៅក្នុងខ្ទង់ខមិ្មន លើបណ្ដាញសង្គម តែងតែលើកយកមកខមិ្មនតៗគ្នាថា បួសផ្សឹកៗ ព្រោះហេតុ+ផល+បច្ច័យ…។

ទំព័រហ្វេសប៊ុក ខាងលើ បានសរសេរថា “កាលពីមុន គណ:សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសង្ឃសវនាការ របស់សាលាគណតាកែវ លើអធិករណ៍ភិក្ខុ ឡុង ចន្ថា រួចហើយ ឃើញថា សាលាគណ បានអនុវត្តចំណាត់ការត្រឹមត្រូវ តាមវិន័យព្រះពុទ្ធសាសនាហើយ ប៉ុន្តែភិក្ខុ ឡុង ចន្ថា ពុំបានអនុវត្តលើកិច្ចសន្យារបស់ខ្លួន ក្នុងការលាចាកសិក្ខាបទ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅឡើយ ថែមទាំងបានរំលោភលើកិច្ចសន្យារបស់ខ្លួន ដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យ ក្នុងអតីតកាល ជាច្រើនលើកច្រើនសា មកហើយ គណៈសង្ឃនាយក ចាត់ទុកភិក្ខុ ឡុង ចន្ថា ជាបុគ្គលរបឹងរឹងរូស (ទិព្វចជាតិកភិក្ខុ) មនុស្សក្នុងវិន័យធម៌ និងការអប់រំ ជាអ្នកប្រទូសរ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទម្លុះរដ្ឋបាលសង្ឃ ពុំអាចឲ្យស្ថិតក្នុងភេទជាបព្វជិត ក្នុងព្រះពុទ្ធសាសនា បន្តទៀតបានឡើយ។ ប៉ុន្តែឥឡូវ នៅខែមិថុនា ឆ្នាំ២០២៦ ស្រាប់តែឃើញបុគ្គល ឡុង ចន្ថា បួសជាគណៈធម្មយុត្តិកនិកាយ ទៅវិញ ហើយគង់នៅវត្តព្រៃធំចាស់ ស្ថិតនៅឃុំពេជ្រសា ស្រុកកោះអណ្ដែត ខេត្តតាកែវ ។ អ្វីដែលជាសំណួរ សួរជាចម្ងល់ៗ ឆ្ងល់អើយសែនឆ្ងល់ថា គណៈមហានិកាយ មិនអនុញ្ញាតឲ្យបួសជាសង្ឃវិញទេ ។ ចុះហេតុអ្វីខាងធម្ម យុត្តិកនិកាយ ឲ្យបួសទៅវិញ?“ ។

ទោះបីជាយ៉ាងណា ជុំវិញចម្ងល់ខាងលើនេះ ភិក្ខុ ឡុង ចន្ថា បានឆ្លើយតបតាមបណ្ដាញសង្គម បញ្ជាក់ថា ព្រះអង្គ អាចបួសបាន ដោយគ្មានបញ្ហាអ្វីទេ ហើយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ញោមស្នងការខេត្តតាកែវ និងក្រុមគ្រូសារ បានមកលេងព្រះអង្គ ដល់វត្ត បន្ទាប់ពីតាមរកយូរឆ្នាំហើយ ក៏បានឃើញ បានជួបនៅវត្តព្រះពុទ្ធកស្សបោ ព្រៃធំចាស់ ក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ។ មិនតែប៉ុណ្ណោះ ក៏បានឆ្លើយតបទៅសារព័ត៌មានមួយ ដែលព្យាយាមផ្សាយអាក្រក់ពីព្រះអង្គផងដែរ ដោយព្រះអង្គ បានបញ្ជាក់ថា “អរគុណអ្នកសារព័ត៌មានទើបតែកើតថ្មី ហើយជិតបាត់ទៅវិញ ដែលបានយករូបអាត្មា ទៅផ្សាយ តែអាត្មា មិនបានជួលញោម មកផ្សាយទេ។ បើលោកណាជួលញោមឲ្យផ្សាយពីអាត្មា ទៅយកលុយពីលោកហ្នឹងទៅ“ ។

ដោយឡែក ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” ខាងលើ ព្រះតេជគុណ ឡុង ចន្ថា បានមានថេរដីកាបបញ្ចាក់ពីរឿងនេះថា “អាត្មានៅតែទទួលជួបពុទ្ធបរិស័ទ ដដែល និមន្តដដែល ឲ្យតែមានអ្នកមកនិមន្ត ខណៈដែលរាល់ថ្ងៃ អាត្មាគង់នៅវត្តព្រះពុទ្ធកស្សបោ ព្រៃធំចាស់ ស្រុកកោះអណ្ដែត ខេត្តតាកែវ វត្តគណៈធម្មយុត្តិ ។ ក្នុងចំណុចនេះ រឿងដែលគេថា ខាងគណៈមហានិកាយ បានហាម មិនឲ្យបួសវិញទេ តែបែរជាខាងគណៈធម្មយុត្តិ ឲ្យបួសវិញ អាត្មាសូមឆ្លើយថា មិនជាបញ្ហាអីទេ ពីព្រោះរឿងអស់នេះ អាត្មាមិនដែលខ្វល់ផង ពីព្រោះអីអ្វីដែលនិស្ស័យយើងទៅបានច្រកណា ទៅបានផ្លូវណា យើងទៅផ្លូវហ្នឹងទៅ ខាងណាស្រលាញ់ពេញចិត្ត យើងទៅខាងហ្នឹង គេស្រលាញ់ពេញ ចិត្ត យើងទៅខាងហ្នឹង ខាងណាគេមិនចូលចិត្ត យើងកុំទៅៗ ពីព្រោះមនុស្សយើង ទាំងលោក ទាំងឧបាសក មានអ្នកណាស្រលាញ់យើងទាំងអស់? មានគេស្អប់ មានគេស្រលាញ់ ដូចតែគ្នាហ្នឹង ។ យ៉ាងណា ពេលនេះ ខាងធម្មការ និងខាងគណៈសង្ឃ មិនបានមកដាក់លក្ខខណ្ឌជាមួយអាត្មាទេ អត់មានទេ គឺអាចបួសបាន ដោយគ្មានបញ្ហា ព្រោះមានបញ្ហា អាត្មាបួសម៉េចកើត? ហើយបើសួរថា ក្នុងការបួសនេះ អាចនិមន្តទៅវត្តណាផ្សេងទៀត ឬទៅរាជធានីភ្នំពេញ? លើទិដ្ឋភាពជាក់ស្ដែង អាត្មាមិនទាន់ថាដែរ កន្លែងហ្នឹង ខណៈដែលទើបតែបួសជាថ្មី បានប៉ុន្មានខែនេះ ប៉ុន្តែបើរំលឹកតាំងពីដើមមក អាត្មាបួសតាំងពីឆ្នាំ២០០១ នោះ ។ ដូច្នេះជារួមទៅ អត់អីទេ គ្មានជាសារអីធំដុំទេ គ្រាន់តែថា ចំពោះញាតិញោមដែលស្រលាញ់ ដែលពេញចិត្ត ដែលគាំទ្រ គាត់អាចមកនិមន្តអីបានធម្មតា ហើយក៏មិនបាច់ព្រួយបារម្ភថា អាត្មានៅឯណា អីឯណាទេ អាត្មានៅប្រទេសកម្ពុជា ហ្នឹង អត់មាននិមន្ដទៅប្រទេសណាទេ ហើយគង់នៅខេត្តតាកែវ“ ។

គួររំលឹកថា ភិក្ខុ ឡុង ចន្ថា កាលគង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បានសម្រេចចិត្តលាចាកសិក្ខាបទ ដោយខ្លួនឯង នៅរសៀលថ្ងៃទី៤ ឧសភា ឆ្នាំ២០២០ ក្រោយមានការបែកធ្លាយវីដេអូ ឆាតញ៉ែស្រី តាមបណ្តាញសង្គម ហ្វេសប៊ុក ដែលស្រីនេះ ត្រូវបានអះអាងថាជាសង្សារគេទៅទៀត៕ កុលបុត្រ 

RELATED ARTICLES